ប្រមុខការទូតកម្ពុជា បញ្ជាក់ថា យន្តការដោះស្រាយវិបត្តិនយោបាយផ្ទៃក្នុងរបស់កម្ពុជា គឺមិនចាំបាច់ទាមទារបច្ចេកទេស ឬអនុសាសន៍របស់បរទេសណាមួយនោះឡើយ ហើយក៏មិនស្ថិតក្រោមការគាបសង្កត់របស់ប្រទេសណាមួយនោះដែរ។
លោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយពេលលោកបានជួបទ្វេភាគីបិទទ្វារនៅទីស្ដីការក្រសួងការបរទេស នាព្រឹកថ្ងៃទី១៣ កក្កដា ជាមួយភារធារីស្ថានទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា។
ថ្លែងប្រាប់ភារធារីស្ថានទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា លោក ចែហ្វ ដាយហ្គល (Jeff Daigle) លោក ហោ ណាំហុង ឲ្យដឹងក្រោយជំនួបនោះថា កម្ពុជា ដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានសមត្ថភាពពេញលេញក្នុងការបញ្ចប់ជម្លោះ និងវិបត្តិនយោបាយ ដោយមិនចាំបាច់មានការបង្គាប់បញ្ជាពីបរទេសណាមួយទេ៖ «ការធ្វើនេះជានយោបាយរបស់គណបក្សប្រជាជន ជាទស្សនៈការប្ដេជ្ញាចិត្តរបស់សម្ដេចតេជោ ហ៊ុន សែន ឲ្យមានការបង្រួបបង្រួមជាតិ នេះមិនមែនជាលើកទីមួយទេ។ ហើយការធ្វើនេះ ជាការម្ចាស់ការរបស់គណបក្សប្រជាជន របស់សម្ដេចតេជោ ហ៊ុន សែន។ មិនចាំបាច់ឲ្យមានការគាបសង្កត់ មិនចាំបាច់មានមេរៀនពីបរទេសណាទេ»។
ប្រមុខការទូតលោក ហោ ណាំហុង បន្តថា គិតមកដល់ពេលនេះ កម្ពុជា មានបទពិសោធន៍គ្រប់គ្រាន់ និងមានភាពចាស់ទុំផ្នែកនយោបាយរបស់ខ្លួន។ ហើយការផ្ដល់នយោបាយណាមួយរបស់បរទេស នឹងមិនអាចអនុវត្តបានឡើយសម្រាប់បរិបទនយោបាយនៅកម្ពុជា។
សារនយោបាយរបស់លោក ហោ ណាំហុង នេះ ត្រូវគេដឹងថា សំដៅដល់កិច្ចអន្តរាគមន៍របស់លោក ហ៊ុន សែន ទៅព្រះមហាក្សត្រ ឲ្យលើកលែងទោសដល់លោក សម រង្ស៊ី កាលពីថ្ងៃទី១២ កក្កដា ដើម្បីអនុញ្ញាតឲ្យលោក សម រង្ស៊ី អាចវិលចូលប្រទេសកម្ពុជា វិញ និងរួចផុតពីការចោទប្រកាន់របស់តុលាការ។
ទោះជាបែបណា គេដឹងថា ការបញ្ចប់នៃការនិរទេសខ្លួនរបស់ប្រធានគណបក្សសង្គ្រោះជាតិ ក្នុងរយៈពេល ៥ឆ្នាំកន្លងទៅនេះ ធ្វើឡើងចំពេលដែលសមាជិកសហរដ្ឋអាមេរិក បើកកិច្ចប្រជុំបន្ទាន់មួយ និងកៀងគរដល់ប្រទេសជាមិត្តមួយចំនួនទៀត ព្រមានផ្អាកផ្ដល់ជំនួយដល់កម្ពុជា ប្រឆាំងរដ្ឋាភិបាលថ្មីកើតឡើងពីការបោះឆ្នោត បើសិនជាលោក ហ៊ុន សែន នៅតែកាន់អំណាចជានាយករដ្ឋមន្ត្រី។
លោក ចែហ្វ ដាយហ្គល (Jeff Daigle) ភារធារីស្ថានទូតសហរដ្ឋអាមេរិក ប្រចាំប្រទេសកម្ពុជា បញ្ជាក់ថា សហរដ្ឋអាមេរិក គាំទ្រការសម្រេចផ្ដល់សិទ្ធិឲ្យមេបក្សប្រឆាំងអាចបានវិលមកកម្ពុជា ដោយពុំមានទោស។ នេះជាការបញ្ជាក់របស់លោក ហោ ណាំហុង ក្រោយពីជំនួបទ្វេភាគីរួច។
បន្ថែមលើនេះ អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា លោក ស្ហន មគ្គិនថស្ស (Sean McIntosh) ឲ្យដឹងតាមសារអេឡិចត្រូនិក ឬអ៊ីម៉ែលថា សហរដ្ឋអាមេរិក ចាត់ទុកថានេះជាផ្នែកមួយដែលរដ្ឋាភិបាលរបស់លោក ហ៊ុន សែន ធ្វើដំណើរក្នុងទិសដៅមួយដែលសហគមន៍អន្តរជាតិចង់បាន។ ជាពិសេស មាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី នេះ ដោយពុំមានការប្រឈមមុខចំពោះផ្លូវច្បាប់។ លោកបន្តថា យ៉ាងណាក៏ដោយ ស្ថានទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា មានក្ដីកង្វល់ចំពោះយុទ្ធនាការនៃកិច្ចប្រជុំកាត់ជំនួយរបស់សមាជិកសភាសហរដ្ឋអាមេរិក ពីកម្ពុជា៖ «សហរដ្ឋអាមេរិក ស្វាគមន៍ចំពោះការលើកលែងទោសរបស់ព្រះមហាក្សត្រ តាមសំណើរបស់លោកនាយករដ្ឋមន្ត្រី ដែលអនុញ្ញាតឲ្យលោក សម រង្ស៊ី បានចូលប្រទេសវិញ ដោយពុំមានទោស។ តែយើងទាំងអស់គ្នាមានការព្រួយបារម្ភពីដំណើរនៃកិច្ចប្រជុំកាត់ជំនួញ និងលើកបញ្ហានៃកង្វល់នេះជាមួយរដ្ឋាភិបាលដែរ»។
លោក ឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យ ចាត់ទុកថា អ្នកនយោបាយបច្ចុប្បន្ននៅមិនទាន់មានភាពចាស់ទុំរបស់ខ្លួននៅឡើយទេ។ ហើយប្រទេសកម្ពុជា នៅតែប្រឈមមុខខ្ពស់ផ្នែកសិទ្ធិមនុស្ស ការបណ្ដេញចេញ និងតុលាការនៅតែមិនទាន់មានភាពឯករាជ្យ៖ «យើងឃើញថានៅតែមានការរំលោភ ហើយរំលោភធំជាងគេ គឺយើងអត់បានកសាងស្ថាប័នតុលាការនោះឯករាជ្យតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីស នេះឯង។ ឯករាជ្យម៉េចកើត បើអត់ទាន់មានច្បាប់សហលក្ខន្តិកៈចៅក្រម ព្រះរាជអាជ្ញា ២០ឆ្នាំហើយ។ ច្បាប់រៀបចំតុលាការ ក៏អត់ទាន់មានថែមទៅទៀត»។
ព្រះរាជក្រឹត្យចុះថ្ងៃទី១២ កក្កដា របស់ព្រះមហាក្សត្រ បានព្រះរាជទានលើកលែងទោសឲ្យប្រធានគណបក្សសង្គ្រោះជាតិ វិលចូលប្រទេសកម្ពុជា វិញ។ ការបញ្ចប់ការនិរទេសខ្លួនរបស់លោក សម រង្ស៊ី នេះ ធ្វើឡើងបន្ទាប់ពីកិច្ចអន្តរាគមន៍ថ្មីមួយទៀតរបស់លោក ហ៊ុន សែន ទៅព្រះមហាក្សត្រ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
