លោក ហោ ណាំហុង ទៅ​ចូល​រួម​សវនាការ​ក្រុង​ឡាអេ​នៅ​ថ្ងៃ​៩ មេសា

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស លោក ហោ ណាំហុង និង​ជា​ឧបនាយករដ្ឋមន្ត្រី នឹង​ដឹក​នាំ​គណៈប្រតិភូ​ជាន់​ខ្ពស់​មួយ​ក្រុម​ទៅ​កាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) នៅ​ប្រទេស​ហុឡង់ដ៍ (Netherlands) នៅ​ថ្ងៃ​ទី​៩ ខែ​មេសា ដើម្បី​ចូល​រួម​ក្នុង​សវនាការ​បក​ស្រាយ​សាលក្រម​សំណុំ​រឿង​ប្រាសាទ​ព្រះវិហារ ឆ្នាំ​១៩៦២ ទល់​នឹង​ភាគី​ថៃ។
ដោយ សុខ សេរី
2013-04-08
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
១៣-០១-១០: លោក ហោ ណាំហុង ឧប​នាយករដ្ឋមន្រ្តី​និង​ជា​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​កម្ពុជា ធ្វើ​សន្និសីទ​កាសែត​អំពី​បញ្ហា​ខ្មែរ​ថៃ​នៅ​ឯ​អាកាស​យាន្តដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​មុន​ពេល​លោក​ចេញ​ដំណើរ​ទៅ​ចូល​រួម​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្រ្តី​ការបរទេស​នៅ​វៀតណាម។
១៣-០១-១០: លោក ហោ ណាំហុង ឧប​នាយករដ្ឋមន្រ្តី​និង​ជា​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​កម្ពុជា ធ្វើ​សន្និសីទ​កាសែត​អំពី​បញ្ហា​ខ្មែរ​ថៃ​នៅ​ឯ​អាកាស​យាន្តដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​មុន​ពេល​លោក​ចេញ​ដំណើរ​ទៅ​ចូល​រួម​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្រ្តី​ការបរទេស​នៅ​វៀតណាម។
RFA

ការ​ចាក​ចេញ​ទៅ​កាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ​នោះ នៅ​គ្រា​ដែល​តុលាការ​នេះ​បាន​ប្រកាស​ព័ត៌មាន​តាម​គេហទំព័រ​ថា សវនាការ​បកស្រាយ​សាលក្រម​សំណុំ​រឿង​ប្រាសាទ​ព្រះវិហារ គ្រោង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​ទី​១៩ ខែ​មេសា ហើយ​សវនាការ​នេះ​នឹង​ត្រូវ​បាន​ផ្សាយ​បន្ត​ផ្ទាល់​តាម​គេហទំព័រ www.icj-cij.org។ ការ​ដែល​ទៅ​មុន​នេះ គឺ​ដើម្បី​រៀបចំ​ឯកសារ​នានា​ឲ្យ​បាន​ល្អ​មុន​ពេល​សវនាការ​ចាប់​ផ្ដើម។

គណៈ​ប្រតិភូ​ជាន់​ខ្ពស់​នោះ​ដឹក​នាំ​ដោយ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស លោក ហោ ណាំហុង ជា​ប្រធាន ប្រធាន​គណៈកម្មាធិការ​ព្រំខ័ណ្ឌ​សីមា​កម្ពុជា-​ថៃ លោក វ៉ា គឹមហុង ជា​អនុប្រធាន និង​មន្ត្រី​ជំនាញ​ច្បាប់ និង​មន្ត្រី​ព្រំដែន​កម្ពុជា សរុប​ជាង ១០​នាក់។

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​កម្ពុជា លោក កុយ គួង បាន​មាន​ប្រសាសន៍​ប្រាប់​អ្នក​កាសែត​នៅ​ថ្ងៃ​ទី​៨ ខែ​មេសា ថា ភាគី​កម្ពុជា បាន​ត្រៀម​ខ្លួន និង​ត្រៀម​ឯកសារ​ច្បាប់​នានា​យ៉ាង​រឹងមាំ​សម្រាប់​សវនាការ​នោះ៖ «ឯកសារ​ផ្សេងៗ ទាំង​ផែនទី​អី យើង​ប្រើ​ឯកសារ​ច្បាប់ និង​ផែនទី​ដែល​ទទួល​ស្គាល់​ជា​អន្តរជាតិ។ តាម​ខ្ញុំ​យល់​នៅ​តាម​ព្រំដែន ជា​ពិសេស​ភាគី​ខ្មែរ​យើង គឺ​អត់​មាន​អ្វី​ទេ គឺ​មាន​សភាព​ស្ងប់ស្ងាត់​ជា​ធម្មតា​ទេ ទោះ​បី​ជា​មាន​ព័ត៌មាន​ខាង​ជ្រុល​និយម​មួយ​ចំនួន​នៅ​ភាគី​ថៃ បង្ក​ភាព​បន្តិចបន្តួច​នោះ គឺ​ភាគី​ថៃ អាជ្ញាធរ​ថៃ បាន​គ្រប់គ្រង​ស្ថានការណ៍​បាន​ល្អ​ហើយ»

ទាក់ទង​នឹង​សវនាការ​នៅ​សប្ដាហ៍​ក្រោយ​នេះ នាយក​ប្រតិបត្តិ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា (CDP) លោក សុក សំអឿន និង​ជា​មេធាវី​ដែល​បាន​តាម​ដាន​សំណុំ​រឿង​ប្រាសាទ​ព្រះវិហារ កន្លង​មក​បាន​មាន​ប្រសាសន៍​ថា ភាគី​កម្ពុជា នឹង​ទទួល​ជោគជ័យ​មិន​ខាន​ឡើយ ដោយសារ​តែ​កម្ពុជា មាន​ឯកសារ​គ្រប់គ្រាន់ និង​ឯកសារ​គតិ​ច្បាប់​ថា ប្រាសាទ​ព្រះវិហារ និង​តំបន់​ជុំវិញ​ប្រាសាទ​ព្រះវិហារ ជា​កម្មសិទ្ធិ​របស់​កម្ពុជា។

លោក សុក សំអឿន៖ «តុលាការ​ក្រុង​ឡាអេ កាត់​ប្រាសាទ​ព្រះវិហារ មក​ឲ្យ​ខ្មែរ មិន​មែន​កាត់​ដោយសារ​គិត​ថា ប្រាសាទ​ជា​ប្រាសាទ​ដែល​សាងសង់​ដោយ​អាណាចក្រ​ខ្មែរ​ទេ គឺ​ដោយសារ​តែ​គេ​រក​ឃើញ​ថា ប្រាសាទ​ព្រះវិហារ ស្ថិត​នៅ​ក្នុង​ព្រំដែន​ខ្មែរ ហេតុដូច្នេះ​ថៃ អត់​មាន​លេស​អ្វី​ចង់​ច្បិច​យក​តួ​ប្រាសាទ​របស់​ខ្មែរ​ទេ គឺ​មាន​ន័យ​ថា ទីក្រុង​ឡាអេ គេ​ទទួល​ស្គាល់​ព្រំដែន»

ទាក់​ទង​រឿង​ទំនាស់​​ដី​ទំហំ ៤,៦​គីឡូម៉ែត្រក្រឡា​ដែល​ថៃ ទាមទារ​នោះ ភាគី​កម្ពុជា បាន​ដាក់​សំណើ​សុំ​ឲ្យ​តុលាការ​យុត្តិធម៌​អន្តរជាតិ បកស្រាយ​សាលក្រម​សំណុំ​រឿង​ប្រាសាទ​ព្រះវិហារ ឆ្នាំ​១៩៦២ នោះ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មេសា ឆ្នាំ​២០១១ កន្លង​ទៅ​នេះ នៅ​គ្រា​ដែល​រដ្ឋាភិបាល​ថៃ ដឹកនាំ​ដោយ​លោក អាភីស៊ិត វេចាជីវ៉ា (Abhisit Vejjajiva) បាន​អនុញ្ញាត​ឲ្យ​កងទ័ព​ថៃ ចូល​មក​ឈ្លានពាន និង​កាន់​កាប់​តំបន់​ជុំវិញ​ប្រាសាទ​ព្រះវិហារ ហើយ​បាន​ទាមទារ​ថា តំបន់​នៅ​ក្បែរ​ប្រាសាទ​ព្រះវិហារ ទំហំ ៤,៦​គីឡូម៉ែត្រ​ក្រឡា ជា​ដី​របស់​ថៃ ប៉ុន្តែ​ភាគី​កម្ពុជា បាន​បដិសេធ។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ ចុះ​ថ្ងៃ​ទី​២៧ ខែ​មីនា ឆ្នាំ​២០១៣ កន្លង​ទៅ​នេះ បាន​ឲ្យ​ដឹង​ថា ភាគី​កម្ពុជា នឹង​ធ្វើ​បទ​បង្ហាញ​ដោយ​ផ្ទាល់​មាត់​ក្នុង​សវនាការ​នោះ មុន​ភាគី​ថៃ នៅ​ថ្ងៃ​ទី​១៥ ខែ​មេសា ចាប់​ពី​ម៉ោង ១០​ព្រឹក ដល់​ម៉ោង ១​រសៀល។ លើក​ទី​២ ចាប់​ពី​ម៉ោង ៣​រសៀល ដល់​ម៉ោង ៤ និង ៣០​នាទី​ល្ងាច។

ភាគី​ថៃ នឹង​ធ្វើ​បទ​បង្ហាញ​ដោយ​ផ្ទាល់​មាត់​នៅ​ថ្ងៃ​ទី​១៧ ខែ​មេសា ចាប់​ពី​វេលា​ម៉ោង ១០​ព្រឹក ដល់​ម៉ោង ១​រសៀល និង​លើក​ទី​២ ចាប់​ពី​ម៉ោង ៣​រសៀល ដល់​ម៉ោង ៤ និង ៣០​នាទី​ល្ងាច។

សវនាការ​នៅ​ជុំ​ទី​២ ជា​ជុំ​ចុង​ក្រោយ គឺ​ភាគី​កម្ពុជា នឹង​ធ្វើ​បទ​បង្ហាញ​ដោយ​ផ្ទាល់​មាត់​នៅ​ថ្ងៃ​ទី​១៨ ខែ​មេសា ចាប់​ពី​ម៉ោង ៣​រសៀល ដល់​ម៉ោង ៥​ល្ងាច រី​ឯ​ភាគី​ថៃ នឹង​ធ្វើ​បទ​បង្ហាញ​ដោយ​ផ្ទាល់​មាត់​នៅ​ថ្ងៃ​ទី​១៩ ខែ​មេសា ចាប់​ពី​ម៉ោង ៣​រសៀល​ដល់​ម៉ោង ៥​ល្ងាច៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (3)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

Meala

ពី SIEM REAP

UNESCO had all documents and send experts to Preah Vihear sometimes seen what is the impact of conflict on heritage site? it's hard work on this tasks. I think Khmer have more evident issue than Thai.

Apr 09, 2013 06:01 AM

Ratha

លទ្ធផលនៃការបកស្រាយសាលក្រមរបស់តុលាការយុត្តិធម៌អន្តរជាតិនោះអាស្រ័យ
ទៅលើភស្តុតាងក្នុងដៃភាគីទាំងពីរទេ តែប្រសិនបើលទ្ធផលមិនបានសម្រេចតាមការ
គ្រោងទុក តើរដ្ឋាផិបាលមានរៀបចំផែនការដោះស្រាយក្រៅពីនេះទុកដែរឬអត់?
បានន័យថា តុលាការអន្តរជាតិសម្រេចឲ្យភាគីថៃមានកម្មសិទ្ធិលើតំបន់ ៤.៦ គ.ម៉.ក្រឡានោះ។

Apr 08, 2013 10:56 PM

អ្នក​អាន​អនាមិក

I PERSONALY DON'T CARE THIS COURT,IF THE NATIONAL RESCUE PARTY WILL WIN THIS ELECTION AT JULY 28 2013 JUCT USE THE PARIS PEACE AGREEMENT THAT IS END.

Apr 08, 2013 06:14 PM

គេហទំព័រ​ទាំងមូល