តើ​មេ​ឃុំ​ឬ​ចៅសង្កាត់​ល្អ​មាន​លក្ខណៈ​សម្បត្តិ​ដូច​ម្ដេច?

0:00 / 0:00

ថ្ងៃ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ អាណត្តិ​ទី​៤ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​អាទិ​ត្រ ទី​៤ ខែ​មិថុនា ឆ្នាំ​២០១៧ ពោល​គឺ​នៅ​មិន​ដល់​បួន​ខែ​ទៀត​ទេ។ ក្រុមប្រឹក្សាឃុំ-​សង្កាត់ គឺ​ជា​អ្នកដឹកនាំ​មូលដ្ឋាន​ដ៏​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​ភូមិ ឃុំ ឬ​សង្កាត់ ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ខ្លួន។ បើ​ពលរដ្ឋ​ជ្រើសរើស​បាន​មេដឹកនាំ​នៅ​មូលដ្ឋាន​ល្អ នឹង​នាំ​ឲ្យ​ភូមិ​ឃុំ ឬ​សង្កាត់ រីកចម្រើន​ផង​ដែរ។

តើ​អ្វី​ខ្លះ​ជា​លក្ខណៈ​សម្បត្តិ​នៃ​មេ​ឃុំ ឬ​ចៅ​សង្កាត់​ល្អ និង​ថា​តើ​ប្រជាពលរដ្ឋ​គួរ​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ទាមទារ​ឲ្យ​គណបក្ស​នយោបាយ​ដាក់​បេក្ខជន​ដែល​ពលរដ្ឋ​ពេញ​ចិត្ត?

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​ផ្នែក​គណនេយ្យភាព​សង្គម និង​ការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ផ្តល់​អនុសាសន៍​មួយ​ចំនួន​ដើម្បី​ជា​ជំនួយ​ដល់​ប្រជាពលរដ្ឋ​ក្នុង​ការ​បោះឆ្នោត​ជ្រើស​មេ​ឃុំ ឬ​ចៅ​សង្កាត់​ល្អ សម្រាប់​មូលដ្ឋាន​របស់​ខ្លួន។

លោក សន ជ័យ នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លើក​ឡើង​ថា ដើម្បី​ជា​ម៉ែត្រ​វាស់​លក្ខណៈ​សម្បត្តិ​របស់​មេ​ឃុំ ឬ​ចៅ​សង្កាត់​ល្អ ប្រជាពលរដ្ឋ​ត្រូវ​សម្លឹង​មើល​ចំណុច​សំខាន់ៗ មាន​ដូចជា​ទី​មួយ ថា​តើ​មេ​ឃុំ ឬ​ចៅ​សង្កាត់ ធ្វើ​ការ​ប្រកប​ដោយ​តម្លាភាព​ដែរ ឬ​ទេ? ជាពិសេស​ពាក់ព័ន្ធ​នឹង​ការ​ចាត់ចែង​ថវិកា​ជាតិ​សម្រាប់​យក​ទៅ​អភិវឌ្ឍ​មូលដ្ឋាន​ឲ្យ​បាន​ល្អ។ លោក​បន្ត​ថា ទី​ពីរ ថា​តើ​គាត់​មាន​ការ​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ចូលរួម​ដោះស្រាយ​បញ្ហា​ដែល​ជា​ទុក​លំបាក​របស់​ប្រជាពលរដ្ឋ ដូចជា​បញ្ហា​រំលោភ​ដីធ្លី បញ្ហា​បូម​ខ្សាច់ បញ្ហា​ទឹក​ជំនន់ ឬ​បញ្ហា​ផ្សេងៗ​ទៀត​នៅ​ក្នុង​មូលដ្ឋាន​របស់​គាត់​ឲ្យ​បាន​ទាន់​ពេល​វេលា និង​មាន​ប្រសិទ្ធភាព​ដែរ ឬ​ទេ។ ទី​បី ថា​តើ​ពួកគាត់​គោរព​តាម​គោលការណ៍​ច្បាប់ និង​ប្រជាធិបតេយ្យ និង​ស្ដាប់​យោបល់​មតិ​អ្នក​ដែល​មិន​សូវ​មាន​សំឡេង​នៅ​ក្នុង​មូលដ្ឋាន​ដែរ ឬ​ទេ មុន​នឹង​សម្រេច​កិច្ចការ​អភិបាលកិច្ច​ក្នុង​មូលដ្ឋាន។ មេ​ឃុំ ឬ​ចៅសង្កាត់​ល្អ គួរ​តែ​ជា​អ្នក​ដែល​នៅ​ខាង​ប្រជាពលរដ្ឋ និង​ចេះ​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការងារ។

លោក សន ជ័យ បន្ត​ដូច្នេះ៖ «តើ​មេ​ឃុំ​នោះ គាត់​ទទួល​ខុស​ត្រូវ​ជាមួយនឹង​ការ​អនុវត្ត​ការងារ​របស់​គាត់ និង​ផល​ប៉ះពាល់​លើ​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន តើ​មេ​ឃុំ​បាន​ដោះស្រាយ​ដែរ​ទេ? ពេល​ប្រជាពលរដ្ឋ​មាន​បញ្ហា​អ្វី ថា​តើ​មេ​ឃុំ​គាត់​ឆ្លើយ​តប​តាម​ទាន់​ពេល​វេលា ឬ​ទេ?»

​ចំណែក​មន្ត្រី​ឃ្លាំមើល​ការ​បោះឆ្នោត​វិញ​បញ្ជាក់​ថា គណបក្ស​នយោបាយ​ក៏​ដើរ​តួនាទី​សំខាន់​ដែរ​ក្នុង​ការ​ជ្រើសរើស​បក្ខជន​ដើម្បី​បម្រើ​រាស្ត្រ។ លោក សំ គន្ធាមី នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌​ដើម្បី​បោះ​ឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា ឬ​ហៅ​ថា អង្គការ​និកហ្វិច (NICFEC) មាន​ប្រសាសន៍​ថា គណបក្ស​នយោបាយ​ត្រូវ​រៀបចំ​បេក្ខជន​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ ដែល​មាន​លក្ខណៈ​ស្វាហាប់ មាន​ថាមពល និង​ត្រូវ​ផ្ដល់​ឱកាស​ឲ្យ​ស្ត្រី និង​យុវជន​បាន​ឈរ​ឈ្មោះ​ឲ្យ​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។

លោក សំ គន្ធាមី៖ «គណបក្ស​នីមួយៗ ត្រូវ​រៀបចំ​បញ្ជី គួរ​តែ​លើក​ស្ទួយ​ស្ត្រី​ក្នុង​វិស័យ​នយោបាយ​ផង ឲ្យ​មាន​បេក្ខភាព​ឆ្លាស់​គ្នា​ទៅ។ ទី​ពីរ ក្រុម​យុវជន​ឲ្យ​គាត់​មាន​ចូលរួម​ក្នុង​វិស័យ​នយោបាយ។ ឃុំ​សង្កាត់​ខ្លះ អាយុ​ជិត ៧០ ជាង ៨០ ហើយ នៅ​ធ្វើ​មេ​ឃុំ គាត់​មិន​អាច​ធ្វើ​បាន​ទេ។ ការងារ​អត់​មាន​ប្រសិទ្ធភាព​ទេ ព្រោះ​អី​គាត់​ចាស់​ជ្រុល​ពេក»

ប្រជាពលរដ្ឋ​អាច​ដាក់​ពាក្យ​ប្ដឹង​ទៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​នៅ​តាម​មូលដ្ឋាន ប្រសិនបើ​ពួកគាត់​យល់​ឃើញ​ថា បញ្ជី​បេក្ខជន​ដែល​ឈរ​ឈ្មោះ​ក្រុមប្រឹក្សា-​ឃុំ​សង្កាត់ មិន​គ្រប់​លក្ខណៈ​សម្បត្តិ​ដែល​គាត់​ពេញ​ចិត្ត។ ពួកគាត់​អាច​ស្នើ​ទៅ​ខាង​គណបក្ស​នយោបាយ​ឲ្យ​ពិចារណា​ឡើង​វិញ​ក្នុង​ការ​ជ្រើសរើស​បេក្ខជន ដែល​មិន​ស័ក្តិសម​តាម​ការ​ចង់​បាន​របស់​ពលរដ្ឋ​មូលដ្ឋាន។ ក្នុង​ករណី​គណបក្ស​នយោបាយ​មិន​ព្រម​ធ្វើ​តាម​សំណូមពរ ប្រជាពលរដ្ឋ​អាច​បោះឆ្នោត​ឲ្យ​បេក្ខជន​ពី​គណបក្ស​នយោបាយ​មួយ​ផ្សេង​ដែល​ខ្លួន​យល់​ថា ល្អ និង​ពេញ​ចិត្ត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។