អង្គការ​អន្តរជាតិ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ស៊ើប​អង្កេត​ករណី​បាញ់​ពលរដ្ឋ

0:00 / 0:00

0:00 / 0:00

អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស យូមិន រ៉ៃថ៍ វ៉ច្ឆ (Human Rights Watch) បាន​ជំរុញ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា បើក​ការ​ស៊ើប​អង្កេត​បន្ទាន់​មួយ​លើ​រឿង​ក្រុម​សមត្ថកិច្ច​បាញ់​ប្រហារ​លើ​ក្រុម​ប្រជាពលរដ្ឋ​អ្នក​ធ្វើ​ដំណើរ​ឆ្លង​កាត់​ស្ពាន​អាកាស បណ្ដាល​ឲ្យ​ស្លាប់​​បុរស​ម្នាក់ និង​របួស​ជាង ២០​នាក់​ផ្សេង​ទៀត។ ក្រៅ​ពី​នេះ យូមិន រ៉ៃថ៍ វ៉ច្ឆ បាន​សុំ​ឲ្យ​រដ្ឋាភិបាល​ខ្មែរ​ឲ្យ​ចេះ​បញ្ជា​ដឹក​នាំ​កង​កម្លាំង​​​សមត្ថកិច្ច​ឲ្យ​ចេះ​គោរព​​​វិជ្ជាជីវៈ​ស្រប​តាម​ស្តង់ដារ​អន្តរជាតិ កុំ​ចេះ​តែ​បាញ់​ប្រហារ​លើ​អ្នក​តវ៉ា​តាម​អំពើ​ចិត្ត។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់ យូមិន រ៉ៃថ៍ វ៉ច្ឆ ពី​ទីក្រុង​ញីវយ៉ក សហរដ្ឋ​អាមេរិក ចុះ​ថ្ងៃ​ទី​១៧ កញ្ញា បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ស៊ើប​អង្កេត​ជា​បន្ទាន់ និង​ដោយ​ឥត​លំអៀង​ចំពោះ​ករណី​បាញ់​សម្លាប់​ប្រជាពលរដ្ឋ​ឈ្មោះ ម៉ៅ សុខចន្ទ និង​ករណី​បាញ់​ឲ្យ​របួស​ប្រជាពលរដ្ឋ​ប្រមាណ ២៤​នាក់​ទៀត ពី​សំណាក់​កង​កម្លាំង​ប្រដាប់​អាវុធ​របស់​​រាជរដ្ឋាភិបាល​កម្ពុជា កាល​ពី​យប់​ថ្ងៃ​ទី​១៥ កញ្ញា ក្នុង​អំពើ​ហិង្សា​រវាង​អ្នក​តវ៉ាដែល យូមិន រ៉ៃថ៍ វ៉ច្ឆ ថា ជា​ក្រុម​បាតុករ​បក្ស​ប្រឆាំង​ជាមួយ​កម្លាំង​សមត្ថកិច្ច នៅ​ស្ពាន​អាកាស​ក្បាលថ្នល់ រាជធានី​ភ្នំពេញ។

សេចក្ដី​ប្រកាស​ព័ត៌មាន​នោះ​បាន​ស្រង់​សំដី លោក ប្រ៊ែដ អាដាម (Brad Adams) នាយក យូមិន រ៉ៃថ៍ វ៉ច្ឆ ប្រចាំ​តំបន់​អាស៊ី​ថា៖ "រដ្ឋាភិបាល​បាន​ខំ​ប្រឹង​គ្រប់​គ្រង​កំណត់​ព្រំដែន​ក្រុម​បាតុករ​បក្ស​ប្រឆាំង​ដោយ​ដាក់​រនាំង​លួស​បន្លា​បិទ​ផ្លូវ​ទាំង​នៅ​ក្នុង​និង​ក្រៅ​ភ្នំពេញ"

លោក ប្រែដ អាដាម បន្ត​ថា៖ "ថ្ងៃ​តវ៉ា​ដោយ​សន្តិភាព​បាន​ក្លាយ​ជា​រឿង​អាក្រក់​នៅ​ពេល​ដែល​កម្លាំង​សន្តិសុខ​កម្ពុជា ប្រើ​ហិង្សា​លើ​អ្នក​តវ៉ា"។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់ យូមិន រ៉ៃថ៍ វ៉ច្ឆ បាន​រៀប​រាប់​ពិស្ដារ​អំពី​​សកម្មភាព​តវ៉ា និង​ហិង្សា​ប្រដាប់​អាវុធ​របស់​កង​កម្លាំង​សមត្ថកិច្ច​ដែល​ប្រើ​កាំភ្លើង​បាញ់​គ្រាប់​ពិត និង​ប្រើ​គ្រាប់​បែក​ផ្សេង​ពុល​មក​លើ​ក្រុម​អ្នក​តវ៉ា​ដែល​គ្មាន​អាវុធ​​នោះ ថា​ជា​​ទង្វើ​​ហិង្សា​ប្រដាប់​អាវុធ ហើយ​ប្រការ​នេះ​ជា​ការ​ប្រព្រឹត្ត​ខុស​ច្បាប់​អន្តរជាតិ។

សេចក្ដី​ប្រកាស​ព័ត៌មាន​នោះ​បាន​ស្រង់​សម្ដី​លោក ប្រែដ អាដាម បន្ត​ថា៖ "​ការ​បាញ់​គ្រាប់​កាំ​ភ្លើង​ពិត​ទៅ​លើ​មនុស្ស​គ្មាន​អាវុធ​នៅ​ទី​ងងឹត​​ជា​ការ​គំរាម​ជីវិត​មនុស្ស​ ហើយ​នេះ​គឺ​ជា​និយម​ន័យ​នៃ​ហិង្សា​របស់​សមត្ថកិច្ច​​ប្រើ​ដោយ​អាវុធ"

យូមិន រ៉ៃថ៍ វ៉ច្ឆ បាន​អំពាវ​នាវ​ឲ្យ​រាជ​រដ្ឋាភិបាល​កម្ពុជា ឈប់​ប្រើ​ហិង្សា​ដោយ​ប្រើ​អាវុធ​ជា​សាធារណៈ ​ហើយ​បាន​​ណែនាំ​ឲ្យ​កង​កម្លាំង​សមត្ថកិច្ច​គោរព​ច្បាប់​របស់​អង្គការ​​សហប្រជាជាតិ​ខាង​ប្រើប្រាស់​អាវុធ។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់​ទង​មន្ត្រី​រដ្ឋាភិបាល​បាន​ទេ ​នៅ​ថ្ងៃ​ទី​១៧ កញ្ញា ដើម្បី​សុំ​ការ​ឆ្លើយ​តប​ទៅ​នឹង យូមិន រ៉ៃថ៍ វ៉ច្ឆ នេះ។ ក៏​ប៉ុន្តែ​លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​យប់​ថ្ងៃ​ទី​១៥ កញ្ញា ថា រដ្ឋាភិបាល​បាន​ចាប់​ផ្ដើម​ស៊ើប​អង្កេត​រឿង​នេះ​ហើយ បន្ទាប់​ពី​បក្ស​សង្គ្រោះ​ជាតិ បាន​សុំ​​ឲ្យ​ក្រសួង​មហាផ្ទៃ ស៊ើប​អង្កេត​រឿង​នេះ​ក្នុង​ជំនួប​មេដឹកនាំ​កំពូល​រវាង​មេ​បក្ស​សង្គ្រោះ​ជាតិ និង​បក្ស​ប្រជាជន​កម្ពុជា កាល​ពី​ថ្ងៃ​ទី​១៦ កញ្ញា។

អង្គការ​ជាតិ​ត្រៀម​ដាក់​លិខិត​សុំ​ឲ្យ​ដោះលែង​មនុស្ស​៦​នាក់​ដែល​សមត្ថកិច្ច​ចាប់

ទាក់ទង​នឹង​ករណី​បាញ់​សម្លាប់​ពលរដ្ឋ​នៅ​ស្ពាន​អាកាស​ក្បាល​ថ្នល់​នេះ​ដែរ អង្គការ​ឃ្លាំមើល​បញ្ហា​សិទ្ធិ​មនុស្ស​ជាតិ បាន​ត្រៀម​ដាក់​លិខិត​ទៅ​រដ្ឋាភិបាល​និង​ស្ថាប័ន​ពាក់ព័ន្ធ ឲ្យ​ដោះ​លែង​មនុស្ស ៦​នាក់ ដែល​កំពុង​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ដោយ​គ្មាន​លក្ខខណ្ឌ។ ការ​ដាក់​លិខិត​នោះ​បាន​កើត​មាន​បន្ទាប់​ពី​ពួកគេ​ត្រូវ​ចាប់ និង​ឃុំ​ខ្លួន​ក្នុង​ព្រឹត្តិការណ៍​ប៉ះ​ទង្គិច​ហិង្សា​ជាមួយ​សមត្ថកិច្ច កាល​ពី​យប់​ថ្ងៃ​ទី​១៥ ខែ​កញ្ញា។

សូម​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​អ្នកនាង ទេព សុរ៉ាវី៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។