“ការ​រក​យុត្តិធម៌​ជូន​ជន​រងគ្រោះ​ស្លាប់​ដោយ​រដ្ឋ​ប្រហារ​ឆ្នាំ​៩៧​មិន​ដែល​ហួស​ពេល​ទេ”

0:00 / 0:00

ព្រឹត្តិការណ៍​រដ្ឋ​ប្រហារ​បង្ហូរ​ឈាម​ដឹក​នាំ​ដោយ​សហ​នាយក​រដ្ឋមន្ត្រី​ទី​២ លោក ហ៊ុន សែន ទម្លាក់​សហ​នាយក​រដ្ឋមន្ត្រី​ទី​១ សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ ចេញ​ពី​អំណាច កាល​ពី​ឆ្នាំ​១៩៩៧ នោះ គិត​មក​ដល់​ថ្ងៃ​នេះ​មាន​រយៈពេល ១៧​ឆ្នាំ​ហើយ។

មន្ត្រី​ជាន់​ខ្ពស់​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) អោយ​ដឹង​ថា គ្រួសារ​ជន​រងគ្រោះ​ដែល​ត្រូវ​បាន​សម្លាប់​ក្រៅ​ច្បាប់​រាប់​រយ​នាក់​ក្នុង​អំឡុង​ពេល​រដ្ឋ​ប្រហារ ថ្ងៃ​៥ ថ្ងៃ​៦ ឆ្នាំ​១៩៩៧ នោះ ត្រូវ​តែ​ទទួល​បាន​យុត្តិធម៌។

ព្រឹត្តិការណ៍​បាញ់​ប្រហារ​គ្នា​រវាង​កងទ័ព​ដែល​មាន​ស្វាមីភក្តិ​ចំពោះ​ម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ នាយក​រដ្ឋមន្ត្រី​ទី​១ និង​លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ទី​២ កាល​ពី​ឆ្នាំ​១៩៩៧ ដែល​លោក ថូម៉ាស់ ហែមម៉ាប៊ើគ (Thomas Hammarberg) តំណាង​ពិសេស​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា ហៅថា​ជា "រដ្ឋប្រហារ" នោះ បាន​បណ្ដាល​អោយ​បាត់​បង់​ជីវិត​មនុស្ស​របួស​ជាច្រើន​រយ​នាក់។

លោក ប៊្រែដ អាដាម (Brad Adams) បច្ចុប្បន្ន​ជា​នាយក​ប្រតិបត្តិ​ផ្នែក​អាស៊ី នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ ដែល​បាន​ចុះ​ស៊ើប​អង្កេត​គាស់​កកាយ​រណ្ដៅ​សាកសព​របស់​ទាហាន​រាជា​និយម​ហ៊្វុនស៊ិនប៉ិច ដែល​ទាហាន​របស់ លោក ហ៊ុន សែន សម្លាប់​ក្រៅ​ច្បាប់​ក្នុង​ព្រឹត្តិការណ៍​ថ្ងៃ​ទី​៥ និង​ទី​៦ ខែ​កក្កដា ឆ្នាំ​១៩៩៧ នោះ និយាយ​ថា បើ​ទោះ​ពេល​វេលា​ហួស​ទៅ ១៧​ឆ្នាំ​ហើយ​ក៏ដោយ ការ​រក​យុត្តិធម៌​អោយ​ជន​រងគ្រោះ​មិន​ដែល​យឺត​ពេល​ទេ៖ «ចូរ​ចាប់​ផ្តើម​រក​យុត្តិធម៌​ជូន​អ្នក​ដែល​ត្រូវ​គេ​សម្លាប់​ក្នុង​ពេល​រដ្ឋ​ប្រហារ​នោះ។ ខ្ញុំ​ធ្វើ​ការ​អោយ​ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា នៅ​អំឡុង​ពេល​រដ្ឋ​ប្រហារ​នោះ។ យើង​បាន​កត់ត្រា​ចំនួន​អ្នក​ដែល​ត្រូវ​បាន​គេ​ប្រហារ​ជីវិត​ក្រៅ​ច្បាប់​រាប់​រាយ​នាក់។ យើង​ដឹង​ថា អ្នក​ណា​ត្រូវ​ទទួល​ត្រូវ​ក្នុង​ការ​សម្លាប់​នោះ ហើយ​យើង​ក៏​បោះពុម្ព​ផ្សាយ​របាយការណ៍​នោះ។ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ មិន​មាន​វិធានការ​ណា​មួយ ដើម្បី​រក​យុត្តិធម៌​ជូន​ជន​រងគ្រោះ​ឡើយ។ ប្រសិន​បើ​ខ្ញុំ​ជា​សមាជិក​គ្រួសារ​នៃ​ជន​រងគ្រោះ ហើយ​ឪពុក ឬ​ប្អូន​ប្រុស ឬ​ជា​ពូ​របស់​ខ្ញុំ ត្រូវ​បាន​គេ​សម្លាប់ ខ្ញុំ​នៅ​តែ​នៅ​ទាមទារ​រក​យុត្តិធម៌ ត្រូវ​តែ​មាន​ការ​ស៊ើប​អង្កេត និង​នាំ​មក​កាត់​ទោស​អ្នក​ដែល​បាន​សម្លាប់​គេ។ សម្រាប់​រក​យុត្តិធម៌​មិន​ដែល​ហួស​ពេល​ទេ។ ឧទាហរណ៍ ដូច​ជា​អតីត​មេ​ដឹក​នាំ​ខ្មែរ​ក្រហម​ដែរ ទោះ​ជា​ហួស​យូរ​ប៉ុណ្ណា ក៏​អាច​ត្រូវ​គេ​យក​មក​ជំនុំ​ជម្រះ​ដែរ។ ដូច្នេះ ខ្ញុំ​គិត​ថា ត្រូវ​តែ​នាំ​គ្នា​ធ្វើ​យុទ្ធនាការ​ទាមទារ​អោយ​មាន​ការ​ស៊ើប​អង្កេត​អំពី​ការ​សម្លាប់​នេះ»

លោក គ្រីស្តូហ្វ ប៉េស៊ូ (Christophe Peschoux) អតីត​តំណាង​ការិយាល័យ​ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា ដែល​បាន​ធ្វើ​ការ​ស៊ើប​អង្កេត​ទៅ​លើ​ការ​សម្លាប់​មនុស្ស​ក្នុង​ព្រឹត្តិការណ៍​រដ្ឋ​ប្រហារ​ថ្ងៃ​៥-៦ ខែ​កក្កដា ឆ្នាំ​១៩៩៧ នោះ បាន​បញ្ជាក់​ថា សាកសព​នីមួយៗ​ដែល​លោក​បាន​រក​ឃើញ​មាន​សភាព​គួរ​ឲ្យ​រន្ធត់៖ «ករណី​ខ្លះ​យើង​ឃើញ​មាន​ឆ្អឹង​មនុស្ស​រាយប៉ាយ​ជាប់​លើ​គំនរ​កង់​ឡាន ដែល​មាន​ស្នាម​ឆេះ​រោល។ នេះ​បញ្ជាក់​ថា ជន​រងគ្រោះ​មួយ​ចំនួន​ត្រូវ​បាន​គេ​ដុត​នឹង​កង់​ឡាន។ រណ្ដៅ​សព​ខ្លះ​ពេល​ជីក​គាស់​ចេញ​មក យើង​ឃើញ​មាន​ជន​រងគ្រោះ​ម្នាក់ ឯ​រណ្ដៅ​ខ្លះ​ជា​រណ្ដៅ​រួម​មាន​សាកសព​បី​បួន​នាក់។ អ្នក​ដឹង​ទេ សព​ខ្លះ​យើង​រក​ឃើញ​នៅ​ក្នុង​ប្រឡាយ​ទឹក។ សាកសព​ជាច្រើន យើង​មិន​អាច​កំណត់​អត្តសញ្ញាណ​ពួក​គេ​បាន ដោយសារ​តែ​មាន​សភាព​រលួយ​ពិបាក​ចំណាំ។ គោល​បំណង​របស់​យើង​ក្នុង​ការ​ព្យាយាម​ចំណាំ​អត្តសញ្ញាណ​សាកសព​ឲ្យ​បាន​ច្បាស់​នោះ គឺ​ដើម្បី​ជួយ​ផ្ដល់​ដំណឹង​ដល់​សាច់ញាតិ​របស់​ពួក​គេ ដែល​មក​ពឹងពាក់​ឲ្យ​យើង​ជួយ​រក។ ភាគ​ច្រើន​នៃ​ជន​រងគ្រោះ​ដែល​យើង​រក​ឃើញ​ស្លាប់​ក្នុង​ដៃ​ជាប់​ចំណង។ ដៃ​ទាំង​ពីរ​ត្រូវ​បាន​ចង​ស្លាប​សេក​ទៅ​ក្រោយ ចង​ជាមួយ​ក្រមា ឬ​ខ្សែ។ យើង​រក​ឃើញ​នៅ​តំបន់​ពេជ្រនិល នៅ​ជិត​ឧដុង្គ នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ នៅ​តាម​ផ្លូវ​ទៅ​ខេត្ត​កំពង់ឆ្នាំង និង​ទីកន្លែង​ផ្សេងៗ​ទៀត រួម​ទាំង​នៅ​ជិត និង​ជុំវិញ​ទីក្រុង​ភ្នំពេញ»

ក្នុង​ចំណោម​មន្ត្រី​យោធា និង​ប៉ូលិស​ជាន់​ខ្ពស់​នៃ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដែល​ត្រូវ​បាន​សម្លាប់​ក្រៅ​ច្បាប់ និង​បាត់​ខ្លួន សន្មត​ថា​ស្លាប់​ទាំង​នោះ​រួម​មាន ឧត្ដមសេនីយ៍ ចៅ សម្បត្តិ ឧត្ដមសេនីយ៍ ក្រូច យឿម ឧត្ដមសេនីយ៍ ជា ឬទ្ធីឈុត ឧត្ដមសេនីយ៍ លី សេងហុង ឧត្ដមសេនីយ៍ ម៉ែន ប៊ុនថន និង​ឧត្ដមសេនីយ៍ ហូ សុខ ជាដើម។ លោក ហូ សុខ ដែល​ជា​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ និង​ជា​មេ​បញ្ជាការ​ក្រុម​អង្គរក្ស​របស់​សម្ដេច​ក្រុម​ព្រះ នាយក​រដ្ឋមន្ត្រី​ទី​១ ត្រូវ​កម្លាំង​របស់ លោក ហ៊ុន សែន ចាប់​ខ្លួន​នៅ​ថ្ងៃ​ទី​៧ ខណៈ​ដើរ​ចេញ​ពី​គេហដ្ឋាន​របស់​ឯកអគ្គរដ្ឋទូត​សិង្ហបុរី នៅ​ថ្ងៃ​ទី​៧ ខែ​កក្កដា ឆ្នាំ​១៩៩៧។ បន្ទាប់​មក លោក​ត្រូវ​បាន​នាំ​ខ្លួន​ទៅ​ក្រសួង​មហាផ្ទៃ ជា​ទីកន្លែង​ដែល​លោក​ត្រូវ​បាន​គេ​ប្រហារ​ជីវិត​នឹង​គ្រាប់​កាំភ្លើង។ លិខិត​បូជា​សព​របស់ លោក ហូ សុខ ចុះ​ថ្ងៃ​ទី​៨ ខែ​កក្កដា ឆ្នាំ​១៩៩៧ នៅ​វត្ត​លង្កា ដែល​ភ្ជាប់​ក្នុង​របាយការណ៍​របស់​ការិយាល័យ​ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា បញ្ជាក់​ថា លោក​ត្រូវ​បាន​ស្លាប់​នឹង​គ្រាប់​កាំភ្លើង។

ទាក់ទង​នឹង​សំណួរ​ថា តើ​អ្នក​ណា​ជា​អ្នក​បញ្ជា​អោយ​សម្លាប់​ទាហាន មេ​ទាហាន និង​ប៉ូលិស ដែល​ស្មោះ​ត្រង់​នឹង​សម្ដេច​ក្រុម​ព្រះ នាយក​រដ្ឋមន្ត្រី​ទី​១ បន្ទាប់​ពី​ពួក​គេ​ត្រូវ​បាន​ចាប់​ខ្លួន ឬ​ដាក់​អាវុធ​ហើយ​នោះ លោក ប្រ៊ែដ អាដាម ដែល​ជា​មន្ត្រី​ច្បាប់​នៃ​ការិយាល័យ​ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា នៅ​អំឡុង​ពេល​រដ្ឋ​ប្រហារ​នោះ បាន​អោយ​ដឹង​ថា លោក​មិន​ច្បាស់​ថា អ្នក​ណា​ជា​អ្នក​ចេញ​បញ្ជា​អោយ​សម្លាប់​ទេ ប៉ុន្តែ​លោក​ដឹង​ថា លោក ហ៊ុន សែន ជា​អ្នក​គ្រប់គ្រង​លើ​កងទ័ព​ដែល​ស្មោះ​ត្រង់​នឹង​លោក​ក្នុង​ពេល​បាញ់​ប្រហារ​ដាក់​គ្នា​ជាមួយ​កងទ័ព​រាជា​និយម​នា​ពេល​នោះ៖ «ប៉ុន្តែ​សំណួរ​ត្រង់​ថា តើ លោក ហ៊ុន សែន មាន​ការ​គ្រប់គ្រង​បញ្ជា​លើ​កង​កម្លាំង​ដែល​បាន​សម្លាប់​មនុស្ស​ក្រោយ​ពី​ព្រឹត្តិការណ៍​ប្រយុទ្ធ​គ្នា​ហើយ​នោះ​ដែរ​ឬ​ទេ? តាម​ការ​សន្និដ្ឋាន​របស់​ខ្ញុំ គឺ​ថា​មាន។ ប៉ុន្តែ​វា​ជា​រឿង​ដែល​យើង​ត្រូវ​ស៊ើប​អង្កេត​បន្ថែម​ទៀត។ យើង​អាច​សួរ​ទៀត​ថា តើ លោក ហ៊ុន សែន ដឹង​ទេ​ថា កង​កម្លាំង​របស់​លោក​កំពុង​សម្លាប់​មនុស្ស? ចំពោះ​សំណួរ​នេះ វា​មាន​លទ្ធភាព​ពីរ។ ទី​មួយ គឺ​ថា លោក ហ៊ុន សែន ជា​អ្នក​ចេញ​បញ្ជា​ឲ្យ​សម្លាប់។ ទី​ពីរ គឺ​ថា លោក​មិន​បាន​ចេញ​បញ្ជា​ទេ។ បើ​គាត់​មិន​បាន​ចេញ​បញ្ជា​ទេ អ៊ីចឹង​សួរ​ទៀត​ថា គាត់​គួរ​តែ​បាន​ដឹង​ដែរ​ឬ​ទេ ថា​មាន​ការ​សម្លាប់​ឈ្លើយសឹក​កើត​ឡើង​នា​ពេល​នោះ? បើ​តាម​សេចក្តី​សន្និដ្ឋាន​របស់​ខ្ញុំ គាត់​គួរ​តែ​បាន​ដឹង ពីព្រោះ​មាន​ព័ត៌មាន​អំពី​ការ​សម្លាប់​ហ្នឹង​ច្រើន​ណាស់ រាយការណ៍​ដោយ​ក្រុម​អ្នក​សារព័ត៌មាន និង​ពី​ការិយាល័យ​របស់​យើង​ផង​ដែរ។ ហើយ​មាន​មនុស្ស​ផ្សេង​ទៀត​បាន​ប្រាប់ លោក ហ៊ុន សែន ថា មាន​ការ​សម្លាប់​មនុស្ស​កំពុង​កើត​ឡើង។ ប៉ុន្តែ​ការ​សម្លាប់​នៅ​ចេះ​តែ​បន្ត។ ដូច្នេះ លោក ហ៊ុន សែន អាច​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​ព្រឹត្តិការណ៍​សម្លាប់​រង្គាល​នោះ បើ​ការ​ស៊ើប​អង្កេត​រក​យុត្តិធម៌​មួយ​ត្រូវ​បាន​ធ្វើ​ឡើង​នោះ»

នៅ​ក្រោយ​ពេល​រដ្ឋ​ប្រហារ​បាន​ជោគជ័យ ឆ្លើយ​តប​ទៅ​នឹង​អ្នក​កាសែត​បរទេស​ដែល​បាន​សួរ​លោក​ថា ហេតុ​អ្វី​បាន​ជា​លោក​ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ សហ​នាយក​រដ្ឋមន្ត្រី​ទី​១ របស់​លោក លោក ហ៊ុន សែន ឆ្លើយ​ថា​លោក​គ្រាន់​តែ​ប្រើ​កម្លាំង​ការពារ​ខ្លួន​នៅ​ពេល​សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ នាំ​កងទ័ព​ខ្មែរ​ក្រហម​ចូល​ក្រុង​ភ្នំពេញ៖ «បញ្ហា​គឺ​ថា Prince រណឫទ្ធិ ជា​អ្នក​ប្រើ​កម្លាំង ខ្ញុំ​មិន​បាន​ប្រើ​កម្លាំង​ឯណា។ ខ្ញុំ​ប្រើ​កម្លាំង​គ្រាន់​តែ​ទប់។ ឥឡូវ​លោក​ឯង​ឲ្យ​ខ្ញុំ​ដក​ថយ ឬ​ឲ្យ​ខ្ញុំ​ទប់? ឥឡូវ​លោក​ឯង​ទៅ​អន្លង់វែង ខ្លួន​ឯង​ទៅ យក​ក្បាល​ទៅ​រង​គ្រាប់​ខ្លួន​ឯង​ទៅ។ You can go to Anlung Veng for shooting by Pol Pot»

ក្រៅ​តែ​ពី​ចោទ​ថា សម្ដេច​ក្រុម​ព្រះ​បាន​នាំ​កងទ័ព​ខ្មែរ​ក្រហម​ចូល​ក្រុង​ភ្នំពេញ លោក ហ៊ុន សែន ក៏​បាន​ចោទ​ដែរ​ថា សម្ដេច​ក្រុម​ព្រះ បាន​ដឹក​អាវុធ​ចូល​ដោយ​ខុស​ច្បាប់ ដើម្បី​ត្រៀម​ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​រូប​លោក។

ទាក់ទង​នឹង​បញ្ហា​នេះ លោក ប៊្រែដ អាដាម មាន​ប្រសាសន៍​ថា ទាំង​សម្ដេច​ក្រុម​ព្រះ និង​លោក ហ៊ុន សែន សុទ្ធ​តែ​បាន​នាំ​អាវុធ​ចូល​ដូច​គ្នា ពីព្រោះ​សហ​នាយក​រដ្ឋមន្ត្រី​ទាំង​ពីរ​រូប​នេះ​មិន​ទុក​ចិត្ត​គ្នា​សោះ​ឡើយ។ រីឯ​ការ​ទាក់ទង​នឹង​ក្រុម​ឧទ្ទាម​ទ័ព​ព្រៃ​ខ្មែរ​ក្រហម​វិញ លោក​ថា ទាំង​សម្ដេច​ក្រុម​ព្រះ និង​លោក ហ៊ុន សែន ក៏​បាន​ទាក់ទង​អូស​ទាញ​កម្លាំង​ខ្មែរ​ក្រហម​អោយ​មក​គាំទ្រ​ខ្លួន​ដូច​គ្នា។ ប៉ុន្តែ លោក ប៊្រែដ អាដាម បន្ត​ថា លទ្ធផល​ស៊ើប​អង្កេត​របស់​ការិយាល័យ​លោក​នៅ​ក្រោយ​រដ្ឋ​ប្រហារ មិន​មាន​ភស្តុតាង​បញ្ជាក់​ថា កងទ័ព​ខ្មែរ​ក្រហម​បាន​មក​ជួយ​គណបក្ស​រាជា​និយម​ហ៊្វុនស៊ិនប៉ិច ទេ។ លោក​ថា ទីកន្លែង​ដែល​មន្ត្រី​រដ្ឋាភិបាល​នាំ​គាត់​ទៅ​មើល​នៅ​កំបូល ហើយ​និង​នៅ​កន្លែង​ផ្សេង​ថា​មាន​ខ្មែរ​ក្រហម​នោះ ពេល​សាកសួរ​ទៅ​ពួក​គេ ក្រៅ​ពី​ទាហាន​រាជា​និយម​ហ៊្វុនស៊ិនប៉ិច ធម្មតា ពួក​គេ​សុទ្ធ​តែ​ជា​កសិករ​ពី​ខេត្ត​នានា​មាន​ខេត្ត​ព្រៃវែង ជាដើម។

ផ្ទុយ​ទៅ​វិញ លោក​ថា គេ​ឃើញ​មាន​កងទ័ព​ខ្មែរ​ក្រហម​បាន​ជួយ​ដល់​កងទ័ព​ដែល​ស្មោះ​ត្រង់​នឹង លោក ហ៊ុន សែន ក្នុង​ការ​ប្រយុទ្ធ​គ្នា​នៅ​ថ្ងៃ​ទី​៥ ទី​៦ កក្កដា នោះ។ ឧទាហរណ៍ មាន​មេ​ខ្មែរ​ក្រហម លោក កែវ ពង្ស ជាពិសេស លោក ភន់ ភាព ដែល​បាន​ចុះ​ចូល​ជាមួយ​កងទ័ព លោក ហ៊ុន សែន នៅ​មិន​ប៉ុន្មាន​មុន​ពេល​រដ្ឋ​ប្រហារ ជាដើម។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​ចុះ លោក ប៊្រែដ អាដាម អតីត​មន្ត្រី​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា និង​បច្ចុប្បន្ន​ជា​នាយក​ប្រតិបត្តិ​ផ្នែក​អាស៊ី នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ បាន​បន្ត​ថា ការ​សម្លាប់​គូ​សត្រូវ​របស់​ខ្លួន​ដែល​គ្មាន​អាវុធ​ក្នុង​ដៃ ដូច​ដែល​កងទ័ព​របស់ លោក ហ៊ុន សែន ប្រព្រឹត្ត​ចំពោះ​កងទ័ព​ដែល​ស្មោះ​ត្រង់​នឹង​សម្ដេច​ក្រុម​ព្រះ ក្នុង​អំឡុង​ពេល​រដ្ឋ​ប្រហារ ចាប់​ពី​ថ្ងៃ​ទី​២ ដល់​ថ្ងៃ​ទី​៧ ឆ្នាំ​១៩៩៧ នោះ គឺ​ជា​អំពើ​ខុស​ច្បាប់ និង​អមនុស្សធម៌។ គេ​ត្រូវ​តែ​រក​យុត្តិធម៌​ជូន​ជន​រងគ្រោះ ដើម្បី​ការពារ​មិន​អោយ​មាន​អំពើ​និទ្ទណ្ឌភាព​ទៅ​ថ្ងៃ​អនាគត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។