ព្រឹត្តិការណ៍រដ្ឋប្រហារបង្ហូរឈាមដឹកនាំដោយសហនាយករដ្ឋមន្ត្រីទី២ លោក ហ៊ុន សែន ទម្លាក់សហនាយករដ្ឋមន្ត្រីទី១ សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ចេញពីអំណាច កាលពីឆ្នាំ១៩៩៧ នោះ គិតមកដល់ថ្ងៃនេះមានរយៈពេល ១៧ឆ្នាំហើយ។
មន្ត្រីជាន់ខ្ពស់នៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) អោយដឹងថា គ្រួសារជនរងគ្រោះដែលត្រូវបានសម្លាប់ក្រៅច្បាប់រាប់រយនាក់ក្នុងអំឡុងពេលរដ្ឋប្រហារ ថ្ងៃ៥ ថ្ងៃ៦ ឆ្នាំ១៩៩៧ នោះ ត្រូវតែទទួលបានយុត្តិធម៌។
ព្រឹត្តិការណ៍បាញ់ប្រហារគ្នារវាងកងទ័ពដែលមានស្វាមីភក្តិចំពោះម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ នាយករដ្ឋមន្ត្រីទី១ និងលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីទី២ កាលពីឆ្នាំ១៩៩៧ ដែលលោក ថូម៉ាស់ ហែមម៉ាប៊ើគ (Thomas Hammarberg) តំណាងពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា ហៅថាជា "រដ្ឋប្រហារ" នោះ បានបណ្ដាលអោយបាត់បង់ជីវិតមនុស្សរបួសជាច្រើនរយនាក់។
លោក ប៊្រែដ អាដាម (Brad Adams) បច្ចុប្បន្នជានាយកប្រតិបត្តិផ្នែកអាស៊ី នៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ ដែលបានចុះស៊ើបអង្កេតគាស់កកាយរណ្ដៅសាកសពរបស់ទាហានរាជានិយមហ៊្វុនស៊ិនប៉ិច ដែលទាហានរបស់ លោក ហ៊ុន សែន សម្លាប់ក្រៅច្បាប់ក្នុងព្រឹត្តិការណ៍ថ្ងៃទី៥ និងទី៦ ខែកក្កដា ឆ្នាំ១៩៩៧ នោះ និយាយថា បើទោះពេលវេលាហួសទៅ ១៧ឆ្នាំហើយក៏ដោយ ការរកយុត្តិធម៌អោយជនរងគ្រោះមិនដែលយឺតពេលទេ៖ «ចូរចាប់ផ្តើមរកយុត្តិធម៌ជូនអ្នកដែលត្រូវគេសម្លាប់ក្នុងពេលរដ្ឋប្រហារនោះ។ ខ្ញុំធ្វើការអោយឧត្ដមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា នៅអំឡុងពេលរដ្ឋប្រហារនោះ។ យើងបានកត់ត្រាចំនួនអ្នកដែលត្រូវបានគេប្រហារជីវិតក្រៅច្បាប់រាប់រាយនាក់។ យើងដឹងថា អ្នកណាត្រូវទទួលត្រូវក្នុងការសម្លាប់នោះ ហើយយើងក៏បោះពុម្ពផ្សាយរបាយការណ៍នោះ។ ប៉ុន្តែរហូតមកដល់ពេលនេះ មិនមានវិធានការណាមួយ ដើម្បីរកយុត្តិធម៌ជូនជនរងគ្រោះឡើយ។ ប្រសិនបើខ្ញុំជាសមាជិកគ្រួសារនៃជនរងគ្រោះ ហើយឪពុក ឬប្អូនប្រុស ឬជាពូរបស់ខ្ញុំ ត្រូវបានគេសម្លាប់ ខ្ញុំនៅតែនៅទាមទាររកយុត្តិធម៌ ត្រូវតែមានការស៊ើបអង្កេត និងនាំមកកាត់ទោសអ្នកដែលបានសម្លាប់គេ។ សម្រាប់រកយុត្តិធម៌មិនដែលហួសពេលទេ។ ឧទាហរណ៍ ដូចជាអតីតមេដឹកនាំខ្មែរក្រហមដែរ ទោះជាហួសយូរប៉ុណ្ណា ក៏អាចត្រូវគេយកមកជំនុំជម្រះដែរ។ ដូច្នេះ ខ្ញុំគិតថា ត្រូវតែនាំគ្នាធ្វើយុទ្ធនាការទាមទារអោយមានការស៊ើបអង្កេតអំពីការសម្លាប់នេះ»។
លោក គ្រីស្តូហ្វ ប៉េស៊ូ (Christophe Peschoux) អតីតតំណាងការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា ដែលបានធ្វើការស៊ើបអង្កេតទៅលើការសម្លាប់មនុស្សក្នុងព្រឹត្តិការណ៍រដ្ឋប្រហារថ្ងៃ៥-៦ ខែកក្កដា ឆ្នាំ១៩៩៧ នោះ បានបញ្ជាក់ថា សាកសពនីមួយៗដែលលោកបានរកឃើញមានសភាពគួរឲ្យរន្ធត់៖ «ករណីខ្លះយើងឃើញមានឆ្អឹងមនុស្សរាយប៉ាយជាប់លើគំនរកង់ឡាន ដែលមានស្នាមឆេះរោល។ នេះបញ្ជាក់ថា ជនរងគ្រោះមួយចំនួនត្រូវបានគេដុតនឹងកង់ឡាន។ រណ្ដៅសពខ្លះពេលជីកគាស់ចេញមក យើងឃើញមានជនរងគ្រោះម្នាក់ ឯរណ្ដៅខ្លះជារណ្ដៅរួមមានសាកសពបីបួននាក់។ អ្នកដឹងទេ សពខ្លះយើងរកឃើញនៅក្នុងប្រឡាយទឹក។ សាកសពជាច្រើន យើងមិនអាចកំណត់អត្តសញ្ញាណពួកគេបាន ដោយសារតែមានសភាពរលួយពិបាកចំណាំ។ គោលបំណងរបស់យើងក្នុងការព្យាយាមចំណាំអត្តសញ្ញាណសាកសពឲ្យបានច្បាស់នោះ គឺដើម្បីជួយផ្ដល់ដំណឹងដល់សាច់ញាតិរបស់ពួកគេ ដែលមកពឹងពាក់ឲ្យយើងជួយរក។ ភាគច្រើននៃជនរងគ្រោះដែលយើងរកឃើញស្លាប់ក្នុងដៃជាប់ចំណង។ ដៃទាំងពីរត្រូវបានចងស្លាបសេកទៅក្រោយ ចងជាមួយក្រមា ឬខ្សែ។ យើងរកឃើញនៅតំបន់ពេជ្រនិល នៅជិតឧដុង្គ នៅក្នុងខេត្តកំពង់ស្ពឺ នៅតាមផ្លូវទៅខេត្តកំពង់ឆ្នាំង និងទីកន្លែងផ្សេងៗទៀត រួមទាំងនៅជិត និងជុំវិញទីក្រុងភ្នំពេញ»។
ក្នុងចំណោមមន្ត្រីយោធា និងប៉ូលិសជាន់ខ្ពស់នៃគណបក្សហ៊្វុនស៊ិនប៉ិច ដែលត្រូវបានសម្លាប់ក្រៅច្បាប់ និងបាត់ខ្លួន សន្មតថាស្លាប់ទាំងនោះរួមមាន ឧត្ដមសេនីយ៍ ចៅ សម្បត្តិ ឧត្ដមសេនីយ៍ ក្រូច យឿម ឧត្ដមសេនីយ៍ ជា ឬទ្ធីឈុត ឧត្ដមសេនីយ៍ លី សេងហុង ឧត្ដមសេនីយ៍ ម៉ែន ប៊ុនថន និងឧត្ដមសេនីយ៍ ហូ សុខ ជាដើម។ លោក ហូ សុខ ដែលជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាមេបញ្ជាការក្រុមអង្គរក្សរបស់សម្ដេចក្រុមព្រះ នាយករដ្ឋមន្ត្រីទី១ ត្រូវកម្លាំងរបស់ លោក ហ៊ុន សែន ចាប់ខ្លួននៅថ្ងៃទី៧ ខណៈដើរចេញពីគេហដ្ឋានរបស់ឯកអគ្គរដ្ឋទូតសិង្ហបុរី នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ១៩៩៧។ បន្ទាប់មក លោកត្រូវបាននាំខ្លួនទៅក្រសួងមហាផ្ទៃ ជាទីកន្លែងដែលលោកត្រូវបានគេប្រហារជីវិតនឹងគ្រាប់កាំភ្លើង។ លិខិតបូជាសពរបស់ លោក ហូ សុខ ចុះថ្ងៃទី៨ ខែកក្កដា ឆ្នាំ១៩៩៧ នៅវត្តលង្កា ដែលភ្ជាប់ក្នុងរបាយការណ៍របស់ការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា បញ្ជាក់ថា លោកត្រូវបានស្លាប់នឹងគ្រាប់កាំភ្លើង។
ទាក់ទងនឹងសំណួរថា តើអ្នកណាជាអ្នកបញ្ជាអោយសម្លាប់ទាហាន មេទាហាន និងប៉ូលិស ដែលស្មោះត្រង់នឹងសម្ដេចក្រុមព្រះ នាយករដ្ឋមន្ត្រីទី១ បន្ទាប់ពីពួកគេត្រូវបានចាប់ខ្លួន ឬដាក់អាវុធហើយនោះ លោក ប្រ៊ែដ អាដាម ដែលជាមន្ត្រីច្បាប់នៃការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា នៅអំឡុងពេលរដ្ឋប្រហារនោះ បានអោយដឹងថា លោកមិនច្បាស់ថា អ្នកណាជាអ្នកចេញបញ្ជាអោយសម្លាប់ទេ ប៉ុន្តែលោកដឹងថា លោក ហ៊ុន សែន ជាអ្នកគ្រប់គ្រងលើកងទ័ពដែលស្មោះត្រង់នឹងលោកក្នុងពេលបាញ់ប្រហារដាក់គ្នាជាមួយកងទ័ពរាជានិយមនាពេលនោះ៖ «ប៉ុន្តែសំណួរត្រង់ថា តើ លោក ហ៊ុន សែន មានការគ្រប់គ្រងបញ្ជាលើកងកម្លាំងដែលបានសម្លាប់មនុស្សក្រោយពីព្រឹត្តិការណ៍ប្រយុទ្ធគ្នាហើយនោះដែរឬទេ? តាមការសន្និដ្ឋានរបស់ខ្ញុំ គឺថាមាន។ ប៉ុន្តែវាជារឿងដែលយើងត្រូវស៊ើបអង្កេតបន្ថែមទៀត។ យើងអាចសួរទៀតថា តើ លោក ហ៊ុន សែន ដឹងទេថា កងកម្លាំងរបស់លោកកំពុងសម្លាប់មនុស្ស? ចំពោះសំណួរនេះ វាមានលទ្ធភាពពីរ។ ទីមួយ គឺថា លោក ហ៊ុន សែន ជាអ្នកចេញបញ្ជាឲ្យសម្លាប់។ ទីពីរ គឺថា លោកមិនបានចេញបញ្ជាទេ។ បើគាត់មិនបានចេញបញ្ជាទេ អ៊ីចឹងសួរទៀតថា គាត់គួរតែបានដឹងដែរឬទេ ថាមានការសម្លាប់ឈ្លើយសឹកកើតឡើងនាពេលនោះ? បើតាមសេចក្តីសន្និដ្ឋានរបស់ខ្ញុំ គាត់គួរតែបានដឹង ពីព្រោះមានព័ត៌មានអំពីការសម្លាប់ហ្នឹងច្រើនណាស់ រាយការណ៍ដោយក្រុមអ្នកសារព័ត៌មាន និងពីការិយាល័យរបស់យើងផងដែរ។ ហើយមានមនុស្សផ្សេងទៀតបានប្រាប់ លោក ហ៊ុន សែន ថា មានការសម្លាប់មនុស្សកំពុងកើតឡើង។ ប៉ុន្តែការសម្លាប់នៅចេះតែបន្ត។ ដូច្នេះ លោក ហ៊ុន សែន អាចត្រូវទទួលខុសត្រូវចំពោះព្រឹត្តិការណ៍សម្លាប់រង្គាលនោះ បើការស៊ើបអង្កេតរកយុត្តិធម៌មួយត្រូវបានធ្វើឡើងនោះ»។
នៅក្រោយពេលរដ្ឋប្រហារបានជោគជ័យ ឆ្លើយតបទៅនឹងអ្នកកាសែតបរទេសដែលបានសួរលោកថា ហេតុអ្វីបានជាលោកធ្វើរដ្ឋប្រហារទម្លាក់សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ សហនាយករដ្ឋមន្ត្រីទី១ របស់លោក លោក ហ៊ុន សែន ឆ្លើយថាលោកគ្រាន់តែប្រើកម្លាំងការពារខ្លួននៅពេលសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ នាំកងទ័ពខ្មែរក្រហមចូលក្រុងភ្នំពេញ៖ «បញ្ហាគឺថា Prince រណឫទ្ធិ ជាអ្នកប្រើកម្លាំង ខ្ញុំមិនបានប្រើកម្លាំងឯណា។ ខ្ញុំប្រើកម្លាំងគ្រាន់តែទប់។ ឥឡូវលោកឯងឲ្យខ្ញុំដកថយ ឬឲ្យខ្ញុំទប់? ឥឡូវលោកឯងទៅអន្លង់វែង ខ្លួនឯងទៅ យកក្បាលទៅរងគ្រាប់ខ្លួនឯងទៅ។ You can go to Anlung Veng for shooting by Pol Pot»។
ក្រៅតែពីចោទថា សម្ដេចក្រុមព្រះបាននាំកងទ័ពខ្មែរក្រហមចូលក្រុងភ្នំពេញ លោក ហ៊ុន សែន ក៏បានចោទដែរថា សម្ដេចក្រុមព្រះ បានដឹកអាវុធចូលដោយខុសច្បាប់ ដើម្បីត្រៀមធ្វើរដ្ឋប្រហារទម្លាក់រូបលោក។
ទាក់ទងនឹងបញ្ហានេះ លោក ប៊្រែដ អាដាម មានប្រសាសន៍ថា ទាំងសម្ដេចក្រុមព្រះ និងលោក ហ៊ុន សែន សុទ្ធតែបាននាំអាវុធចូលដូចគ្នា ពីព្រោះសហនាយករដ្ឋមន្ត្រីទាំងពីររូបនេះមិនទុកចិត្តគ្នាសោះឡើយ។ រីឯការទាក់ទងនឹងក្រុមឧទ្ទាមទ័ពព្រៃខ្មែរក្រហមវិញ លោកថា ទាំងសម្ដេចក្រុមព្រះ និងលោក ហ៊ុន សែន ក៏បានទាក់ទងអូសទាញកម្លាំងខ្មែរក្រហមអោយមកគាំទ្រខ្លួនដូចគ្នា។ ប៉ុន្តែ លោក ប៊្រែដ អាដាម បន្តថា លទ្ធផលស៊ើបអង្កេតរបស់ការិយាល័យលោកនៅក្រោយរដ្ឋប្រហារ មិនមានភស្តុតាងបញ្ជាក់ថា កងទ័ពខ្មែរក្រហមបានមកជួយគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច ទេ។ លោកថា ទីកន្លែងដែលមន្ត្រីរដ្ឋាភិបាលនាំគាត់ទៅមើលនៅកំបូល ហើយនិងនៅកន្លែងផ្សេងថាមានខ្មែរក្រហមនោះ ពេលសាកសួរទៅពួកគេ ក្រៅពីទាហានរាជានិយមហ៊្វុនស៊ិនប៉ិច ធម្មតា ពួកគេសុទ្ធតែជាកសិករពីខេត្តនានាមានខេត្តព្រៃវែង ជាដើម។
ផ្ទុយទៅវិញ លោកថា គេឃើញមានកងទ័ពខ្មែរក្រហមបានជួយដល់កងទ័ពដែលស្មោះត្រង់នឹង លោក ហ៊ុន សែន ក្នុងការប្រយុទ្ធគ្នានៅថ្ងៃទី៥ ទី៦ កក្កដា នោះ។ ឧទាហរណ៍ មានមេខ្មែរក្រហម លោក កែវ ពង្ស ជាពិសេស លោក ភន់ ភាព ដែលបានចុះចូលជាមួយកងទ័ព លោក ហ៊ុន សែន នៅមិនប៉ុន្មានមុនពេលរដ្ឋប្រហារ ជាដើម។
ទោះជាយ៉ាងណាក៏ដោយចុះ លោក ប៊្រែដ អាដាម អតីតមន្ត្រីអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា និងបច្ចុប្បន្នជានាយកប្រតិបត្តិផ្នែកអាស៊ី នៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ បានបន្តថា ការសម្លាប់គូសត្រូវរបស់ខ្លួនដែលគ្មានអាវុធក្នុងដៃ ដូចដែលកងទ័ពរបស់ លោក ហ៊ុន សែន ប្រព្រឹត្តចំពោះកងទ័ពដែលស្មោះត្រង់នឹងសម្ដេចក្រុមព្រះ ក្នុងអំឡុងពេលរដ្ឋប្រហារ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៧ ឆ្នាំ១៩៩៧ នោះ គឺជាអំពើខុសច្បាប់ និងអមនុស្សធម៌។ គេត្រូវតែរកយុត្តិធម៌ជូនជនរងគ្រោះ ដើម្បីការពារមិនអោយមានអំពើនិទ្ទណ្ឌភាពទៅថ្ងៃអនាគត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
