លោក ហ៊ុន សែន រំពឹង​ថា​ពលរដ្ឋ​នឹង​មិន​រិះគន់​លោក​ដែល​យក​លុយ​ជំនួយ​ធ្វើ​ពហុ​កីឡដ្ឋាន

ដោយ ម៉ម មុនីរតន៍
2017.04.04
ប្លង់​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ ៨៥៥ ប្លង់​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ ស្ថិត​ក្នុង​ការ​សាងសង់​ដោយ​ក្រុមហ៊ុន លី យ៉ុងផាត់ (LYP Group) ក្នុង​សង្កាត់​ព្រែកតាសេក ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ ស្ថិត​ក្នុង​បរិវេណ​ទីក្រុង​រណប​ហ្គាដិន ស៊ីធី (Garden City)។ រូបថត​ថ្ងៃ​ទី​៨ ខែ​មីនា ឆ្នាំ​២០១៦ RFA/Cheng Mengchou
RFA/Cheng Mengchou

ប្រធាន​គណបក្ស​កាន់​អំណាច លោក ហ៊ុន សែន អះអាង​ថា លោក​ទទួល​ស្គាល់​ការ​ចំណាយ​លុយ​សម្រាប់​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ពហុ​កីឡដ្ឋាន​ដ៏​ទំនើប អាច​ជា​ការ​ខុស​បំណង​របស់​ពលរដ្ឋ​មួយ​ចំនួន​ដែល​ចង់​បាន​ដូចជា​ស្ពាន ផ្លូវ និង​វិស័យ​ដទៃ​ទៀត។ ប៉ុន្តែ​លោក ហ៊ុន សែន រំពឹង​ថា ពលរដ្ឋ​នឹង​មិន​ទិតៀន​លោក និង​គណបក្ស​ប្រជាជន​កម្ពុជា ព្រោះ​តែ​សម្រេច​ចិត្ត​បែប​នេះ​ឡើយ។ អ្នក​វិភាគ​បញ្ហា​សង្គម​មើល​ឃើញ​ថា ដោយសារ​បំណុល​បរទេស ជាពិសេស​ប្រទេស​ចិន គឺ​ពលរដ្ឋ​កម្ពុជា ក្នុង​ម្នាក់​ត្រូវ​ជំពាក់​លុយ​បរទេស​ប្រមាណ ៤០០​ដុល្លារ​សហរដ្ឋ​អាមេរិក។

ការ​ថ្លែង​ដូចនេះ​របស់​លោក​នាយក​រដ្ឋមន្ត្រី ធ្វើ​ឡើង​ក្នុង​ពេល​ដែល​លោក​ចូលរួម​សម្ពោធ​ហេដ្ឋារចនាសម្ព័ន្ធ​ពហុ​កីឡដ្ឋាន​មរតក​តេជោ និង​បើក​ការដ្ឋាន​សាងសង់​កីឡដ្ឋាន​បាល់​ទាត់​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៤ ខែ​មេសា។

លោក ហ៊ុន សែន មាន​ជំនឿ​ថា ការ​ប្រើប្រាស់​លុយ​តាម​រយៈ​ជំនួយ​ឥត​សំណង​របស់​ចិន ដើម្បី​ស្ថាបនា​ពហុ​កីឡដ្ឋាន​នេះ ពលរដ្ឋ​នឹង​មិន​រិះគន់​ចំពោះ​ការ​ចំណាយ​លុយ​ដ៏​ចាំបាច់​នេះ​សម្រាប់​វិស័យ​កីឡា​ឡើយ។ យ៉ាង​ណា លោក​នាយក​រដ្ឋមន្ត្រី ហាក់​ដឹង​ជា​មុន​ថា ការ​ចំណាយ​ទៅ​លើ​ការ​សាងសង់​ពហុ​កីឡដ្ឋាន​ដែល​បម្រើ​ឲ្យ​វិស័យ​កីឡា​នេះ អាច​នឹង​រង​ការ​រិះគន់​ថា គឺ​ជា​រឿង​ដែល​ខ្ជះខ្ជាយ​របស់​លោក និង​រដ្ឋាភិបាល​ទាំងមូល។ ប៉ុន្តែ​បើ​ទោះ​ជា​បែប​នេះ​ក៏ដោយ​ចុះ លោក ហ៊ុន សែន នៅ​មាន​ជំនឿ​ថា ពលរដ្ឋ​នឹង​មិន​ពេបជ្រាយ​ឲ្យ​លោក​នោះ​ទេ។ លោក​បន្ត​ថា «ខ្ញុំ​ព្រះ​ករុណា​ខ្ញុំ​យល់​ថា ប្រជាពលរដ្ឋ​យើង ជាពិសេស​កីឡាករ​កីឡាការិនី​របស់​យើង មិន​បន្តុះបង្អាប់​អសមត្ថភាព​របស់​ខ្ញុំ ឬ​របស់​គណបក្ស​ប្រជាជន ដែល​ដឹកនាំ​រាជ​រដ្ឋាភិបាល​ទៅ​លើ​បញ្ហា​ការ​ធ្វើ​ស៊ីហ្គេម (SEA GAMES) នោះ​ទេ។ ដោយសារ​តែ​តម្រូវការ​ពិត​ប្រាកដ​របស់​ប្រជាជន​ទាក់ទង​ហេដ្ឋារចនាសម្ព័ន្ធ ដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម និង​កសាង​ជីវភាព​គ្រួសារ​បន្ទាប់​ពី​ប្រទេស​នេះ​ឆ្លង​កាត់​នូវ​សង្គ្រាម ក៏ដូចជា​របប​ប្រល័យ​ពូជ​សាសន៍»

កាល​ពី​ខែ​សីហា ឆ្នាំ​២០១៦ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បញ្ជាក់​ថា រដ្ឋាភិបាល​កម្ពុជា ជំពាក់​បំណុល​បរទេស​ជាង ៥​ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។ ចំនួន​នេះ​គិត​ត្រឹម​ដំណាច់​ឆ្នាំ​២០១៥។ ជា​សរុប កម្ពុជា ត្រូវ​ជំពាក់​បំណុល​បរទេស​ជិត ១០​ពាន់​លាន​ដុល្លារ។ ចំនួន​នេះ​ត្រូវ​គិត​ទាំង​វិស័យ​ឯកជន​ដែល​ខ្ចី​បរទេស​ជិត ៤​ពាន់​លាន​ដុល្លារ​អាមេរិក​ផង។

អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​ផ្នែក​សង្គម ប៉ាន់​ប្រមាណ​ថា បំណុល​ដែល​ពលរដ្ឋ​កម្ពុជា ជំពាក់​បរទេស​ក្នុង​ម្នាក់​ជាង ៤០០​ដុល្លារ​អាមេរិក តាម​រយៈ​កម្ចី​របស់​រដ្ឋាភិបាល​សព្វថ្ងៃ​នេះ។

លោក​បណ្ឌិត មាស នី អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម បញ្ជាក់​ថា លោក​ទទួល​ស្គាល់​ការ​អភិវឌ្ឍ​របស់​រដ្ឋាភិបាល​ទៅ​លើ​វិស័យ​កីឡា។ ប៉ុន្តែ​លោក​ថា ទន្ទឹម​នឹង​នេះ វិស័យ​កីឡា​មួយ​ក៏​មិន​អាច​ធ្វើ​ឲ្យ​កម្ពុជា បាន​ប្រសើរ​ប៉ុន្មាន​នោះ​ដែរ ប្រសិន​បើ​វិស័យ​ដទៃៗ​ទៀត​ដែល​ចាំបាច់ នៅ​អន់​ថយ​នៅ​ឡើយ​នោះ។ លោក​បន្ត​ថា «វា​មិន​មែន​កើត​ឡើង​ដោយសារ​តែ​ពហុ​កីឡដ្ឋាន​មួយ​ទេ។ វា​ត្រូវ​តែ​ឲ្យ​មាន​សោភណភាព​ទូទៅ ទាំង​ការ​សម្អាត​ទីក្រុង ទាំង​វិស័យ​សេវាកម្ម​ផ្សេងៗ​ផង​ដែរ»

ទាក់ទិន​រឿង​នេះ ធនាគារ​ពិភពលោក (World Bank) កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៦ បាន​ព្យាករ​ថា បំណុល​បរទេស​សាធារណៈ​ដែល​កម្ពុជា ជំពាក់ នឹង​កើន​ឡើង​ជាង ៦​ពាន់​លាន​ដុល្លារ​អាមេរិក​បន្ថែម​ទៀត។ ទន្ទឹម​នឹង​នេះ បំណុល​របស់​មហា​អំណាច​ចិន មាន​ប្រមាណ ៤៥​ភាគរយ នៃ​បំណុល​បរទេស​សរុប​ដែល​កម្ពុជា ជំពាក់។ ប៉ុន្តែ​មន្ត្រី​រដ្ឋាភិបាល​ធ្លាប់​អះអាង​ថា បំណុល​ចិន នេះ​បាន​ជួយ​អភិវឌ្ឍ​ប្រទេស​កម្ពុជា ស្ទើរ​គ្រប់​វិស័យ ជាពិសេស​ផ្លូវ​ថ្នល់ និង​ស្ពាន។ មិន​តែ​ប៉ុណ្ណោះ បំណុល​របស់​មហា​មិត្ត​ចិន របស់​កម្ពុជា គឺ​មាន​ការប្រាក់​តិច និង​មិន​មាន​ភាព​ស្មុគស្មាញ​ច្រើន​ថែម​ទៀត​ផង។

មិន​ខុស​គ្នា​ពី​បញ្ហា​នេះ​ប៉ុន្មាន​នោះ​ឡើយ លោក ហ៊ុន សែន ថ្លែង​ដោយ​មោទនភាព​ថា ដោយសារ​លោក​កើត​ចំ​ថ្ងៃ​ខែ​ដែល​ល្អ ទើប​ធ្វើ​ឲ្យ​លោក​ដឹកនាំ​ប្រទេស​បាន​យូរ​ដល់​សព្វថ្ងៃ​នេះ។ ម្យ៉ាង​វិញ​ទៀត លោក​តែង​ធ្វើ​សេចក្ដី​សម្រេច​ទៅ​តាម​ឆន្ទៈ​ពលរដ្ឋ ប៉ុន្តែ​លោក​កម្រ​លើកលែង​ឲ្យ​បច្ចាមិត្ត​ដែល​មាន​បំណង​មិន​ស្មោះ​ត្រង់​ចំពោះ​លោក និង​ប្រទេស​ជាតិ​ឡើយ។ លោក​បន្ត​ថា «អ៊ីចឹង​មនុស្ស​ដែល​កើត​ឆ្នាំ​រោង និង​ថ្ងៃ​អង្គារ គឺ​ជា​មនុស្ស​ក្បាល​រឹង។ ក៏ប៉ុន្តែ​រឹង​តែ​ជាមួយ​ពួក​អាក្រក់​ទេ តែ​ទន់​ជាមួយ​នឹង​ប្រជាពលរដ្ឋ ហើយ​ដែល​ស្ថានភាព​នេះ​ហើយ​តម្រូវ​ឲ្យ​ខ្ញុំ​បន្ត​ការងារ​រហូត​មក​ដល់​ពេល​នេះ»

បើ​ទោះ​ជា​បែប​ណា អ្នក​សិក្សា​ផ្នែក​អភិវឌ្ឍន៍​សង្គម​យល់​ឃើញ​ថា បើ​រដ្ឋាភិបាល​នៅ​តែ​ខ្ចី​លុយ​ចិន ទៀត នោះ​នឹង​ធ្វើ​ឲ្យ​ប្រទេស​កំពុង​អភិវឌ្ឍ​មួយ​នេះ​កាន់​តែ​មាន​បំណុល​វ័ណ្ឌ​ក ហើយ​ធនធាន​ធម្មជាតិ​ដែល​នៅ​សេសសល់​ចុង​ក្រោយ ត្រូវ​បាត់បង់​ថែម​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
សង្គម​ស៊ីវិល​រំពឹង​ថា​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ថ្មី​នឹង​បន្ត​ចូល​រួម​លើក​ស្ទួយ​ប្រជាធិបតេយ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។