នាយក​រដ្ឋមន្ត្រី​អំពាវនាវ​យោធា​និង​ប្រជាពលរដ្ឋ​បន្ត​អត់ធ្មត់​នៅ​តាម​ព្រំដែន

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​ដល់​កង​កម្លាំង​ប្រដាប់​អាវុធ និង​ប្រជាពលរដ្ឋ​កម្ពុជា ទាំងអស់ បន្ត​អត់ធ្មត់​ដោយ​កុំ​យក​កំហឹង​ទល់​នឹង​កំហល់​ត​ទល់​ជាមួយ​ភាគី​ថៃ។ ការ​អំពាវនាវ​របស់​លោក ហ៊ុន សែន នេះ ស្រព​ពេល​ដែល​តុលាការ​កំពូល​អន្តរជាតិ​ក្រុង​ឡាអេ នឹង​ចេញ​សេចក្ដី​សម្រេច​មួយ​ពាក់ព័ន្ធ​នឹង​ការ​បកស្រាយ​សាលក្រម​រឿង​ក្ដី​ប្រាសាទ​ព្រះ​វិហារ​ឆ្នាំ​១៩៦២ តាម​សំណើ​របស់​កម្ពុជា។

0:00 / 0:00

នៅ​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា តុលាការ​យុត្តិធម៌​អន្តរជាតិ នឹង​ចេញ​សេចក្ដី​សម្រេច​តប​តាម​សំណើ​របស់​កម្ពុជា ដែល​ស្នើ​សុំ​ឲ្យ​តុលាការ​កំពូល​ពិភពលោក​នេះ បកស្រាយ​ទៅ​លើ​សាលក្រម​ឆ្នាំ​១៩៦២ ពាក់ព័ន្ធ​ជម្លោះ​តំបន់​ប្រាសាទ​ព្រះវិហារ។ ស្រប​ពេល​គ្នា​នេះ​ដែរ ប្រមុខ​រដ្ឋាភិបាល​ក៏​បាន​ស្នើសុំ​ឲ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ ជាពិសេស​កម្ពុជា-ថៃ បន្ត​បញ្ចៀស​ការ​ប្រើប្រាស់​អាវុធ ដើម្បី​ដោះស្រាយ​បញ្ហា។

ការ​អំពាវនាវ​ដូច​នេះ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្វើ​ឡើង​តាម​កញ្ចក់​ទូរទស្សន៍​ជាតិ ទទក នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា។ លោក ហ៊ុន សែន មាន​ប្រសាសន៍​ថា ការ​ប្រើប្រាស់​កម្លាំង​យោធា​ណា​មួយ​ប្រឆាំង​លទ្ធផល​ដែល​នឹង​ចេញ​ជា​ផ្លូវ​ការ នៅ​ថ្ងៃ​ទី​១១ ដើម​សប្ដាហ៍​ខាង​មុខ​នេះ ពុំ​មែន​ជា​ជម្រើស​ល្អ​ឡើយ។

យ៉ាង​ណា​ក៏ដោយ លោក ហ៊ុន សែន ហៅ​ការ​ស្នើសុំ​របស់​កម្ពុជា ឲ្យ​តុលាការ​យុត្តិធម៌​ទីក្រុង​ឡាអេ បកស្រាយ​ឡើង​វិញ​ចំពោះ​សាលក្រម​ឆ្នាំ​១៩៦២ ពាក់ព័ន្ធ​ជម្លោះ​តំបន់​ប្រាសាទ​ព្រះវិហារ ដើម្បី​កុំ​ឲ្យ​មាន​ភាព​ស្រពិចស្រពិល ដែល​ភាគី​ថៃ ប្រទាញប្រទង់​ដី​ក្បែរ​ប្រាសាទ​ព្រះវិហារ​នោះ គឺ​ពុំ​មាន​ជា​ចេតនា​បង្ក​ជម្លោះ​ឡើយ៖ «បើ​ទោះ​បី​សាល​ដីកា​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ នៅ​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២០១៣ ខាង​មុខ​នេះ ចេញ​មក​បែប​ណា​ក៏ដោយ ក៏​ប្រទេស​ទាំង​ពីរ​គោរព​តាម​សេចក្ដី​សម្រេច ហើយ​ខិតខំ​រក្សា​ឲ្យ​ខាន​តែ​បាន​នូវ​សន្តិភាព និង​ស្ថិរភាព​នៅ​តាម​ព្រំដែន»

ផ្ដើម​ចេញ​ពី​បញ្ហា​នេះ​ហើយ ទើប​កម្ពុជា បាន​សម្រេច​ដាក់​ពាក្យ​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ម្ដង​ទៀត កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មេសា ឆ្នាំ​២០១២។

លោក រ៉ុង ឈុន សមាជិក​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា ចាត់​ទុក​ថា ឥរិយាបថ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ម្ដង​ជា​ពីរ​ដង សុំ​ឲ្យ​មាន​ការ​អត់ធ្មត់​នេះ ព្រោះ​តែ​លោក​ដឹង​ខ្លួន​រួច​ជា​ស្រេច​ហើយ​ថា មក​ពី​នយោបាយ​ការ​បរទេស​របស់​កម្ពុជា មិន​ស្មើ​នឹង​ប្រទេស​ថៃ។ លោក រ៉ុង ឈុន គិត​ថា កម្ពុជា មិន​ចាំ​បាច់​អ្វី​ដែល​ត្រូវ​អត់ធ្មត់​នឹង​សកម្មភាព​របស់​ភាគី​ថៃ ចង់​បាន​ដី​ខ្មែរ​ដូច​នេះ​ឡើយ៖ «កម្ពុជា យើង​មាន​ភាព​រឹងមាំ​ណាស់ បើ​ធៀប​ទៅ​នឹង​ជាមួយ​ភាគី​សៀម ហើយ​យោង​ទៅ​ភូមិសាស្ត្រ​នៅ​ក្នុង​តំបន់​ព្រះវិហារ ផ្ទៃ​ដី ៤,៦ វា​ប្រាកដ​ជា​របស់​កម្ពុជា យើង​ហើយ។ វា​មិន​មែន​ជា​របស់​សៀម នោះ​ទេ។ ប៉ុន្តែ​ដោយ​ឡែក បែរ​ជា​នាយក​រដ្ឋមន្ត្រី​ហាក់​បី​ដូច​មាន​ការ​ភ័យ​ខ្លាច​ជុំវិញ​បញ្ហា​រឿង​ទាំងអស់​នេះ»

ការ​អំពាវនាវ​របស់​លោក​នាយក​រដ្ឋមន្ត្រី​នេះ ធ្វើ​ឡើង​ស្រប​ពេល​ដែល​កងយោធា និង​ក្រុម​ជ្រុល​និយម​ថៃ បាន​បញ្ចេញ​ព័ត៌មាន​ចោទ​ប្រកាន់​កម្ពុជា ជា​បន្តបន្ទាប់។

កាសែត​បាងកក​ប៉ុស្តិ៍​របស់​ថៃ បាន​ចុះ​ផ្សាយ​នៅ​លើ​គេហទំព័រ​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​៨ វិច្ឆិកា ថា ប្រទេស​កម្ពុជា បាន​បញ្ជូន​កងទ័ព​បន្ថែម​ទៀត​ទៅ​កាន់​តំបន់​ព្រំដែន​ប្រាសាទ​ព្រះវិហារ តាំង​ពី​ថ្ងៃ​សៅរ៍ សប្ដាហ៍​មុន។ ថៃ បាន​ហៅ​សកម្មភាព​នេះ​ថា ជា​ការ​រំលោភ​លើ​កិច្ច​ព្រមព្រៀង ដែល​ប្រទេស​ទាំង​ពីរ​បាន​សម្រេច​កន្លង​មក។ ប៉ុន្តែ មន្ត្រី​រដ្ឋាភិបាល​កម្ពុជា បាន​ច្រាន​ចោល​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ និង​បាន​អះអាង​ថា កម្ពុជា ពុំ​បាន​បញ្ជូន​កងទ័ព​បន្ថែម ឬ​ចល័ត​ទ័ព​នៅ​តំបន់​នោះ​ឡើយ។

គិត​មក​ដល់​ពេល​នេះ ជម្លោះ​ជា​មួយ​ថៃ បាន​អូស​បន្លាយ​ជាង ៥០​ឆ្នាំ​កន្លង​ទៅ​ហើយ។ វិវាទ​នេះ នៅ​តែ​មិន​អាច​ទម្លាយ​ភាព​ជាប់​គាំង​បាន ជាពិសេស​ដី​នៅ​តំបន់​ក្បែរ​ប្រាសាទ​ព្រះវិហារ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ​៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។