លោក ហ៊ុន សែន អះអាង​ថា​ម្ចាស់​ឆ្នោត​នៅ​តែ​គាំទ្រ​បក្ស​ប្រជាជន

0:00 / 0:00

អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយក​រដ្ឋមន្ត្រី មាន​ជំនឿ​ថា ប្រជាពលរដ្ឋ​ជា​ម្ចាស់​ឆ្នោត​នឹង​នៅ​តែ​បន្ត​បោះឆ្នោត​គាំទ្រ​គណបក្ស​របស់​ខ្លួន ដើម្បី​បន្ត​ដឹកនាំ​ការ​អភិវឌ្ឍ​ប្រទេស​ឲ្យ​រីក​ចម្រើន​នៅ​អាណត្តិ​ទី៥ បន្ត​ទៀត។ ប៉ុន្តែ ការ​អះអាង​នេះ​ត្រូវ​មេ​ដឹកនាំ​គណបក្ស​ប្រឆាំង​ចាត់​ទុក​ថា បក្ស​ប្រជាជន​កំពុង​បារម្ភ​ចាញ់​ឆ្នោត​ទៅ​វិញ​ទេ ព្រោះ​សង្កេត​ឃើញ​គណបក្ស​ប្រជាធិបតេយ្យ​រួបរួម​គ្នា និង​មាន​ម្ចាស់​ឆ្នោត​គាំទ្រ​ច្រើន។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ក្នុង​ជំនួប​ជាមួយ​កម្មករ និង​បុគ្គលិក​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ នា​ថ្ងៃ​ទិវា​ពលកម្ម​អន្តរជាតិ ទី១ ខែ​ឧសភា ឆ្នាំ​២០១៣ លោក​មាន​ប្រសាសន៍​ថា នៅ​គ្រា​ពេល​វេលា​បោះឆ្នោត​សភា​អាណត្តិ​ទី៥ ជិត​ចូល​មក​ដល់ ក្រុម​បក្ស​ប្រឆាំង​តែង​លើក​ឡើង​ពី​ជ័យ​ជម្នះ​ក្នុង​ការ​បោះឆ្នោត។ ប៉ុន្តែ​លោក​មិន​ជឿ​ថា​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​កៅអី ឬ​អាសនៈ​លើស​ពី ២ ភាគ ៣ នៅ​រដ្ឋសភា នឹង​ធ្លាក់​អាសនៈ​មក​ក្រោម ៥០% នោះ​ទេ។

លោក​នាយក​រដ្ឋមន្ត្រី​បញ្ជាក់​ថា ម្ចាស់​ឆ្នោត​នឹង​នៅ​តែ​បន្ត​គាំទ្រ ហើយ​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃ​បោះឆ្នោត​នា​ថ្ងៃ​ទី២៨ ខែ​កក្កដា ខាង​មុខ៖ «ការ​បោះឆ្នោត​មិន​ដល់ ៣​ខែ​ទៀត​ទេ នឹង​មក​ដល់​នោះ មាន​ការ​រីក​ចម្រើន​ប៉ុណ្ណា​ប្រៀបធៀប​ប៉ុណ្ណឹង។ បើ​មិន​ចង់​ប្រៀបធៀប​កាល​ពី​ឆ្នាំ​១៩៧៩ បើ​ប្រៀបធៀប​ពី​ឆ្នាំ​១៩៧៩ មក អា​ហ្នឹង​វា​ដាច់​ស្រឡះ​តែ​ម្តង។ ហើយ​ខ្ញុំ​នៅ​តែ​មិន​ជឿ​ថា​គណបក្ស​ប្រជាជន​កម្ពុជា អាច​ទៅ​ជា​គណបក្ស​ចាញ់​ឆ្នោត​មួយ គេ​ហៅ​ថា ចូល​ទៅ​ដល់​ផ្កាប់​ឆ្នាំង អា​ស្ថានភាព​ផ្កាប់​ឆ្នាំង​នោះ​ទេ ព្រោះ​កំណើន​ពី ៥១​អាសនៈ ទៅ ៦៤ ពី ៦៤ ទៅ ៧៣ និង​ពី ៧៣ ទៅ ៩០​អាសនៈ​នៅ​រដ្ឋសភា។ អ៊ីចឹង វា​បែរ​ជា​ត្រូវ​ធ្លាក់​មក​ត្រឹម ៤០​កៅអី ឬ​អាសនៈ​អី វា​អត់​ត្រូវ ជា​មិន​ទំនង​ទាល់​តែ​សោះ​ហើយ មិន​ជឿ»

ទោះ​ជា​បែប​នេះ​ក្តី មេ​ដឹកនាំ​គណបក្ស​ប្រឆាំង​បាន​ថ្លែង​ថា បក្ស​ប្រជាជន​កម្ពុជា កំពុង​ព្រួយ​បារម្ភ​ចាញ់​ឆ្នោត​អាណត្តិ​ទី៥ នា​ខែ​កក្កដា ទៅ​វិញ​ទេ ព្រោះ​សូម្បី​ថ្ងៃ​ទិវា​ពលកម្ម​អន្តរជាតិ ក៏​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឆ្លៀត​ឃោសនា​រក​សំឡេង​ឆ្នោត​ដែរ។

លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី១ ខែ​ឧសភា ដោយ​ចាត់​ទុក​សម្ដី​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​អះអាង​ពី​ការ​ឈ្នះ​ឆ្នោត​អាណត្តិ​ទី៥ ថា​កំពុង​តក់​ស្លុត​នឹង​បរាជ័យ​របស់​ខ្លួន​ទៅ​វិញ​ទេ។

លោក​បន្ត​ថា ចំណុច​ដែល​គណបក្ស​ប្រជាជន​ព្រួយ​បារម្ភ​ចាញ់​ឆ្នោត គឺ​ដោយសារ​តែ​បក្ស​ប្រជាជន​កាន់​អំណាច​ជាង ៣០​ឆ្នាំ​មក​នេះ មិន​មាន​គោល​នយោបាយ​ជួយ​ដំឡើង​ប្រាក់​បៀវត្ស​មន្ត្រី​រាជការ ឬ​កម្មករ​ឲ្យ​បាន​សមរម្យ​ទេ ជាពិសេស​មិន​បាន​ជួយ​ទំនុក​បម្រុង​គ្រួសារ​ក្រីក្រ​ពេល​មាន​ជំងឺ ឲ្យ​ទទួល​បាន​ព្យាបាល​មិន​គិត​ថ្លៃ​នោះ​ឡើយ៖ «ទី១ ពាក់ព័ន្ធ​នឹង​អធិបតីភាព​បូរណភាព​ទឹកដី ដែល​គណបក្ស​ប្រជាជន​កម្ពុជា មិន​អាច​ធានា​បាន ដូចជា​ការ​ហូរ​ចូល​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់ ការ​ផ្តល់​ដី​សម្បទាន​ទៅ​ឲ្យ​បរទេស។ ហើយ​ទី២ ពាក់ព័ន្ធ​នឹង​ការ​កសាង​សង្គម​ប្រជាធិបតេយ្យ។ យើង​ដឹង​ហើយ​ថា រដ្ឋធម្មនុញ្ញ​យើង​ថា​ត្រូវ​កសាង​សង្គម​ប្រជាធិបតេយ្យ មាន​តុល្យភាព​អំណាច មាន​ការ​គោរព​សិទ្ធិ​មនុស្ស ប៉ុន្តែ​គណបក្ស​ប្រជាជន​កម្ពុជា ដឹកនាំ​ប្រទេស គឺ​ទទួល​រង​ការ​រិះគន់​ពី​មជ្ឈដ្ឋាន​ជាតិ​អន្តរជាតិ​ខ្លាំង​ណាស់ ពី​ការ​រំលោភ​សិទ្ធិ​មនុស្ស កាន់​អំណាច​ផ្តាច់​ការ ការ​ដែល​មិន​អនុវត្ត​ច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ ដូចជា​និទ្ទណ្ឌភាព​ជាដើម។ នេះ​ជា​បរាជ័យ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ទី២។ ហើយ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​លើក​យក​មក​ធ្វើ​ជា​គោលការណ៍​ដើម្បី​កែទម្រង់»

ទោះ​ជា​បែប​ណា សម្រាប់​អ្នក​វិភាគ​បញ្ហា​សង្គម បាន​ផ្តល់​វិភាគ​ថា គណបក្ស​ប្រជាជន​កម្ពុជា នឹង​បន្ត​ឈ្នះ​ការ​បោះឆ្នោត​សភា​អាណត្តិ​ទី៥ ខែ​កក្កដា បន្ត​ទៀត ប៉ុន្តែ​ទំនង​ជា​មិន​បាន​កើន​អាសនៈ​នៅ​រដ្ឋសភា​ដូច​អាណត្តិ​មុនៗ​ទៀត​ទេ។ ចំណែក​គណបក្ស​ប្រឆាំង គឺ​គណបក្ស​សង្គ្រោះ​ជាតិ ក្រោយ​ច្របាច់​បញ្ចូល​គ្នា​រវាង​គណបក្ស សម រង្ស៊ី និង​បក្ស សិទ្ធិ​មនុស្ស អាច​នឹង​កើន​ចំនួន​អាសនៈ​នៅ​រដ្ឋសភា តែ​មិន​ឈ្នះ​ការ​បោះឆ្នោត​អាណត្តិ​ទី៥ នេះ​ទេ។

កាល​បរិច្ឆេទ​នៃ​ការ​បោះឆ្នោត​ជ្រើសរើស​តំណាង​រាស្ត្រ​អាណត្តិ​ទី៥ នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​អាទិត្យ ទី២៨ ខែ​កក្កដា ឆ្នាំ​២០១៣៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។