នាយក​រដ្ឋមន្ត្រី​បដិសេធ​មិន​នៅ​ពី​ក្រោយ​ខ្នង​ក្នុង​ការ​ប្ដឹង​សម្ដេច​ក្រុម​ព្រះ

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី១៤ ខែ​មីនា បាន​ប្រកាស​បដិសេធ​ថា រូប​លោក និង​គណបក្ស​ប្រជាជន​កម្ពុជា មិន​បាន​ឈរ​នៅ​ពី​ក្រោយ​ខ្នង​លោក ញឹក ប៊ុនឆៃ និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច ក្នុង​ការ​ប្ដឹង​សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ ជា​អតីត​ព្រះ​ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច ជុំវិញ​សំណុំ​រឿង​ដែល​ចោទ​ថា ព្រះអង្គ​ម្ចាស់​បាន​លួច​លក់​ឧទ្ធម្ភាគចក្រ​របស់​គណបក្ស​នេះ​កន្លង​មក​នោះ​ទេ។
ដោយ សុខ សេរី
2013.03.14
ហ៊ុន សែន ៣០៥ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ក្នុង​ពិធី​បញ្ចុះ​ខណ្ឌ​សីមា នៅ​វត្ត​នន្ទមុនី ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី១៤ ខែ​មីនា ឆ្នាំ​២០១៣។
RFA/Sok Serey

ការ​បដិសេធ​នេះ គឺ​ក្រោយ​ពី​លោក​ដឹង​ព័ត៌មាន​តាម​ការ​ផ្សាយ​របស់​វិទ្យុ​អាស៊ីសេរី ថ្មីៗ​នេះ ដែល​បាន​ដក​ស្រង់​សម្ដី​របស់​អ្នក​វិភាគ​សង្គម និង​លោក អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា និង​បាន​អាន​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ដែល​បាន​ភ្ជាប់​រូប​លោក ហ៊ុន សែន ទៅ​នឹង​គម្រោង​ការ​ប្ដឹង​ផ្តល់​គ្នា​នោះ។

ប្រមុខ​រដ្ឋាភិបាល លោក ហ៊ុន សែន បាន​ប្រកាស​ភ្លាមៗ​ថា ទំនាក់ទំនង​រវាង​រូប​លោក និង​សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ នៅ​តែ​ល្អ​ប្រសើរ​រហូត​ដល់​ពេល​នេះ ហើយ​លោក​មិន​ជឿ​ថា សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ និង​យាង​ទៅ​ចូល​រួម​ដៃ​ជាមួយ​គណបក្ស​ប្រឆាំង គឺ​គណបក្ស​សង្គ្រោះ​ជាតិ ដឹកនាំ​ដោយ​លោក សម រង្ស៊ី ជា​ប្រធាន និង​លោក កឹម សុខា ជា​អនុប្រធាន​នោះ​ឡើយ។

នេះ​ជា​ការ​បដិសេធ​ដើម្បី​ជម្រះ​ការ​មន្ទិល​សង្ស័យ​នានា ក្រោយ​ពី​អ្នក​នាំ​ពាក្យ​របស់​សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ លោក ប៉ែន សង្ហា បាន​ចេញ​ផ្សាយ​សេចក្តី​ថ្លែងការណ៍​មួយ ចុះ​ថ្ងៃ​ទី១១ ខែ​មីនា កន្លង​ទៅ​នេះ​ថា មាន​ពាក្យ​ចចាមអារ៉ាម​កន្លង​មក​ថា សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ មាន​បំណង​ចូល​ជាមួយ​គណបក្ស​ប្រឆាំង។

សេចក្តី​ថ្លែងការណ៍​បាន​បន្ត​ថា សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ មិន​មាន​បំណង​ចូល​ជាមួយ​បក្ស​ប្រឆាំង​ទេ ហើយ​ព្រះអង្គ​បាន​ប្រកាស​កាល​ពី​ថ្ងៃ​ទី១០ ខែ​សីហា ឆ្នាំ​២០១២ កន្លង​ទៅ​នេះ ហើយ​ថា​ព្រះអង្គ​ឈប់​ធ្វើ​នយោបាយ។

ម្យ៉ាង​ទៀត ករណី​ដែល​មេ​ដឹកនាំ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដាក់​ពាក្យ​បណ្ដឹង​សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ ពី​បទ​ពុក​រលួយ និង​លួច​លក់​ឧទ្ធម្ភាគចក្រ​ម៉ាក MI17 របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច នោះ គឺ​ជា​រឿង​អយុត្តិធម៌​ណាស់។

លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍​ដោយ​សម្ដី​ធ្ងន់ៗ​ជា​សាធារណៈ នៅ​ក្នុង​ឱកាស​នៃ​ពិធី​បញ្ចុះ​ខណ្ឌ​សីមា នៅ​វត្ត​នន្ទមុនី នៅ​ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី១៤ ខែ​មីនា ថា លោក​បង្ខំ​ចិត្ត​ត្រូវ​តែ​និយាយ ដោយសារ​តែ​មាន​ការ​ផ្សាយ​ព័ត៌មាន​មួយ​ចំនួន​ដក​ស្រង់​អ្នក​វិភាគ​និយាយ​បំភ្លៃ​ការ​ពិត។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន៖ «ជាមួយ​នោះ​ដែរ វិទ្យុ​អាស៊ីសេរី បាន​ដក​ស្រង់​សម្ដី​របស់​លោក អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ដែល​លោក​បញ្ជាក់​ថា គណបក្ស​ប្រជាជន និង​មិន​អនុញ្ញាត​ឲ្យ​សម្ដេច​ក្រុម​ព្រះ ចូល​ឆាក​នយោបាយ​វិញ​ជា​ដាច់​ខាត។ ការ​ដែល​ចង់​ប្ដឹង និង​មិន​ចង់​ប្ដឹង​ហ្នឹង គឺ​ជា​ការ​សម្រេច​របស់​គណបក្ស​ប្រជាជន​កម្ពុជា ទេ។ យើង​ខ្ញុំ​មើល​ទៅ បើ​ព្រះអង្គ​ចូល​នឹង​បក្ស​ប្រឆាំង បក្ស​កាន់​អំណាច​នឹង​ប្រតិកម្ម​ហើយ។ ក្រុម​វិភាគ​គិត​ឃើញ​ទៅ​អីចឹង​ទៅ​កើត រឿង​សម្ដេច​ក្រុម​ព្រះ ទាក់ទង​នឹង​បញ្ហា​យន្តហោះ ខ្ញុំ​ប្រាប់ ញឹក ប៊ុនឆៃ យប់​មិញ​ហើយ​តើ ប្ដឹង​សម្ដេច​ក្រុម​ព្រះ ស្មើ​នឹង​ប្ដឹង ហ៊ុន សែន។ មូលហេតុ គឺ​ងាយ​យល់​ទេ មិន​មែន​អ្នក​ណា​អ្នក​ណា​បើក​យន្តហោះ​លើ​ដែនដី​ខ្មែរ​បាន​ទេ។ ចង់​យក​កប៉ាល់​ហោះ​យក​មក​ហោះ​លេង​ពេញ​ទឹក​ពេញ​ដី​បាន​ទេ សម្ដេច​ក្រុម​ព្រះ ចង់​យក​យន្តហោះ​ទៅ​ណា ត្រូវ​តែ​សុំ​ការ​អនុញ្ញាត​ពី​នាយក​រដ្ឋមន្ត្រី»

ទាក់ទង​នឹង​ការ​ប្រកាស​នេះ ប្រធាន​ប្រតិបត្តិ​គណបក្ស​ហ៊្វុនស៊ិនប៉ិច លោក ញឹក ប៊ុនឆៃ និង​ជា​ឧបនាយក​រដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី ថា ការ​បញ្ជាក់ និង​បំភ្លឺ​របស់​លោក​នាយក​រដ្ឋមន្ត្រី គឺ​រឹងមាំ​ណាស់​ចំពោះ​មហាជន កុំ​ឲ្យ​ភ័ន្តច្រឡំ៖ «បាទ! ដូច​ខ្ញុំ​បាន​បញ្ជាក់​ពី​មុន​ហើយ​ថា មិន​ទាន់​មាន​ការ​ប្ដឹង​ទេ ចំណុច​ហ្នឹង​ខ្ញុំ​បាន​ប្រកាស​មក​ជាប់​ហើយ រហូត​ដល់​ព្រឹក​មិញ ក៏​មាន​សេចក្តី​ប្រកាស អត់​ទាន់​មាន​ការ​ដាក់​ពាក្យ​បណ្ដឹង​អី​អត់​ទាន់​មាន​សោះ។ ចំណុច​ទាំងអស់​នេះ គ្រាន់​តែ​ជា​ចំណុច​មួយ​ចង់​ឲ្យ​មាន​ការ​បែក​បាក់​ក្នុង​ការ​ទំនាក់ទំនង។ នៅ​ថ្ងៃ​នេះ វា​ច្បាស់​ហើយ​ទាំងអស់​គ្នា ទាំង​សម្ដេច​ក្រុម​ព្រះ ច្បាស់​ហើយ»

អ្នក​នាំ​ពាក្យ​សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ លោក ប៉ែន សង្ហា បាន​មាន​ប្រសាសន៍​ថា ការ​ផ្សាយ​ពាក្យ​ចចាមអារ៉ាម​កន្លង​មក​ខុស​ការ​ពិត៖ «អីចឹង​បាន​ថា ជា​រឿង​មួយ​មិន​ត្រឹមត្រូវ អយុត្តិធម៌​ម្តង​ហើយ​ម្តង​ទៀត លើ​សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ»

សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ គឺ​ជា​អតីត​ព្រះ​ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច ប៉ុន្តែ​បច្ចុប្បន្ន ព្រះអង្គ​បាន​ក្លាយ​ជា​ប្រធាន​នៃ​ក្រុម​ឧត្តម​ទីប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ព្រះបាទ​សម្ដេច​ព្រះ បរមនាថ នរោត្តម សីហមុនី ក្រោយ​ពី​ព្រះអង្គ​បាន​លា​ឈប់​ធ្វើ​នយោបាយ​ជា​ថ្មី កាល​ពី​ឆ្នាំ​២០១២ កន្លង​មក។

លោក ហ៊ុន សែន បដិសេធ​ថា​មិន​បាន​រារាំង​លោក សម រង្ស៊ី ចូល​ស្រុក

ប្រមុខ​រដ្ឋាភិបាល លោក ហ៊ុន សែន នៅ​ថ្ងៃ​ទី១៤ ខែ​មីនា បាន​ប្រកាស​បដិសេធ​ថា លោក​មិន​បាន​រារាំង​មិន​ឲ្យ​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ចូល​មក​ប្រទេស​កម្ពុជា ទេ ហើយ​លោក​ក៏​មិន​បាន​បណ្ដេញ​លោក សម រង្ស៊ី ចេញ​ពី​ប្រទេស​កម្ពុជា ដែរ។

ប្រតិកម្ម​ភ្លាមៗ​នេះ គឺ​ក្រោយ​ពី​លោក សម រង្ស៊ី បាន​មាន​ប្រសាសន៍​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង ឈ្មោះ AFP តាម​ទូរស័ព្ទ​ពី​ទីក្រុង​យ៉ាងហ្គូន (Yangon) នៅ​ប្រទេស​ភូមា (មីយ៉ាន់ម៉ា) ថា លោក ហ៊ុន សែន ជា​មនុស្ស​កំសាក​ញី មិន​ហ៊ាន​ឲ្យ​រូប​លោក​ចូល​មក​កម្ពុជា ដើម្បី​ប្រកួត​ប្រជែង​តែ​ពីរ​នាក់​ត​ទល់​ក្នុង​ការ​បោះឆ្នោត​សកល ថ្ងៃ​ទី២៨ ខែ​កក្កដា ខាង​មុខ​នេះ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ឱកាស​នៃ​ពិធី​បញ្ចុះ​ខណ្ឌ​សីមា នៅ​វត្ត​នន្ទមុនី នៅ​ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ បាន​បកស្រាយ​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ៖ «តែ​សុំ​ផ្ដាំ​តែ​ប៉ុន្មាន​ម៉ាត់​ទេ ទី១ កាល​លោក​ឯង​ចេញ​ទៅ ខ្ញុំ​ក៏​អត់​ដេញ​ដែរ ហើយ​ពេល​ដែល​លោក​ឯង​ចង់​មក​វិញ ខ្ញុំ​ក៏​អត់​បាន​ឃាត់​ដែរ អា​ហ្នឹង​ទី១ ពេល​លោក​ឯង​ទៅ ខ្ញុំ​ដេញ​ពី​កាល? ខ្ញុំ​បញ្ជាក់​ឲ្យ​ច្បាស់​ទាំង​ប្រជាជន​ក្នុង​ប្រទេស និង​ប្រជាជន​នៅ​ក្នុង​ពិភពលោក។ ទី២ ម៉ោង​នេះ ពេល​នេះ អត់​មាន​អ្នក​ណា​រារាំង​លោក​ឯង​មិន​ឲ្យ​មក​ទេ សូម​អញ្ជើញ​លោក​ឯង​ធ្លាប់​និយាយ​ថា​ជិះ​កប៉ាល់​ហោះ​មក​ជាមួយ​លោក អូបាម៉ា (Obama) ទៀត​នោះ ប្រធានាធិបតី​អាមេរិកាំង​ទៀត​នោះ»

លោក សម រង្ស៊ី បាន​រស់នៅ​និរទេស​ខ្លួន​នៅ​ប្រទេស​បារាំង តាំង​ពី​ចុង​ឆ្នាំ​២០០៨ កន្លង​មក ក្រោយ​តុលាការ​បាន​កាត់​ទោស​កំបាំង​មុខ​ជា​បន្តបន្ទាប់ ឲ្យ​រូប​លោក​ជាប់​ទោស​ចំនួន ១២​ឆ្នាំ ក្រោម​បទ​ដក​តម្រុយ​បង្គោល​ព្រំដែន​កម្ពុជា-វៀតណាម នៅ​ខេត្ត​ស្វាយរៀង បទ​ក្លែង​បន្លំ​ឯកសារ​ផែនទី​សាធារណៈ និង​បទ​បរិហារ​កេរ្តិ៍​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស លោក ហោ ណាំហុង ថា ជា​អតីត​មេ​គុក​បឹង​ត្របែក ក្នុង​សម័យ​ខ្មែរ​ក្រហម។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កន្លង​មក បាន​ប្រកាស​ថា ករណី​លោក សម រង្ស៊ី មិន​មែន​ជា​រឿង​នយោបាយ​ទេ ហើយ​បើ​សិន​ណា​លោក សម រង្ស៊ី ចូល​មក​កម្ពុជា គឺ​ត្រូវ​តែ​ចាប់​ខ្លួន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។