លោក ហ៊ុន សែន៖ លេខ​រៀង​ទី​៤​លើ​សន្លឹក​ឆ្នោត​ជា​សញ្ញា​ឈ្នះ​ឆ្នោត

0:00 / 0:00

ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា បាន​ចាត់​ទុក​លំដាប់​លេខ​រៀង​ទី៤ របស់​គណបក្ស​ប្រជាជន​កម្ពុជា លើ​សន្លឹក​ឆ្នោត​ថា ជា​សញ្ញា​ឈ្នះ​ការ​បោះឆ្នោត​អាណត្តិ​ទី៥ បន្ត​ទៀត។ ប៉ុន្តែ សម្រាប់​គណបក្ស​ប្រឆាំង​ដែល​មាន​លេខ​រៀង​ទី៧ លើ​សន្លឹក​ឆ្នោត​វិញ និយាយ​ថា លេខ​រៀង​ទី៧ ទៅ​វិញ​ទេ​ដែល​មាន​អត្ថន័យ​ល្អ និង​ជា​សញ្ញា​ឈ្នះ​ការ​បោះឆ្នោត​ខែ​កក្កដា ខាង​មុខ។

សម្រាប់​អ្នក​វិភាគ​ស្ថានការណ៍​នយោបាយ​ឯករាជ្យ​វិញ ថ្លែង​ថា វា​មិន​សំខាន់​ទៅ​លើ​អត្ថន័យ​លេខ​រៀង​ទេ ប៉ុន្តែ​បើ​លេខ​រៀង​ល្អ​នាំ​ឲ្យ​ម្ចាស់​ឆ្នោត​ងាយ​ចំណាំ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ការពារ​លេខ​៤ របស់​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ក្នុង​សន្លឹក​ឆ្នោត​សម្រាប់​ការ​បោះឆ្នោត​ខែ​កក្កដា ថា​ជា​លេខ​ល្អ បើ​ទោះ​បី​ជា​មាន​ការ​បង្អាប់​ថា លេខ​៤ តាម​ក្បួន​ចិន វៀតណាម ថា​ជា​លេខ​អាក្រក់​ក្តី។

ក្នុង​ពិធី​សម្ពោធ​អគារ​សិក្សា និង​សមិទ្ធផល​នានា​នៅ​វត្ត​ព្រះ​មហោសថ សុវណ្ណ​គិរី បឹង​ដែង ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម ព្រឹក​ថ្ងៃ​សុក្រ ទី២៤ ខែ​ឧសភា លោក ហ៊ុន សែន មាន​ប្រសាសន៍​ថា លេខ​រៀង​ទី៤ នៅ​លើ​សន្លឹក​ឆ្នោត​របស់​គណបក្ស​ប្រជាជន​កម្ពុជា នឹង​នាំ​ឲ្យ​បក្ស​នេះ​ឈ្នះ​ឆ្នោត​ទៀត ដូច​គ្នា​ការ​បោះឆ្នោត​អាណត្តិ​ទី៤ ដែល​គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន​ជ័យ​ជម្នះ​ដល់ ៩០​កៅអី លើស​ពី ២ ភាគ ៣ ក្នុង​ចំណោម​កៅអី ១២៣​នៃ​រដ្ឋសភា។

លោក ហ៊ុន សែន បាន​និយាយ​ចំអក​ថា មិន​ប្រាកដ​ថា​លេខ​រៀង​ទី១ លើ​សន្លឹក​ឆ្នោត​ជា​លេខ​ល្អ និង​ឈ្នះ​ឆ្នោត​នោះ​ទេ។ ជួន​កាល បក្ស​ខ្លះ​នៅ​លេខ​រៀង​ទី១ រក​សន្លឹក​ឆ្នោត​មិន​បាន ១​កៅអី​ផង​ទេ។ លោក ហ៊ុន សែន បញ្ជាក់​ថា លេខ​៤ តំណាង​ឲ្យ​វិស័យ​ពុទ្ធចក្រ ដែល​មាន ៥​ចំណុច មាន​ដូចជា៖ «ទី១ ពុទ្ធពរ​ទាំង ៤​ប្រការ គឺ​អាយុ វណ្ណៈ សុខៈ និង​ពលៈ។ ទី២ ទិស​ទាំង​៤ ដែល​តំណាង​ឲ្យ​ទិស​ខាង​កើត ខាង​លិច ខាង​ជើង និង​ទិស​ខាង​ត្បូង គ្រប​ដណ្ដប់​ផែនដី​ទាំងអស់​ហើយ។ ទី៣ ជា​ធាតុ​ទាំង​៤ ដែល​មាន​ធាតុ​ទឹក ដី ភ្លើង និង​ធាតុ​ខ្យល់ តំណាង​ទាំងអស់​ហើយ មិន​ថា​មនុស្ស សត្វ មិន​ថា​រាស្ត្រ មិន​ថា​ក្សត្រ​ក៏​ដក​ដង្ហើម ក៏​ដើរ​លើ​ដី ក៏​ត្រូវ​ការ​ទឹក ភ្លើង និង​ខ្យល់។ ទី៤ តំណាង​ឲ្យ​ព្រហ្ម​វិហារ​ធម៌​ទាំង​៤ រួម​មាន ករុណា មេត្តា មុទិតា និង​ឧបេក្ខា និង​ទី៥ គឺ​ព្រះ​ព្រហ្ម តំណាង​ឲ្យ​ព្រះ​ព្រហ្ម ដែល​មាន​មុខ​៤។ អ៊ីចឹង​ទេ ជា​រៀង​រាល់​ឆ្នាំ គេ​មក​ប្ដូរ​ទេវតា ទេវតា​ថ្មី​មក​ដល់ ព្រះ​ព្រហ្ម គឺ​នៅ​ចាំ​នៅ​ហ្នឹង។ ផ្លាស់​តែ​កូន​ទេ ហ្នឹង​ខ្ញុំ​ករុណា​ខ្ញុំ​លើក​ដោយ​យ័រៗ​ខាង​ផ្នែក​ពុទ្ធចក្រ​ទៅ​ចុះ»

បន្ថែម​លើ​នេះ លោក ហ៊ុន សែន បាន​ដឺដង​មិន​ចេញ​ឈ្មោះ តែ​ទំនង​ជា​ដៀមដាម​ឲ្យ​គណបក្ស​ប្រឆាំង​ដែល​បក្ស​នេះ​ត្រៀម​បកស្រាយ​ចំពោះ​អត្ថន័យ​លេខ​រៀង​ទី៤ លើ​សន្លឹក​ឆ្នោត​របស់​គណបក្ស​ប្រជាជន​កម្ពុជា។ យ៉ាង​ណា​ក៏ដោយ ប្រមុខ​ដឹក​នាំ​បញ្ជាក់​ថា លេខ​រៀង​ទី៤ លើ​សន្លឹក​ឆ្នោត​នាំ​ឲ្យ​ពលរដ្ឋ​ងាយ​ចំណាំ ព្រោះ​មាន​រូប​សញ្ញា​ទេវតា​បាច​ផ្កា។

យ៉ាង​នេះ​ក្តី សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​រួម​បញ្ចូល​គ្នា​រវាង​គណបក្ស សម រង្ស៊ី និង​បក្ស សិទ្ធិ​មនុស្ស មាន​មោទនភាព​ថា លេខ​រៀង​ទី៧ របស់​បក្ស​ខ្លួន​ទៅ​វិញ​ទេ​ដែល​មាន​ហុងស៊ុយ​ល្អ និង​ជា​សញ្ញា​ឈ្នះ​ឆ្នោត។

លោក កឹម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ មាន​ប្រសាសន៍​ថា លំដាប់​លេខ​រៀង​ទី៧ នៅ​លើ​សន្លឹក​ឆ្នោត បង្ហាញ​ពី​ភាព​អស្ចារ្យ​មួយ​ចំនួន ដោយសារ​តែ​សមាជ​គណបក្ស​នេះ​ធ្វើ​ឡើង​ចំ​ថ្ងៃ​ទី៧ ហើយ​ស្លាក​សញ្ញា​របស់​គណបក្ស​សង្គ្រោះ​ជាតិ គឺ​ព្រះអាទិត្យ​បំភ្លឺ​ពិភពលោក និង​កម្ពុជា ផង​នោះ មាន ៧​ថ្ងៃ។ ជា​ពិសេស គោល​នយោបាយ​អាទិភាព ៧​ចំណុច​របស់​គណបក្ស រួម​មាន មនុស្ស​ចាស់ ពី​អាយុ ៦៥​ឆ្នាំ​ទទួល​បាន​ប្រាក់ ៤​ម៉ឺន​រៀល​ក្នុង​មួយ​ខែ។ កម្មករ​ទទួល​បាន​ប្រាក់​ខែ​ទាប​បំផុត ៦០​ម៉ឺន​រៀល។ មន្ត្រី​រាជការ​បាន ១​លាន​រៀល។ កសិករ​ទទួល​បាន​ការ​ធានា​តម្លៃ​កសិផល ឬ​តម្លៃ​ស្រូវ​ទាប​បំផុត ១​ពាន់​រៀល ក្នុង ១​គីឡូក្រាម។ ពលរដ្ឋ​ក្រីក្រ​ទទួល​សេវា​ព្យាបាល​ជំងឺ​មិន​គិត​ប្រាក់។ យុវជន​មាន​ឱកាស​ដូច​គ្នា​ក្នុង​ការ​អប់រំ និង​ការងារ និង​បញ្ចុះ​តម្លៃ​ប្រេង ជី​កសិកម្ម អគ្គិសនី និង​បញ្ចុះ​អត្រា​ការ​ប្រាក់​ជាដើម។

លោក កឹម សុខា បញ្ជាក់​បន្ថែម​ពី​អត្ថន័យ​លេខ​រៀង​ទី៧ លើ​សន្លឹក​ឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ៖ «គណបក្ស​សង្គ្រោះ​ជាតិ ចាប់​បាន​លេខ​រៀង​ទី៧ នេះ ជា​ប្រផ្នូល​មួយ​ល្អ​ណាស់​សម្រាប់​ខ្មែរ​យើង។ វា​មាន​ន័យ​ថា ព្រលឹង​នៃ​ព្រះមហាក្សត្រ និង​មេ​ដឹកនាំ​ខ្មែរ ឬ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី៧ បាន​មក​សណ្ឋិត​នៅ​លើ​ប្រជាពលរដ្ឋ​ខ្មែរ គឺ​មិន​ឲ្យ​ទឹកដី​ខ្មែរ​បាត់​ជា​ដាច់​ខាត។ មាន​ន័យ​ថា គណបក្ស​សង្គ្រោះ​ជាតិ ដែល​មាន​លេខ​រៀង​ទី៧ ឈ្នះ គឺ​ព្រលឹង​របស់​ព្រះបាទ​ជ័យ​វរ្ម័ន​ទី៧ ហ្នឹង ចូល​មក​សណ្ឋិត ដើម្បី​ឲ្យ​ប្រទេស​ជាតិ​យើង​គង់វង្ស កុំ​ឲ្យ​បរទេស​ឈ្លាន​ពាន​បាន ឲ្យ​ប្រជាពលរដ្ឋ​យើង​រស់នៅ​ប្រកប​ដោយ​សុខដុមរមនា​រីក​ចម្រើន​ទៅ​មុខ​បាន។ នេះ​ហើយ​ជា​ជោគជ័យ​នៃ​លទ្ធផល​នៃ​ការ​ចាប់​ឆ្នោត​ដែល​គណបក្ស​សង្គ្រោះ​ជាតិ បាន​លេខ​រៀង​ទី៧»

ទាក់ទិន​បញ្ហា​នេះ សម្ដេច​សង្ឃ​ព្រះ​អភិសិរី​សុគន្ធា មហាសង្ឃរាជ​រាជាធិបតី បួ គ្រី សម្ដេច​ព្រះ​មហាសង្ឃរាជ​នៃ​គណៈ​ធម្មយុត្តិកនិកាយ មាន​ថេរ​ដីកា​ថា លំដាប់​លេខ​រៀង​គណបក្ស​លើ​សន្លឹក​ឆ្នោត​នេះ បើ​ចាប់​បាន​លេខ​រៀង​ល្អ នាំ​ឲ្យ​ម្ចាស់​ឆ្នោត​ងាយ​ចំណាំ និង​បោះឆ្នោត​ជូន ប៉ុន្តែ​មិន​មែន​លេខ​ល្អ​សុទ្ធ​តែ​ទទួល​ជ័យ​ជម្នះ​ទេ៖ «ហ្នឹង​វា​បូក​ផ្សំ​ជាមួយ​គ្នា​ទាំងអស់។ ជំនឿ​ខ្មែរ​យើងៗ​ចេះ​តែ​មាន​ហើយ គឺ​ផ្សំ​ទាំង​ជំនឿ និង​គោល​នយោបាយ​របស់​គណបក្ស»

ចំណែក​លោក កែម ឡី អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម បាន​ផ្តល់​វិភាគ​ថា ការ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា ចាប់​បាន​លេខ​រៀង​ទី៤ លើ​សន្លឹក​ឆ្នោត បាន​ផ្តល់​ផល​ចំណេញ​ច្រើន​សម្រាប់​គណបក្ស​នេះ ព្រោះ​ថា​អាណត្តិ​បោះឆ្នោត​លើក​មុន ក្រុម​ការងារ​គណបក្ស​ប្រជាជន បាន​ដើរ​ពន្យល់​ពី​វិធី​គូស​សន្លឹក​ឆ្នោត​ដល់​ម្ចាស់​ឆ្នោត ពិសេស​ចាស់ៗ អ្នក​អត់​ចេះ​អក្សរ ឲ្យ​គូស​លើ​លេខ​រៀង​ទី៤ បាន​ចងចាំ ដូច្នេះ​បើ​បាន​លេខ​ដដែល គេ​មិន​ពិបាក​ដើរ​ពន្យល់​ច្រើន​ទៀត​ទេ។ ប៉ុន្តែ​លោក​ថា សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ មាន​លេខ​រៀង​ទី៧ លើ​សន្លឹក​ឆ្នោត បើ​បកស្រាយ​អត្ថន័យ គឺ​មាន​ខ្លឹមសារ​ល្អ ប៉ុន្តែ​មិន​បង្ក​ភាព​ងាយ​ស្រួល​ដល់​ម្ចាស់​ឆ្នោត​ទេ។

លោក កែម ឡី៖ «ដល់​ពេល​គាត់​ទៅ​បង្រៀន​ឲ្យ​ប្រជាពលរដ្ឋ​ចេះ​គូស​សន្លឹក​ឆ្នោត​ម្តង​ទៀត​នោះ ខ្ញុំ​គិត​ថា បាន​ទទួល​ផល​ចំណេញ​ច្រើន នៅ​ពេល​ដែល​គណបក្ស​ប្រជាជន​កម្ពុជា ចាប់​បាន​លេខ​ដដែល​អ៊ីចឹង​ទៅ។ ក៏ប៉ុន្តែ គណបក្ស​សង្គ្រោះ​ជាតិ ដែល​ចាប់​បាន​លេខ​៧ តាម​ទ្រឹស្ដី​វា​ល្អ​ហើយ ក៏ប៉ុន្តែ​ពិបាក​ឲ្យ​ប្រជាពលរដ្ឋ​ចំណាំ គឺ​លេខ​ហ្នឹង​លេខ​នៅ​ក្រោយ។ តែ​បើ​សិន​ជា​អ្នក​មាន​ចំណេះ​ដឹង អ្នក​មាន​ការ​អប់រំ​ខ្ពស់ អ្នក​ដែល​មាន​ព័ត៌មាន​គ្រប់គ្រាន់ វា​មិន​អី​ទេ នៅ​ពេល​ដែល​គាត់​ស្រឡាញ់​នរណា គាត់​រក​ទាល់​តែ​ឃើញ»

ការ​បោះឆ្នោត​នេះ លោក ហ៊ុន សែន ក៏​បាន​អំពាវនាវ​ដល់​ថ្នាក់​ដឹកនាំ​គណបក្ស​នយោបាយ ពិសេស​សមាជិក​របស់​ខ្លួន ឲ្យ​រក្សា​ភាព​ស្ងប់ស្ងាត់ ដោយ​មិន​ត្រូវ​ប្រើ​អំពើ​ហិង្សា​ពេល​បោះឆ្នោត​ទេ គឺ​អាច​ត្រឹម​តែ​រិះគន់​ទិតៀន​តាម​ពាក្យ​សម្ដី។ ការ​អំពាវនាវ​នេះ ទទួល​បាន​ការ​សាទរ​ពី​មន្ត្រី​សង្គម​ស៊ីវិល និង​មន្ត្រី​គណបក្ស​ប្រឆាំង។ ប៉ុន្តែ​បាន​រិះគន់​លោក ហ៊ុន សែន ថា អាណត្តិ​បោះឆ្នោត​កន្លង​មក មាន​តែ​សមាជិក ឬ​ក្រុម​យុវជន​របស់​បក្ស​ប្រជាជន ទេ ដែល​ដើរ​ធ្វើ​សកម្មភាព​អុកឡុក​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ទៅ​លើ​ក្បួន​ឃោសនា​របស់​គណបក្ស​ប្រឆាំង។

ការ​បរិច្ឆេទ​នៃ​ការ​បោះឆ្នោត​សភា​អាណត្តិ​ទី៥ ចាប់​ផ្ដើម​នៅ​ថ្ងៃ​អាទិត្យ ទី២៨ ខែ​កក្កដា ឆ្នាំ​២០១៣។ ការ​បោះឆ្នោត​នេះ​មាន​គណបក្ស​នយោបាយ​ចំនួន​៨ បាន​ចុះ​ឈ្មោះ​ចូលរួម​ប្រកួត​ប្រជែង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។