ដំណើរបំពេញទស្សនកិច្ចនេះ គឺតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីចិន លោក លី ខីឈាង (Li Kequiang)។ លោក ហ៊ុន សែន គ្រោងជួបជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនភីង (Xi Jinping) ប្រធានសភាជាតិចិន លោក ចាង តេជាង (Zhang Dejiang) និងមន្ត្រីជាន់ខ្ពស់ចិន មួយចំនួនទៀត។
ប្រមុខរដ្ឋាភិបាលលោក ហ៊ុន សែន គ្រោងបើកការចរចាទ្វេភាគី និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន៨ នៅថ្ងៃទី៨ ខែមេសា ជាមួយនាយករដ្ឋមន្ត្រីចិន លោក លី ខីឈាង នៅទីក្រុងប៉េកាំង ប្រទេសចិន។
នៅក្នុងចំណោមកិច្ចព្រមព្រៀងចំនួន៨ នោះ គឺមានវិស័យធនាគារ កិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការជាដៃគូយុទ្ធសាស្ត្រ និងសកម្មភាពយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងចិន កិច្ចព្រមព្រៀងជំនួយឥតសំណង និងកម្ចីសម្បទានរបស់ចិន ដើម្បីសាងសង់ស្ពានកោះធំ តម្លៃជាង ១៩លានដុល្លារអាមេរិក និងសាងសង់ប្រព័ន្ធធារាសាស្ត្រ កិច្ចព្រមព្រៀងស្ដីពីគម្រោងសាងសង់រោងចក្រចម្រាញ់ប្រេងចំនួន ៥លានតោនក្នុងមួយឆ្នាំ និងកិច្ចព្រមព្រៀងមួយចំនួនទៀត។
មន្ត្រីជាន់ខ្ពស់ដែលអមដំណើរលោក ហ៊ុន សែន នោះមានដូចជា រដ្ឋមន្ត្រីក្រសួងការពារជាតិ លោកនាយឧត្តមសេនីយ៍ ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ចម ប្រសិទ្ធិ អគ្គទេសាភិបាលធនាគារជាតិកម្ពុជា លោក ជា ចាន់តូ ប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ា គិត ម៉េង និងមន្ត្រីជាន់ខ្ពស់មួយចំនួនទៀតសរុបជាង ២០នាក់។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គ្រោងជួបជាមួយតំណាងក្រុមហ៊ុនទូរគមនាគមន៍ចិន ដ៏ធំមួយឈ្មោះ ហ្សិតតេអឺ (ZTE) នៅល្ងាចថ្ងៃទី៦ ខែមេសា នៅទីក្រុងសាន់យ៉ា ខេត្តហៃណាន់ (Hainan) ប្រទេសចិន។ លោក ហ៊ុន សែន ក៏នឹងអនុញ្ញាតឲ្យនិស្សិតកម្ពុជា ចំនួន ៤១នាក់ ដែលសិក្សានៅប្រទេសចិន ជួបគោរពសម្ដែងការគួរសមដែរ។
រដ្ឋមន្ត្រីអមប្រតិភូនាយករដ្ឋមន្ត្រី លោក ស៊្រី ថាមរុង្គ បានមានប្រសាសន៍ប្រាប់អ្នកកាសែតនៅព្រឹកថ្ងៃទី៦ ខែមេសា ថា កិច្ចព្រមព្រៀងចំនួន៨ នឹងត្រូវបានចុះហត្ថលេខាក្រោយពីការចរចាទ្វេភាគី៖ «បន្ទាប់ពីពិធីស្វាគមន៍ជាផ្លូវការ ដែលធ្វើនៅមហាវិមានប្រជាជនចិន សម្ដេចតេជោនាយករដ្ឋមន្ត្រី នឹងធ្វើការចរចាទ្វេភាគីជាមួយឯកឧត្តម លី ខីឈាង នាយករដ្ឋមន្ត្រី ហើយយើងដឹងហើយតាមប្រព័ន្ធផ្សព្វផ្សាយកន្លងមកនេះ គឺគ្រោងនឹងចុះហត្ថលេខាចំនួន៨»។
ទាក់ទងដំណើរទស្សនកិច្ចនេះ ប្រធានក្រុមតំណាងរាស្ត្រគណបក្ស សម រង្ស៊ី លោក សុន ឆ័យ បានមានប្រសាសន៍រិះគន់ថា ទំនាក់ទំនងជិតស្និទ្ធរវាងកម្ពុជា និងចិន កន្លងមកនេះ តែងតែធ្វើឲ្យប្រជាពលរដ្ឋខ្មែររងទុក្ខ និងទឹកភ្នែក៖ «បងប្អូនប្រជារាស្ត្រខ្មែរ បានដឹងជាក់ស្តែងហើយ ខ្លះរងគ្រោះដោយសារតែវិនិយោគទុនចិន មកយកដីធ្លីប្រជារាស្ត្រខ្មែរ តាំងពីជនជាតិព្នង នៅមណ្ឌលគិរី ហ្នឹង រងគ្រោះមុនគេ។ យើងត្រូវតែខិតខំធ្វើឲ្យប្រទេសជាតិ របស់យើងឲ្យមានឯករាជ្យទាំងផ្នែកសេដ្ឋកិច្ច និងនយោបាយ មិនត្រូវរំពឹងវាសនារបស់ប្រទេសជាតិទៅលើមហាអំណាចណាមួយ ពីព្រោះចិន ជាប្រទេសកុម្មុយនីស្ត ហើយផ្ទុយពីគោលការណ៍រដ្ឋធម្មនុញ្ញដែលយើងត្រូវអនុវត្តន៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនេះ»។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ចុះថ្ងៃទី៣ ខែមេសា កន្លងទៅនេះ បានឲ្យដឹងថា ក្រៅពីការចរចា និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន៨ នោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងថ្លែងសុន្ទរកថាក្នុងទិវាកាបូអាវ សម្រាប់សន្និសីទតំបន់អាស៊ីប្រចាំឆ្នាំ២០១៣ នៅថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែមេសា នៅទីក្រុងបូអាវ (Booa) ខេត្តហៃណាន់ ប្រទេសចិន។
លោក ហ៊ុន សែន គ្រោងវិលត្រឡប់មកប្រទេសកម្ពុជា វិញ នៅថ្ងៃទី១០ ខែមេសា នៅវេលាម៉ោង១២ និង ៤០នាទីរសៀល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។