លោក ហ៊ុន សែន៖ យុវជន​ពិចារណា​ខុស​អាច​ក្លាយ​ជា​ឧបករណ៍​នយោបាយ

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​កត់​សម្គាល់​ថា ជា​រឿយៗ​យុវជន​កម្ពុជា ងាយ​នឹង​ក្លាយ​ទៅ​ជា​កម្មវត្ថុ​នៃ​ការ​ធ្វើ​អាជីវកម្ម​នយោបាយ និង​ក្លាយ​ជា​ជន​រងគ្រោះ​ដោយសារ​ការ​សម្រេច​ចិត្ត​ដោយ​ខ្វះ​ការ​ពិចារណា។

0:00 / 0:00

ប៉ុន្តែ មន្ត្រី​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការងារ​ច្រើន​ជាមួយ​ក្រុម​យុវជន សង្កេត​ឃើញ​ថា បច្ចុប្បន្ន​នេះ យុវជន​ភាគ​ច្រើន​មាន​ការ​ពិចារណា​យ៉ាង​រឹងមាំ​ទៅ​សារ​នយោបាយ​ដែល​ពាក់ព័ន្ធ​នឹង​អនាគត​ប្រទេស​ជាតិ​របស់​គេ មុន​នឹង​សម្រេច​ចិត្ត​ធ្វើ​អ្វី​មួយ​នោះ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​នៅ​ថ្ងៃ​សុក្រ ទី៣១ ឧសភា ថា ភាព​ក្មេង​ខ្ចី សន្ទុះ​ចិត្ត​ក្លាហាន តែ​តក់​ក្រហល់​របស់​ក្រុម​យុវជន នឹង​អាច​នាំ​មក​នូវ​គ្រោះថ្នាក់​ដ៏​ធំធេង​ដល់​សង្គម​ជាតិ​ទាំង​មូល និង​មាន​រយៈពេល​វែង។ លោក​ថ្លែង​ពន្យល់​ជុំវិញ​បញ្ហា​នេះ​ថា គឺ​ដោយសារ​ការ​សម្រេច​ចិត្ត​របស់​យុវជន​ដោយ​ខ្វះ​ការ​ពិចារណា​គ្រប់​ជ្រុងជ្រោយ និង​ការ​ឆាប់​ជឿ​ទៅ​លើ​មនោគមន៍​វិជ្ជា និង​ការ​ឃោសនា​ដោយ​គ្មាន​ការ​ទទួល​ខុស​ត្រូវ ក្នុង​គោលដៅ​កេង​ចំណេញ​ខាង​នយោបាយ៖ «ការ​លង់​អារម្មណ៍ ដោយ​មិន​បាន​ពិចារណា​គ្រប់​ជ្រុងជ្រោយ​ទៅ​លើ​វោហារ​សាស្ត្រ និង​ទិស​ស្លោក​នយោបាយ​ដែល​គ្មាន​ការ​ទទួល​ខុស​ត្រូវ ហើយ​ភាគ​ច្រើន ត្រូវ​បាន​នាំ​ចូល​ពី​មជ្ឈដ្ឋាន​ខាង​ក្រៅ​មក​នោះ នឹង​អាច​នាំ​មក​នូវ​គ្រោះថ្នាក់​ដ៏​ធំធេង​ដល់​សង្គម​ជាតិ​ទាំង​មូល សម្រាប់​រយៈពេល​វែង»

លោក​បន្ត​ថា បើ​យុវជន​បន្ត​វេន​បច្ចុប្បន្ន​មិន​ប្រកាន់​ជំហរ​រឹងមាំ​លើ​បញ្ហា​នេះ​ទេ ផ្លែ​ផ្កា​នៃ​សន្តិភាព និង​ផ្លែ​ផ្កា​អភិវឌ្ឍន៍​របស់​យុវជន​ជំនាន់​មុន​សម្រេច​បាន​នា​ពេល​កន្លង​មក​នោះ អាច​នឹង​រលាយ​បាត់​បង់​ក្នុង​រយៈពេល​តែ​មួយ​ពព្រិច​ភ្នែក ហើយ​ប្រទេស​ជាតិ​អាច​នឹង​ធ្លាក់​ចូល​ក្នុង​រណ្ដៅ​អស្ថិរភាព ដូចជា​សង្គ្រាម​ស៊ីវិល ដែល​កំពុង​តែ​កើត​មាន​នៅ​ក្នុង​ពិភព​អារ៉ាប់ និង​អាហ្វ្រិក​ខាង​ជើង​ជាដើម។

លោក ហ៊ុន សែន ថ្លែង​បែប​នេះ​ក្នុង​វេទិកា​យុវជន​អាស៊ី​ឆ្នាំ​២០១៣ នា​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី៣១ ឧសភា។

ឆ្លើយ​តប​នឹង​ប្រសាសន៍​របស់​លោក ហ៊ុន សែន ទៅ​លើ​បញ្ហា​យុវជន​នេះ លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ សង្កេត​ឃើញ​ថា យុវជន​កម្ពុជា ភាគ​ច្រើន​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ពួក​គេ​មាន​ការ​សិក្សា​បាន​ខ្ពស់ និង​មាន​ការ​ពិចារណា​បាន​ត្រឹមត្រូវ​ល្អ​ទៅ​សារ​នយោបាយ​របស់​ក្រុម​គណបក្ស និង​ពី​មជ្ឈដ្ឋាន​នានា បើ​សិន​ជា​មាន​ជាប់​ពាក់ព័ន្ធ​នឹង​វាសនា​អនាគត​ខ្លួន​គេ​ផ្ទាល់ ជា​ពិសេស​ទៅ​លើ​បញ្ហា​ប្រទេស​ជាតិ។

ចំពោះ​ការ​ផ្ញើ​សារ​ពី​ក្រៅ​ប្រទេស​វិញ​នោះ លោក​មើល​ឃើញ​តែ​សារ ឬ​ទស្សនៈ​ដែល​មាន​ន័យ​អប់រំ​ដល់​យុវជន ឲ្យ​ស្រឡាញ់​ជាតិ​ខ្លួន​ឯង លើក​ស្ទួយ​សិទ្ធិ​មនុស្ស លទ្ធិប្រជាធិបតេយ្យ​ជាដើម។ ផ្ទុយ​ទៅ​វិញ លោក​មើល​ឃើញ​អ្នក​នយោបាយ​ក្នុង​ស្រុក​ទៅ​វិញ​ទេ ជា​ពិសេស​អ្នក​កាន់​អំណាច តែង​តែ​ផ្តល់​សារ​នយោបាយ​ដោយ​ប្រើ​ពាក្យ​អសុរោះ មាន​ចរិត​បែប​ញុះញង់ បញ្ឆេះ​ហិង្សា​ផ្ទាល់ និង​បែប​ប្រយោល​ជាដើម។

ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គឹមអេង។ លោក​មាន​ប្រសាសន៍​ថា លោក​មិន​ហ៊ាន​វាយ​តម្លៃ​យុវជន​សព្វថ្ងៃ មាន​ការ​គិត​ពិចារណា​បាន​ត្រឹមត្រូវ​ក្នុង​កម្រិត​ណា​នោះ​ទេ ប៉ុន្តែ​លោក​ជឿ​ថា យុវជន​ឥឡូវ​មាន​ការ​សិក្សា និង​មាន​ការ​ស្វែង​យល់​ពី​បញ្ហា​សង្គម​បាន​ច្រើន​ជាង​មុន​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា មាន​បណ្ដាញ​សង្គម​ហ្វេសប៊ិក (facebook) ជាដើម។ ទាំង​នេះ​ជា​ទុន​មួយ​យ៉ាង​សំខាន់ សម្រាប់​ឲ្យ​ពួក​គាត់​ពិចារណា​រក​ការ​ពិត ត្រឹមត្រូវ ឬ​ក៏​យ៉ាង​ណា មុន​នឹង​សម្រេច​ចិត្ត​ធ្វើ​កិច្ច​ការ​អ្វី​មួយ​នោះ។

វេទិកា​យុវជន​អាស៊ី​ឆ្នាំ​២០១៣ នេះ ធ្វើ​ឡើង​នៅ​ទីក្រុង​ភ្នំពេញ រៀបចំ​ឡើង​ដោយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា សហការ​ជាមួយ​ក្រុម​ប្រឹក្សា​យុវជន​អាស៊ី។ វេទិកា​ឆ្នាំ​នេះ​បាន​កំណត់​យក​ប្រធាន​បទ​សំខាន់ គឺ​យុវជន និង​សន្តិភាព។ ប្រធាន​បទ​នេះ​បាន​ពិភាក្សា​ដោយ​ឆ្លុះ​បញ្ចាំង​ពី​តួនាទី​របស់​យុវជន ក្នុង​ការ​កសាង​សន្តិភាព និង​ការ​អភិវឌ្ឍ​នៅ​ទូទាំង​ពិភពលោក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។