ប្រមុខរដ្ឋាភិបាល លោក ហ៊ុន សែន នៅថ្ងៃទី១៨ ខែមេសា បានអួតអាងអំពីនយោបាយឈ្នះឈ្នះថា ជានយោបាយអច្ឆរិយរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបញ្ចប់សង្គ្រាមនៅទូទាំងប្រទេស ដោយគ្មានគណបក្សនយោបាយណាមួយយកប្រៀបលើគណបក្សប្រជាជនកម្ពុជា បានឡើយ រហូតមកដល់ពេលនេះ។
ការលើកឡើងនេះ គឺនៅក្នុងឱកាសនៃពិធីសម្ពោធអគាររដ្ឋាភិបាលថ្មីមួយ នៅសាលាខេត្តកំពត នៅថ្ងៃទី១៨ ខែមេសា។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា បានអះអាងថា មានតែគណបក្សប្រជាជនកម្ពុជា មួយគត់ដែលមានសមត្ថភាពស្វែងរកសុខសន្តិភាពពេញលេញជូនប្រជាពលរដ្ឋ និងការអភិវឌ្ឍនានា ដូចជា ផ្លូវថ្នល់ និងស្ពាន ជាដើម សម្រាប់ឲ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ជារៀងរាល់ថ្ងៃ។
ស្នាដៃធំៗដែលលោកបានលើកឡើងនោះ មានដូចជា ទី១ ការរំដោះប្រជាពលរដ្ឋឲ្យរស់រានមានជីវិតចេញពីរបបខ្មែរក្រហម នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ ទី២ ការអនុវត្តនយោបាយឈ្នះៗដើម្បីបញ្ចប់សង្គ្រាមទាំងស្រុង និងទទួលបានសន្តិភាពពេញលេញនៅទូទាំងប្រទេសកម្ពុជា នៅចុងឆ្នាំ១៩៩៨។ ទី៣ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា ដូចជា ផ្លូវថ្នល់ ស្ពាន និងប្រព័ន្ធធារាសាស្ត្រជាដើម។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍រំលឹកឡើងថា ថ្ងៃរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្តម សីហនុ ចេញពីតំណែងជាប្រមុខរដ្ឋ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ និងថ្ងៃរបបខ្មែរក្រហមឡើងកាន់អំណាច នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ បានធ្វើឲ្យកម្ពុជា និងប្រជាពលរដ្ឋរងទុក្ខខ្លោចផ្សាជាច្រើនទសវត្សកន្លងមក៖ «តម្លៃដែលត្រូវបង់ក្នុងសង្គ្រាមនេះ វាធំណាស់សម្រាប់ប្រជាជនកម្ពុជា។ មនុស្សរាប់លាននាក់បានស្លាប់ ហេដ្ឋារចនាសម្ព័ន្ធត្រូវបានបំផ្លាញ។ ឥឡូវនេះ មរតកដែលបន្សល់ទុកដោយសារសង្គ្រាម និងរបបប្រល័យពូជសាសន៍ ប៉ុល ពត មិនទាន់បានបញ្ចប់នៅឡើយទេ ដូចជា គ្រាប់មីន និងយោធភណ្ឌមិនទាន់ផ្ទុះ ត្រូវបានកប់នៅក្នុងដីដែលបំផ្លាញអាយុជីវិតប្រជាជនរាប់រយនាក់ក្នុងមួយឆ្នាំៗ»។
ផ្ទុយពីការលើកឡើងនេះ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ និងជាតំណាងរាស្ត្រគណបក្ស សម រង្ស៊ី បានមានប្រសាសន៍រិះគន់ថា ការអភិវឌ្ឍនានាកន្លងមកដោយគណបក្សប្រជាជនកម្ពុជា បានបង្កឲ្យប្រជាពលរដ្ឋរងទុក្ខវេទនា និងទឹកភ្នែក។ រីឯធនធានធម្មជាតិ ជាពិសេសព្រៃឈើ និងរ៉ែ កំពុងតែហិនហោច៖ «យើងមើលថា តើកំណើនសេដ្ឋកិច្ច វាបានផលប្រយោជន៍ទៅប្រជាពលរដ្ឋទូទៅក្នុងប្រទេសទេ? យើងសម្លឹងឃើញថា រហូតដល់ពេលនេះ អ្នកដែលរស់នៅក្រោមបន្ទាត់នៃភាពក្រីក្រ ប្រហែលជា ៥លាន ទៅ ៦លាននាក់។ ប្រាក់ខែមន្ត្រីរាជការ ប៉ូលិស ទាហាន កម្មករ កម្មការិនី គឺរស់នៅយ៉ាងលំបាកលំបិន ទល់នឹងទំនិញឡើងថ្លៃខ្ពស់ ហើយប្រជាកសិករលក់កសិផលមិនបានចំណេញ ហើយចាស់ៗរាប់លាននាក់ដែលគ្មានការយកចិត្តទុកដាក់ពីរដ្ឋសូម្បីតែមួយសេន»។
ជាមួយគ្នានេះ គណបក្សសង្គ្រោះជាតិ ក៏បានចេញផ្សាយគោលនយោបាយរបស់ខ្លួនដែរនៅលើប្រព័ន្ធហ្វែសប៊ុក (Facebook) ឬប្រព័ន្ធផ្សព្វផ្សាយសង្គមថា មានតែគណបក្សសង្គ្រោះជាតិ ទេ ដែលអាចធ្វើបានក្រៅពីនេះគេមិនអាចធ្វើបានឡើយ ឬគ្មានឆន្ទៈធ្វើតែម្តង។
គោលនយោបាយទាំងនោះមានដូចជា ទី១ ឧបត្ថម្ភមនុស្សចាស់ៗចាប់ពីអាយុ ៦៥ឆ្នាំឡើងទៅ ចំនួន ៤ម៉ឺនរៀលក្នុង ១ខែ។ ទី២ ប្រាក់ខែកម្មករទាបបំផុតចំនួន ៦០ម៉ឺនរៀលក្នុង ១ខែ។ ទី៣ ប្រាក់ខែមន្ត្រីរាជការទាបបំផុតចំនួន ១លានរៀលក្នុង ១ខែ។ ទី៤ ព្យាបាលប្រជាពលរដ្ឋក្រីក្រមិនយកប្រាក់ និងទី៥ លុបបំបាត់អំពើពុករលួយជាដើម។
ការលើកឡើងទាំងនេះ ត្រូវបានគេមើលឃើញថា ដើម្បីទាក់ទាញការគាំទ្រពីប្រជាពលរដ្ឋរៀងៗខ្លួន នៅគ្រាដែលយុទ្ធនាការឃោសនាបោះឆ្នោតកំពុងតែជិតឈានមកដល់ ចាប់ពីថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៣។ ការបោះឆ្នោតសកលនីតិកាលទី៥ គឺនៅថ្ងៃទី២៨ ខែកក្កដា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
