ទន្ទឹមនឹងគណបក្សនយោបាយកំពុងបើកយុទ្ធនាការរកសំឡេងគាំទ្រនៅមុនការបោះឆ្នោតត្រូវចាប់ផ្ដើមនោះ វិទ្យុ និងទូរទស្សន៍ ទាំងរដ្ឋ និងឯកជន ក៏កំពុងផ្សព្វផ្សាយពេញបន្ទុកនូវសារនយោបាយរបស់លោក ហ៊ុន សែន អំពីបញ្ហាព្រំដែនដែរ។ ទោះបីលោកនាយករដ្ឋមន្ត្រីធ្លាប់បានប្រកាសថា មិនធ្វើយុទ្ធនាការឃោសនាដោយខ្លួនឯងក្នុងអំឡុងពេលយុទ្ធនាការឃោសនានេះយ៉ាងណាក្តី។
បញ្ហានេះ ត្រូវបានអ្នកនយោបាយបក្សប្រឆាំង និងអ្នកវិភាគនយោបាយខ្លះយល់ឃើញថា នេះជាការបញ្ចេញសារនយោបាយស្វែងរកការគាំទ្រជំនួសឲ្យ លោក ហ៊ុន សែន ខណៈដែលយុទ្ធនាការនេះស្របពេលលោកនាយករដ្ឋមន្ត្រីកំពុងស្ថិតនៅក្នុងសភាពស្ងៀមស្ងាត់។
ប្រព័ន្ធផ្សព្វផ្សាយដែលគេជឿថា មានទំនោរគាំទ្ររដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាំផ្ទះ កំពុងចាក់ផ្សាយសារអំពីរឿងព្រំដែនកម្ពុជា-វៀតណាម យ៉ាងកងរំពងតាមវិទ្យុ ទូរទស្សន៍ ទាំងរដ្ឋ និងឯកជនសាជាថ្មីឡើងវិញ។
ករណីនេះ ត្រូវបានអ្នកវិភាគការវិវឌ្ឍន៍ស្ថានការណ៍សង្គម ចាត់ទុកថា វាគឺជាផ្នែកមួយនៃការកម្ដៅសាច់ដុំរឿងនយោបាយឲ្យគណបក្សប្រជាជនកម្ពុជា ស្របពេលប្រមុខដឹកនាំមិនចេញមុខឃោសនាជាសាធារណៈបានទៀតនោះ។
លោក សុន ឆ័យ បេក្ខជនតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ គិតថា នេះគឺជាការរំលោភច្បាប់។ លោកបន្តថា អ្វីដែលបក្សប្រជាជនកម្ពុជា កំពុងបង្កើនយុទ្ធនាការតាមរយៈសាររបស់លោក ហ៊ុន សែន បើទោះជាដឹងថាផ្ទុយនឹងច្បាប់ក្ដី។ នោះ គឺជាការដឹងមុនហើយថា គណបក្សគ្រប់គ្រងអំណាចនឹងមិនអាចទទួលបានការគាំទ្រដ៏ច្រើនលើសលប់របស់ខ្លួនដូចអាណត្តិមុនៗទៀតនោះឡើយ។
«សំឡេង»
ក៏ប៉ុន្តែ លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី បដិសេធកាលពីថ្ងៃទី៩ កក្កដា ថា ការចាក់ផ្សាយឡើងវិញសាររបស់លោក ហ៊ុន សែន នេះ គឺពុំមានចេតនាកេងចំណេញផ្នែកនយោបាយណាមួយនោះទេ។ លោក ផៃ ស៊ីផាន ចាត់ទុកថា តែនោះ គឺជាការឆ្លើយតបទៅនឹងបំណងរបស់បក្សប្រឆាំង និងប្រើប្រាស់សិទ្ធិក្នុងនាមរដ្ឋាភិបាល ដែលទទួលខុសត្រូវចំពោះជាតិមាតុភូមិរបស់ខ្លួនប៉ុណ្ណោះ។
«សំឡេង»
លោក ឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យ យល់ឃើញថា សាររបស់អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាបេក្ខជននាយករដ្ឋមន្ត្រីគ្រប់អាណត្តិនេះ ពុំមានឥទ្ធិពល ឬក៏ប៉ះពាល់ដល់យុទ្ធនាការបោះឆ្នោតឡើយ។ ក៏ប៉ុន្តែ លោក ឡៅ ម៉ុងហៃ គិតថា ពិតណាស់ អ្វីដែលបានរៀបចំឡើងនេះ គោលបំណងរបស់អ្នកតាក់តែង គឺចង់បានការគាំទ្រ និងចំណេញផ្នែកនយោបាយ។
«សំឡេង»
លោក ហ៊ុន សែន បានប្រកាសជាសាធារណៈកាលពីថ្ងៃទី២៤ មិថុនា នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម ថា នេះជានាទីចុងក្រោយរបស់លោកដែលបង្ហាញខ្លួនជាសាធារណៈនៅតាមវេទិកានានា មុនយុទ្ធនាការឃោសនាបោះឆ្នោតត្រូវចាប់ផ្ដើម។ ក៏ប៉ុន្តែ គេសង្កេតឃើញថា តាមរលកធាតុអាកាស រួមមាន វិទ្យុ និងទូរទស្សន៍ ទាំងរដ្ឋ និងឯកជន បានចាក់ផ្សាយឡើងវិញនូវសំឡេងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាង ៥ម៉ោង នៅសភាអំពីបញ្ហាព្រំដែនយ៉ាងខ្ទរខ្ទារ។
យ៉ាងណាក៏ដោយ ក្រុមអ្នកវិភាគសង្គមគិតថា នេះជាយុទ្ធសាស្ត្ររបស់លោក ហ៊ុន សែន ដើម្បីនយោបាយក្នុងរដូវកាលបោះឆ្នោតនេះ។ អ្នកវិភាគមើលឃើញថា សាររបស់លោក ហ៊ុន សែន ពីការស្រាយបំភ្លឺទាក់ទិនរឿងព្រំដែនរវាងកម្ពុជា-វៀតណាម គឺបង្កប់ន័យជ្រៅរឿងនយោបាយ ជាជាងពន្យល់ផ្នែកបច្ចេកទេសព្រំដែន។
ជាងនេះទៅទៀត លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រើប្រាស់វេទិកាស្រាយបំភ្លឺរឿងព្រំដែន ដោយយកពេលវេលាដ៏លើសលប់របស់លោក វាយប្រហារយ៉ាងចាស់ដៃទៅលើដៃគូ គឺបក្សជំទាស់។ នៅពេលនោះហើយ លោក ហ៊ុន សែន បានក្លាយជាអ្នកនិពន្ធ ដឹកនាំរឿង និងតួសម្ដែងដ៏ប៉ិនប្រសប់។ ចំណែក លោក សុន ឆ័យ អ្នកតំណាងរាស្ត្របក្សប្រឆាំងវិញ បានក្លាយជាគោលដៅដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហៅថា ជាកូនអុករបស់លោកបង្កប់ក្នុងបក្សប្រឆាំងថែមទៀត។
ឆ្លើយតបបញ្ហានេះ លោក សុន ឆ័យ អះអាងថា នោះគឺជាល្បែងរបស់ លោក ហ៊ុន សែន ធ្លាប់លេង ប៉ុន្តែលោកយល់ថា ល្បែងនេះវាលែងមានប្រសិទ្ធភាពទៀតហើយ។
«សំឡេង»
លោក កែម ឡី អ្នកវិភាគឯករាជ្យ គិតថា អ្វីដែល លោក ហ៊ុន សែន ប្រើពេលជាង ៥ម៉ោងនៅរដ្ឋសភា និយាយពីបញ្ហាព្រំដែននោះ គឺពុំអាចចាត់ទុកថាជាការបកស្រាយដោយផ្អែកតាមបច្ចេកទេសនោះឡើយ។ លោកសង្កេតឃើញថា តាមរយៈបទអន្តរាគមន៍ឆ្លើយតបទៅនឹងសំណើរបស់បក្សប្រឆាំងនោះ គឺ លោក ហ៊ុន សែន បានប្រើប្រាស់នាទីឡកឡឺយដឺដង និងចំអកឲ្យបក្សប្រឆាំងទៅវិញ។
«សំឡេង»
ក៏ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ លោក កែម ឡី យល់ឃើញថា លោក ហ៊ុន សែន ហាក់បានគោរពការសន្យារបស់លោកបានត្រឹមត្រូវចំពោះអ្វីដែលលោកអះអាងថា លោកនឹងមិនថ្លែងសារជាសាធារណៈនោះឡើយ ដើម្បីចៀសវាងការរិះគន់ពីបក្សនយោបាយ និងអនុវត្តតាមក្របខ័ណ្ឌច្បាប់ស្ដីពីការបោះឆ្នោត។
លោក ហង្ស ពុទ្ធា នាយកអង្គការ និចហ្វិក (NICFEC) មានប្រសាសន៍ថា បើទោះជាការចាក់ផ្សាយឡើងវិញអំពីការបំភ្លឺរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នេះ មិនត្រូវបានគេលាតត្រដាងថា អាចមានជាប់ពាក់ព័ន្ធការរកសំឡេងគាំទ្រក្ដី ក៏ប៉ុន្តែ នោះគឺជារូបភាពនយោបាយយ៉ាងពិតប្រាកដ។ បើទោះជាយ៉ាងណា លោកគិតថា យុទ្ធនាការនេះនឹងមិនទាក់ទាញការចាប់អារម្មណ៍ច្រើនពីមជ្ឈដ្ឋានទេ។ លោកបន្តថា ព្រោះព្រឹត្តិការណ៍ទាំងនេះត្រូវគេដឹងជាសាធារណៈរួចទៅហើយ។
«សំឡេង»
ការបង្ហាញវត្តមានជាថ្មីរបស់ លោក ហ៊ុន សែន ក្នុងពេលកន្លងទៅថ្មីៗនេះ ស្របពេលព្រឹត្តិការណ៍យុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយ កំពុងចាប់ផ្ដើមនៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ សម្រាប់ព្រះរាជពិធីបុណ្យរុក្ខទិវា កាលពីថ្ងៃទី៩ កក្កដា និងការចាក់ផ្សាយឡើងវិញអំពីការស្រាយបំភ្លឺបញ្ហាព្រំដែនកម្ពុជា-វៀតណាម កាលថ្ងៃទី៩ សីហា ឆ្នាំ២០១២។ ករណីនេះ ត្រូវបានអ្នកវិភាគគិតថា នោះគឺជារឿងដើម្បីចំណេញនយោបាយរបស់លោក ហ៊ុន សែន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
