ស្ថានការណ៍តានតឹងនៃការគំរាមធ្វើសង្គ្រាមអាវុធនុយក្លេអ៊ែរ (Nuclear) រវាងប្រទេសកូរ៉េខាងជើង ជាមួយប្រទេសកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងប្រទេសជប៉ុន នោះ មិនទាន់ឈានដល់កម្រិតដែលរដ្ឋាភិបាលកម្ពុជា ត្រូវជម្លៀសពលករ និស្សិត និងមន្ត្រីការទូតពីប្រទេសកូរ៉េខាងត្បូង និងកូរ៉េខាងជើងនៅឡើយទេ។
ប៉ុន្តែ រដ្ឋាភិបាលកម្ពុជា ក៏បានត្រៀមលក្ខណៈគ្រប់បែបយ៉ាងរួចរាល់ហើយ ដើម្បីជម្លៀសប្រជាពលរដ្ឋខ្លួន បើសិនណាសង្គ្រាមនុយក្លេអ៊ែរ ផ្ទុះឡើងមែននោះ។
ប្រមុខរដ្ឋាភិបាលលោក ហ៊ុន សែន នៅថ្ងៃទី១១ ខែមេសា បានប្រកាសសុំឲ្យប្រជាពលរដ្ឋជាពលករខ្មែរ និងនិស្សិតខ្មែរនៅប្រទេសកូរ៉េខាងត្បូង និងមន្ត្រីការទូតខ្មែរនៅប្រទេសកូរ៉េខាងត្បូង និងកូរ៉េខាងជើង រក្សាភាពស្ងប់ស្ងាត់ ពីព្រោះស្ថានការណ៍តានតឹងនៅឧបទ្វីបកូរ៉េ នាពេលនេះ គឺមិនទាន់ឈានដល់កម្រិតដែលកម្ពុជា ត្រូវជម្លៀសមន្ត្រី និងប្រជាពលរដ្ឋកម្ពុជា ចេញពីប្រទេសកូរ៉េ ទាំងពីរនោះនៅឡើយទេ។
ជាមួយគ្នានេះ លោក ហ៊ុន សែន បានព្រមានថា បើសិនណាមន្ត្រីការទូតខ្មែរណារត់ចោលជួរនោះ លោកនឹងដកហូតមុខតំណែងជាមន្ត្រីការទូតមិនខានឡើយ ពីព្រោះការរត់ និងការជម្លៀសនោះ នឹងធ្វើឲ្យប្រទេសម្ចាស់ផ្ទះអស់ជំនឿលើកម្ពុជា នៅថ្ងៃអនាគត។
ប្រទេសកូរ៉េខាងជើង ដឹកនាំដោយប្រធានាធិបតី លោក គីម ជុងអ៊ុន (Kim Jung Un) បានដាក់ឱសានវាទនៅថ្ងៃទី១០ ខែមេសា ថា កូរ៉េខាងជើងនឹងបាញ់សាកល្បងអាវុធនុយក្លេអ៊ែរ រយៈចម្ងាយឆ្ងាយដល់ប្រទេសកូរ៉េខាងត្បូង ដល់កោះហ្គាម (Geum) របស់សហរដ្ឋអាមេរិក និងដល់ដែនដីប្រទេសជប៉ុន។
សេចក្តីរាយការណ៍របស់វិទ្យុប៊ីប៊ីស៊ី (BBC) របស់ប្រទេសអង់គ្លេស ថ្មីៗនេះបានឲ្យដឹងថា កូរ៉េខាងជើង បានគំរាមបាញ់គ្រាប់មីស៊ីលចម្រុះឆាប់ៗនេះ (Multiple Missile) ប៉ុន្តែអ្នកជំនាញអន្តរជាតិ បានវាយតម្លៃថា នោះគឺជាការគំរាមប៉ុណ្ណោះ ហើយប្រទេសកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងប្រទេសជប៉ុន ក៏បានត្រៀមអាវុធទំនើបបាញ់ស្ទាក់ ឬប្រើប្រព័ន្ធមីស៊ីលខែលការពារ ដើម្បីបំផ្លាញគ្រាប់នុយក្លេអ៊ែរ របស់កូរ៉េខាងជើង នោះដែរ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងឱកាសសម្ពោធសមិទ្ធផលនៅវត្តដ៏ចំណាស់មួយនៅស្រុកពារាំង ខេត្តព្រៃវែង បានមានប្រសាសន៍ថា រដ្ឋាភិបាលបានត្រៀមលក្ខណៈគ្រប់បែបយ៉ាង ដើម្បីចាត់វិធានការជម្លៀសពលករខ្មែរ បើសិនណាសង្គ្រាមផ្ទុះឡើងមែននោះ ប៉ុន្តែរដ្ឋាភិបាលកំពុងតែតាមដានស្ថានការណ៍ជម្លោះនេះយ៉ាងយកចិត្តទុកដាក់។ លោកសុំឲ្យពលករខ្មែរនានានៅកូរ៉េខាងត្បូង រក្សាភាពស្ងប់ស្ងាត់៖ «កូរ៉េខាងត្បូង មានផែនការការពារប្រជាពលរដ្ឋរបស់ខ្លួនហើយ ដូច្នេះយើងជាផ្នែកមួយដែលពលកររបស់យើង និស្សិតរបស់យើង ស្ថិតនៅចំណែកនៃការការពាររបស់រដ្ឋាភិបាលកូរ៉េ ការទទួលខុសត្រូវរបស់រដ្ឋាភិបាលកូរ៉េ។ យើងក៏បានធ្វើការជាមួយមិត្តដៃគូរបស់យើង។ ឯទូតយើងនៅកូរ៉េខាងជើងវិញ គឺដែលហៅថា ស្ថានទូតមិនមែនជាគោលដៅនៃការវាយប្រហារ»។
ទាក់ទងនឹងស្ថានការណ៍តានតឹងនៅឧបទ្វីបកូរ៉េ នោះ ប្រធានកម្មវិធីសិទ្ធិការពាររបស់មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ លោក មឿន តុលា បានមានប្រសាសន៍ថា ពលករខ្មែរមួយចំនួនមានការព្រួយបារម្ភ ប៉ុន្តែពលករមួយចំនួនទៀតមិនព្រួយបារម្ភទេ៖ «បើនិយាយពីស្ថានភាពតានតឹងនៃកូរ៉េខាងជើង និងខាងត្បូងនោះ គឺជាហេតុផលសមរម្យក្នុងការដែលកម្ពុជា អាចយកហេតុផលហ្នឹងសុំបញ្ជូនពលករខ្មែរយើងត្រឡប់មកស្រុកកំណើតវិញ ជាហេតុផលសមរម្យល្មមក្នុងការផ្តាច់កិច្ចសន្យា។ មានអ្នកខ្លះនៅក្នុងទីក្រុងសេអ៊ូល (Seoul) ប្រទេសកូរ៉េខាងត្បូង គាត់បានតេ (Call) មកម្តាយ ឪពុកគាត់ គាត់ថាដូចជាស្ថានភាពដូចជាមិនទាន់អីដែរ មានអ្នកខ្លះក៏មានការព្រួយបារម្ភខ្លះដែរ»។
លោកបានប៉ាន់ស្មានថា កម្ពុជា បានបញ្ជូនពលករចំនួនជាង ៣ម៉ឺននាក់ ទៅធ្វើការនៅប្រទេសកូរ៉េខាងត្បូង ក្នុងវិស័យកសិកម្ម អេឡិចត្រូនិក និងវិស័យឧស្សាហកម្ម ជាដើម។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា ក្រៅពីពលករខ្មែរនៅប្រទេសកូរ៉េខាងត្បូង នោះ ក៏មានពលករជនជាតិថៃ វៀតណាម និងពលករហ្វីលីពីន ដែរ។
លោកបានបញ្ជាក់ថា រដ្ឋាភិបាលប្រទេសកូរ៉េខាងត្បូង ក៏មានសមត្ថភាពការពារប្រជាពលរដ្ឋខ្លួន និងការពារពលករបរទេស រាប់ទាំងពលករខ្មែរដែរ។ ការបកស្រាយនេះ គឺឆ្លើយតបនឹងការរិះគន់នានាតាមប្រព័ន្ធហ្វែសប៊ុក (Facebook) ឬប្រព័ន្ធផ្សព្វផ្សាយសង្គម ថា រដ្ឋាភិបាលកម្ពុជា មិនយកចិត្តទុកដាក់ជម្លៀសពលករ និងមន្ត្រីការទូតពីប្រទេសកូរ៉េ ទាំងពីរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
