អ្នក​វិភាគ៖ ការ​ព្រមាន​ប្ដឹង​របស់​បក្ស​កាន់​អំណាច​ជា​រឿង​បំភាន់​ភ្នែក​ម្ចាស់​ឆ្នោត

គណបក្ស​កាន់​អំណាច​ព្រមាន​ប្ដឹង​មន្ត្រី​គណបក្ស​ប្រឆាំង​នៅ​មុន​ពេល​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នីតិកាល​ទី៥​នេះ ជា​ប្រធាន​បទ​នយោបាយ​មួយ​ដែល​អ្នក​វិភាគ​សង្កត់​ធ្ងន់​ថា ជា​រឿង​បំភាន់​ភ្នែក​ម្ចាស់​ឆ្នោត។ ការ​ខិតខំ​របស់​គណបក្ស​កាន់​អំណាច​បង្ហាញ​រឿង​អាស្រូវ​របស់​គណបក្ស​ប្រឆាំង​នេះ ដើម្បី​បង្វែង​មិន​ឲ្យ​ប្រជាពលរដ្ឋ​ចាប់​អារម្មណ៍​ដេញដោល​លើ​គោល​នយោបាយ​សេដ្ឋកិច្ច និង​សង្គម​កិច្ច​របស់​គណបក្ស​កាន់​អំណាច។

0:00 / 0:00

ការ​លេង​ល្បែង​នយោបាយ​របស់​គណបក្ស​កាន់​អំណាច​បែប​នេះ ជា​ជម្រើស​ថ្មី​មួយ​នៅ​ក្នុង​អាណត្តិ​នេះ ដែល​ខុស​ពី​អាណត្តិ​មុនៗ ដែល​លោក​នាយក​រដ្ឋមន្ត្រី​ភាគ​ច្រើន​យក​ករណី​បុគ្គល​ចោទ​ប្រកាន់​ទៅ​លើ​បក្ស​ប្រឆាំង រហូត​ដល់​ព្រមាន​ប្ដឹង​ទៅ​តុលាការ​ទៀត ប៉ុន្តែ​ករណី​នេះ​អ្នក​វិភាគ​នយោបាយ​បាន​បញ្ជាក់​ថា ការ​ធ្វើ​ដូច្នេះ​អាច​ប៉ះពាល់​ដល់​ការ​ប្រកួត​ប្រជែង​ដោយ​តម្លាភាព។

សកម្មភាព​ប្រកួត​ប្រជែង​នយោបាយ​បាន​ចាប់​ផ្ដើម​ហើយ​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ នៅ​មុន​ពេល​កំណត់​ថ្ងៃ​បោះឆ្នោត​បាន​ឈាន​មក​ដល់។ ក៏ប៉ុន្តែ ការ​បញ្ចេញ​សារ​នយោបាយ​រវាង​គណបក្ស​ប្រឆាំង និង​គណបក្ស​កាន់​អំណាច​មាន​លក្ខណៈ​ខុស​ប្លែក​ពី​គ្នា។

គណបក្ស​ប្រឆាំង​បាន​ប្រឹងប្រែង​បញ្ចេញ​នូវ​សារ​នយោបាយ​របស់​ខ្លួន​ចំនួន ៧​ចំណុច​សំខាន់ៗ ទាក់ទង​សេដ្ឋកិច្ច និង​សង្គមកិច្ច ទៅ​កាន់​ម្ចាស់​ឆ្នោត ដោយ​រំពឹង​ថា សារ​នយោបាយ​នោះ​នឹង​ធ្វើ​ឲ្យ​ម្ចាស់​ឆ្នោត​ចាប់​អារម្មណ៍​មក​លើ​បក្ស​ខ្លួន។

ក៏ប៉ុន្តែ គណបក្ស​កាន់​អំណាច​វិញ ពិសេស​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ឆ្លៀត​យក​ឱកាស​សម្ពោធ​សមិទ្ធផល​នានា​ក្នុង​នាម​ជា​នាយក​រដ្ឋមន្ត្រី បញ្ចេញ​សារ​នយោបាយ​ទៅ​កាន់​ម្ចាស់​ឆ្នោត ដោយ​ទាញ​យក​រឿង​បុគ្គល​មេ​បក្ស​សង្គ្រោះ​ជាតិ​ស្តីទី​ដោយ​ប្រយោល មក​លាត​ត្រដាង​ឲ្យ​ប្រជាពលរដ្ឋ​បាន​ដឹង។

នៅ​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ មាន​ករណី​ជាច្រើន​ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើក​ពី​ករណី​បុគ្គល​មេ​បក្ស​ប្រឆាំង គឺ​លោក កឹម សុខា ទោះ​បី​ជា​លោក​មិន​បាន​លើក​ចំ​ឈ្មោះ​ក្ដី ដូចជា​ករណី​ចោទ​លោក កឹម សុខា និយាយ​ថា គុក​ទួលស្លែង​ជា​គុក​សិប្បនិម្មិត និង​ប្ដឹង​ទៅ​តុលាការ។ ករណី​ស្នេហា​លួច​លាក់​របស់​លោក កឹម សុខា ជាដើម។

ប៉ុន្តែ បញ្ហា​នេះ​ត្រូវ​បាន​គណបក្ស​ប្រឆាំង​បដិសេធ ហើយ​ថា​ដោយ​ចោទ​ប្រកាន់​ថា​ជា​រឿង​នយោបាយ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​មុន​ពេល​បោះឆ្នោត។

ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​នេះ លោក ហ៊ុន សែន បាន​ព្រមាន​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ថា គណបក្ស​ប្រជាជន នឹង​ប្ដឹង​ទៅ​តុលាការ។ លោក ហ៊ុន សែន បាន​ជំរុញ​ឲ្យ​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា ប្ដឹង​មន្ត្រី​គណបក្ស​ប្រឆាំង​ចំពោះ​ការ​ចោទ​ប្រកាន់​បែប​នេះ។

ទាក់ទង​នឹង​បញ្ហា​នេះ ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​ឲ្យ​ដឹង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​រសៀល​ថ្ងៃ​ទី២០ មិថុនា ថា លោក​មិន​ខ្វល់​ចំពោះ​ការ​គ្រោង​ប្ដឹង​ផ្ដល់​របស់​គណបក្ស​ប្រជាជន​កម្ពុជា នេះ​ទេ ហើយ​លោក​ក៏​មិន​ត្រៀម​រក​មេធាវី​អ្វី​ដែរ។

អ្នក​វិភាគ​នយោបាយ​បាន​លើក​ឡើង​ថា ទោះ​បី​ជា​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បដិសេធ​ថា​ករណី​ទាំងអស់​ដែល​លោក​បាន​រិះគន់​មេ​ដឹកនាំ​គណបក្ស​ប្រឆាំង ថា​មិន​ជាប់​ពាក់ព័ន្ធ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា ក្ដី ក៏ប៉ុន្តែ​ការ​លើក​ឡើង​របស់​លោក​ជា​រឿង​នយោបាយ​នៅ​មុន​ពេល​បោះឆ្នោត​បាន​មក​ដល់។

ម្យ៉ាង​វិញ​ទៀត ថ្វី​ត្បិត​តែ​ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា ត្រូវ​បាន​សហគមន៍​ជាតិ អន្តរជាតិ បាន​រិះគន់​ថា ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​គណបក្ស​កាន់​អំណាច​ក្ដី ក៏ប៉ុន្តែ​អ្នក​វិភាគ​បាន​លើក​ឡើង​ថា តុលាការ​នឹង​ពិបាក​ចាត់​ការ​ពាក្យ​បណ្ដឹង​របស់​គណបក្ស​ប្រជាជន​ណាស់​នៅ​ក្នុង​ស្ថានភាព​ការ​បោះឆ្នោត​ជិត​មក​ដល់​នេះ ដោយ​អ្នក​វិភាគ​បាន​លើក​ទឡ្ហីករណ៍​ជាច្រើន​អំពី​បញ្ហា​នេះ ដូចជា លោក កឹម សុខា ឬ​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កើត​ចេញ​ពី​គណបក្ស សម រង្ស៊ី និង​គណបក្ស សិទ្ធិ​មនុស្ស នោះ មាន​អភ័យ​ឯកសិទ្ធិ​សភា​នៅ​ឡើយ ទោះ​បី​ជា​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​បាន​ផ្អាក​ប្រាក់​ខែ​ក្ដី។

សភា​មិន​អាច​កោះ​ប្រជុំ​នៅ​ក្នុង​អំឡុង​ពេល​ឃោសនា​បោះឆ្នោត ដើម្បី​ប្រជុំ​ដក​អភ័យ​ឯកសិទ្ធិ​បាន​ទេ លុះត្រា​តែ​មាន​ករណី​ទាក់ទង​នឹង​ប្រទេស​ជាតិ​ធំ​ដុំ ដែល​សភា​ត្រូវ​កោះ​ប្រជុំ​ជា​ចាំបាច់​មិន​អាច​ខាន​បាន។ ប៉ុន្តែ ករណី​ព្រមាន​ប្ដឹង​របស់​គណបក្ស​ប្រជាជន នេះ មិន​មែន​ជា​រឿង​ជាតិ​ទេ តែ​ជា​រឿង​នយោបាយ​រវាង​គណបក្ស និង​គណបក្ស។ ហើយ​បញ្ហា​នេះ ទោះ​បី​ជា​មេ​ដឹកនាំ​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​បដិសេធ​ថា​មិន​មែន​ជា​រឿង​នយោបាយ​ក្ដី តែ​នៅ​ក្នុង​បរិបទ​នេះ សាធារណជន​បាន​ដឹង​ច្បាស់​ទៅ​ហើយ​ថា​ជា​រឿង​ល្បែង​នយោបាយ​នៅ​មុន​ពេល​បោះឆ្នោត។

ប្រធាន​ផ្នែក​អង្កេត​របស់​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) លោក នី ចរិយា មាន​ប្រសាសន៍​ថា បញ្ហា​នេះ​គណបក្ស​ប្រជាជន​កម្ពុជា ឬ​រដ្ឋាភិបាល​អាច​ធ្វើ​អ្វីៗ​បាន​ស្រេច​តែ​ចិត្ត​ទៅ​លើ​ប្រព័ន្ធ​តុលាការ ពោល​គឺ​ប្រសិន​បើ​រដ្ឋាភិបាល​ចង់​លេង​ល្បែង​នយោបាយ​ប្រើ​ឥទ្ធិពល​របស់​ខ្លួន​លើ​ប្រព័ន្ធ​តុលាការ ដើម្បី​ចាត់​ការ​មន្ត្រី​បក្ស​ប្រឆាំង​នោះ គឺ​អាច​ធ្វើ​ទៅ​បាន​ទៅ​លើ​បណ្ដឹង​ដែល​គណបក្ស​ប្រជាជន​កម្ពុជា ចង់​ប្ដឹង​នោះ តែ​បើ​ផ្អែក​លើ​ផ្លូវ​ច្បាប់​អំពី​ករណី​បណ្ដឹង​នេះ មិន​អាច​ទៅ​រួច​ទេ។

លើស​ពី​នេះ​ទៀត លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចំអក​ឲ្យ​គណបក្ស​ប្រឆាំង និង​ជំរុញ​ឲ្យ​គណបក្ស​គូ​ប្រជែង​នេះ​បោះបង់​ការ​ប្រកួត​នៅ​មុន​ថ្ងៃ​ប្រកួត​មក​ដល់​ដែរ។ លោក ហ៊ុន សែន បញ្ជាក់​ថា លោក​ស្វាគមន៍​បើ​សិន​ជា​គណបក្ស​សង្គ្រោះ​ជាតិ មិន​ចូលរួម​បោះឆ្នោត​នោះ។

ការ​ប្រកាស​បែប​នេះ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្វើ​ឡើង​នៅ​បន្ទាប់​ពី​មន្ត្រី​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រកាស​ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​ចូលរួម​បោះឆ្នោត តែ​នឹង​មិន​ទទួល​យក​លទ្ធផល​បោះឆ្នោត​ទេ ប្រសិន​បើ​សកម្មជន​គណបក្ស​ប្រជាជន​កម្ពុជា នៅ​តែ​រំខាន​វេទិកា​របស់​គណបក្ស​សង្គ្រោះ​ជាតិ និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត រៀបចំ​បោះឆ្នោត​មាន​ភាព​មិន​ប្រក្រតី​កើត​ឡើង​នៅ​ពេល​បោះឆ្នោត​នោះ។

ភ្ជាប់​ទៅ​នឹង​បញ្ហា​នេះ អ្នក​វិភាគ​បាន​លើក​ឡើង​ថា នៅ​ក្នុង​បរិបទ​បច្ចុប្បន្ន​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ត្រូវ​តែ​រៀបចំ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​រៀបចំ​ការពារ​គ្រប់​គណបក្ស​នយោបាយ​ទាំងអស់​ឲ្យ​មាន​ការ​ប្រកួត​ប្រជែង​ឲ្យ​បាន​ស្មើ​ភាព​គ្នា ក្នុង​នាម​លោក​ជា​នាយក​រដ្ឋមន្ត្រី​ដឹកនាំ​រដ្ឋាភិបាល​នោះ។

អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា ការ​ព្រមាន​ប្ដឹង​ផ្ដល់​គ្នា​អំពី​ការ​រិះគន់​គ្នា​ទាក់ទង​នឹង​រឿង​នយោបាយ​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​នេះ មិន​មែន​ជា​ដំណោះស្រាយ​នោះ​ទេ ប៉ុន្តែ​បើ​សិន​ជា​មេ​ដឹកនាំ​គណបក្ស​ប្រឆាំង និង​គណបក្ស​កាន់​អំណាច​ចង់​ត​ទល់​គ្នា​អំពី​រឿង​អ្វី​មួយ​នៅ​មុន​ពេល​បោះឆ្នោត​នេះ ពួក​គាត់​ត្រូវ​ឡើង​ត​ទល់​គ្នា​នៅ​ក្នុង​វេទិកា ដើម្បី​វែកញែក​ឲ្យ​ប្រជាពលរដ្ឋ​បាន​ដឹង។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ អ្នក​វិភាគ​បាន​លើក​ឡើង​ថា សកម្មភាព​របស់​នាយក​រដ្ឋមន្ត្រី​ទៅ​លើ​មេ​ដឹកនាំ​គណបក្ស​ប្រឆាំង​នេះ ជា​រូបភាព​ដាក់​សម្ពាធ​ផ្នែក​នយោបាយ​នៅ​មុន​ពេល​បោះឆ្នោត​បាន​មក​ដល់។ អ្នក​វិភាគ​បាន​សង្កត់​ធ្ងន់​ថា ប្រសិន​បើ​គណបក្ស​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ដើម្បី​ចាត់​ការ​មន្ត្រី​បក្ស​ប្រឆាំង​នៅ​មុន​ពេល​បោះឆ្នោត​នេះ គណបក្ស​ប្រឆាំង​នឹង​មិន​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត ពីព្រោះ​ការ​ប្រកួត​ប្រជែង​នោះ​ឆ្លុះ​បញ្ចាំង​អំពី​អតុល្យភាព​ក្នុង​ការ​ប្រកួត​ប្រជែង​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ។ នៅ​ពេល​នោះ រដ្ឋាភិបាល​ថ្មី​ក្លាយ​ទៅ​ជា​រដ្ឋាភិបាល​ចាំ​ផ្ទះ ហើយ​នឹង​មាន​ការ​ថ្កោលទោស​ពី​អន្តរជាតិ ដោយ​ហេតុ​ថា​កម្ពុជា ជា​សមាជិក​អង្គការ​សហប្រជាជាតិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។