លោក ហ៊ុន សែន ព្រមាន​ដក​អាជ្ញាប័ណ្ណ​ពី​ក្រុមហ៊ុន​ទទួល​សិទ្ធិ​វិនិយោគ​កោះ

0:00 / 0:00

មន្ត្រី​ក្រុម​ការងារ​ទេសចរណ៍​បាន​រក​ឃើញ​ថា ក្រុមហ៊ុន​ទទួល​សិទ្ធិ​វិនិយោគ​តំបន់​ឆ្នេរ និង​កោះ​មួយ​ចំនួន​នៅ​កម្ពុជា មិន​បាន​ដំណើរ​ការ​គម្រោង​វិនិយោគ​របស់​ខ្លួន​ទេ ដោយ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ត្រួត​ពិនិត្យ​ក្រុមហ៊ុន​ទាំង​នោះ​ឡើង​វិញ។

ទាក់ទង​នឹង​បញ្ហា​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ជំរុញ​ឲ្យ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ហៅ​កាត់​ថា ស៊ី.ឌី.ស៊ី ( CDC) ពិនិត្យ​មើល​ឡើង​វិញ ចំពោះ​ក្រុមហ៊ុន​ទាំង​នោះ។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី ដោយ​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​បាន​ចាត់​ទុក​ការ​ផ្ដល់​តំបន់​ឆ្នេរ និង​កោះ ជួល​ឲ្យ​ក្រុមហ៊ុន​ឯកជន​នោះ​ជា​រឿង​ខុស​ច្បាប់។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្រមាន​ដក​អាជ្ញាប័ណ្ណ​ពី​ក្រុមហ៊ុន​ទទួល​សិទ្ធិ​វិនិយោគ​កោះ​មួយ​ចំនួន​នៅ​កម្ពុជា ដែល​វិនិយោគ​ធ្វើ​ជា​តំបន់​ទេសចរណ៍ ហើយ​មិន​បាន​គោរព​តាម​គោលការណ៍​របស់​រដ្ឋាភិបាល​នោះ។

លោក ហ៊ុន សែន ថ្លែង​នៅ​ក្នុង​វេទិកា​រាជ​រដ្ឋាភិបាល​ផ្នែក​ឯកជន​លើក​ទី​១៧ នៅ​វិមាន​សន្តិភាព​ថ្ងៃ​ទី​៤ មីនា ដោយ​លោក​បញ្ជា​ឲ្យ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ស៊ី.ឌី.ស៊ី ពិនិត្យ​មើល​កិច្ច​សន្យា និង​សកម្មភាព​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន​ទាំង​នោះ​ឡើង​វិញ ប្រសិន​បើ​ក្រុមហ៊ុន​ទទួល​សិទ្ធិ​វិនិយោគ​ឆ្នេរ កោះ មិន​បាន​គោរព​តាម​កិច្ច​សន្យា​របស់​គណៈកម្មាធិការ​វិនិយោគ​ទេ ត្រូវ​ដក​ហូត​អាជ្ញាប័ណ្ណ ឬ​កិច្ច​សន្យា​វិញ។

«សំឡេង»

លោក ហ៊ុន សែន បាន​បញ្ជា​ដូច្នេះ​ជា​ការ​ឆ្លើយ​តប​ទៅ​សហ​ប្រធាន​ក្រុម​ការងារ​ទេសចរណ៍ លោក ហូ វណ្ឌី ដែល​លោក​បាន​លើក​ឡើង​ថា ក្រុមហ៊ុន​ឯកជន​បាន​ទទួល​សិទ្ធិ​វិនិយោគ​កោះ​នៅ​កម្ពុជា មាន​ចំនួន​ជាង ២០​កោះ តែ​កោះ​ដែល​ក្រុមហ៊ុន​ធ្វើ​ការ​អភិវឌ្ឍ​នោះ​មាន​ប្រមាណ​ជា ៦​កោះ​ទេ គិត​ពី​ឆ្នាំ​២០០៥ មក ដែល​រដ្ឋាភិបាល​វិនិយោគ​ឲ្យ​ក្រុមហ៊ុន​ក្នុង​ស្រុក និង​ក្រុមហ៊ុន​ក្រៅ​ស្រុក។

«សំឡេង»

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី មាន​ប្រសាសន៍​នៅ​ក្នុង​វីដេអូ​ឃ្លិប​មួយ​នៅ​ក្នុង​ទំព័រ​ហ្វេសប៊ុក (Facebook) ផ្ទាល់​ខ្លួន​របស់​លោក កាល​ពី​ថ្ងៃ​ទី​៣ មីនា នៅ​ខណៈ​លោក​បាន​ទៅ​កម្សាន្ត​នៅ​ខេត្ត​កែប ថា ការ​វិនិយោគ​តំបន់​ឆ្នេរ​សមុទ្រ និង​កោះ របស់​រដ្ឋាភិបាល​ឲ្យ​ទៅ​ក្រុមហ៊ុន​ឯកជន​នោះ ជា​រឿង​ខុស​ច្បាប់ ពីព្រោះ​តំបន់​ឆ្នេរ និង​កោះ​ជា​ទ្រព្យ​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ មិន​អាច​យក​ទៅ​ជួល​បាន​ទេ។

«សំឡេង»

រដ្ឋាភិបាល​បាន​ផ្ដល់​ដី​កោះ និង​តំបន់​ឆ្នេរ​មួយ​ចំនួន​ឲ្យ​ក្រុមហ៊ុន​ឯកជន​វិនិយោគ​រយៈពេល​វែង​រហូត​ដល់ ៩៩​ឆ្នាំ ដូច​ជា​កោះ​ទន្សាយ ជាដើម។

អ្នក​ឃ្លាំ​មើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក កែម ឡី មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​ឲ្យ​សើរើ​កិច្ច​សន្យា​ឡើង​វិញ​ទាក់ទង​នឹង​ការ​ជួល​កោះ​ឲ្យ​ក្រុមហ៊ុន​ឯកជន​នេះ​ជា​រឿង​ល្អ​មួយ។ ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី លោក​បញ្ជាក់​ថា តំបន់​កោះ​ជា​តំបន់​រសើប​មួយ​ដែល​ប្រទាញប្រទង់​គ្នា​ច្រើន​ណាស់។ លោក​បញ្ជាក់​ថា នៅ​ប្រទេស​មួយ​ចំនួន​គេ​មិន​វិនិយោគ​ឲ្យ​ក្រុមហ៊ុន​ឯកជន​ទេ គឺ​រដ្ឋាភិបាល​លើក​ទឹក​ចិត្ត​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​រស់​នៅ​ឲ្យ​បាន​ច្រើន ព្រោះ​ប្រជាពលរដ្ឋ​ជា​របង​ដ៏​រឹងមាំ​សម្រាប់​ព្រំដែន ពិសេស គឺ​ដែន​ទឹក។

«សំឡេង»

អ្នក​វិភាគ​បាន​លើក​ឡើង​ថា រដ្ឋាភិបាល​ត្រូវ​លុប​ចោល​ការ​ផ្ដល់​ការ​វិនិយោគ​តំបន់​ឆ្នេរ​នោះ​វិញ ពីព្រោះ​តំបន់​ឆ្នេរ​ជា​ទ្រព្យ​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ ដែល​កំណត់​ក្នុង​ច្បាប់។ ហើយ​ការ​ផ្ដល់​វិនិយោគ​តំបន់​ឆ្នេរ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ ពួក​គាត់​មិន​អាច​នេសាទ និង​ប្រកប​អាជីវកម្ម​តាម​ឆ្នេរ​បាន និង​ករណី​ផ្សេងៗ​ទៀត។ អ្នក​ឃ្លាំ​មើល​ផ្នែក​អភិវឌ្ឍន៍​សង្គម​សង្កត់​ធ្ងន់​ថា រដ្ឋាភិបាល​ជួល​ដី​ឲ្យ​ក្រុមហ៊ុន​ឯកជន​នេះ ជា​សកម្មភាព​អភិវឌ្ឍ​គាំទ្រ​អ្នក​មាន ហើយ​ក្រុមហ៊ុន​ទាំង​នោះ​រហូត​ដល់​ចាក់​ដី​ចូល​សមុទ្រ​ពង្រីក​ផ្ទៃ​ឆ្នេរ​ថែម​ទៀត​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។