ការរឹតបន្តឹងយកគុណភាពក្នុងវិស័យអប់រំនៅពេលប្រឡង កំពុងក្លាយជាប្រធានបទមួយធ្វើឲ្យមានក្ដីបារម្ភ។ បញ្ហានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសជាថ្មីម្ដងទៀតថា ការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប នៅឆ្នាំ២០១៥ នេះ នឹងមិនអនុញ្ញាតឲ្យមានអ្នកបើកចម្លងនោះឡើយ ពោលគឺអ្នកប្រឡងជាប់ត្រូវមានសមត្ថភាពពិតប្រាកដ។
មន្ត្រីសង្គមស៊ីវិលដែលធ្វើការលើផ្នែកអប់រំ បានសាទរចំពោះសាររបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបន្តរឹតបន្តឹងពេលប្រឡងដើម្បីចម្រាញ់យកអ្នកមានសមត្ថភាពពិតប្រាកដ ប៉ុន្តែពួកគេយល់ថា បើចង់បានគុណភាពអប់រំនោះ ក្រសួងអប់រំត្រូវតែពង្រឹងការងារអប់រំនេះចាប់តាំងពីថ្នាក់មូលដ្ឋានទៅ។
ប្រធានអង្គការ អេដ.អេ.អាក់ស្យុង (Aide et Action International) ប្រចាំប្រទេសកម្ពុជា លោក វន សំភាស់ មានប្រសាសន៍នៅថ្ងៃទី១១ ឧសភា ថា ទន្ទឹមនឹងការពង្រឹងការប្រឡងនេះ គឺទាមទារឲ្យរដ្ឋាភិបាលមានការវិនិយោគបន្ថែមទៅលើកម្មវិធីអប់រំចាប់តាំងពីថ្នាក់មត្តេយ្យ ដែលអាចឲ្យមានធនធានតាំងពីកម្រិតមូលដ្ឋានទៅ។ លោកថា រដ្ឋាភិបាលពិសេសក្រសួងអប់រំ យុវជននិងកីឡា ផ្ទាល់ ត្រូវពង្រឹងកម្មវិធីអប់រំពីថ្នាក់មូលដ្ឋានដែលនៅមានបញ្ហាជាច្រើន។ មួយវិញទៀតក៏នឹងត្រូវផ្ដោតសំខាន់ទៅលើក្រុមកុមារក្រីក្រងាយរងគ្រោះកំពុងនៅក្រៅសាលាដែលពួកគេមិនទទួលមានឱកាសចូលរៀននោះដែរ៖ «បើយើងចម្រុះបានតែថ្នាក់ទី១២ តែមានកុមារជាច្រើនដែលមិនទាន់ដល់ថ្នាក់ទី១២ផង គាត់បាត់បង់ឱកាស មុនហ្នឹងបាត់ទៅហើយ»។
លោកអះអាងបែបនេះ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងជាសាធារណៈនៅក្នុងពិធីចែកសញ្ញាប័ត្រឲ្យនិស្សិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុប ថ្ងៃទី១១ ឧសភា។ លោក ហ៊ុន សែន បញ្ជាក់ថា នៅពេលប្រឡងបាក់ឌុប ឆ្នាំ២០១៥នេះ ក្រសួងអប់រំត្រូវតែបន្តពង្រឹងកុំឲ្យមានភាពធូររលុង និងមានអំពើពុករលួយក្នុងពេលប្រឡង៖ «ជិតដល់ប្រឡងបាក់ឌុបហើយ នៅសល់តែប៉ុន្មានខែទៀតទេ អត់មានបន្ធូរទេ តិចតែឃើញធ្លាក់ច្រើនហើយ ចាប់ផ្ដើមស្ទូចពិន្ទុអត់ទេណា!»។
ក្នុងពេលធ្វើកំណែទម្រង់ការប្រឡងសញ្ញាប័ត្រ មធ្យមសិក្សាទុតិយភូមិ ឬហៅថា បាក់ឌុប ដែលធ្វើឡើងភ្លាមៗ របស់ក្រសួងអប់រំយុវជន និងកីឡា កាលពីឆ្នាំ២០១៤ នោះ គឺមានបេក្ខជនជាង ២ម៉ឺននាក់ប៉ុណ្ណោះដែលប្រលងជាប់ ក្នុងចំណោមបេក្ខជនបានដាក់ពាក្យប្រឡងជិត ៩ម៉ឺននាក់។ នៅពេលនោះចំពោះបេក្ខជនរាប់ម៉ឺននាក់បានប្រឡងធ្លាក់ ហើយលោកនាយករដ្ឋមន្ត្រីបានប្រកាសឲ្យបេក្ខជនទាំងនោះមានឱកាសបានប្រឡងម្ដងទៀត។ ជាលទ្ធផលប្រឡងលើកទី២ មានបេក្ខជនជាង ១ម៉ឺននាក់ ថែមទៀតដែលបានប្រឡងជាប់។
ទោះយ៉ាងណាបញ្ហានេះ ត្រូវបានរងការរិះគន់ពីមជ្ឈដ្ឋានទូទៅថា ក្រសួងអប់រំគួរតែប្រើពេលវេលាពង្រឹងគុណភាពអប់រំជាមុនសិន មិនត្រូវអនុវត្តការរឹតបន្តឹងពេលប្រលងឆាប់ៗដូចការដែលក្រសួងអប់រំ បានអនុវត្តនេះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
