លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី៤ សីហា បានសម្ដែងមោទនភាពចំពោះសន្តិភាពនៅកម្ពុជា ដែលលោកអះអាងថា ជាសន្តិភាពយូរអង្វែង ហើយបានសន្យាថា រដ្ឋាភិបាលនឹងព្យាយាមរក្សាសន្តិភាពនេះបន្តទៅទៀត ដោយមិនអនុញ្ញាតឲ្យជនណាដែលញុះញង់អំពើហិង្សា និងជនដែលប្រព្រឹត្តអំពើហិង្សា នឹងមិនត្រូវលើកលែងទោសឲ្យទេ។
លោក ហ៊ុន សែន ថ្លែងដូច្នេះនៅក្នុងពិធីចែកសញ្ញាប័ត្រដល់និស្សិតសាកលវិទ្យាល័យវេស្ទើន នាមជ្ឈមណ្ឌលកោះពេជ្រ ព្រឹកថ្ងៃចន្ទ ទី៤ ខែសីហា ដោយលើកឡើងថា កម្ពុជាមិនមានការបះបោរដូចបណ្ដាប្រទេសនៅអឺរ៉ុបទេ សូម្បីតែសង្គ្រាមសាសនាក៏មិនមានដែរ ហើយលោកប្ដេជ្ញាថា នឹងរក្សាសន្តិភាពនេះបន្តទៅទៀត។
លោក ហ៊ុន សែន៖ «យើងពិតជាមានមោទនភាពជាមួយនឹងបញ្ហាសុខដុមនីយកម្មរវាងជនជាតិនិងសាសនានៅក្នុងប្រទេសរបស់យើង ទោះបីជាសាសនាខុសគ្នា ក៏ប៉ុន្តែយើងមិនដែលមានបញ្ហាទេ ហើយសាសនានីមួយៗមាននិកាយខុសគ្នា ដូចជាព្រះពុទ្ធមានធម្មយុត្ត និងមហានិកាយ ក៏គ្មានបញ្ហាជាមួយគ្នាដែរ។ កន្លងទៅយើងមានសេចក្ដីរីករាយនៅពេលមានព្រះរាជពិធីក្នុងព្រះបរមរាជវាំង គឺមានការចូលរួមទាំងមហានិកាយ ទាំងធម្មយុត្ត។ ឥស្លាមសាសនា ក៏មាននិកាយខុសៗគ្នា គ្រឹះសាសនាក៏មាននិកាយខុសគ្នា ក៏ប៉ុន្តែយើងអត់ដែលមានបញ្ហាទេ។ នៅក្នុងតំបន់របស់យើងមានប្រទេសមួយចំនួនដែលខ្ញុំមិនចាំបាច់ចេញឈ្មោះទេ មូស្លីមវាយប្រហារលើព្រះពុទ្ធ ព្រះពុទ្ធវាយប្រហារលើមូស្លីម គ្រិស្តវាយប្រហារលើមូស្លីម មូស្លីមវាយមកលើគ្រិស្ត អ៊ីចឹងធ្វើយ៉ាងម៉េចប្រទេសរបស់យើងឲ្យមានភាពនឹងនក្នុងនយោបាយទាក់ទងជាមួយជាតិសាសន៍និងសាសនា»។
ទោះបីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនបានលើកឡើងឈ្មោះប្រទេសក្នុងតំបន់អាស៊ីដែលមានជម្លោះជាតិសាសន៍ និងជម្លោះសាសនា ក៏មានព័ត៌មានជាច្រើនផ្សព្វផ្សាយអំពីសង្គ្រាមសាសនារវាងព្រះពុទ្ធនិងមូស្លីមនៅប្រទេសភូមា សង្គ្រាមសាសនារវាងមូស្លីម និងយេស៊ូគ្រឹះ នៅប្រទេសអាហ្វហ្គានីស្ថាន និងប៉ាគីស្ថាន ជាដើម។
ដោយឡែកប្រទេសកម្ពុជា មិនមានសង្គ្រាមសាសនាធំដុំទេ តែជារឿយៗ តែងមានជម្លោះរវាងព្រះសង្ឃនិងព្រះសង្ឃ ឬព្រះសង្ឃកាន់ជើងបក្សនយោបាយជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។