លោក ហ៊ុន សែន គំរាម​ជា​ថ្មី​ពី​ផល​លំបាក​នៃ​ប្រទេស​ដែល​កើត​សង្គ្រាម

ដោយ តាំង សារ៉ាដា
2017.12.13
ហ៊ុន សែន ២០១៦ ៨៥៥ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត នា​​កោះពេជ្រ នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០១៦។
Photo: RFA

លោក ហ៊ុន សែន គំរាម​ជា​ថ្មី​ទៀត​ថា កាល​ណា​ប្រទេស​មាន​សង្គ្រាម​នឹង​ផ្ដល់​ផល​លំបាក​ខ្លាំង​ណាស់ ទាំង​ការ​រស់​នៅ និង​ជីវិត។ អ្នក​វិភាគ​នយោបាយ​យល់​ឃើញ​ថា សារ​នយោបាយ​របស់​លោក ហ៊ុន សែន គឺ​របៀប​ប្រជាភិថុតិ ដើម្បី​កម្លាច​ពលរដ្ឋ​កុំ​ឲ្យ​ងាក​ចេញ​ពី​គោលនយោបាយ​បក្ស​កាន់​អំណាច​ប៉ុណ្ណោះ។

​ការ​ប្រកាស​ថា ប្រទេស​នឹង​មាន​សង្គ្រាម ឬ​បើ​មាន​សង្គ្រាម អ្នក​ដែល​រងគ្រោះ​ជាងគេ​គឺ​ពលរដ្ឋ​ទៅ​វិញ​ទេ​ជាដើម​នោះ វា​ពុំ​មែន​ជា​រឿង​ថ្មី​ឡើយ​សម្រាប់​លោក​នាយករដ្ឋមន្ត្រី ហើយក៏​ជា​ហេតុផល​នយោបាយ​មួយ​ក្នុង​ចំណោម​ហេតុផល​នយោបាយ​ដទៃ​ទៀត​ដែល​លោក ហ៊ុន សែន ត្រៀម​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្លាច​រួច​ជា​ស្រេច ដើម្បី​ឈាន​ទៅ​កាន់​អំណាច​បន្ត​ទៀត​នៅ​អាណត្តិ​ទី​៦ ខាង​មុខ​នេះ។

ការ​អះអាង​ដូច​នេះ​របស់​លោក ហ៊ុន សែន ធ្វើ​ឡើង​ក្នុង​ពេល​ដែល​លោក​ចុះ​ជួប​កម្មករ​រាប់​ពាន់​នាក់​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​ធ្នូ។ លោក​នាយករដ្ឋមន្ត្រី​ដែល​រង​ការ​រិះគន់​ថា ជា​អ្នក​នយោបាយ​ដែល​ក្រាញ​អំណាច​បាន​ថ្លែង​នៅ​ចំពោះ​មុខ​កម្មករ​រោងចក្រ​ថា កម្ពុជា​ធ្លាប់​ឆ្លង​កាត់​របប​ជូរចត់​នៅ​ក្នុង​អតីតកាល​ល្មម​គ្រប់គ្រាន់​ហើយ។

ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា រូប​នេះ​យល់​ឃើញ​ថា នៅ​ពេល​ប្រទេស​មាន​សង្គ្រាម អ្វីៗ​នឹង​ត្រូវ​បាត់បង់ ទាំង​ឱកាស​នៃ​ការ​វិនិយោគ និង​ការ​អប់រំ​ក៏​មិន​អាច​ដំណើរការ​បាន​ដែរ៖ «ដំណើរការ​អភិវឌ្ឍន៍​សង្គម​ដើម្បី​អភិវឌ្ឍន៍​ភាព​ក្រីក្រ។ វា​ចាប់​ផ្ទៃ​បាន​តែ​ក្នុង​ប្រទេស​មាន​សន្តិភាព​ប៉ុណ្ណោះ ប៉ុន្តែ​វា​មិន​ចាប់​ផ្ទៃ​ក្នុង​ប្រទេស​ដែល​មាន​សង្គ្រាម​នោះ​ទេ។ អតីតកាល​នៃ​ប្រទេស​កម្ពុជា បាន​បង្ហាញ​គ្រប់គ្រាន់​អំពី​មេរៀន​នៃ​ពិសោធន៍​ប្រទេស​ដ៏​កម្សត់​មួយ​នេះ។ នៅ​ពេល​មាន​សង្គ្រាម មាន​តែ​យើង​រត់​ចោល​ដីធ្លី មាន​តែ​រោងចក្រ មាន​តែ​រត់​ចោល​សាលារៀន គ្មាន​ទេ​សេចក្ដី​សុខ សូម្បី​សាលា​ខ្លះ​អាច​នៅ​បង្រៀន​បាន​ក៏​ត្រូវ​ជីក​លេណដ្ឋាន​ដែរ»

​បើ​ទោះ​ជា​បែប​ណា ស្ទើរ​ពេញ​មួយ​អាណត្តិ​សម្រាប់​នីតិកាល​ទី​៥​នេះ ទាំង​លោក ហ៊ុន សែន និង​មន្ត្រី​របស់​លោក​សង្កេត​ឃើញ​ថា ចូល​ចិត្ត​បំផុត​លើក​យក​ពី​ការ​ផ្ទុះ​សង្គ្រាម ប្រទេស​កម្ពុជា អាច​នឹង​កើត​សង្គ្រាម បើ​បក្ស​ប្រឆាំង​ឈ្នះ និង​គ្រោះ​មហន្តរាយ​នៃ​ប្រទេស​ដែល​ឆ្លងកាត់​សង្គ្រាម​ជាដើម។

អ្នក​វិភាគ​នយោបាយ​យល់​ឃើញ​ថា ការ​លើក​ហេតុផល​ពី​ភាព​ប្រឈម​មុខ​នៃ​សង្គ្រាម​នេះ ចេតនា​ធំ​បំផុត​របស់​មេដឹកនាំ ធ្វើ​យ៉ាង​ណា​ព្យាយាម​កម្លាច​អ្នក​គាំទ្រ​ឲ្យ​បាត់បង់​ទំនុក​ក្នុង​ការ​ដូរ​មេដឹកនាំ។ មិន​តែ​ប៉ុណ្ណោះ នេះ​ក៏​ជា​របៀប​រក្សា​អំណាច​មួយ​បែប​ក្នុង​ចំណោម​យុទ្ធសាស្ត្រ​ផ្សេង​ទៀត​របស់​បក្ស​ដែល​គ្រប់គ្រង​រដ្ឋាភិបាល​ដែរ។

​លោក​បណ្ឌិត ឡៅ ម៉ុងហៃ អ្នក​វិភាគ យល់​ឃើញ​ថា នេះ​របៀប​ដឹកនាំ​តាម​វិធីសាស្ត្រ​ផ្ដាច់ការ​សម្រាប់​ប្រទេស​ដែល​អនុវត្ត​គោលនយោបាយ​កុម្មុយនិស្ត។ អ្នកវិភាគ​ចាស់​វស្សា​រូប​នេះ​មិន​រំពឹង​ថា លោក ហ៊ុន សែន នឹង​ព្រម​ចុះ​ចេញ​ពី​អំណាច​ដោយ​ស្រួល​នោះ​ឡើយ ដរាបណា​ជីវិត​របស់​លោក​នៅ​តែ​អាច​ធ្វើ​នយោបាយ​បាន​ដូច​សព្វថ្ងៃ​នេះ។ បន្ថែម​ពីលើ​នេះ​ទៀត លោក​បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា លោក ហ៊ុន សែន នឹង​ហ៊ាន​កម្ទេច​អ្វីៗ​ទៀត​បាន ឬ​អាច​ហ៊ាន​ពលិកម្ម​ឲ្យ​អាច​នៅ​រក្សា​អំណាច​បាន ប្រសិន​លោក​យល់​ឃើញ​ថា ធ្វើ​ឲ្យ​មាន​ឧបសគ្គ​ដល់​ការ​កាន់​កាប់​តួនាទី​របស់​គាត់​ត​ទៅ​មុខ​ទៀត៖ «យុទ្ធសាស្ត្រ​គឺ​ដើម្បី​ថៃ​រក្សា​អំណាច​ហ្នឹង និង​កំពុង​ពង្រឹង​អំណាច​ថែម​ទៀត។ បើ​សិន​មាន​អ្នក​ណា​គំរាម​កំហែង​ដល់​មុខ​តំណែង​គាត់ អា​ហ្នឹង​គាត់​កាត់​ក​ទៅ។ អា​ហ្នឹង​យើង​ថា​ម៉េច​ដើម្បី​ឲ្យ​ចំ គឺ​កាត់​ក្បាល​តែម្ដង និង​រហូត​ហ៊ាន​កាត់​ដល់​ខ្លួន​ទៀត។ នេះ​ជា​ការ​អនុវត្ត​វិធានការ​កន្លង​ទៅ»

​​បើ​ទោះ​ជា​បែប​ណា លោក ហ៊ុន សែន ធ្លាប់​អះអាង​ហើយ​ថា នឹង​មិន​ព្រម​ផ្ទេរ​អំណាច​ឲ្យ​បក្ស​ប្រឆាំង​ឡើយ ក្រៅពី​ក្រុម​គ្រួសារ និង​គណបក្ស​របស់​លោក។ លោក ហ៊ុន សែន ដែល​រង​ការ​រិះគន់​ថា ជា​មេដឹកនាំ​ក្រាញ​អំណាច ហើយ​ដឹកនាំ​យូរ​ជាងគេ​នៅ​តំបន់​អាស៊ី​នេះ ប្រកាស​ជំហរ​ថា បើ​ពេល​នេះ ទោះ​មិន​មាន​បក្ស​ប្រឆាំង​ចូលរួម​បោះឆ្នោត ហើយ​ជំនួយ​ផ្នែក​បច្ចេកទេស​បោះឆ្នោត ត្រូវ​កាត់ផ្ដាច់​ក្ដី ក៏​ដំណើរការ​បោះឆ្នោត​នៅតែ​អាច​ទៅ​មុខ​ដដែល។

​អ្នក​វិភាគ​នយោបាយ​យល់​ឃើញ​ថា ប្រសិនបើ​លោក ហ៊ុន សែន ធ្វើ​សេចក្ដី​សម្រេចចិត្ត​ដូចនេះ​មែន នោះ​នឹង​នាំ​ឲ្យ​កម្ពុជា ក្លាយ​ជា​រដ្ឋ​ដែល​ឯកោ ហើយ​ការ​បោះឆ្នោត​ខាង​មុខ​នេះ​ទៀត​សោត សហគមន៍​អន្តរជាតិ​មិន​ទទួល​ស្គាល់​ថា ជា​ការ​បោះឆ្នោត​ដែល​ត្រឹមត្រូវ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។