"លោក ហ៊ុន សែន មិន​អាច​ហាម​កម្មករ​មិន​អោយ​ធ្វើ​បាតុកម្ម-​​កូដកម្ម​បាន​ទេ"

ដោយ ទីន ហ្សាការីយ៉ា
2017.12.07
កម្មករ​តវ៉ា​បិទ​ផ្លូវ កណ្ដាល ២០១៦ ៨៥៥ កម្មករ​រោងចក្រ​តម្បាញ ហ្គ្រេត អននើរ ថេកស្ថាយល៍ (Great Honor Textile Factory) នៅ​ឃុំ​ស្វាយរលំ ស្រុក​ស្អាង ខេត្ត​កណ្ដាល តវ៉ា​បិទ​ផ្លូវ​លេខ​២១​អា នៅ​ថ្ងៃ​ទី​១៩ ខែ​កញ្ញា ឆ្នាំ​២០១៦។
Photo: RFA

កម្មករ​រោងចក្រ​ជ្រើស​យក​ការ​ធ្វើ​បាតុកម្ម​ជា​ជម្រើស​ចុង​ក្រោយ ដើម្បី​ដាក់​លក្ខខណ្ឌ​ដល់​ថៅកែ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ដោះស្រាយ​ជម្លោះ​ការងារ​ជូន​ឲ្យ​បាន​ឆាប់ ក៏ប៉ុន្តែ​ត្រូវ​បាន​លោក ហ៊ុន សែន ព្រមាន​ថា ការ​ធ្វើ​បាតុកម្ម​បិទ​ផ្លូវ​ជា​រឿង​ខុស​ច្បាប់ ហើយ​អំពាវនាវ​ឲ្យ​កម្មករ​បញ្ឈប់​ធ្វើ​កូដកម្ម បាតុកម្ម​បិទ​ផ្លូវ​ទៅ​វិញ។ អាជ្ញា​រដ្ឋាភិបាល​កន្លង​មក​តែងតែ​បង​បង្ក្រាប និង​ប្រើ​អំពើ​ហិង្សា មាន​ការ​បាញ់រះ​ទៅ​លើ​ហ្វូង​បាតុករ​របស់​កម្មករ​ជាដើម ដែល​បញ្ហា​នេះ​អ្នក​ច្បាប់​ចាត់​ទុក​ថា ជា​ទង្វើ​រំលោភ​សិទ្ធិមនុស្ស និង​ខុស​ច្បាប់។

​ក្រុម​សហជីព និង​អ្នក​ច្បាប់​លើក​ឡើង​ថា ការ​អំពាវនាវ​របស់​លោក ហ៊ុន សែន ឲ្យ​កម្មករ​បញ្ឈប់​ការ​ធ្វើ​បាតុកម្ម​បិទ​ផ្លូវ​នោះ មិន​អាច​ធ្វើ​ទៅ​រួច​ទេ ដរាបណា​រដ្ឋាភិបាល​មិនបាន​ចេញមុខ​ដោះស្រាយ​ការរំលោភ​សិទ្ធិ​កម្មករ​ឲ្យ​បាន​ច្បាស់លាស់​ទេ​នោះ ម្យ៉ាង​ទៀត សិទ្ធិ​បាតុកម្ម​ដោយ​សន្តិវិធី​ត្រូវ​បាន​ធានា​នៅ​ក្នុង​ច្បាប់។

​ក្រុម​សហជីព​អះអាង​ថា គ្មាន​កម្មករ​ណា​ម្នាក់​ចង់​ធ្វើ​បាតុកម្ម​ទេ បើសិនជា​គ្មាន​ការ​រំលោភ​ពី​និយោជក ឬ​បើក​ប្រាក់​ខែ និង​ប្រាក់​ឧបត្ថម្ភ​ផ្សេងៗ​ទៀង​ទាត់ និង​មាន​យន្តការ​ដោះស្រាយ មាន​ការ​ចូល​រួម​ពី​តំណាង​រដ្ឋាភិបាល​ច្បាស់​លាស់។

ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ មាន​ប្រសាសន៍​ថា សិទ្ធិ​ធ្វើ​បាតុកម្ម​ត្រូវ​បាន​ធានា​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ស្ដីពី​បាតុកម្ម​ដោយ​សន្តិវិធី ហើយ​កន្លង​មក​កម្មករ​សម្រេច​ធ្វើ​បាតុកម្ម​នោះ គឺ​ជា​ជម្រើស​ចុងក្រោយ នៅ​បន្ទាប់​ពី​ការ​ចរចា​ជម្លោះ​ការងារ​មិន​បាន​សម្រេច ឬ​មាន​ការ​គាប​សង្កត់​ពី​ខាង​នយោបាយ​ជន​ជាដើម។ លោក​បន្ថែម​ថា កម្មករ​មិន​ចង់​ធ្វើ​បាតុកម្ម​បិទ​ផ្លូវ​អ្វី​ដែរ ប៉ុន្តែ​បើសិនជា​ខាង​ស្ថាប័ន​ពាក់ព័ន្ធ​មាន​យក​ការ​ច្បាស់លាស់​ក្នុង​ការ​ដោះស្រាយ​ទំនាស់ ការ​ធ្វើ​បាតុកម្ម​បិទ​ផ្លូវ​ក៏​មិន​អាច​កើត​ឡើង​ដែរ៖ «»។

ការ​លើក​ឡើង​ដូច្នេះ នៅ​ក្រោយ​ពេល​លោក ហ៊ុន សែន បាន​ជួប​ជាមួយ​កម្មករ​រោងចក្រ​នៅ​តំបន់​អូរឌឹម ក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ លោក ហ៊ុន សែន អំពាវនាវ​ឲ្យ​កម្មករ កម្មការិនី កុំ​នាំ​គ្នា​តវ៉ា​បិទ​ផ្លូវ ព្រោះ​ប៉ះពាល់​ដល់​សិទ្ធិ​អ្នក​ដទៃ៖ «»។

​ទោះបីជា​យ៉ាង​នេះ​ក្ដី កម្មករ​រោងចក្រ EVC ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​វ៉េងស្រេង សង្កាត់​ចោមចៅទី១ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ នៅ​តែ​​បន្ត​ធ្វើ​បាតុកម្ម​ដដែល​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៦ ខែ​ធ្នូ ស្រប​ពេល​លោក ហ៊ុន សែន អំពាវនាវ​ឲ្យ​បញ្ឈប់​ធ្វើ​បាតុកម្ម​នេះ ដើម្បី​ទាមទារ​ប្រាក់​អតីតភាព​ការងារ​ចំនួន ៥​ភាគរយ ជា​បន្ត​ទៀត។ ការ​បន្ត​ធ្វើ​បាតុកម្ម គឺ​បន្ទាប់ពី​អាជ្ញាធរ​មិន​អាច​សម្របសម្រួល​រក​ដំណោះស្រាយ​សមរម្យ​សម្រាប់​កម្មករ​បាន។

​កម្មការិនី​ម្នាក់ បាន​និយាយ​ថា ពួកគាត់​ត្រូវ​ការ​ប្រាក់​អត្ថប្រយោជន៍​អតីតភាព​ការងារ​ចំនួន ៥​ភាគរយ នៃ​ចំនួន​ឆ្នាំ​ដែល​ពួកគាត់​បាន​បម្រើ​ការងារ​នៅ​រោងចក្រ EVC។ ពួកគាត់​អះអាង​ថា គ្មាន​សហជីព ឬ​អ្នក​នយោបាយ​ណា​ញុះញង់​ពួកគាត់​ឲ្យ​ធ្វើ​បាតុកម្ម​ទាមទារ​ប្រាក់​អតីតភាព​ដូច​ការ​ចោទ​ប្រកាន់​របស់​លោក ហ៊ុន សែន ទេ គឺ​ពួកគាត់​នាំគ្នា​ទាមទារ​ដោយ​ខ្លួនឯង បន្ទាប់ពី​ពួកគាត់​លេច​ឮ​ថា រោងចក្រ​គ្រោង​នឹង​ផ្លាស់ប្ដូរ​ថៅកែ​រោងចក្រ៖ «»។

​កម្មករ​រោងចក្រ​កាត់ដេរ EVC បាន​ផ្ទុះ​ការ​តវ៉ា​ទាមទារ​ដំឡើង​ប្រាក់ និង​ឈាន​ដល់​បិទ​ផ្លូវ កាល​ពី​ថ្ងៃ​ទី​១ ខែ​ធ្នូ។ ទំព័រ​ហ្វេសប៊ុក (Facebook) ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២ ខែ​ធ្នូ ចុះ​ផ្សាយ​ថា អភិបាល​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង បាន​ដឹក​នាំ​មន្ត្រី​ជំនាញ​ចុះ​ទៅ​សម្របសម្រួល​ដោយ​ផ្ទាល់ និង​សំណូមពរ​ឲ្យ​កម្មករ​បើក​ផ្លូវ​វិញ ដោយ​សន្យា​ដោះស្រាយ​ឲ្យ​កម្មករ​នៅ​កាល​ពី​ថ្ងៃ​ទី​៤ ធ្នូ ជាមួយ​មន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ។

​ប៉ុន្តែ​កម្មករ​អះអាង​ថា មក​ទល់​ពេល​នេះ អាជ្ញាធរ និង​មន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ មិន​បាន​ជួយ​សម្របសម្រួល ឬ​ដោះស្រាយ​ឲ្យ​កម្មករ​ទេ ផ្ទុយ​ទៅ​វិញ​មាន​តែ​មន្ត្រី​ទាំង​នោះ មក​ព្រមាន​កម្មករ​ថា នរណា​ហ៊ាន​ចេញ​មុខ​តវ៉ា នឹង​ត្រូវ​ចាប់​ដាក់​ឡាន​បញ្ជូន​ទៅ​ប៉ុស្តិ៍​ប៉ូលិស។ កម្មករ​អះអាង​ថា ក្រុម​មន្ត្រី​មក​ជួប​កម្មករ កាល​ពី​ថ្ងៃ​ទី​៤ ធ្នូ តាម​ការ​សន្យា​របស់​អភិបាល​ក្រុង លោក ឃួង ស្រេង តែ​មិន​មែន​ពួកគេ​មក​ដោះស្រាយ​ទេ គឺ​មក​ដើរ​ថត​រូប​ក្រុម​អ្នក​តវ៉ា ហើយ​បំភិតបំភ័យ​ឲ្យ​ពួកគេ​ឈប់​តវ៉ា​ប្រឆាំង​ថៅកែ​រោងចក្រ​តែប៉ុណ្ណោះ។

​អតីត​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក ជា មុនី ជា​ប្អូនប្រុស​បង្កើត​លោក ជា វិជ្ជា ដែល​ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​នោះ​ អះអាង​ថា អ្នក​ដែល​មិន​គោរព​ច្បាប់​នោះ គឺ​ក្រុម​អាជ្ញាធរ​ទៅ​វិញ​ទេ ដែល​តែង​ធ្វើ​ទុក្ខបុកម្នេញ​មក​លើ​កម្មករ៖ «»។

លោក​មេធាវី ហែម សុជាតិ មាន​ប្រសាសន៍​ថា ដើម្បី​ឲ្យ​កម្មករ​ឈប់​ធ្វើ​បាតុកម្ម​បាន​ងាយ​ទេ គឺ​អាជ្ញាធរ​ពាក់ព័ន្ធ និង​ខាង​និយោជក ដោះស្រាយ​ជម្លោះ​ជូន​កម្មករ​ឲ្យ​បាន​សមរម្យ គឺ​កម្មករ​នឹង​លែង​ធ្វើ​បាតុកម្ម​ហើយ ក៏ប៉ុន្តែ​លោក​មេធាវី​សង្កត់​ធ្ងន់​ថា អាជ្ញាធរ​ដែល​ដើរ​គំរាម​កម្មករ​មិន​ឲ្យ​ធ្វើ​បាតុកម្ម​ទៅ​វិញ​ទេ ជា​អ្នក​ខុស​ច្បាប់ ព្រោះ​ថា ការ​ធ្វើ​បាតុកម្ម​នេះ ត្រូវ​បាន​អនុញ្ញាត​ដែល​មាន​ចែង​នៅ​ក្នុង​ច្បាប់៖ «»។

មាត្រា ៣៧ នៃ​រដ្ឋធម្មនុញ្ញ ចែង​ថា សិទ្ធិ​ធ្វើ​កូដកម្ម និង​បាតុកម្ម​ដោយ​សន្តិវិធី ត្រូវ​បាន​យក​មក​អនុវត្ត​នៅ​ក្នុង​ក្របខ័ណ្ឌ​ច្បាប់។ រី​ឯ​មាត្រា​១៧ នៃ​ច្បាប់​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​វិញ​ចែង​ថា អាជ្ញាធរ​មាន​សមត្ថកិច្ច ត្រូវ​ចាត់​វិធានការ​ការពារ​ដល់​ក្បួន​បាតុកម្ម​ដោយ​សន្តិវិធី ដើម្បី​ធានា​រក្សា​សន្តិសុខ សុវត្ថិភាព និង​សណ្ដាប់ធ្នាប់​សាធារណៈ​ឲ្យ​បាន​ល្អ​ប្រសើរ ហើយ​មិន​ត្រូវ​ជ្រៀតជ្រែក​ដល់​ការ​ប្រព្រឹត្ត​ទៅ​នៃ​ការ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​ឡើយ។

ទោះបីជា​សិទ្ធិ​សេរីភាព​ក្នុង​ការ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​ត្រូវ​បាន​ធានា​នៅ​ក្នុង​ច្បាប់​ទាំង​នេះ​ក្ដី ក៏ប៉ុន្តែ​ចាប់​តាំង​ពី​ក្រោយ​ការ​បោះឆ្នោត​ជាតិ អាណត្តិ​ទី​៥ មក រដ្ឋាភិបាល​បាន​រឹតត្បិត​សិទ្ធិ​សេរីភាព​ក្នុង​ការ​ធ្វើ​បាតុកម្ម កូដកម្ម និង​ការ​សម្ដែង​មតិ​ដោយ​សន្តិវិធី​នេះ​ជា​បន្តបន្ទាប់ មិន​ថា​ក្រុម​កម្មករ ក្រុម​អ្នក​នយោបាយ និង​ក្រុម​អ្នក​រង​គ្រោះ​ដីធ្លី​នោះ​ឡើយ។ ផ្ទុយទៅវិញ​រដ្ឋាភិបាល​ក្រុម​អ្នក​ប្រមូល​ផ្ដុំ​គ្នា​ធ្វើ​បាតុកម្ម​ទាំង​នោះ ជា​ការ​ប៉ុនប៉ង​ធ្វើ​បដិវត្តន៍​ពណ៌​ទៅ​វិញ។ ក៏ប៉ុន្តែ​ធាតុ​ពិត​ក្រុម​អ្នក​វិភាគ​ពន្យល់​ថា រដ្ឋាភិបាល​កំពុង​ភ័យខ្លាច​ស្រមោល​ខ្លួន​ឯង​ទៅ​វិញ​ទេ។

​អាជ្ញាធរ​រដ្ឋាភិបាល​បាន​បង្ក្រាប​ហិង្សា​ទៅ​លើ​ហ្វូង​បាតុករ​នៅ​ផ្លូវ​វ៉េងស្រេង កាល​ពី​ខែ​មករា ឆ្នាំ​២០១៤ ដោយ​កម្លាំង​ប្រដាប់​អាវុធ​បាន​បាញ់រះ​ទៅលើ​ក្រុម​បាតុករ​ដែល​មាន​តែ​ដុំ​ថ្ម​នៅ​ដៃ​តតាំង​ជាមួយ​សមត្ថកិច្ច បណ្ដាល​ឲ្យ​កម្មករ​ស្លាប់ ៤​នាក់ មនុស្ស​មួយ​ចំនួន​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ធ្វើ​ទារុណកម្ម​ចង​ដៃ​ស្លាបសេក និង​យុវជន​ម្នាក់​ឈ្មោះ ខឹម សុផាត បាត់​ខ្លួន ដែល​មក​ទល់​ពេល​នេះ សមត្ថកិច្ច និង​ក្រុម​គ្រួសារ​មិនទាន់​រក​ឃើញ​នៅ​ឡើយ។

​ការិយាល័យ​នៃ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស និង​អង្គការ​សិទ្ធិមនុស្ស​ក្នុង​ស្រុក​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ធ្វើការ​ស៊ើបអង្កេត​ឲ្យ​បាន​ច្បាស់លាស់ មាន​តម្លាភាព ដើម្បី​ផ្ដល់​យុត្តិធម៌​ដល់​ក្រុម​គ្រួសារ ខឹម សុផាត ព្រោះ​ថា មាត្រា​១ នៃ​អនុសញ្ញា​អន្តរជាតិ​ស្ដីពី​ការ​ការពារ​ជន​គ្រប់រូប​ពី​ការ​បាត់​ខ្លួន​ដោយ​បង្ខំ ចែង​ថា គ្មាន​ជន​ណា​ម្នាក់​ត្រូវ​ស្ថិត​ក្រោម​ការ​បាត់​ខ្លួន​ដោយ​បង្ខំ​ឡើយ។ ទោះជា​ក្នុង​ស្ថានភាព​សង្គ្រាម ឬ​ការ​គំរាមកំហែង​ដោយ​សង្គ្រាម អស្ថិរភាព​នយោបាយ​ផ្ទៃក្នុង ឬ​ភាព​អាសន្ន​ជា​សាធារណៈ​ណា​ក៏ដោយ មិន​អាច​យក​ជា​យុត្តិកម្ម​ចំពោះ​ការ​បាត់​ខ្លួន​ដោយ​បង្ខំ​ឡើយ។

មាត្រា​៣ ចែង​ថា រដ្ឋ​ភាគី​នីមួយៗ​ត្រូវ​ចាត់​វិធានការ​សមស្រប ដើម្បី​ស៊ើប​អង្កេត​អំពើ​ល្មើស​ដែល​មាន​ចែង​ក្នុង​អនុសញ្ញា​នេះ ដែល​បាន​ប្រព្រឹត្ត​ដោយ​បុគ្គល ឬ​ដោយ​ក្រុម​បុគ្គល​ដែល​គ្មាន​ការអនុញ្ញាត ការ​គាំទ្រ ឬ​ការ​យល់​ព្រម​​ពី​រដ្ឋ ហើយ​ត្រូវ​នាំ​ខ្លួន​ជន​ដែល​ទទួល​ខុស​ត្រូវ​ទៅ​តុលាការ ដើម្បី​ផ្ដន្ទាទោស​តាម​ច្បាប់។

ក្រុម​អង្គការ​សិទ្ធិមនុស្ស​លើក​ឡើង​ថា បើសិនជា​លោក ហ៊ុន សែន ពិតជា​លើក​ស្ទួយ​សិទ្ធិ​កម្មករ និង​គិតគូរ​ពី​កម្មករ​មែន​នោះ រដ្ឋាភិបាល​ប្រាកដជា​បើក​ការ​ស៊ើបអង្កេត​លើ​ករណី​បាត់​ខ្លួន ខឹម សុផាត ចាប់​ខ្លួន​ក្រុម​សមត្ថកិច្ច​ដែល​បាញ់​កម្មករ​ស្លាប់ និង​របួស​កាល​ពី​ឆ្នាំ​២០១៤ នោះ យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់​ជា​មិន​ខាន។

អ្នកវិភាគ​ហៅ​ការ​ចុះ​ជួប​កម្មករ​របស់​លោក ហ៊ុន សែន នៅ​ពេល​នេះ ថា​គ្រាន់​តែ​ជា​ការ​ធ្វើ​នយោបាយ​ប្រជាភិថុតិ នៅ​មុន​ការ​បោះឆ្នោត​មក​ដល់​តែប៉ុណ្ណោះ ព្រោះ​ថា ក្រៅ​ពី​ទប់ស្កាត់​មិន​ឲ្យ​កម្មករ​ធ្វើ​បាតុកម្ម​នោះ រដ្ឋាភិបាល​បាន​ធ្វើ​ច្បាប់​ស្ដីពី​សហជីព​កាល​ពី​ឆ្នាំ​២០១៦ ដើម្បី​រឹតត្បិត​សហជីព​មិន​ឲ្យ​ធ្វើការ​ដើម្បី​ការពារ​សិទ្ធិ​កម្មករ​ទៀត​ផង។

លោក អាត់ ធន់ បន្ថែម​ថា ច្បាប់​ស្ដីពី​សហជីព បាន​រឹតត្បិត​សេរីភាព​សហជីព មិន​អាច​ធ្វើការ​ដើម្បី​ការពារ​ផលប្រយោជន៍​ដូច​មុន​បាន​ទេ។ ច្បាប់​នេះ បាន​រារាំង​ក្រុម​សហជីព មិន​អាច​ចេញ​មុខ​ជួយ​កម្មករ ឬ​ធ្វើជា​តំណាង​កម្មករ​ដើម្បី​ចូលរួម​ដោះស្រាយ​ជាមួយ​ភាគី​ពាក់ព័ន្ធ​បាន​ទេ បើសិនជា​ក្រុម​សហជីព​ទៅ​ក្បែរ​កន្លែង​បាតុកម្ម ឬ​ធ្វើ​ជា​តំណាង​របស់​កម្មករ​ដូច​កាល​ពី​ពេល​មុន រដ្ឋាភិបាល​នឹង​ចោទ​ប្រកាន់​ថា ជា​អ្នក​ញុះញង់​កម្មករ និង​ឈាន​ដល់​ការ​ឃាត់​ខ្លួន​ជា​មិន​ខាន៖ «»។

​លោក អាត់ ធន់ បន្ថែម​ថា ទន្ទឹម​នឹង​ការ​រឹត​ត្បិត​សិទ្ធិ​សេរីភាព​កម្មករ និង​សហជីព លោក​ថា រដ្ឋាភិបាល​ហាក់​យក​ចិត្ត​ទុក​ដាក់​លើ​កម្មករ​តាមរយៈ​ការ​សន្យា​ដំឡើង​ប្រាក់​ឈ្នួល​ជូន​កម្មករ​នៅ​ឆ្នាំ​២០១៨ ក៏ប៉ុន្តែ​ការសន្យា​នេះ​នឹង​មិន​អាច​ជោគជ័យ​ទេ បើសិនជា​ស្ថានភាព​នយោបាយ​នៅតែ​អាក្រក់​ដូច​សព្វថ្ងៃ ហើយ​ប្រទេស​បញ្ជា​ទិញ​កំពុង​ពិនិត្យមើល​ការ​អនុគ្រោះ​ពន្ធ​នាំ​ចូល​របស់​កម្ពុជា ផង​នោះ។

ទន្ទឹម​នឹង​នេះ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) ​កាល​ពី​ថ្ងៃ​ទី​១ ខែ​ធ្នូ បាន​អំពាវនាវ​ឲ្យ​អ្នក​ទិញ កុំ​បញ្ឈប់​ការ​ទិញ​សម្លៀកបំពាក់ និង​ទំនិញ​ក្រោម​ការ​អនុគ្រោះ​ពន្ធ ព្រោះ​ការ​បញ្ឈប់​ទិញ​ទំនិញ​ទាំង​នេះ នឹង​ប៉ះពាល់​ដល់​កម្មករ​រោងចក្រ​រាប់​សែន​នាក់។

​កំណើន​សេដ្ឋកិច្ច​កម្ពុជា ពឹង​អាស្រ័យ​យ៉ាង​ខ្លាំង​ទៅ​លើ​ការ​នាំ​ចេញ​ផលិតផល​វិស័យ​កាត់ដេរ​ដែល​ជា​ទីផ្សារ​ធំ​បំផុត​របស់​កម្ពុជា គឺ​សហគមន៍​អឺរ៉ុប និង​សហរដ្ឋអាមេរិក។ ជាង ៦០% នៃ​ការ​នាំ​ចេញ​ផលិតផល​វិស័យ​វាយនភណ្ឌ​របស់​កម្ពុជា ទៅ​ពិភពលោក គឺ​នាំ​ចេញ​ទៅ​ទីផ្សារ​អឺរ៉ុប និង​សហរដ្ឋអាមេរិក។ ការ​រីកលូតលាស់​វិស័យ​កាត់ដេរ និង​រោងចក្រ​នៅ​កម្ពុជា ក៏​ដោយសារតែ​ការ​អនុគ្រោះ​ពន្ធ​ពី​សហគមន៍​អឺរ៉ុប និង​សហរដ្ឋអាមេរិក​នេះ​ដែរ។ ប៉ុន្តែ ដោយសារ​តែ​រដ្ឋាភិបាល​លោក ហ៊ុន សែន ធ្វើ​ទុក្ខបុកម្នេញ​លើ​គណបក្ស​ប្រឆាំង អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នៅ​កម្ពុជា យ៉ាង​សន្ធាប់ ទើប​ប្រទេស​ទាំង​នោះ​ព្រមាន​កាត់​ផ្ដាច់​ការ​អនុគ្រោះ​ពន្ធ។

​ក្រុម​សហជីព​បាន​ព្រមាន​ថា បើសិនជា​ប្រទេស​បញ្ជា​ទិញ​ឈប់​អនុគ្រោះ​ពន្ធ ដោយសារ​តែ​រដ្ឋាភិបាល​ធ្វើ​ទុក្ខបុកម្នេញ​បក្ស​ប្រឆាំង និង​ការ​បិទ​សិទ្ធិ​សេរីភាព​កម្មករ ហើយ​រោងចក្រ​បិទ​ទ្វារ​នោះ ពួកគេ​នឹង​ដឹក​នាំ​កម្មករ​ធ្វើ​បាតុកម្ម ទោះបីជា​រដ្ឋាភិបាល​ហាមឃាត់​យ៉ាង​ណា​ក្ដី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
សង្គម​ស៊ីវិល​រំពឹង​ថា​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ថ្មី​នឹង​បន្ត​ចូល​រួម​លើក​ស្ទួយ​ប្រជាធិបតេយ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។