លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី២៤ ខែតុលា បញ្ចេញប្រតិកម្មឆ្លើយតបទៅនឹងការផ្សព្វផ្សាយរបស់បណ្ដាញសារព័ត៌មានមួយដែលថា និស្សិតអាហារូបករណ៍ខ្មែរនៅប្រទេសបារាំង ត្រូវបានស្ថានទូតកម្ពុជា ប្រចាំប្រទេសបារាំង គំរាមថា នឹងផ្ដាច់អាហារូបករណ៍បើពួកគេមិនចូលស្ដាប់ការថ្លែងរបស់លោក ហ៊ុន សែន ពេលលោកជួបជុំនិស្សិតនៅប្រទេសបារាំង។
លោក ហ៊ុន សែន ចោទប្រកាន់ថា នេះជាការញុះញង់របស់មេបក្សប្រឆាំង។ យ៉ាងណាមន្ត្រីនាំពាក្យគណបក្សសង្គ្រោះជាតិ ថា លោកមិនទាន់ដឹងពីព័ត៌មាននេះនៅឡើយ។
ប្រតិកម្មរបស់លោក ហ៊ុន សែន នេះ ធ្វើឡើងប៉ុន្មានម៉ោងប៉ុណ្ណោះ មុននឹងលោកឡើងយន្តហោះធ្វើដំណើរចាកចេញទៅកាន់ប្រទេសបារាំង នៅយប់ថ្ងៃទី២៤ ខែតុលា។
នៅក្នុងវីដេអូឃ្លិប (Video Clip) ប្រមាណ ៦នាទី ដែលបង្ហោះផ្សព្វផ្សាយជាសាធារណៈនៅលើទំព័របណ្ដាញសង្គមហ្វេសប៊ុក (Facebook) របស់ខ្លួន លោក ហ៊ុន សែន ថ្លែងថា លោកពិតជាមានគម្រោងជួបសំណេះសំណាលជាមួយនិស្សិត ពលរដ្ឋ និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា នៅទីនោះប្រាកដមែន ប៉ុន្តែលោកថា លោកមិនបានបង្ខំឲ្យនិស្សិតណាម្នាក់ត្រូវតែមកចូលរួមស្ដាប់លោក ឬពួកគេនឹងត្រូវរដ្ឋាភិបាលកម្ពុជា ផ្ដាច់អាហារូបករណ៍សិក្សានៅប្រទេសបារាំង នោះឡើយ។
បើទោះជា លោក ហ៊ុន សែន បញ្ជាក់ថា ព័ត៌មាននៃការបង្ខំនិស្សិតនេះ ត្រូវបានបណ្ដាញសារព័ត៌មានមួយផ្សព្វផ្សាយក៏ដោយ តែលោក ហ៊ុន សែន បានចោទប្រកាន់ចំៗថា វាជាទង្វើរបស់គណបក្សប្រឆាំង។
លោក ហ៊ុន សែន ចាត់ទុកសកម្មភាពនេះថា ជាទង្វើថោកទាបរបស់បក្សប្រឆាំងដែលលោកអំពាវនាវឲ្យបោះបង់ចោល៖ «ខ្ញុំព្រះករុណាខ្ញុំហាក់ដូចជាមានការហួសចិត្ត និងមានការអៀនខ្មាសជំនួសក្រុមបក្សប្រឆាំងដែលអាចធ្វើទៅរួច អំពីការបោកប្រាស់ប្រជាពលរដ្ឋពាក់ព័ន្ធជាមួយនឹងការចូលរួមស្ដាប់ ឬមិនចូលរួមស្ដាប់របស់និស្សិត ប្រជាជនកម្ពុជានៅទីនោះ។ ជាទម្លាប់តាំងពីដើមរហូតដល់ចប់ ខ្ញុំព្រះករុណាខ្ញុំមិនដែលបង្ខំនរណាម្នាក់មកអង្គុយស្ដាប់ព្រះករុណាខ្ញុំនោះទេ»។
ការថ្លែងរបស់លោក ហ៊ុន សែន ធ្វើឡើងមួយថ្ងៃបន្ទាប់ពីស្ថានទូតកម្ពុជា ប្រចាំប្រទេសបារាំង បានចេញសេចក្ដីប្រកាសបដិសេធចំពោះការផ្សាយរបស់វិទ្យុបណ្ដាញផ្សាយព័ត៌មានកម្ពុជា (CMN= Cambodia Media Network) ដែលបានផ្សាយថា ស្ថានទូតកម្ពុជាប្រចាំប្រទេសបារាំង ដាក់កំហិតចំពោះនិស្សិតខ្មែរនៅទីនោះឲ្យចូលស្តាប់លោក ហ៊ុន សែន ក្នុងជំនួបនៅថ្ងៃទី២៥ ខែតុលា។ ស្ថានទូតកម្ពុជា ប្រចាំប្រទេសបារាំង ថ្លែងថា ការចូលរួមរបស់និស្សិតខ្មែរគឺធ្វើឡើងដោយស្ម័គ្រចិត្តគ្មានការបង្ខិតបង្ខំឡើយ។
វិទ្យុបណ្ដាញផ្សាយព័ត៌មានកម្ពុជា កាលពីថ្ងៃទី២២ ខែតុលា បានផ្សាយដោយស្រង់សម្ដីរបស់បុគ្គលម្នាក់និយាយថា ស្ថានទូតកម្ពុជា ប្រចាំប្រទេសបារាំង បានដាក់កំហិតឲ្យនិស្សិតខ្មែរនៅទីនោះត្រូវតែចូលរួមក្នុងជំនួបរបស់លោក ហ៊ុន សែន បើមិនដូច្នោះទេ ពួកគេនឹងប្រឈមការផ្ដាច់អាហារូបករណ៍។ វិទ្យុ CMN មិនបានបញ្ជាក់ថា តើបុគ្គលនោះជាសកម្មជនរបស់គណបក្សសង្គ្រោះជាតិនៅប្រទេសបារាំង ឬយ៉ាងណានោះទេ ប៉ុន្តែលោក ហ៊ុន សែន ថ្លែងថា ការបំភ្លៃព័ត៌មាននេះជាទង្វើរបស់មេបក្សប្រឆាំង។
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានចាកចេញទៅកាន់ប្រទេសបារាំង កាលពីថ្ងៃទី១២ ខែតុលា។ ចំពោះការចោទប្រកាន់របស់លោក ហ៊ុន សែន ពេលនេះ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ មានប្រសាសន៍ថា លោកមិនទាន់បានដឹងថា តើមានព័ត៌មាននេះពិតប្រាកដ ឬយ៉ាងណានោះទេ?
លោកថា ជាទូទៅបើមេបក្សប្រឆាំងមានសកម្មភាពអ្វីមួយ លោកតែងប្រកាស ឬថ្លែងជាសាធារណៈ៖ «សកម្មភាពនយោបាយរបស់គណបក្សសង្គ្រោះជាតិ តែងតែមានការប្រកាសតែងតែមានវេទិកា ដូច្នេះអ្វីដែលឯកឧត្ដម សម រង្ស៊ី លើក ឬក៏ថ្នាក់ដឹកនាំលើក គឺមាននៅវេទិកាជាទូទៅ»។
ក្រសួងការបរទេសប្រកាសថា ក្នុងអំឡុងពេលទស្សនកិច្ចរបស់លោក ហ៊ុន សែន នៅប្រទេសបារាំង ពីថ្ងៃទី២៥ ដល់ទី២៧ ខែតុលា លោក ហ៊ុន សែន នឹងជួបចរចាជាមួយប្រធានាធិបតីបារាំង លោក ហ្វ្រង់ស្វ័រ ហូឡង់ (François Holland) និងរដ្ឋមន្ត្រីការបរទេសបារាំង លោក ឡូរ៉ង់ ហ្វាប៊ីយូស (Laurent Fabius)។ លោក ហ៊ុន សែន ក៏នឹងធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀងមួយចំនួនរវាងកម្ពុជា និងបារាំង។
វិទ្យុបណ្ដាញផ្សាយព័ត៌មានកម្ពុជា ឲ្យដឹងថា ក្នុងដំណើរទស្សនកិច្ចរបស់លោក ហ៊ុន សែន នេះ ពលរដ្ឋខ្មែរមួយចំនួននៅទីនោះក៏មានគម្រោងធ្វើបាតុកម្មនៅមុខស្ថានទូតកម្ពុជា ប្រចាំប្រទេសបារាំង ដើម្បីប្រឆាំងទៅនឹងការដឹកនាំលោក ហ៊ុន សែន ផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។