ប្រទេសវៀតណាមគឺជាប្រទេសទី២ បន្ទាប់ពីប្រទេសជប៉ុន ដែលលោក ហ៊ុន សែន ធ្វើទស្សនកិច្ចក្រោយពីបានជាប់ឆ្នោតជានាយករដ្ឋមន្ត្រីបន្ត បន្ទាប់ពីការបោះឆ្នោតខែកក្កដា ឆ្នាំ២០១៣ ដែលបក្សប្រឆាំងមិនទទួលស្គាល់លទ្ធផលឆ្នោត ហើយកំពុងធ្វើមហាបាតុកម្មទាមទារឲ្យបោះឆ្នោតឡើងវិញ និងសុំឲ្យលោកចុះចេញពីតំណែង។
កាសែតវៀតណាម ឈ្មោះ វៀតណាម ញីវ (Vietnam News) ចុះផ្សាយនៅថ្ងៃទី២៦ ធ្នូ ថា ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីកម្ពុជា រយៈពេលបីថ្ងៃ ដែលធ្វើឡើងតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន តាន់ យុង (Nguyen Tan Dung) រំពឹងថា ប្រទេសទាំងពីរនឹងពង្រឹងនិងពង្រីកចំណងប្រពៃណីមិត្តភាពដ៏ស្អិតល្មួតទៅអនាគតបន្តទៅទៀត។ ជាពិសេស ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការយូរអង្វែងលើគ្រប់វិស័យ ដែលប្រទេសទាំងពីរធ្លាប់បានសហការល្អជាមួយគ្នាអស់ជាច្រើនទសវត្សរ៍មកហើយ។
កាសែតដដែលបន្តថា ទំនាក់ទំនងចំណងមិត្តភាពកម្ពុជា-វៀតណាម ក្នុងការធ្វើពាណិជ្ជកម្មផ្លាស់ប្ដូរទំនិញរវាងគ្នានិងគ្នា គិតចាប់តាំងពីឆ្នាំ២០១២ មកទល់ពេលនេះ បានកើនឡើងដល់ទឹកប្រាក់ ៣.៣លានលានដុល្លារ។ ក្រៅពីនេះ វិនិយោគិនវៀតណាម បានវិនិយោគនៅកម្ពុជា ក្នុងទឹកប្រាក់ ៣លានលានដុល្លារ វិនិយោគលើផ្នែកធនធានរ៉ែ ប្រេង ឧស្ម័ន ទូរគមនាគមន៍ ធនាគារ និងកសិ-ឧស្សាហកម្មជាដើម។ ក៏ប៉ុន្តែជារឿយៗ បក្សប្រឆាំងបានរិះគន់ថា ក្រុមហ៊ុនវៀតណាមទាំងនោះមកបំផ្លាញព្រៃឈើ ធនធានធម្មជាតិ និងនាំឲ្យមានការរំលោភយកដីប្រជាពលរដ្ឋខ្មែរ និងបណ្ដេញប្រជាពលរដ្ឋខ្មែរចេញពីលំនៅឋាន និងបណ្ដេញចេញពីដីធ្លីរបស់ពួកគាត់ដែលធ្លាប់រស់នៅសុខសាន្ត។
កាសែតវៀតណាម សរសេរថា ក្នុងដំណើរទស្សនកិច្ចផ្លូវការរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី២៦ ធ្នូ ដល់២៨ ធ្នូ ឆ្នាំ២០១៣ នៃនាយករដ្ឋមន្ត្រីកម្ពុជានេះ ភាគីទាំងពីរនឹងចុះហត្ថលេខាលើឯកសារ និងអនុស្សរណៈមួយចំនួន ទាក់ទងនឹងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ទេសចរណ៍ សុខាភិបាល និងព័ត៌មានជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
