លោក ហ៊ុន សែន ថានឹងមិនចូលរួមចេញសេចក្ដីថ្លែងការណ៍រួមលើជម្លោះសមុទ្រចិនខាងត្បូង
2016.06.20
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី២០ ខែមិថុនា នេះ ប្រតិកម្មទៅនឹងការចុះផ្សាយរបស់សារព័ត៌មានដែលថា កម្ពុជាបានរួមចំណែកបំផ្លាញសាមគ្គីភាពរបស់អាស៊ានក្នុងដំណើរការដោះស្រាយជម្លោះសមុទ្រចិនខាងត្បូងដ៏ចម្រូងចម្រាសរវាងប្រទេសចិន និងប្រទេសជាសមាជិកអាស៊ានមួយចំនួន។ លោកបន្តការពារជំហររបស់កម្ពុជា ដែលគាំទ្រឲ្យមានការដោះស្រាយជម្លោះសមុទ្រចិនខាងត្បូងតាមយន្តការទ្វេភាគី។
លោក ហ៊ុន សែន ប្រកាសថា កម្ពុជានឹងមិនចូលរួមក្នុងការចេញសេចក្ដីថ្លែងការណ៍អាស៊ានគាំទ្រការសម្រេចរបស់តុលាការក្នុងករណីជម្លោះសមុទ្រចិនខាងត្បូង ដែលត្រូវបានគេរំពឹងថា នឹងចេញនៅពេលឆាប់ខាងមុខនេះ មានប្រទេសហ្វីលីពីន ជាដើមបណ្ដឹងតទល់នឹងប្រទេសចិនឡើយ។ ការប្រកាសជំហររបស់លោក ហ៊ុន សែន ធ្វើឡើងក្នុងពិធីប្រគល់សញ្ញាប័ត្រដល់ប្រគល់សញ្ញាប័ត្រដល់សិស្សមន្ត្រីនៃសាលាភូមិន្ទរដ្ឋបាលនៅថ្ងៃទី២០ ខែមិថុនា៖ «ជំហររបស់កម្ពុជា អត់ចេញជាមួយទេ។ កម្ពុជានឹងមានសេចក្ដីថ្លែងការណ៍មួយដាច់ដោយឡែក។ ខ្ញុំបានពិភាក្សាជាមួយឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ខ្ញុំបានពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេស ប្រាក់ សុខុន រួចហើយ ថាអត់ចេញទេ។ ព្រឹកមិញ ខ្ញុំហៅទូរស័ព្ទទៅ ប្រាក់ សុខុន កំពុងទស្សនកិច្ចនៅបាងកក។ ខ្ញុំប្រាប់ទៅបង ហោ ណាំហុង ខ្ញុំថា ព្រឹកនេះ ខ្ញុំត្រូវតែនិយាយអំពីគោលជំហររបស់កម្ពុជា លើបញ្ហាសមុទ្រចិនខាងត្បូង ព្រោះកុំឲ្យអ្នកដទៃ ប្រទេសដទៃ ឬអ្នកសារព័ត៌មាន អ្នកវិភាគចោទកម្ពុជា»។
លោក ហ៊ុន សែន ដែលមាននិន្នាការទៅរកប្រទេសចិននេះ បញ្ជាក់ជំហររបស់លោកជាថ្មីថា ជម្រើសល្អបំផុតដើម្បីរក្សាស្ថិរភាពក្នុងតំបន់ គឺមានតែទុកឲ្យប្រទេសពាក់ព័ន្ធក្នុងជម្លោះនេះដោះស្រាយក្នុងក្របខ័ណ្ឌទ្វេភាគីប៉ុណ្ណោះ។ ប៉ុន្តែយន្តការនេះត្រូវបានគេមើលឃើញជាទូទៅថា ប្រទេសចិននឹងមានប្រៀប។
ការថ្លែងការពារជំហររបស់លោក ហ៊ុន សែន ជាថ្មីម្ដងទៀតក្នុងរឿងជម្លោះសមុទ្រចិនខាងត្បួងនៅពេលនេះ បន្ទាប់ពីសារព័ត៌មានបរទេសរាយការណ៍ពីភាពបែកបាក់របស់អាស៊ាន ដែលមិនអាចចេញសេចក្ដីថ្លែងការណ៍រួមក្រោយកិច្ចប្រជុំពិសេសមួយរវាងរដ្ឋមន្ត្រីការបរទេសចិន និងរដ្ឋមន្ត្រីការបរទេសប្រទេសសមាជិកអាស៊ានទាំង១០ នៅទីក្រុងគុនមីង (Kunming) ប្រទេសចិន កាលពីថ្ងៃទី១៤ ខែមិថុនា សប្ដាហ៍មុន ពិភាក្សាអំពីបញ្ហាជម្លោះសមុទ្រចិនខាងត្បូងពាក់ព័ន្ធនឹងប្រទេសសមាជិកអាស៊ានចំនួនបួន រួមមាន ហ្វីលីពីន ម៉ាឡេស៊ី ប្រ៊ុយណេ និងវៀតណាម តទល់នឹងប្រទេសចិន។
ភាពបរាជ័យក្នុងការចេញសេចក្ដីថ្លែងការណ៍រួមរបស់អាស៊ានលើបញ្ហានេះ ត្រូវបានសារព័ត៌មានបរទេសមួយចំនួនរាយការណ៍ថា ដោយសារប្រទេសចិនបានបំបែកសំឡេងអាស៊ានតាមរយៈការដាក់សម្ពាធលើប្រទេសឡាវ និងកម្ពុជា មិនឲ្យគាំទ្រខ្លឹមសារដើមក្នុងសេចក្ដីថ្លែងការណ៍រួមដែលដំបូងឡើយប្រទេសទាំង ១០បានព្រមព្រៀងគ្នាសោះនោះ។
ទាក់ទងនឹងភាពចម្រូងចម្រាសក្រោយកិច្ចប្រជុំពិសេសនៅប្រទេសចិននោះ អ្នកនាំពាក្យក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ លោក ជុំ សុន្ទរី បដិសេធមិនផ្ដល់ការអត្ថាធិប្បាយនោះទេ។ លោកថា លោកមិនមានព័ត៌មានអ្វីដែលលោកអាចបន្ថែមពីលើខ្លឹមសារសរសេរក្នុងសេចក្ដីថ្លែងការណ៍របស់ក្រសួងចេញផ្សាយក្រោយកិច្ចប្រជុំនោះទេ ហើយបដិសេធមិនអត្ថាធិប្បាយលើការលើកឡើងរបស់លោក ហ៊ុន សែន។
ទាក់ទងរឿងនេះ ប្រធានវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាយុទ្ធសាស្ត្រ លោក គង់ ភោគ យល់ថា អ្វីដែលលោកនាយករដ្ឋមន្ត្រីលើកឡើងមិនមែនជារឿងថ្មីទេ។ ដើម្បីរក្សាស្ថិរភាពក្នុងតំបន់ លោកជំរុញឲ្យប្រទេសជាភាគីជម្លោះក្នុងបញ្ហាសមុទ្រចិនខាងត្បូងពង្រឹងទំនុកចិត្តលើគ្នាទៅវិញទៅមក ហើយបន្តការចរចារកដំណោះស្រាយដោយសន្តិវិធី៕