លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានសហគមន៍អន្តរជាតិកុំឲ្យជ្រៀតជ្រែកអធិបតេយ្យភាពរបស់កម្ពុជា ហើយថា គ្មានបរទេសណាស្រឡាញ់ខ្មែរជាងខ្មែរស្រឡាញ់ខ្មែរនោះទេ។
ក្នុងពិធីចែកសញ្ញាប័ត្រដល់និស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ នៅវិទ្យាស្ថានជាតិអប់រំ កាលពីព្រឹកថ្ងៃទី២២ ខែកុម្ភៈ លោក ហ៊ុន សែន បានគូសបញ្ជាក់ថា រឿងរបស់ខ្មែរគឺខ្មែរជាអ្នកដោះស្រាយ។ លោក ហ៊ុន សែន មិនបានបញ្ជាក់ឈ្មោះប្រទេសដែលលោកស្នើកុំឲ្យជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា នោះទេ ប៉ុន្តែទំនងលោកចង់សំដៅទៅអាមេរិក ព្រោះលោកលើកឡើងថា នៅពេលទម្លាក់គ្រាប់បែកសម្លាប់ពលរដ្ឋខ្មែរ ប្រទេសនោះមិនបានគិតពីការគោរពសិទ្ធិមនុស្សដែរ ឬទេ?
លោក ហ៊ុន សែន ថ្លែងដូច្នេះ៖ «បរទេសនានាត្រូវយល់ថា រឿងរបស់ខ្មែរគឺខ្មែរជាអ្នកដោះស្រាយ! ពិតមែនខ្ញុំត្រូវការជំនួយអ្នកឯង ត្រូវការរកស៊ីជាមួយអ្នកឯង ត្រូវការសហប្រតិបត្តិការជាមួយអ្នកឯង ក៏ប៉ុន្តែកិច្ចការផ្ទៃក្នុងរបស់អ្នកឯង ខ្ញុំមិនបានទៅជ្រៀតជ្រែកទេ តែក៏មានសំណូមពរមកវិញ កិច្ចការផ្ទៃក្នុងខ្ញុំអ្នកឯងក៏មិនត្រូវជ្រៀតជ្រែកដែរ។ កាលពេលដែលអ្នកឯងទម្លាក់គ្រាប់បែកលើប្រទេសខ្ញុំ សម្លាប់ប្រជាជនខ្ញុំ អ្នកឯងបានគិតដល់សិទ្ធិមនុស្សទេ? ច្បាប់នៅកម្ពុជា ដែលរដ្ឋសភាអនុម័ត មិនមែនជាច្បាប់សម្លាប់ប្រជាជនកម្ពុជា ដូចដែលអ្នកឯងធ្លាប់សម្លាប់ប្រជាជនកម្ពុជាទេ...»។
ប្រតិកម្មរបស់លោក ហ៊ុន សែន ធ្វើឡើងក្រោយពេលដែលសហរដ្ឋអាមេរិក សំដែងក្តីបារម្ភជាខ្លាំងពីការអនុម័តវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយដោយតំណាងរាស្ត្របក្សកាន់អំណាច។
ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានសរសេរនៅលើទំព័រហ្វេសប៊ុក (facebook) របស់ខ្លួនកាលពីថ្ងៃទី២០ ខែកុម្ភៈ ថា វិសោធនកម្មច្បាប់គណបក្សនយោបាយនេះ បានផ្ដល់អំណាចយ៉ាងធំដល់រដ្ឋាភិបាលកម្ពុជា ក្នុងការដាក់កំហិតដល់សេរីភាពក្នុងការបញ្ចេញមតិ និងសកម្មភាពស្របច្បាប់នានារបស់គណបក្សនយោបាយ ហើយនៅក្រោមកាលៈទេសៈកំណត់មិនច្បាស់លាស់ណាមួយ គឺរំលាយគណបក្សនយោបាយតែម្ដង។
សហរដ្ឋអាមេរិក យល់ថា សកម្មភាពណាមួយដែលបានហាមឃាត់ដល់គណបក្សនយោបាយនៅក្រោមវិសោធនកម្មច្បាប់ថ្មីនេះ គឺជាការដើរថយក្រោយមួយដ៏សំខាន់សម្រាប់ការអភិវឌ្ឍនយោបាយនៅក្នុងប្រទេសកម្ពុជា ហើយនឹងនាំឲ្យមានសំណួរចោទឡើងពីភាពស្របច្បាប់ក្នុងការបោះឆ្នោតនៅកម្ពុជា ក្នុងពេលខាងមុខ។
ចំណែកប្រតិភូសហភាពអឺរ៉ុបវិញ នៅថ្ងៃនេះដែរ ក៏បានចេញសេចក្ដីថ្លែងការណ៍មួយគាំទ្រទៅនឹងប្រធានសហភាពអឺរ៉ុបនៅកម្ពុជា ដែលមានជំនឿមុតមាំថា ដើម្បីជាផលប្រយោជន៍ដល់កម្ពុជា និងស្ថិរភាពយូរអង្វែង ការបោះឆ្នោតត្រូវតែអនុញ្ញាតឲ្យពលរដ្ឋកម្ពុជា ជ្រើសរើសតំណាងរបស់ពួកគេទាំងនៅថ្នាក់មូលដ្ឋាន និងថ្នាក់ជាតិ។ ក្នុងន័យនេះ សហភាពអឺរ៉ុប នឹងពិនិត្យមើលដើម្បីធានាឲ្យគណបក្សប្រឆាំង និងអង្គការសង្គមស៊ីវិល អាចអនុវត្តការងាររបស់ខ្លួនដោយសេរី។ សហភាពអឺរ៉ុប យល់ឃើញថា បរិយាកាសបោះឆ្នោតនឹងមិនល្អ និងមិនអនុគ្រោះ ហើយច្បាប់ថ្មីនេះ នឹងនាំឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សកម្មភាពនានារបស់គណបក្សប្រឆាំង ហើយដែលឈានដល់ការរំលាយគណបក្ស។ សហភាពអឺរ៉ុប ក៏បានបញ្ជាក់ថា សកម្មភាពបែបនេះគឺជាការប្រឆាំងនឹងគណបក្សប្រឆាំង ហើយដែលថា តើទង្វើនេះគឺជាភាពស្របច្បាប់ក្នុងការបោះឆ្នោតនៅពេលខាងមុខដែរ ឬទេ?
ទាក់ទងនឹងបញ្ហានេះដែរ ស្ថានទូតអូស្ត្រាលី បានសរសេរសារអេឡិចត្រូនិក បញ្ជាក់ពីជំហររបស់ខ្លួនយ៉ាងដូចនេះ៖ "ស្ថានទូតអូស្ត្រាលី ប្រចាំកម្ពុជា នឹងពិនិត្យតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះការធ្វើវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយនៅកម្ពុជា។ រដ្ឋាភិបាលអូស្ត្រាលី លើកទឹកចិត្តរដ្ឋាភិបាលកម្ពុជា ធានាឲ្យមានការបោះឆ្នោតដោយត្រឹមត្រូវ និងតម្លាភាព និងអនុញ្ញាតឲ្យមានការបញ្ចេញមតិ និងសំឡេងពីគ្រប់ភាគីគណបក្ស"។
ក្រសួងការបរទេសកម្ពុជា នៅថ្ងៃ២២ ខែកុម្ភៈ នេះ បានចេញសេចក្ដីថ្លែងការណ៍ ៧ចំណុច ដោយបានលើកឡើងថា រដ្ឋាភិបាលកម្ពុជា មានការខកចិត្ត ដោយបានឃើញប្រតិកម្មមិនសមហេតុផលរបស់សហរដ្ឋអាមេរិក។ ការធ្វើវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយនេះ ដោយឈរលើគោលការណ៍មានចែងក្នុងរដ្ឋធម្មនុញ្ញ ហើយថា ច្បាប់នេះ មិនមានការគំរាមកំហែងដល់គ្រឹះនៃប្រព័ន្ធពហុបក្សឡើយ។ រដ្ឋាភិបាលកម្ពុជា អំពាវនាវដល់រដ្ឋាភិបាលសហរដ្ឋអាមេរិក ត្រូវគោរពគោលការណ៍អន្តរជាតិ នៃការមិនជ្រៀតជ្រែក និងគោរពអធិបតេយ្យភាព ហើយត្រូវជៀសវាងជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។
សេចក្ដីថ្លែងការណ៍បន្តថា លទ្ធិប្រជាធិបតេយ្យកម្ពុជា គឺផ្អែកលើឆន្ទៈរបស់ប្រជាជនកម្ពុជា មិនមែនលើចំណុចចូលចិត្តរបស់រដ្ឋាភិបាលបរទេសណាមួយឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
