លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងរិះគន់គណបក្សនយោបាយ និងអង្គការសង្គមស៊ីវិលមួយចំនួនថា មិនគួរទុកឲ្យបុគ្គលដែលមានកំហុសមកបំផ្លាញស្ថាប័នទាំងនោះឡើយ។
លោក ហ៊ុន សែន ថ្លែងក្នុងពិធីបញ្ចុះខណ្ឌសីមាមួយក្នុងខេត្តតាកែវ កាលពីថ្ងៃទី៦ ខែមិថុនា បានថ្លែងចំអកឲ្យគណបក្សនយោបាយមួយដែលលោកមិនបង្ហាញចំឈ្មោះ ប៉ុន្តែទំនងជាចង់សំដៅទៅលើគណបក្សប្រឆាំង ជាពិសេសលោក កឹម សុខា។
លោកថា អ្នកធ្វើខុសត្រូវតែចេញមុខមកទទួលកំហុសរបស់ខ្លួន ហើយអង្គការចាត់តាំងនយោបាយ ឬអង្គការចាត់តាំងមនុស្សធម៌មួយចំនួន មិនគួរទុកឲ្យបុគ្គលម្នាក់ ឬពីរនាក់បំផ្លាញនូវបក្សនយោបាយមួយ ឬបំផ្លាញនូវអង្គការចាត់តាំងនយោបាយមួយតាមរយៈនៃការការពារអំពើខុសច្បាប់របស់បុគ្គលណានោះទេ៖ «អ្នកខ្លះខុសខ្លួនឯង ទៅយកទីកន្លែងដទៃជាអង្គការចាត់តាំង ជាក្រុមមនុស្សមួយក្រុម ជាតួអង្គចាត់តាំងមួយដើម្បីការពារខ្លួន ហើយអង្គការនោះក៏ការពារមនុស្សខូចទៅទៀត ដើម្បីប្រឈមនឹងផ្លូវច្បាប់។ អ៊ីចឹងសង្ឃឹមថា ប្រហែលជារឿងនេះគឺត្រូវគិតគូរឲ្យបានច្បាស់»។
គណបក្សសង្គ្រោះជាតិ មិនទាន់មានប្រតិកម្មយ៉ាងណានៅឡើយ ទាក់ទងនឹងការឌឺដងរបស់លោក ហ៊ុន សែន នៅពេលនេះ។
ការថ្លែងសារនយោបាយរបស់នាយករដ្ឋមន្ត្រីនេះ នៅខណៈដែលប្រជាពលរដ្ឋមកពីបណ្ដាខេត្ត ក្រុងជាច្រើនមកគាំទ្រលោក កឹម សុខ នៅទីស្នាក់ការកណ្ដាល នារាជធានីភ្នំពេញ ប្រឆាំងមិនឲ្យមានការចាប់ខ្លួនលោក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
