រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទកម្ពុជា កំពុងធ្វើជាម្ចាស់ផ្ទះនៃសិក្ខាសាលាថ្នាក់តំបន់រយៈពេល ៣ថ្ងៃ នៅខេត្តសៀមរាប។ សិក្ខាសាលាស្ដីពីការប្រែក្លាយតំបន់ជនបទជាចក្ខុវិស័យនិងយុទ្ធសាស្ត្រសម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក គឺមានអ្នកជំនាញបរទេសផ្នែកអភិវឌ្ឍន៍ជនបទចំនួនជាង ២០០នាក់កំពុងចូលរួម។
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា រដ្ឋាភិបាលនឹងរៀបចំចក្ខុវិស័យកម្ពុជា សម្រាប់ឆ្នាំ២០៣០ គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ព្រមទាំងឯកសារគោលនយោបាយមួយចំនួនទៀត ដើម្បីធ្វើឲ្យកម្ពុជា ដែលជាកញ្ចប់គោលនយោបាយ និងយុទ្ធសាស្ត្រនៃដំណើរការផ្លាស់ប្ដូរកម្ពុជា ឱ្យប្រែក្លាយទៅជាប្រទេសដែលមានចំណូលមធ្យម។
លោក ហ៊ុន សែន បានថ្លែងនៅក្នុងពិធីបើកសិក្ខាសាលាស្ដីពីការប្រែក្លាយតំបន់ជនបទជាចក្ខុវិស័យនិងយុទ្ធសាស្ត្រសម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក នៅឯខេត្តសៀមរាប កាលពីព្រឹកថ្ងៃអង្គារ ទី២ ខែធ្នូ ថា កម្ពុជាមានបំណងប្រែក្លាយប្រទេសឱ្យប្រជាពលរដ្ឋមានចំណូលមធ្យមនៅឆ្នាំ២០៣០ និងមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ខាងមុខ។
លោក ហ៊ុន សែន បន្តថា កសិកម្មនៅតែមានតួនាទីសំខាន់ចំពោះការទ្រទ្រង់កំណើនសេដ្ឋកិច្ច ធានានូវសមធម៌ ធានាសន្តិសុខស្បៀង និងការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា។ ដោយសារវិស័យកសិកម្មជាឆ្អឹងខ្នងដ៏សំខាន់នៃសេដ្ឋកិច្ចកម្ពុជានេះ រដ្ឋាភិបាលកំពុងត្រូវការមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម ដែលហៅកាត់ថា អាយ.ហ្វេដ (IFAD) ជាដៃគូដើម្បីធ្វើឱ្យវិស័យកសិកម្មប្រែក្លាយទៅជាទំនើបឡើង៖ «មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម តែងយកចិត្តទុកដាក់ជួយប្រជាជនក្រីក្រ ហើយមានលទ្ធភាពលើកកម្ពស់សន្តិសុខស្បៀង និងអាហារូបត្ថម្ភ ក៏ដូចជាបង្កើនប្រាក់ចំណូល និងពង្រឹងភាពធន់ ព្រមទាំងការងារគាំទ្រដល់ប្រជាជនក្រីក្រនៅជនបទ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ថា ការខិតខំប្រឹងប្រែងលើកស្ទួយវិស័យកសិកម្មបានធ្វើឱ្យកម្ពុជា ដែលគេតែងយល់ឃើញថា ជាប្រទេសអន់ថយផ្នែកសេដ្ឋកិច្ច អត្រាភាពក្រីក្រខ្ពស់ និងអសន្តិសុខស្បៀង បានប្រែក្លាយទៅជាប្រទេសនាំចេញស្បៀង ធ្វើឱ្យកំណើនសេដ្ឋកិច្ចខ្ពស់ក្នុងរយៈពេល១ទសវត្សចុងក្រោយនេះ។
លោកនាយករដ្ឋមន្ត្រីអះអាងថា កាលពីឆ្នាំ២០០៧ កម្ពុជាមានអត្រាភាពក្រីក្រ ៤៧.៨% ក៏ប៉ុន្តែនៅឆ្នាំ២០១១ អត្រានៃភាពក្រីក្របានធ្លាក់ចុះនៅត្រឹម ១៩.៨%។ កាលពីឆ្នាំ២០០៨ កម្ពុជាមានទិន្នផលស្រូវជាមធ្យមកើនឡើង ២.៧៤តោន ក៏ប៉ុន្តែនៅឆ្នាំ២០១២ គឺទិន្នផលស្រូវកើនឡើង ៣.១៣តោនក្នុង១ហិកតារ។
រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ លោក អ៊ុក រ៉ាប៊ុន មានប្រសាសន៍ថា ប្រទេសកម្ពុជា ក៏ដូចជាប្រទេសជាច្រើនទៀតក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកទាំងមូល គឺប្រាថ្នាមិនចង់បានភាពក្រីក្រធ្ងន់ធ្ងរ ចង់ឱ្យពលរដ្ឋគ្រប់រូបមានចំណូល មានស្បៀង និងអាហារូបត្ថម្ភគ្រប់គ្រាន់ កុមារទទួលបានការអប់រំមានគុណភាព និងសេដ្ឋកិច្ចមានសកម្មភាពរស់រវើក។ កត្តាទាំងនេះ គឺពឹងផ្អែកយ៉ាងខ្លាំងទៅលើវិស័យកសិកម្ម ដោយជំរុញការអភិវឌ្ឍនៅទីជនបទ។
អនុប្រធានមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម លោក ចន មើរីម៉ាកខិនថាយ (John McIntire) យល់ឃើញថា វិស័យកសិកម្មនៅតែជាជម្រើសដ៏ប្រសើរបំផុតក្នុងការបង្កើនប្រាក់ចំណូលនៅជនបទក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ ក៏ប៉ុន្តែការខ្វះខាតបច្ចេកវិទ្យានិងឱកាសក្នុងការវិនិយោគប្រកបដោយនិរន្តរភាព ធ្វើឱ្យពលរដ្ឋនៅតាមជនបទលំបាកក្នុងការលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
