លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជំរុញឲ្យគ្រប់ក្រសួង និងស្ថាប័នទាំងអស់នៅកម្ពុជា ពង្រឹងការគ្រប់គ្រង និងអនុវត្តថវិការបស់ខ្លួនឲ្យបានត្រឹមត្រូវ។ លើសពីនេះ លោកក៏ជំរុញឲ្យមានការយកចិត្តទុកដាក់ក្នុងការរៀបចំឲ្យបានសុក្រឹតនូវកម្មវិធីចំណូល-ចំណាយ ជាប្រចាំ ដើម្បីជួយរដ្ឋាភិបាលបញ្ចៀសឲ្យបាននូវបំណុលសាច់ប្រាក់ និងការខ្វះខាតសាច់ប្រាក់ ដូចដែលរដ្ឋាភិបាលធ្លាប់បានជួបប្រទះក្នុងពេលកន្លងមក។
រដ្ឋាភិបាលកម្ពុជា ចាត់ទុកការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈប្រកបដោយប្រសិទ្ធភាព គឺជាមូលដ្ឋានគ្រឹះដ៏ចាំបាច់មិនអាចខ្វះបានសម្រាប់ជំរុញការអភិវឌ្ឍប្រទេសជាតិ និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។
ថ្លែងនៅក្នុងពិធីបើកកិច្ចប្រជុំប្រចាំឆ្នាំស្ដីពីកម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈ កាលពីព្រឹកថ្ងៃទី២០ ខែឧសភា ប្រមុខរដ្ឋាភិបាល លោក ហ៊ុន សែន មានប្រសាសន៍ថា ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ មិនត្រឹមតែមានមុខងារក្នុងការស្វែងរកថវិកា និងធានាការប្រើប្រាស់ថវិកាប្រកបដោយប្រសិទ្ធភាពប៉ុណ្ណោះទេ តែថែមទាំងមានតួនាទីធ្វើឲ្យមានស្ថិរភាពសេដ្ឋកិច្ច និងជាឧបករណ៍សម្រាប់បម្រើឲ្យគោលនយោបាយសាធារណៈរបស់ជាតិក្នុងគ្រប់ផ្នែក និងគ្រប់វិស័យទៀតផង។
លោក ហ៊ុន សែន ក៏លើកឡើងនូវបទពិសោធន៍ពីការលំបាកដែលរដ្ឋាភិបាលបានជួបប្រទះនៅពេលកន្លងមក ទាក់ទងទៅនឹងបំណុលសាច់ប្រាក់ ឬការខ្វះខាតសាច់ប្រាក់ក្នុងដៃ ដើម្បីយកទៅប្រើប្រាស់ ឬបើកប្រាក់ខែឲ្យមន្ត្រីរាជការកាលពីពេលកន្លងមក។ លោក ហ៊ុន សែន ថែមទាំងអះអាងថា ក្នុងនាមជានាយករដ្ឋមន្ត្រីគ្មានអ្វីពិបាកជាងនៅពេលដែលរដ្ឋាភិបាលមានបំណុលសាច់ប្រាក់នោះទេ។
លោក ហ៊ុន សែន អះអាងថា បើទោះជាបច្ចុប្បន្នរដ្ឋាភិបាលបានឆ្លងផុតស្ថានភាពបែបនេះយ៉ាងណាក៏ដោយ តែវាអាចកើតឡើងវិញដដែលទៀត ប្រសិនបើគ្រប់ក្រសួង ស្ថាប័ន មិនមានវិន័យថវិកា មិនមានវិធីចាយវាយត្រឹមត្រូវ ឬមិនមានតុល្យភាពរវាងក្បាលចេញ និងក្បាលចូលនៃថវិកា។
លោកផ្ដល់ឱវាទដល់គ្រប់ក្រសួង ស្ថាប័នទាំងអស់ ត្រូវតែរៀបចំឲ្យមានប្រព័ន្ធកត់ត្រា និងប្រព័ន្ធរបាយការណ៍គណនេយ្យហិរញ្ញវត្ថុត្រឹមត្រូវ ច្បាស់លាស់ សុក្រឹត និងទាន់ពេលវេលា ហើយទាំងអស់គ្នាត្រូវគោរពវិន័យចាយវាយថវិកាឲ្យបានត្រឹមត្រូវ សូម្បីរូបលោកជានាយករដ្ឋមន្ត្រី ក៏ត្រូវចាយវាយឲ្យត្រឹមត្រូវដែរ៖ «នាយករដ្ឋមន្ត្រីខ្លួនឯងត្រូវគោរពវិន័យថវិកា មិនអាចចាយខ្ជះខ្ជាយ ហើយក៏មិនអាចចាយតាមទំនើងចិត្តនឹកឃើញ ក្រៅពីអ្វីដែលបានបែងចែកក្នុងខ្ទង់ថវិកា លើកលែងតែមានគ្រោះអាសន្នបន្ទាន់ ដូចជាគ្រោះទឹកជំនន់ ឬរាំងស្ងួតជាដើម ដែលតម្រូវឲ្យមានការចាយភ្លាមៗ»។
កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ត្រូវបានរដ្ឋាភិបាលដាក់នៅក្នុងលំដាប់ជួរទីមួយក្នុងបញ្ជីអាទិភាពនៃការងារកែទម្រង់របស់ខ្លួន។ កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលក៏បានអនុម័តនូវយុទ្ធសាស្ត្រកៀរគរចំណូលរយៈពេលមធ្យមឆ្នាំ២០១៤-២០១៨ ផងដែរ ក្នុងគោលដៅដើម្បីប្រមូលឲ្យអស់លទ្ធភាពនូវចំណូលដែលមាននាពេលបច្ចុប្បន្ន។
លោក ហ៊ុន សែន បញ្ជាក់ថា សមត្ថភាពប្រមូលចំណូលប្រកបដោយស្ថិរភាព និងចីរភាព គឺជាគន្លឹះដ៏សំខាន់មួយសម្រាប់ធានានូវភាពជឿទុកចិត្តបាននៃថវិកា និងសម្រាប់ជំរុញការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច និងធានាសមធម៌សង្គម។
យ៉ាងណាក៏ដោយ លោក ហ៊ុន សែន ក៏ទទួលស្គាល់ផងដែរថា រឿងពលរដ្ឋបង់ពន្ធឲ្យរដ្ឋ មិនគ្រប់គ្រាន់ ឬលួចពន្ធកំពុងកើតមានឡើងគ្រប់ច្រកល្ហកនៅកម្ពុជា។ លោកថា ករណីនេះគឺមានពាក់ព័ន្ធនឹងការឃុបឃិតរវាងអ្នកបង់ពន្ធ និងមន្ត្រីពន្ធដារ។ ក្នុងករណីនេះដែរ លោក ហ៊ុន សែន ថ្លែងថា រដ្ឋាភិបាលមិនបាច់បង្កើនពន្ធបន្ថែមនោះទេ ឲ្យតែព្យាយាមប្រមូលពន្ធដែលមានស្រាប់ឲ្យអស់លទ្ធភាពទៅបានហើយ។
ចំណែកអ្នកសម្របសម្រួលបណ្ដាញរួបរួមដើម្បីគណនេយ្យភាពសង្គមនៅអាស៊ីបូព៌ា និងប៉ាស៊ីហ្វិកប្រចាំកម្ពុជា លោក សន ជ័យ កត់សម្គាល់ថា នៅកម្ពុជាបច្ចុប្បន្នអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ និងអ្នកមានអំណាចមួយចំនួនដែលជាប់កាតព្វកិច្ចបង់ពន្ធជូនរដ្ឋមិនបានគោរពកាតព្វកិច្ចពេញលេញនៅឡើយ ហើយចំណែកមន្ត្រីពន្ធដារវិញ ក៏ពុំមានលទ្ធភាពធ្វើអ្វីពួកគេបានទៀតផង៖ «ការចាយវាយធ្វើម៉េចឲ្យមានភាពត្រឹមត្រូវ ត្រូវបន្ថែមល្បឿន ឬគុណភាពការងាររបស់អាជ្ញាធរសវនកម្មជាតិ ពីព្រោះពួកគេមានតួនាទីនៅក្នុងការពិនិត្យមើលនូវរាល់ការចំណាយទាំងឡាយ ហើយកន្លងមករដ្ឋាភិបាលហាក់បីដូចជាបានរឹតត្បិតនូវព័ត៌មានរាល់ ការចំណាយហ្នឹងទៅសាធារណៈ ផែនការនៃការចំណាយ ឬអភិវឌ្ឍន៍ផ្សេងៗ គឺមិនបើកឱកាសឲ្យមានការចូលរួម សង្កេតតាមដាននៅក្នុងការផ្ដល់សេវានោះទេ»។
សេចក្ដីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បង្ហាញថា កាលពីខែមេសា កន្លងទៅនេះ អគ្គនាយកដ្ឋានពន្ធដារបានប្រមូល និងបង់ប្រាក់ពន្ធចូលថវិកាជាតិបានចំនួនជាង ២០០លានដុល្លារ។ ចំណូលនេះ មានការកើនឡើងប្រមាណជាង ៤០% បើធៀបទៅនឹងចំណូលពន្ធប្រចាំខែមេសា ដូចគ្នាកាលពីឆ្នាំ២០១៤។
រដ្ឋាភិបាលក៏សង្ឃឹមដែរថា តាមរយៈយុទ្ធសាស្ត្រកៀរគរចំណូលរយៈពេលមធ្យម ២០១៤-២០១៨ ការប្រមូលចំណូលចរន្តសរុបនឹងកើនបាន ០,៥% នៃផលិតផលក្នុងស្រុកសរុបជារៀងរាល់ឆ្នាំ និងភាគរយនៃចំណូលចរន្តធៀបនឹងផលិតផលក្នុងស្រុកសរុបកើនពីប្រមាណ ១៥% នៅក្នុងឆ្នាំ២០១៤ ដល់ជាង ១៧% ក្នុងឆ្នាំ២០១៨៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
