ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីមានសារព័ត៌មានខ្លះ បានចុះផ្សាយថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើសុំឲ្យអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា លោក សុរិយា ស៊ូប៊ែឌី (Surya P. Subedi) ជួយធ្វើជាអាជ្ញាកណ្ដាលដោះស្រាយជម្លោះនយោបាយនៅកម្ពុជា។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បដិសេធថា លោកមិនបានពឹងពាក់ឲ្យលោក សុរិយា ស៊ូប៊ែឌី អ្នករាយការណ៍ពិសេសនៃអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ធ្វើជាអាជ្ញាកណ្ដាល ដោះស្រាយជម្លោះនយោបាយនៅកម្ពុជាទេ ហើយថា កម្ពុជាមានភាពចាស់ទុំច្រើនផ្នែកនយោបាយ និងមិនត្រូវការបរទេសលូកដៃដោះស្រាយរឿងនេះឡើយ។ លោកថ្លែងយ៉ាងនេះ ក្នុងពិធីសម្ពោធភូមិកុមារ អេស.អូ.អេស (SOS) នៅខេត្តក្រចេះ កាលពីថ្ងៃទី១៨ ខែមករា។
លោក ហ៊ុន សែន បញ្ជាក់ថា លោក សុរិយា ស៊ូប៊ែឌី បានស្នើលោកសុំធ្វើជាអាជ្ញាកណ្ដាលដោះស្រាយបញ្ហានយោបាយដែលជាប់គាំងចំនួន ២លើក។ តែលោកបានបដិសេធដោយប្រាប់ថា កម្ពុជា មានភាពចាស់ទុំខាងនយោបាយ និងមានលទ្ធភាពអាចជួបគ្នាចរចាបានដោយមិនចាំបាច់មានបរទេសជួយ។
លោក ហ៊ុន សែន៖ «អ្នករាយការណ៍ពិសេសគាត់ស្មានតែយើងស្នើឲ្យគាត់ធ្វើអាជ្ញាកណ្ដាល។ គាត់ស្នើសុំធ្វើអាជ្ញាកណ្ដាលពីរលើក ខ្ញុំថា អត់ទេ កម្ពុជាចាស់ទុំហើយ មិនចាំបាច់បរទេសណាដឹកដៃឲ្យបរទេស គេមានលទ្ធភាពជួបគ្នាតើ។ គាត់ (សុរិយា ស៊ូប៊ែឌី)ថាឲ្យខ្ញុំធ្វើអី? ខ្ញុំថា ទៅប្រាប់ឲ្យគណបក្សហ្នឹងចូលក្នុងសភាទៅ ខ្ញុំបានប្រាប់តែប៉ុណ្ណឹងតើ! ខ្ញុំគ្មានស្នើឲ្យគាត់ធ្វើអាជ្ញាកណ្ដាលឯណា?»។
លោកបន្តថា បើមានអាជ្ញាកណ្ដាលនោះ គឺជាព្រះរាជតួនាទីរបស់ព្រះមហាក្សត្រ។ ប៉ុន្តែកាលៈទេសៈដែលភាគីទាំងពីរនៅមានគម្លាតឆ្ងាយមិនទាន់ត្រូវរ៉ូវគ្នានោះ គួរគប្បីកុំរំខានដល់ព្រះមហាក្សត្រ។ លោកក៏បានសុំឲ្យលោក ស៊ូប៊ែឌី ជួយជំរុញគណបក្សប្រឆាំងចូលរួមក្នុងសភា ដើម្បីឈានទៅរកការដោះស្រាយបញ្ហា។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ធ្លាប់ប្រាប់ថា ប្រសិនបើគ្មានភាគីទី៣ ចូលរួមសម្របសម្រួលបញ្ហាជាប់គាំងនយោបាយទេនោះ បញ្ហាស្រុះស្រួលគ្នារវាងគណបក្សប្រឆាំង និងគណបក្សប្រជាជនកម្ពុជា មិនងាយចប់ដោយស្រួលៗឡើយ។
សម្រាប់លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ធ្លាប់ប្រាប់ការឲ្យគណបក្សនេះចូលក្នុងរដ្ឋសភាមិនអាចធ្វើទៅបានទេ លុះត្រាតែលទ្ធផលបោះឆ្នោតត្រូវបានដោះស្រាយដោយយុត្តិធម៌ជូនម្ចាស់ឆ្នោតជាមុនសិន៖ «ខ្ញុំគិតថាមិនមែនរឿងជំរុញមិនជំរុញទេ រឿងសំខាន់យើងដោះស្រាយនយោបាយ យើងដោះស្រាយភាពយុត្តិធម៌ជូនប្រជាពលរដ្ឋហើយឬនៅ ពីព្រោះគណបក្សសង្គ្រោះជាតិ ខ្ញុំក្ដី លោក សម រង្ស៊ី ក្ដី គឺយើងការពារនូវយុត្តិធម៌ម្ចាស់ឆ្នោត ហើយបើយើងអត់ដោះស្រាយភាពមិនប្រក្រតីជុំវិញការបោះឆ្នោតហ្នឹង បានយើងទៅប្រជុំសភាម៉េចកើត»។
អ្នកតាមដានសភាពការណ៍នយោបាយនិងវិភាគនយោបាយខ្លះ ទទូចសុំឲ្យព្រះមហាក្សត្រចេញព្រះភ័ក្ត្រដោះស្រាយវិបត្តិនយោបាយ ព្រមទាំងមានការចូលរួមពីអង្គការសង្គមស៊ីវិលជាតិ អន្តរជាតិ ដើម្បីស្ដារស្ថានភាពនយោបាយនៅកម្ពុជា ឡើងវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
