លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសឡាវ ពីថ្ងៃទី១២ ដល់ថ្ងៃ ទី១៣ ខែមីនា។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចេញផ្សាយនៅថ្ងៃទី៩ ខែមីនា ឲ្យដឹងថា ដំណើរទស្សនកិច្ចរបស់លោក ហ៊ុន សែន នេះ គឺតបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីប្រទេសឡាវ លោក ថងស៊ីង ថាំម៉ាវង្ស (Thongsing Thammavong)។
សេចក្ដីប្រកាសព័ត៌មានឲ្យដឹងបន្តថា ក្នុងអំឡុងពេលទស្សនកិច្ចនោះ លោក ហ៊ុន សែន នឹងជួបពិភាក្សាទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីឡាវ ប៉ុន្តែមិនបានបញ្ជាក់ពីប្រធានបទនៃកិច្ចពិភាក្សាឡើយ។
ប្រតិភូអមដំណើរលោក ហ៊ុន សែន រួមមានប្រធានព្រឹទ្ធសភា លោក សាយ ឈុំ រដ្ឋមន្ត្រីក្រសួងការបរទេស លោក ហោ ណាំហុង រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី លោក សុខ អាន និងរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់។
កាលពីចុងខែកុម្ភៈ រដ្ឋមន្ត្រីក្រសួងការបរទេស លោក ហោ ណាំហុង ក៏បានធ្វើដំណើរទៅកាន់ប្រទេសឡាវ ដើម្បីចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន (ASEAN) នៅទីនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
