លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថា លោកនឹងប្ដេជ្ញាបន្តថែរក្សា និងពង្រីកនូវឧត្ដមគតិមនសិការស្នេហាជាតិរបស់លោក ជា ស៊ីម ឲ្យស្ថិតស្ថេរ។ ការប្រកាសរបស់លោក ហ៊ុន សែន បែបនេះ ធ្វើឡើងក្នុងពេលលោកថ្លែងវិយោគកថា ក្នុងពិធីបូជាសពលោក ជា ស៊ីម ដែលត្រូវបានរដ្ឋាភិបាលរៀបចំឡើងនៅលើសួនច្បារមុខវត្តបទុមវតី កាលពីព្រឹកថ្ងៃទី១៩ ខែមិថុនា។
នេះគឺជាលើកទី១ហើយដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឡើងធ្វើជាអ្នកថ្លែងវិយោគកថាឲ្យមន្ត្រីជាន់ខ្ពស់របស់កម្ពុជា ដែលបានទទួលមរណភាព។
ក្នុងវិយោគកថាជាង ២០នាទី លោក ហ៊ុន សែន បានចំណាយពេលជាច្រើនថ្លែងអំពីជីវប្រវត្តិរបស់សពលោក ជា ស៊ីម ចាប់តាំងពីពេលលោកបានកើតរហូតដល់លោកទទួលមរណភាព។
ថ្លែងនៅចំពោះព្រះភក្ត្រព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី សម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ និងសមាជិកព្រឹទ្ធសភា រដ្ឋសភា មន្ត្រីរដ្ឋាភិបាលប្រធានគណបក្សប្រឆាំង លោក សម រង្ស៊ី និងមន្ត្រីស្ថានទូតបរទេសនានា លោក ហ៊ុន សែន លើកឡើងថា ការបាត់បង់លោក ជា ស៊ីម គឺជាការបាត់បង់ឥស្សរជនជាន់ខ្ពស់ និងថ្នាក់ដឹកនាំកំពូលមួយរូបរបស់ជាតិ ប្រជាជន និងរបស់គណបក្សប្រជាជនកម្ពុជា។
លោក ហ៊ុន សែន ដែលមានសម្លៀកបំពាក់អាវស ខោស បែបផែនជាមន្ត្រី បានថ្លែងសរសើរលោក ជា ស៊ីម ថា ក្នុងមួយជីវិតរបស់ខ្លួនលោក ជា ស៊ីម បានតស៊ូដើម្បីឯករាជ្យជាតិ និងពុះពាររាល់ឧបសគ្គដើម្បីសង្គ្រោះជាតិ កសាងសន្តិភាព និងអភិវឌ្ឍកម្ពុជា រហូតមក។
លោក ហ៊ុន សែន ដែលស្ដាប់ទៅហាក់អួលដើមកផងនោះ បានថ្លែងប្ដេជ្ញានៅចំពោះមុខសពលោក ជា ស៊ីម ថា នឹងបន្តថែរក្សាវីរភាព និងបទពិសោធន៍របស់លោក ជា ស៊ីម ឲ្យស្ថិតស្ថេរ និងរីកចម្រើន៖ «អ្វីដែលបន្សល់ទុកនៅហើយមិនរលត់សូន្យបង់តាមរូបកាយរបស់សម្ដេចនោះ គឺសេចក្ដីល្អ អំពើជាកុសល សេចក្ដីថ្លៃថ្នូរ សកម្មភាពតស៊ូ អំណត់ ព្យាយាម ភាពម៉ឺងម៉ាត់ ក្នុងការងារភក្ដីភាព និងឧត្ដមគតិ ស្នាដៃដ៏ធំធេងរបស់សម្ដេចចំពោះជាតិ សាសនា ព្រះមហាក្សត្រ ចំពោះសង្គមជាតិ ចំពោះព្រះពុទ្ធសាសនា និងចំពោះប្រជាពលរដ្ឋ»។
ពិធីបូជាសពរបស់លោក ជា ស៊ីម ត្រូវបានគេធ្វើការផ្សាយបន្តផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ជាតិកម្ពុជា និងចាក់ផ្សាយបន្តនៅលើទូរទស្សន៍ជាច្រើនផ្សេងទៀត រួមទាំងវិទ្យុជាតិផងដែរ។
បន្ទាប់ពីព្រះមហាក្សត្រប្រោសប្រទានភ្លើងបូជាសពលោក ជា ស៊ីម រួច រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ដែលជាប្អូនថ្លៃខាងប្រពន្ធលោក ជា ស៊ីម តំណាងឲ្យក្រុមគ្រួសារបានឡើងថ្លែងអំណរគុណអ្នកចូលរួម។
ដោយឡែកសម្រាប់លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ វិញ បើទោះជាលោកមិនមានតួនាទីដែលត្រូវឡើងថ្លែងក្នុងពិធីបូជាសពលោក ជា ស៊ីម ក្ដី ប៉ុន្តែលោកបានថ្លែងនៅលើទំព័រហ្វេសប៊ុក (Facebook) របស់លោកនៅថ្ងៃ១៩ ខែមិថុនា ថា លោក ជា ស៊ីម គឺជាមនុស្សដែលលោកតែងតែគោរពចាប់តាំងពីឆ្នាំ១៩៩៣ មក។
គេក៏នៅចាំបានថា កាលពីពេលដែលលោក ជា ស៊ីម នៅមានជីវិតលោក សម រង្ស៊ី និងភរិយា ក៏ធ្លាប់បានទៅសួរសុខទុក្ខលោក ជា ស៊ីម ដល់គេហដ្ឋានផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
