មន្ត្រីសង្គមស៊ីវិលនិងតំណាងរាស្ត្រគណបក្សប្រឆាំង ស្នើឲ្យក្រសួងមហាផ្ទៃ អនុវត្តច្បាប់ស្ដីពីអន្តោប្រវេសន៍ និងបង្ហាញស្ថិតិនៃចំនួនជនអន្តោប្រវេសន៍ខុសច្បាប់ទាំងឡាយដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា។ បញ្ហានេះ មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ថ្លែងថា មន្ត្រីជំនាញបានអនុវត្តច្បាប់អន្តោប្រវេសន៍នេះជាហូរហែ។
អង្គការមិនមែនរដ្ឋាភិបាលមួយឈ្មោះ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ផ្ញើលិខិតជូនលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជំរុញការអនុវត្តច្បាប់អន្តោប្រវេសន៍ ដែលសភាអនុម័តកាលពីឆ្នាំ១៩៩៤ ឲ្យមានប្រសិទ្ធភាព។
លិខិតចុះថ្ងៃច័ន្ទ ទី៣០ ខែមិថុនា របស់តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ចុះហត្ថលេខាដោយលោក រ៉ុង ឈុន កត់សម្គាល់ថា កន្លងមកនេះក្រសួងមហាផ្ទៃ ពុំទាន់អនុវត្តច្បាប់អន្តោប្រវេសន៍ទៅលើជនអន្តោប្រវេសន៍ខុសច្បាប់កំពុងរស់នៅក្នុងប្រទេសកម្ពុជា ដ៏ច្រើន ពិសេសជនជាតិវៀតណាម ឲ្យបានត្រឹមត្រូវទេ។ លោកថា ករណីនេះ បណ្ដាលឲ្យបាត់បង់ការងារពលរដ្ឋខ្មែរ និងប៉ះពាល់ដល់សន្តិសុខសង្គមធ្ងន់ធ្ងរ។
បន្ថែមលើលិខិត លោក រ៉ុង ឈុន ស្នើឲ្យក្រសួងមហាផ្ទៃ អនុវត្តច្បាប់ស្ដីពីអន្តោប្រវេសន៍ឲ្យមានប្រសិទ្ធភាពខ្ពស់ ចំពោះជនអន្តោប្រវេសន៍ខុសច្បាប់ដែលកំពុងមានវត្តមានក្នុងប្រទេសកម្ពុជា៖ «ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា យើងរង់ចាំមើលការឆ្លើយតបពីក្រសួងមហាផ្ទៃ ហើយបើមិនមានការឆ្លើយតបទេតទៅមុខទៀតនឹងមានការប្រមូលផ្តុំធ្វើបាតុកម្ម ដើម្បីដាក់ញត្តិជំរុញឲ្យមានការអនុវត្តច្បាប់អន្តោប្រវេសន៍នេះ»។
ដូចគ្នាដែរ លោក យ៉ែម បុញ្ញឫទ្ធិ មន្ត្រីនាំពាក្យគណបក្សសង្គ្រោះជាតិ រិះគន់ថា កន្លងមករាល់លិខិតរបស់គណបក្សប្រឆាំងស្នើដល់ក្រសួងមហាផ្ទៃ ឬរដ្ឋាភិបាល ជួយផ្ដល់ស្ថិតិពីចំនួនជនអន្តោប្រវេសន៍ទាំងស្រប និងខុសច្បាប់ចូលមករស់នៅក្នុងប្រទេសកម្ពុជា គ្មានចម្លើយឆ្លើយតបទេ។
មន្ត្រីបក្សប្រឆាំងរូបនេះថ្លែងព្រួយបារម្ភពីជនអន្តោប្រវេសន៍ដែលចូលមកស្នាក់នៅក្នុងប្រទេសកម្ពុជា ហើយរដ្ឋាភិបាលគ្រប់គ្រងមិនបានច្បាស់លាស់៖ «រឿងនេះមានបញ្ហាធំណាស់សម្រាប់ប្រទេសជាតិ ពីព្រោះប្រទេសនីមួយៗ គេគ្រប់គ្រងប្រជាពលរដ្ឋឲ្យបានច្បាស់លាស់។ គ្រប់គ្រងជនអន្តោប្រវេសន៍ទាំងស្របនិងខុសច្បាប់បានយ៉ាងពិតប្រាកដ។ ដោយឡែកសម្រាប់ប្រទេសកម្ពុជា ដែលសូម្បីតែអត្តសញ្ញាណប័ណ្ណក៏ធ្វើមិនបានគ្រប់គ្រាន់ និងគ្រប់គ្រងជនអន្តោប្រវេសន៍ហ្នឹងក៏មិនបានច្បាស់លាស់ទៀត។ នេះជារឿងមួយដែលគណបក្សសង្គ្រោះជាតិ ព្រួយបារម្ភបំផុត ហើយបានជំរុញ និងលើកទឹកចិត្តដល់រដ្ឋាភិបាល គិតគូរឲ្យបានច្បាស់លាស់អំពីប្រជាពលរដ្ឋរបស់យើងហើយនិងអន្តោប្រវេសន៍ខុសច្បាប់ ឬស្របច្បាប់ទាំងអស់នោះ»។
ឆ្លើយតបបញ្ហានេះ លោក ខៀវ សុភ័គ មន្ត្រីនាំពាក្យក្រសួងមហាផ្ទៃ ឲ្យដឹងថា ក្រសួងបានអនុវត្តច្បាប់អន្តោប្រវេសន៍នេះជាបន្តបន្ទាប់ និងបានចាប់បញ្ជូនជនអន្តោប្រវេសន៍ខុសច្បាប់មួយចំនួនឲ្យវិលទៅក្រៅប្រទេសវិញ។ ក្នុងនោះមានជនអន្តោប្រវេសន៍ចិន និងវៀតណាម ជាដើម។
ទោះយ៉ាងណា លោកមិនទាន់បង្ហាញតួលេខនៃចំនួនជនអន្តោប្រវេសន៍ទាំងស្របនិងខុសច្បាប់នានា ដែលកំពុងរស់នៅកម្ពុជា មានចំនួនប៉ុន្មានឲ្យពិតប្រាកដទេ ព្រោះក្រសួងមហាផ្ទៃ កំពុងធ្វើស្ថិតិឲ្យបានត្រឹមត្រូវជាមុន៖ «រាល់ដងហ្នឹងមិនមែនថាយើងមិនអនុវត្តទេ ហើយចាំមើលលិខិតហ្នឹង ការអនុវត្តហ្នឹងវាយ៉ាងម៉េច? ឬគាត់ចង់ឲ្យមានការចាប់បញ្ជូនជនអន្តោប្រវេសន៍ខុសច្បាប់ដូចថៃ បញ្ជូនពលករខ្មែរឲ្យវិលមកស្រុកវិញ? ខ្ញុំចាំមើលលិខិតសិន។ ជាធម្មតាយើងបានធ្វើស្ថិតិរួចអស់ហើយ ហើយអ្នកណាដែលជាអន្តោប្រវេសន៍ខុសច្បាប់ហ្នឹង យើងបានខិតខំធ្វើយ៉ាងណាអនុវត្តច្បាប់នោះ ហើយមានការបញ្ជូនចេញជាបណ្តើរៗ។ ការបញ្ជូននេះ គឺមិនមែនត្រឹមកំណត់តែជនជាតិណាមួយនោះទេ ប៉ុន្តែជនអន្តោប្រវេសន៍ខុសច្បាប់ គឺបានបញ្ជូនចេញជាហូរហែ។ ឯកឧត្ដមក្រសួងមហាផ្ទៃ លោកបានបណ្ដេញចេញនូវជនអន្តោប្រវេសន៍ខុសច្បាប់ទាំងឡាយណាចេញពីកម្ពុជា តែញយហ្នឹង ហើយមានចំនួនរាប់សិបនាក់ហើយ។ មន្ត្រីសង្គមស៊ីវិលខ្លះអត់ដឹងផងទេ»។
ទោះយ៉ាងណា មន្ត្រីសង្គមស៊ីវិល និងបក្សប្រឆាំងចោទថា រដ្ឋាភិបាលក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺមិនបានអនុវត្តច្បាប់អន្តោប្រវេសន៍ឲ្យមានប្រសិទ្ធភាព។ ជាងនេះបានអនុញ្ញាតឲ្យជនអន្តោប្រវេសន៍វៀតណាម ខុសច្បាប់ រាប់លាននាក់ចូលមករស់នៅក្នុងប្រទេសកម្ពុជា ដោយគ្មានការទប់ស្កាត់នោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
