"អតុល្យភាព​សង្គម​កើន​ឡើង​ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​សង្គម​កាន់​តែ​ច្រើន"

0:00 / 0:00

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន លើកឡើង​ពី​អតុល្យភាព​ក្នុង​សង្គម​ដែល​ចេះតែ​កើន​ឡើង​ពី​មួយ​អាណត្តិ​ទៅ​មួយ​អាណត្តិ​នៃ​រដ្ឋាភិបាល​របស់​លោក។ មន្ត្រី​ជាន់ខ្ពស់​នៃ​គណបក្សប្រឆាំង និង​សង្គម​ស៊ីវិល​បង្ហាញ​ទស្សនៈ​ថា បញ្ហា​នេះ​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​អំពើ​អយុត្តិធម៌​ក្នុង​សង្គម និង​អំពើ​ពុល​រលួយ​នៅ​តែ​មាន​ឥទ្ធិពល​ខ្លាំង​នៅឡើយ។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​នៅ​ថ្ងៃ​ចន្ទ​ទី​០១ ធ្នូ ថា អតុល្យភាព​ក្នុង​សង្គម​បាន​ឡើង​រហូតដល់​១២​ចំណុច គិត​ចាប់ពី​ទសវត្ស​៨០​រហូតដល់​បច្ចុប្បន្ន។ ចំនួន​នេះ​បាន​កើន​ឡើង​ច្រើន​ពី​មួយ​អាណត្តិ​ទៅ​មួយ​អាណត្តិ នៃ​រដ្ឋាភិបាល​ក្នុង​ដំណាក់កាល​ដែល​លោក​ដឹកនាំ៖ «នៅ​ក្នុង​សៀវភៅ ១០​ឆ្នាំ​នៃ​ដំណើរ​កម្ពុជា របស់​ខ្ញុំ​នៅ​ឆ្នាំ​១៩៨០ ពិនិត្យ​ឃើញ​អតុល្យភាព​តែ​បួន​ទេ ក្រោយ​មក​ឡើង​ជា​ហូរហែ ដល់​អតុល្យភាព ៦​យ៉ាង ដល់ ១០​យ៉ាង។ ឥឡូវ​នេះ​ពិនិត្យ​ត្រួសៗ គឺ​អតុល្យភាព ១២​យ៉ាង​ដែល​ជា​ចុង​ខ្សែ​ច្រើន​នៃ​ចំណង​មួយ»

អតុល្យភាព​ទាំង​១២​ចំណុច​នោះ រួមមាន សេចក្ដី​ត្រូវការ និង​ការ​ខ្វះខាត​ផ្នែក​ផ្គត់ផ្គង់ បញ្ហា​ចំណូល​ទាប និង ការ ចំណាយ​ថវិកាជាតិ​កើន​ខ្ពស់ ការនាំចេញ​មាន​កម្រិត​ទាប តែ​ការ​នាំចូល​ខ្ពស់ រូបិយវត្ថុ និង​ទំនិញ​លើ​ទីផ្សារ ឡើងថ្លៃ​ខ្ពស់​ពី​តម្រូវការ​នៃ​ការ​អភិវឌ្ឍ និង​កង្វះ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ សេចក្ដី​ត្រូវការ​អភិវឌ្ឍ និង​ការ​ខ្វះខាត​នូវ​ធនធានមនុស្ស សេចក្ដី​ត្រូវ​ការ​ក្នុង​ជីវភាព​រស់នៅ របស់​ប្រជាពលរដ្ឋ និង​ការ​អភិវឌ្ឍ​នៅ​ទាប តម្រូវការ​ពលកម្ម និង​ការ​ធ្វើ​ចំណាកស្រុក តម្រូវការ​ការងារ​ធ្វើ ផលិតផល​របស់​ប្រជាកសិករ ខ្វះ​ទីផ្សារ​សម្រាប់​នាំចេញ​ជាដើម។

ក្នុងចំណោម​អតុល្យភាព​ទាំង​១២ លោក​ហ៊ុន សែន ផ្ដោត​សំខាន់​ទៅលើ​អតុល្យភាព​នៃ​ការ​អភិវឌ្ឍ​ជាតិ និង​ការអភិវឌ្ឍន៍​ធនធានមនុស្ស ហើយ​បញ្ហា​ទាំងអស់​នេះ​កម្ពុជា​ត្រូវតែ​ខិតខំ​ដោះស្រាយ៖ «លោក​បញ្ជាក់​ក្នុង​ក្របខ័ណ្ឌ​នីតិប្រតិបត្តិ​ដោយ​ទាមទារ​ឲ្យ​ថ្នាក់​ជាតិ និង​ក្រោម​ជាតិ​ដែល​មាន​ភារកិច្ច​ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ ត្រូវ​រហ័សរហួន​ឡើង ហើយ​ឲ្យ​មាន​ប្រសិទ្ធភាព»

ទាក់ទង​បញ្ហា​នេះ អ្នកតំណាងរាស្ត្រ និង​ជា​អ្នកនាំពាក្យ នៃ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ មានប្រសាសន៍ថា អតុល្យភាព​កើតឡើង​ដោយសារ​មាន​អំពើ​អយុត្តិធម៌​សង្គម ដូចជា​ការ​បែងចែក​ផលប្រយោជន៍​មិន​ស្មើគ្នា​រវាង​អ្នកមាន និង​អ្នកក្រ ឬ​អ្នក​មាន​អំណាច និង​អ្នក​ទន់ខ្សោយ​ជាដើម៖«ដើម្បី​ឲ្យ​មាន​តុល្យភាព ឲ្យ​មាន​យុត្តិធម៌​សង្គម ត្រូវ​តែ​មាន​ការ​បែងចែក​កំណើន​សេដ្ឋកិច្ច​ឲ្យ​មាន​សមធម៌​ជាមួយ​ប្រជាពលរដ្ឋ»

លោក​បន្ត​ថា បញ្ហា​នេះ​កំពុង​ធ្វើ​ប៉ះពាល់​ដល់​ដំណើរការ​អភិវឌ្ឍន៍​ជាតិ ជាពិសេស​សហគមន៍​ប្រជាពលរដ្ឋ​ក្រីក្រ​នៅ​តាម​ទី​ជនបទ។

ចំណែក​ប្រធាន ក្រុមប្រឹក្សាភិបាល នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោក អ៊ូ វីរៈ មាន​ប្រសាសន៍​ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ​ថា អំពើពុករលួយ​ជា​ដើមចម​ធ្វើ​ឲ្យ​អតុល្យភាព​សង្គម​កាន់តែ​រីកធំឡើង។

មួយ​ផ្នែក​ទៀត​បណ្ដាល​មក​ពី​ការបែងចែក​ផលប្រយោជន៍​រវាង​អ្នក​ទីក្រុង និង​ជនបទ ដែល​ទទួល​បាន​ឱកាស​ខុសគ្នា​ដូចជា​មុខ​ជំនួញ និង​ការអប់រំ៖ «អ្នក​នៅ​ក្នុង​ក្រុង​ចាយ​លុយ​ខ្ជះខ្ជាយ​មែន​ទែនហើយ​អ្នក​ក្រ​ក្នុង​ក្រុង​ក៏​មាន​ច្រើន​ដែរ។ ចំពោះ​ខ្ញុំ​រឿង​ហ្នឹង​គឺ​ជា​រឿង​ដែល​ត្រូវ​យក​ចិត្ត​ទុក​ដាក់​មែន​ទែន»

របាយការណ៍​របស់​ធនាគារ​អភិវឌ្ឍ​អាស៊ី​រក​ឃើញ​ថា សេដ្ឋកិច្ច​កម្ពុជា​មាន​កំណើន​ខ្ពស់ តែ​កម្ពុជា​នៅ​មាន​ក្រុម​អ្នក​ងាយ​រងគ្រោះ​ច្រើន ដូចជា​ក្រុម​អ្នក​ក្រីក្រ ក្រុម​អ្នក​គ្មាន​ការងារ​ធ្វើ និង​ក្រុម​ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ពី​គម្រោង​ដី​សម្បទាន​សេដ្ឋកិច្ច គម្រោង​អភិវឌ្ឍ​ទំនប់​វារីអគ្គិសនី​ជាដើម។

ប្រជាពលរដ្ឋ​ដែល​ស្ថិតនៅ​ក្រុម​អ្នក​ងាយ​រងគ្រោះ​ទាំងនោះ មាន​ប្រហែល​៩​លាន​នាក់​ក្នុងចំណោម​ប្រជាពលរដ្ឋ​កម្ពុជា​សរុប​១៥​លាន​នាក់។ ទាំង​គណបក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល ជំរុញ​ឲ្យ​រដ្ឋាភិបាល និង​អ្នក​ពាក់ព័ន្ធ ប្រញាប់ប្រញាល់​ដោះស្រាយ​បញ្ហា​ទាំងនេះ​ជាបន្ទាន់​ដើម្បី​ជំរុញ​ដល់​ការអភិវឌ្ឍន៍​ជា​បាន​ដើរ​ទៅមុខ​រួច៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។