ប្រវត្តិនៃការបោះឆ្នោតនៅកម្ពុជា ចំនួន ៥អាណត្តិមកហើយ ពុំដែលឃើញលើកណាមួយដែលគូភាគីប្រកួតជែងទាំងអស់សុខកាយសប្បាយចិត្តក្រោយការប្រកាសលទ្ធផលនោះទេ។ ពោល គឺអ្នកចាញ់ គឺចាញ់ទាំងមិនអស់ចិត្ត ចំណែកអ្នកឈ្នះ ក៏ឈ្នះមិនសូវជាពេញមុខពេញមាត់ប៉ុន្មានដែរ។ បញ្ហាទាំងអស់នេះ ភាគច្រើនបានធ្លាក់បន្ទុកទៅលើអាជ្ញាកណ្ដាល គឺគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
រឿងរ៉ាវទាំងឡាយ ជារឿយៗគេឃើញអ្នកចោទចេះតែខំប្រឹងចោទ អ្នកដោះសាក៏ខិតខំប្រជែងបង្ហាញហេតុផលរកត្រូវតែរៀងៗខ្លួន។ ទីបំផុត ការបង្កើតរដ្ឋាភិបាលថ្មីត្រូវជាប់គាំង បើមិនជាប់គាំងទេ ក៏រដ្ឋាភិបាលនោះត្រូវតែកើតចេញពីការសម្របសម្រួលគ្នាចែកអំណាចគ្នា ដើម្បីបានសុខ ជាជាងការអនុវត្តទៅតាមនីតិវិធីនៃច្បាប់។
ប្រធានគណៈកម្មាធិការពង្រឹងវិស័យច្បាប់ ដើម្បីការពារសិទ្ធិមនុស្ស លោកបណ្ឌិត ហ៊ាង រិទ្ធី បានបង្ហាញថា ករណីនេះវាស្ទើរក្លាយទៅជាទម្លាប់ដុះស្នឹមទៅហើយសម្រាប់បរិបថនៅក្រោយការបោះឆ្នោតនៅកម្ពុជា៖ «ភាពចម្រូងចម្រាសគ្នានៅតែមិនទាន់ដាច់ស្រឡះពីគ្នា ការវិភាគរបស់ខ្ញុំ បញ្ហានេះជាបរិបថមួយដែលកំពុងឈានទៅរកបរិបថចាស់ដែលទម្លាប់ធ្លាប់ធ្វើបាន ហើយចេះតែចង់ធ្វើ អ៊ីចឹងបានជាគេចេះតែនិយាយថាច្បាប់ទម្លាប់ ទម្លាប់ ច្បាប់គឺជាវិធានទម្លាប់ គឺទម្លាប់អាក្រក់…! អ៊ីចឹងអាចឈានទៅរកទម្លាប់មិនល្អទៀត ហើយបើទម្លាប់មិនល្អពាក់ព័ន្ធករណីអ៊ីចឹង គេហៅថាអនុវត្តលទ្ធិផ្ដាច់ការ មិនមែនជារបបសេរីពហុបក្សទេ»។
ប្រទេសកម្ពុជា ធ្លាប់មានប្រវត្តិសាស្ត្ររបស់ខ្លួនចំនួនពីរលើកហើយ គឺនៅឆ្នាំ១៩៩៣ និងនៅឆ្នាំ២០០៣ ដែលបានជាប់គាំងផ្នែកនយោបាយក្រោយពីបោះឆ្នោត ដែលមិនអាចបង្កើតរដ្ឋាភិបាលបានភ្លាមៗទៅតាមកាលកំណត់។
បញ្ហាទាំងនោះដោយសារតែគណបក្សចាញ់ឆ្នោតមិនទទួលយកលទ្ធផលបោះឆ្នោត និងបានចោទប្រកាន់ថា ការបោះឆ្នោតពេលនោះមិនសេរី មិនត្រឹមត្រូវ មិនយុត្តិធម៌ និងពុំមានតម្លាភាព។
ចំណែកនៅអាណត្តិទី៥ នេះ ក៏មានរឿងរ៉ាវប្រហាក់ប្រហែលគ្នានេះដែរ។ រាល់បញ្ហាបានកើតចំស្នាមដំបៅចាស់ដដែលៗ ហើយកម្ដៅនយោបាយ និងភាពចម្រូងចម្រាសនៅអាណត្តិថ្មីនេះ ក៏មិនចាញ់អាណត្តិមុនៗដែរ។
មន្ត្រីសង្គមស៊ីវិល និងអ្នកវិភាគបញ្ហាសង្គម មិនចង់ឃើញមានការជាប់គាំងខាងផ្នែកនយោបាយរហូតមានការអូសបន្លាយពេលវេលា ក្នុងការបង្កើតរដ្ឋាភិបាលថ្មីជាផ្លូវការនោះទេ។
អ្នកវិភាគឯករាជ្យ លោកបណ្ឌិត សុខ ទូច មានប្រសាសន៍ថា បើសិនរដ្ឋាភិបាលថ្មីបង្កើតមិនបានក្រោយការបោះឆ្នោតនោះ នឹងនាំឲ្យខាតប្រយោជន៍ច្រើនទៅដល់ម្ចាស់ឆ្នោត ម្ចាស់ប្រទេសទាំងមូល ជាពិសេស ប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ នឹងអាចមានវិបត្តិសេដ្ឋកិច្ចក្នុងប្រទេស និងបញ្ហាអសន្តិសុខសង្គមជាដើម៖ «យើងគិតសព្វថ្ងៃនេះខាតស្អី យើងគិតពីខាត អត់ទាន់មានផ្ទុះអាវុធ អត់ទាន់មានបាតុកម្មទេ យើងចាប់ផ្ដើមខាតហើយ សាំងឡើងអត់ចុះ ម្ហូបឡើងអត់ចុះ អង្ករឡើងអត់ចុះ ប្រជាជនកង្វល់គ្រប់គ្នា»។
ស្រដៀងគ្នានេះដែរ អ្នកសិក្សាស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោក កែម ឡី មានប្រសាសន៍ថា រដ្ឋាភិបាលចាំផ្ទះមិនអាចធ្វើការងារអ្វីបានពេញលេញ ឬពេញមុខមាត់នោះទេ។ ជាងនេះទៅទៀត សកម្មភាពការងាររកស៊ីជួញដូរ ឬការវិនិយោគតូចធំផ្សេងៗ នឹងត្រូវផ្អាកបណ្ដោះអាសន្នដោយរង់ចាំរដ្ឋាភិបាលថ្មីស្របច្បាប់កើតឡើងជាមុនសិន។
លោក កែម ឡី៖ «បើវាគាំង គឺសហគមន៍អន្តរជាតិមិនបានគាំទ្រសំឡេងខ្មែរ ក្នុងកិច្ចប្រជុំធំៗក៏មិនបានគាំទ្រ ម្ចាស់ជំនួយក៏ត្រូវបានបង្កកជំនួយ អ៊ីចឹងអាចសល់តែចិន និងវៀតណាម សូម្បីតែទំនិញនាំចេញក៏ចង់យ៉ាប់ដែរ។ អាហ្នឹង ខ្ញុំគិតទេណា កាលណាយើងដោះស្រាយអត់ចេញ ទំនិញអឺរ៉ុប ទំនិញអាមេរិក អី នាំចេញអីហ្នឹង ក៏គាំងដែរ ហើយបើយើងចង់ធ្វើពាណិជ្ជកម្ម ឧទាហរណ៍ក្រុមហ៊ុនមួយនៅភ្នំពេញ ចង់ខ្ចីលុយពីកូរ៉េខាងត្បូង ជាសម្ព័ន្ធមិត្តអាមេរិក មកវិនិយោគ គេក៏អត់ទុកចិត្តលើបរិយាកាសនយោបាយហ្នឹង អាហ្នឹងដែលមានបញ្ហា អាហ្នឹងមួយ។ មួយទៀត ជំនួយសង្គមកិច្ចមកដល់ អិន.ជី.អូ (NGOs) អិន.ជី.អូ អាចគាំងធំណាស់ កាលណាគាំងធំមិនដឹងដំណើរការយ៉ាងម៉េចកើត»។
ចំណែកប្រធានអង្គការសិទ្ធិមនុស្សលីកាដូ (Licadho) អ្នកស្រី ពុង ឈីវកេក ក៏មានក្ដីបារម្ភដែរអំពីវិបត្តិនយោបាយក្រោយការបោះឆ្នោត បើសិនជាស្ថានភាពនេះអាចរុញច្រានរហូតធ្វើឲ្យជាប់គាំងនយោបាយ ដែលមិនអាចបង្កើតរដ្ឋាភិបាលថ្មីបាននោះ៖ «ប្រទេសមួយៗត្រូវតែមានរដ្ឋាភិបាលស្របច្បាប់ បើសិនរដ្ឋាភិបាលគាំងអ៊ីចឹង ហើយពុំមានរដ្ឋាភិបាលមួយដែលអាចឲ្យប្រជាពលរដ្ឋទទួលយកបាន ខ្ញុំចេះតែខ្លាចថា ប្រទេសនោះអាចមានអស្ថិរភាព…! នៅក្នុងប្រទេសមានអស្ថិរភាព គេពិបាកនឹងអភិវឌ្ឍប្រទេសជាតិណាស់»។
តែទោះយ៉ាងណាក៏ដោយ អ្នកស្រីនៅតែមានសង្ឃឹមថា អ្នកនយោបាយខ្មែរនឹងមានចរិតចាស់ទុំ ដោយឆ្លងកាត់បទពិសោធន៍ច្រើន និងអាចយកបទពិសោធន៍ពីអតីតកាលជាមេរៀនសំខាន់ សម្រាប់ដោះស្រាយបញ្ហានយោបាយនៅបច្ចុប្បន្ននេះ៖ «ខ្ញុំមានការព្រួយបារម្ភ បងប្អូនដទៃទៀតមានការព្រួយបារម្ភ ប៉ុន្តែសង្ឃឹមថាការព្រួយបារម្ភរបស់យើងនេះ នឹងបានរលាយទៅវិញបន្ទាប់ពីអ្នកចាស់ទុំខាងនយោបាយនៅក្នុងគណបក្សទាំងពីរហ្នឹង បង្ហាញការពិតជូនប្រជាពលរដ្ឋទៅប្រជាពលរដ្ឋលោកអស់ចិត្តហើយ»។
កម្ពុជា ធ្លាប់ជាប់គាំងផ្នែកនយោបាយដែលពិបាកនឹងបង្កើតរដ្ឋាភិបាលបានក្រោយបោះឆ្នោតនោះចំនួនពីរលើកមកហើយ គឺការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី២ ឆ្នាំ១៩៩៨ ដែលរៀបចំឡើងដោយ គ.ជ.ប។ មូលហេតុនៃការជាប់គាំងពេលនោះ គឺមានចំណុចទំនាស់ប្រហាក់ប្រហែលគ្នា។
ក្រោយមកទៀត ក្នុងការបោះឆ្នោតអាណត្តិទី៣ ឆ្នាំ២០០៣ ក៏បានជាប់គាំងជាថ្មីម្ដងទៀតអស់រយៈពេលជាង ១១ខែ។ កាលនោះ គណបក្សប្រជាជនកម្ពុជា ទទួលបាន ៧៣អាសនៈ គណបក្សហ៊្វុនស៊ិនប៉ិច បាន ២៦អាសនៈ និងគណបក្ស សម រង្ស៊ី បាន ២៤អាសនៈ។ គណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្ស សម រង្ស៊ី មិនទទួលយកលទ្ធផលបោះឆ្នោតនេះទេ ដោយចោទប្រកាន់ថា ការបោះឆ្នោតនោះធ្វើឡើងដោយមិនយុត្តិធម៌ មិនមានតម្លាភាព មិនត្រឹមត្រូវ និងសេរី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
