ផល​ប៉ះពាល់​ពី​ការ​គ្រប់គ្រង​អំណាច​យូរ​អង្វែង​របស់​មន្ត្រី​នយោបាយ

ជា​រឿយៗ គេ​តែង​សង្កេត​ឃើញ​នៅ​តាម​ក្រសួង​នានា​នៅ​កម្ពុជា ភាគ​ច្រើន​ជា​មន្ត្រី​នយោបាយ​មុខ​ដដែលៗ​ដឹក​នាំ​ក្រសួង​ច្រើន​ឆ្នាំ​មក​ហើយ។ អ្នក​ដឹក​នាំ​ស្ទើរ​គ្រប់​ក្រសួង ក្នុង​នោះ​មាន​មន្ត្រី​ដឹក​នាំ​ក្រសួង​ខ្លះ មាន​វ័យ​ចំណាស់​រហូត​ដល់ ៧០​ឆ្នាំ​ប្លាយ​ក៏​មាន។ តើ​មន្ត្រី​នយោបាយ​ដឹក​នាំ​​យូរ​អង្វែង​ដូច​នេះ អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ភារកិច្ច​ការងារ​របស់​មន្ត្រី​រដ្ឋបាល​សាធារណៈ​ដែរ​ឬ​យ៉ាង​ណា?

0:00 / 0:00

មន្ត្រី​នយោបាយ គឺ​ជា​មន្ត្រី​ដែល​បាន​អំណាច​ដឹក​នាំ​ប្រទេស កើត​ចេញ​ពី​ការ​បោះ​ឆ្នោត​ពី​ប្រជាពលរដ្ឋ​ក្នុង​ប្រទេស។ ចំណែក​ឯ​មន្ត្រី​រដ្ឋបាល​សាធារណៈ ជា​មន្ត្រី​ដែល​ទទួល​បាន​ការងារ​ដោយសារ​ការ​ប្រឡង និង​មាន​ការ​កំណត់​អាយុ​សម្រាប់​មន្ត្រី​បម្រើ​ការងារ​ចូល​និវត្តន៍។

មន្ត្រី​ម្ខាង​បាន​អំណាច​ដោយ​ការ​ប្រឡង​ចូល​ធ្វើ​ការ​តាម​ក្រសួង​នានា និង​មន្ត្រី​មួយ​ប្រភេទ​ទៀត​បាន​អំណាច​ពី​ការ​បោះ​ឆ្នោត​របស់​ប្រជាពលរដ្ឋ។ មន្ត្រី​ដែល​កើត​ចេញ​ពី​ការ​ប្រឡង ច្រើន​ជា​មន្ត្រី​ដែល​មាន​ចំណេះ​ដឹង និង​មាន​ជំនាញ។ ចំពោះ​មន្ត្រី​នយោបាយ​វិញ​ពុំ​ដូច្នោះ​ឡើយ គឺ​មាន​ន័យ​ថា អំណាច​ទាំង​នោះ​បាន​ដោយ​ការ​ខិតខំ​ព្យាយាម​ធ្វើ​អំពើ​ល្អ​របស់​ខ្លួន ដើម្បី​ទាក់ទាញ​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ។

ចុះ​បើ​ក្រឡេក​មក​មើល​ការ​ដឹក​នាំ​ក្នុង​តំណែង តួនាទី​ការងារ​របស់​មន្ត្រី​រដ្ឋបាល​សាធារណៈ និង​មន្ត្រី​នយោបាយ​នៅ​តាម​ក្រសួង​នានា​ក្នុង​ប្រទេស​កម្ពុជា ឃើញ​ថា មន្ត្រី​នយោបាយ​ជា​ក្បាល​ម៉ាស៊ីន​ដឹក​នាំ​មន្ត្រី​រដ្ឋបាល​សាធារណៈ​ក្នុង​ក្រសួង។ ជាង​នេះ​ទៅ​ទៀត មន្ត្រី​នយោបាយ​ទាំង​នោះ ខ្លះ​បាន​ដឹក​នាំ​ក្នុង​ក្រសួង​រហូត​ដល់ ៣០​ឆ្នាំ​ក៏​មាន។ បញ្ហា​ទាំង​នេះ ធ្វើ​ឲ្យ​មន្ត្រី​រដ្ឋបាល​សាធារណៈ​មួយ​ចំនួន ពុំ​ហ៊ាន​បញ្ចេញ​មតិ​យោបល់​របស់​ខ្លួន ថ្វី​បើ​មាន​ចំណេះ​ដឹង និង​ជំនាញ​ក៏ដោយ។

ចំពោះ​បញ្ហា​នេះ អ្នក​វិភាគ​នយោបាយ លោក​បណ្ឌិត សុខ ទូច មាន​ប្រសាសន៍​ថា អ្នក​នយោបាយ​ដឹក​នាំ​ក្នុង​ស្ថាប័ន​ដដែលៗ​យូរ​អង្វែង មាន​កត្តា​ប៉ះពាល់​ដល់​មន្ត្រី​រដ្ឋបាល​សាធារណៈ ៣​ចំណុច។ ចំណុច​ទី​១ ការ​ដឹក​នាំ​បែប​បក្ខពួក​និយម។ ចំណុច​ទី​២ មន្ត្រី​ថ្នាក់​ក្រោម​វ័យ​ក្មេង បាត់​ឱកាស​ឡើង​តំណែង និង​ទី​៣ ប្រព័ន្ធ​ការងារ​ដដែលៗ​ពុំ​សូវ​មាន​ការ​រីក​ចម្រើន។

ចំណែក​ឯ​អ្នក​វិភាគ​សង្គម លោក កែម ឡី បាន​បកស្រាយ​ចំពោះ​បញ្ហា​នេះ​ថា មន្ត្រី​នយោបាយ​ដឹក​នាំ​ក្នុង​អំណាច​យូរ​អង្វែង នាំ​ឲ្យ​មាន​ឥទ្ធិពល​ប៉ះពាល់​ដល់​ការងារ​របស់​មន្ត្រី​រដ្ឋបាល​សាធារណៈ ហើយ​បញ្ហា​ទាំង​នោះ​រួម​មាន ការ​បាត់​បង់​ភាព​ឯករាជ្យ​ក្នុង​ការងារ នាំ​ឲ្យ​មាន​ភាព​លម្អៀង​ក្នុង​ការងារ​យុទ្ធសាស្ត្រ​រយៈពេល​វែង និង​ធ្វើ​ឲ្យ​បាត់​បង់​ដល់​គុណភាព​ការងារ ដែល​មន្ត្រី​រដ្ឋបាល​សាធារណៈ​បាត់​បង់​ឱកាស​បញ្ចេញ​សមត្ថភាព​របស់​ខ្លួន។

រីឯ​សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ លោក សុខ ចាន់ដារា បកស្រាយ​ថា ការ​ដឹក​នាំ​យូរ​អង្វែង​របស់​មន្ត្រី​នយោបាយ ធ្វើ​ឲ្យ​មន្ត្រី​ទាំង​នោះ​មាន​ឱកាស​បង្កើត​បក្ខពួក​និយម​ក្នុង​ការងារ ដូច​ជា​ការ​អូស​ទាញ​សាច់ញាតិ​របស់​ខ្លួន ឲ្យ​ចូល​បម្រើ​ការងារ​ក្នុង​ស្ថាប័ន​ដែល​ខ្លួន​ដឹក​នាំ​ជាដើម។ លោក​ថា ការ​ធ្វើ​ការ​បែប​នេះ​ក្នុង​រយៈពេល​យូរ នាំ​ឲ្យ​កើត​ទៅ​ជា​ការ​ដឹក​នាំ​បែប​គ្រួសារ​និយម។

អ្នក​វិភាគ​សង្គម បាន​បន្ថែម​ទៀត​ថា ប្រទេស​មាន​ការ​រីក​ចម្រើន​ជឿន​លឿន​ទៅ​មុខ​បាន លុះ​ណា​មន្ត្រី​រដ្ឋបាល​សាធារណៈ​មាន​ភាព​ម្ចាស់​ការ​ឯករាជ្យ ក្នុង​ភារកិច្ច​ការងារ​ដោយ​ពុំ​មាន​ការ​ជះ​ឥទ្ធិពល​ណា​មួយ​ពី​មន្ត្រី​នយោបាយ។

ចំពោះ​វិធី​ដោះស្រាយ លោក កែម ឡី បញ្ជាក់​ថា បញ្ហា​ចម្បង​រាល់​ផែន​ការ​យុទ្ធសាស្ត្រ​រយៈពេល ៥​ឆ្នាំ គណបក្ស​ជាប់​ឆ្នោត​ដាក់​ឲ្យ​ទៅ​មន្ត្រី​រដ្ឋបាល​សាធារណៈ​ជា​អ្នក​អនុវត្តន៍ ព្រោះ​រដ្ឋបាល​សាធារណៈ ជា​មន្ត្រី​ជំនាញ និង​នាំ​គោល​នយោបាយ​នោះ​ទៅ​អនុវត្ត​ដោយ​ឯករាជ្យ។

បញ្ហា​នេះ លោក​បណ្ឌិត សុខ ទូច បង្ហាញ​ថា គណបក្ស​នយោបាយ​អាច​ជាប់​ឆ្នោត​ដឹក​នាំ​ប្រទេស​យូរ​អង្វែង​បាន ដោយ​ពុំ​ចោទ​ជា​បញ្ហា​នោះ​ឡើយ។ ប៉ុន្តែ មេ​ដឹក​នាំ​គណបក្ស​ជា​បញ្ហា​សំខាន់​ត្រូវ​មាន​ការ​ផ្លាស់​ប្ដូរ ដើម្បី​យុវជន​ជំនាន់​ថ្មី​មាន​ឱកាស​ផ្នែក​នយោបាយ។

យ៉ាង​ណា​ក៏ដោយ កន្លង​មក​គេ​តែង​សង្កេត​ឃើញ​ថា មន្ត្រី​រដ្ឋបាល​សាធារណៈ​ភាគ​ច្រើន​ជា​ឧបករណ៍​នយោបាយ​របស់​មន្ត្រី​នយោបាយ ដែល​មាន​អំណាច​បាន​ដឹក​នាំ​នៅ​កម្ពុជា បើ​ទោះ​មន្ត្រី​រដ្ឋបាល​សាធារណៈ​ទាំង​នោះ​មិន​ពេញ​ចិត្ត​នឹង​ចូល​រួម​ក្នុង​សកម្មភាព​នយោបាយ​នោះ​ក្ដី។ ដូច្នេះ មាន​តែ​ប្រជាពលរដ្ឋ​ម្ចាស់​ឆ្នោត​ទេ ដែល​ជា​ក្ដី​សង្ឃឹម​សម្រាប់​បញ្ចប់​បញ្ហា​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។