ការគាំទ្រទាំងនោះ បានបង្ហាញអំពីការប្រកួតប្រជែងមិនស្មើភាពគ្នារវាងគណបក្សនយោបាយ ហើយសកម្មភាពអាជីវកម្មនានាឈានរកភាពផ្ដាច់មុខ ដែលប៉ះពាល់សង្គមប្រជាធិបតេយ្យដែលប្រកាន់យករបបសេដ្ឋកិច្ចទីផ្សារសេរីនោះ។
ការព្រួយបារម្ភរបស់អ្នកនយោបាយជាចម្បងនៅពេលឃោសនារកសំឡេងឆ្នោត នៅក្នុងប្រទេសមួយចំនួននៅលើពិភពលោក ក្នុងនោះរួមទាំងប្រទេសកម្ពុជា ផង គឺបញ្ហាខ្វះច្បាប់ស្ដីពីការគ្រប់គ្រងថវិកាសម្រាប់ការឃោសនាបោះឆ្នោត។ ភាពខ្វះខាតច្បាប់នេះ នឹងបណ្ដាលឲ្យគណបក្សនយោបាយទទួលបានជំនួយហិរញ្ញវត្ថុពីអ្នកប្រកបអាជីវកម្មធំៗ។ ការផ្ដល់លុយទាំងនោះ ធ្វើឲ្យមានភាពលំអៀង ឬអយុត្តិធម៌ដល់គណបក្សតូច ដែលមានការទាក់ទាញការផ្ដល់ជំនួយតិចតួច។
នៅក្នុងប្រទេសដែលកាន់លទ្ធិប្រជាធិបតេយ្យត្រូវមានច្បាប់សម្រាប់គ្រោងធនធានហិរញ្ញវត្ថុរបស់គណបក្សនយោបាយ ដែលច្បាប់នេះជាដែនកំណត់ក្នុងការប្រើប្រាស់ថវិការបស់គណបក្សចូលរួមប្រកួតប្រជែងឲ្យបានស្មើភាពគ្នា។
នៅក្នុងប្រទេសដែលគ្មានច្បាប់ចែងអំពីការកំណត់ក្នុងការជួយថវិកាគណបក្សនយោបាយក្នុងពេលបោះឆ្នោត អាចធ្វើឲ្យគណបក្សដែលទទួលបានការគាំទ្រពីក្រុមឈ្មួញធំៗទាំងនោះ ត្រូវបានអ្នកវិភាគបានលើកឡើងថា មានតែគណបក្សគ្រប់គ្រងរដ្ឋាភិបាលទេ ដែលជាអ្នកទទួលបានហិរញ្ញវត្ថុពីក្រុមអ្នកមានទាំងនោះ ពីព្រោះថា រដ្ឋាភិបាលជាអ្នកផ្ដល់អាជ្ញាប័ណ្ណឲ្យក្រុមឈ្មួញទាំងនោះ។
តំណាងរាស្ត្ររបស់គណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ មានប្រសាសន៍ថា មានហេតុផលជាច្រើនដែលរដ្ឋាភិបាលមិនបានបង្កើតច្បាប់ស្ដីពីការគ្រប់គ្រងថវិកាសម្រាប់ឃោសនាបោះឆ្នោត។ ហេតុផលទាំងនេះរួមមាន ការទទួលបានធនធានហិរញ្ញវត្ថុពីគ្រប់មជ្ឈដ្ឋានទាំងអស់ សម្រាប់បម្រើឲ្យផលប្រយោជន៍គណបក្ស។
ផ្ទុយទៅវិញ ស្របពេលកម្ពុជា មិនមានច្បាប់គ្រប់គ្រងថវិការបស់គណបក្សនយោបាយនៅឡើយនេះ អាជីវករ ឬឈ្មួញធំៗទាំងនោះ មិនបានមកគាំទ្រដល់គណបក្សផ្សេងក្រៅពីគណបក្សកាន់អំណាចឡើយ ព្រោះម្ចាស់អាជីវកម្មទាំងនោះប្រឈមនឹងការលំបាកគ្រប់បែបយ៉ាង ទាក់ទងនឹងសិទ្ធិរកស៊ី ឬការទទួលអាជ្ញាប័ណ្ណ និងប្រឈមនឹងការបាត់បង់សម្បទានពិសេសជាច្រើនទៀតពីរដ្ឋាភិបាលជាដើម។
លោក សុន ឆ័យ មានប្រសាសន៍បន្តថា កត្តាទាំងនេះបង្ហាញថានៅប្រទេសកម្ពុជា ទាក់ទាញបានតែប្រភេទក្រុមហ៊ុនដែលបង្កឲ្យមានផលប៉ះពាល់ដល់សង្គម និងប្រជាពលរដ្ឋ។ ផ្ទុយទៅវិញ រដ្ឋាភិបាលកម្ពុជា មិនអាចទាក់ទាញក្រុមហ៊ុនសុចរិត ត្រឹមត្រូវ ឲ្យមានការអភិវឌ្ឍជួយកំណើនសេដ្ឋកិច្ច និងបង្កើតការងារសម្រាប់ប្រជាពលរដ្ឋកម្ពុជា ពិតប្រាកដឡើយ។
ប្រធានអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល មានប្រសាសន៍ថា តម្លាភាពមូលនិធិសម្រាប់គណបក្សនយោបាយ គឺមិនមានការលាតត្រដាងអំពីការចំណាយ ឬធនធានហិរញ្ញវត្ថុបានមកពីប្រភពណានោះទេ។ គណបក្សណាដែលទទួលបានជំនួយហិរញ្ញវត្ថុកាន់តែច្រើន កាន់តែមានឱកាសទទួលបានសំឡេងគាំទ្រកាន់តែច្រើន ដោយហេតុថាគណបក្សនោះនឹងចំណាយថវិកាលើសលប់តាមរយៈការផ្ដល់អំណោយផ្សេងៗ និងការទិញទឹកចិត្តពីម្ចាស់ឆ្នោត ដើម្បីឲ្យបោះឆ្នោតគាំទ្របក្សខ្លួន។
លោក ព្រាប កុល បន្ថែមថា អាជីវករមួយចំនួនបានស្ម័គ្រចិត្តចំពោះការផ្ដល់លុយដល់រដ្ឋាភិបាល ជាថ្នូរនឹងការទទួលយកកិច្ចព្រមព្រៀងធ្វើអាជីវកម្ម ដែលមានលក្ខណៈអនុគ្រោះច្រើនដល់អាជីវកម្មរបស់ឈ្មួញ ដែលប្រកបអាជីវកម្មនៅប្រទេសកម្ពុជា។ មានន័យថា អ្នកទទួលលុយត្រូវជំពាក់គុណ ហើយអ្នកជំពាក់គុណត្រូវសងគុណវិញ។ ការសងគុណនោះអាចជាការបើកឱកាសធ្វើអាជីវកម្មធំៗ ឬមានការយោគយល់លើការប្រមូលពន្ធ។ បន្ថែមលើនេះ ម្ចាស់ជំនួញធំទាំងនោះអាចជាមន្ត្រីជាន់ខ្ពស់មកពីបក្សនយោបាយ ឬសាច់ញាតិរបស់បក្សកាន់អំណាច។
លោកអះអាងទៀតថា បញ្ហានេះតែងតែកើតមាននៅក្នុងប្រទេសកំពុងអភិវឌ្ឍ ជាពិសេសនៅក្នុងប្រទេសដែលមានអំពើពុករលួយខ្លាំង ការឃោសនារកសំឡេងឆ្នោតតែងមានការជួយគាំទ្រពីអាជីវករធំៗ ដោយសារតែគ្មានយន្តការត្រួតពិនិត្យលើមូលនិធិសម្រាប់ចំណាយរបស់គណបក្សនយោបាយ។
ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ លោក ខឹម វាសនា មានប្រសាសន៍ថា ការផ្ដល់ធនធានហិរញ្ញវត្ថុទៅគណបក្សនយោបាយពីសំណាក់ក្រុមហ៊ុនធំ គឺចាត់ទុកថាជាអំពើពុករលួយ។
ទោះបីជាយ៉ាងនេះក្ដី ច្បាប់ស្ដីពីគណបក្សនយោបាយ តម្រូវឲ្យគណបក្សផ្ដល់របាយការណ៍មួយឆ្នាំម្ដងទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងមហាផ្ទៃ នូវឯកសារហិរញ្ញវត្ថុរបស់គណបក្ស រួមមានឯកសារធនាគារ បញ្ជីចំណាយ និងរបាយការណ៍ពីសកម្មភាពរបស់គណបក្ស។
ការអនុញ្ញាតឲ្យផ្ដល់ធនធានបានដល់គណបក្សនោះ ដូចជាការបង់វិភាគទានជាសមាជិក ចំណូលបានមកពីជំនួយពីក្រុមហ៊ុនសាធារណៈ ស្ថាប័នរដ្ឋ ឬអង្គការមិនមែនរដ្ឋាភិបាល និងក្រុមហ៊ុនបរទេសជាដើម។
បញ្ហានេះអ្នកវិភាគបានសង្កត់ធ្ងន់ថា រដ្ឋសភាកម្ពុជា អាចអនុម័តច្បាប់បានទាំងអស់ ទោះបីជាច្បាប់អ្វីក៏ដោយ ឲ្យតែច្បាប់នោះស្របទៅតាមឆន្ទៈរបស់រដ្ឋាភិបាល តួយ៉ាងដូចជាកាលពីពេលថ្មីៗនេះ សភាបានអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពីការប្រឆាំងមិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃរបបកម្ពុជាប្រជាធិបតេយ្យ។ សេចក្ដីព្រាងច្បាប់នេះ សភាបានអនុម័តភ្លាមៗបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចង់ឲ្យសភាបង្កើតច្បាប់នេះតែក្នុងរយៈពេលជាងមួយសប្ដាហ៍ប៉ុណ្ណោះ។
ដោយឡែក ចំពោះសេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងថវិកាសម្រាប់ការឃោសនាបោះឆ្នោតនេះ អ្នកវិភាគបានពន្យល់ថា ទោះបីជាគណបក្សប្រឆាំង និងអង្គការសង្គមស៊ីវិលធ្លាប់បានស្នើសុំអស់រយៈពេលជាច្រើនឆ្នាំមកហើយក្ដី ប៉ុន្តែរដ្ឋាភិបាលមិនព្រមនោះឡើយ ពីព្រោះថា ច្បាប់នេះនឹងធ្វើឲ្យបាត់បង់ផលប្រយោជន៍គណបក្សកាន់អំណាច៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
