ក្នុងពិធីបុណ្យឯករាជ្យជាតិ ដែលមានពិធីបុណ្យមួយទៀត គឺបុណ្យខួបកំណើតកងទ័ពជាតិដែរនោះ បានធ្វើឡើងនៅវិមានឯករាជ្យ និងមុខព្រះបរមរាជវាំង នារាជធានីភ្នំពេញ ដែលមានប្រជាពលរដ្ឋ និងសិស្សានុសិស្សចូលរួមរាប់ពាន់នាក់។
«សំឡេងភ្លេងទ័ព»
កម្ពុជា បានប្រារព្ធពិធីបុណ្យខួបឯករាជ្យជាតិ និងខួបកំណើតកងទ័ពជាតិឆ្នាំនេះ ក្នុងពេលដែលបញ្ហានយោបាយកំពុងជាប់គាំងក្រោយការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ កាលពីថ្ងៃទី២៨ កក្កដា កន្លងទៅ។
ព្រះមហាក្សត្រ សម្ដេចព្រះបាទ ព្រះបរមនាថ នរោត្តម សីហមុនី បានយកឱកាសនេះអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់រួមគ្នាឡើង ដើម្បីផលប្រយោជន៍ជាតិ៖ «នៅក្នុងឱកាសនេះ ខ្ញុំសូមអំពាវនាវបងប្អូនប្រជាពលរដ្ឋកម្ពុជា គ្រប់មជ្ឈដ្ឋាន សូមរួបរួមសាមគ្គីគ្នាជាធ្លុងមួយ ស្ថិតក្រោមដំបូលរដ្ឋធម្មនុញ្ញ និងច្បាប់រដ្ឋ ដើម្បីចូលរួមចំណែកការពារ និងកសាងមាតុភូមិលើគ្រប់វិស័យ»។
ព្រះរាជសារអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងសារអំពីស្នាដៃរបស់រដ្ឋាភិបាល បានអភិវឌ្ឍប្រទេសបានជឿនលឿនកន្លងមក និងអំពីការប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាលថ្មី ដែលដឹកនាំដោយបក្សប្រជាជនតែឯង។
«សំឡេង លោក ហ៊ុន សែន»
លោកនាយករដ្ឋមន្ត្រីនៅតែចាត់ទុកថា ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ កាលពីថ្ងៃទី២៨ កក្កដា កន្លងទៅ ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតប្រកាសថា បក្សប្រជាជន បាន ៦៨កៅអី បក្សសង្គ្រោះជាតិ បានតែ ៥៥កៅអីនោះ គឺត្រឹមត្រូវ និងយុត្តិធម៌ ហើយរដ្ឋាភិបាលអាណត្តិថ្មី ដែលដឹកនាំដោយបក្សប្រជាជន តែឯងនេះ ប្ដេជ្ញាចិត្តដឹកនាំប្រទេសឲ្យបានរីកចម្រើនតទៅទៀត។

១

២

៣

៤

៥

៦

៧

៨

៩

១០
ក៏ប៉ុន្តែ លទ្ធផលបោះឆ្នោតនេះ ត្រូវបានបក្សសង្គ្រោះជាតិ ចោទថា បក្សប្រជាជន លួចបន្លំ ហើយសុំឲ្យពិនិត្យស្វែងរកការពិតលទ្ធផលឆ្នោតជាមុនសិនទើបសុខចិត្ត។
ទាក់ទងព្រះរាជសារអំពាវនាវនេះ អ្នកវិភាគសង្គមបានយល់ថា ព្រះមហាក្សត្រចង់សំដៅទៅថ្នាក់ដឹកនាំ និងអ្នកគាំទ្របក្សសង្គ្រោះជាតិ ឲ្យងាកមកចូលរួមធ្វើរដ្ឋាភិបាលជាមួយបក្សប្រជាជន វិញ ដើម្បីផលប្រយោជន៍ជាតិរួម។
ប៉ុន្តែ អ្នកនាំពាក្យបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ បញ្ជាក់ជំហរនៅថ្ងៃទី៩ វិច្ឆិកា ថា បក្សសង្គ្រោះជាតិ មិនផ្លាស់ប្ដូរជំហរទេ គឺនៅតែទាមទាររកយុត្តិធម៌ឲ្យម្ចាស់ឆ្នោតដដែល៖ «បើគេចង់បំភ្លេចយុត្តិធម៌បំភ្លេចការពិត យើងមិនអាចរកចំណុចឯកភាពគ្នាឃើញទេ។ បើសិនជាយើងចង់បានឯកភាព ទាល់តែរកយុត្តិធម៌ រកការពិត ដើម្បីឲ្យម្ចាស់ឆ្នោតទូទាំងប្រទេសលោកអស់ចិត្ត ហើយពេលហ្នឹង យើងនឹងរកឃើញហើយនូវចំណុចរួបរួមគ្នា ចំណុចសម្របសម្រួលគ្នា ដើម្បីការងារបម្រើប្រទេសជាតិទាំងអស់គ្នា»។
ក្នុងពិធីបុណ្យឯករាជ្យជាតិនេះ គេមិនឃើញមានមន្ត្រីបក្សសង្គ្រោះជាតិ ចូលរួមទេ ខណៈដែលថ្នាក់ដឹកនាំបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី និងលោក កឹម សុខា ស្ថិតនៅក្រៅប្រទេស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
