ឥណ្ឌា​ផ្ដល់​ទឹក​ថ្នាំ​ជ្រលក់​ដៃ​៤​ម៉ឺន​ដប​សម្រាប់​បោះឆ្នោត

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ទទួល​បាន​ជំនួយ​ទឹក​ថ្នាំ​ជ្រលក់​ដៃ​លុប​លាង​មិន​ជ្រះ​ចំនួន ៤​ម៉ឺន​ដប ពី​រដ្ឋាភិបាល​នៃ​ប្រទេស​ឥណ្ឌា សម្រាប់​ថ្ងៃ​បោះឆ្នោត​ជាតិ​ខែ​កក្កដា ខាង​មុខ។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ចុះ​ថ្ងៃ​ទី១០ ឧសភា ឲ្យ​ដឹង​ថា ឯកអគ្គរដ្ឋទូត​ឥណ្ឌា ប្រចាំ​ប្រទេស​កម្ពុជា លោក ឌីណេស ប៉ាតណែក (Dinesk K Patnaik) បាន​ផ្ដល់​ជំនួយ​ជា​ទឹក​ខ្មៅ​លុប​លាង​មិន​ជ្រះ​ចំនួន ៤​ម៉ឺន​ដប ដល់ គ.ជ.ប សម្រាប់​ប្រើប្រាស់​ក្នុង​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នីតិកាល​ទី៥ ដែល​ធ្វើ​ឡើង​នៅ​ថ្ងៃ​អាទិត្យ ទី២៨ ខែ​កក្កដា ខាង​មុខ​នេះ។

លិខិត​បន្ត​ថា ទឹក​ខ្មៅ​នេះ​ត្រូវ​គេ​ប៉ាន់​ប្រមាណ​ថា​មាន​តម្លៃ​ប្រមាណ ៤៥​លាន​រូពី ដែល​ស្មើ​ប្រមាណ ៨៣​ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក។ ហើយ​ទឹក​ថ្នាំ​នេះ នឹង​ត្រូវ​បញ្ជូន​តាម​យន្តហោះ​ក្នុង​អំឡុង​ពាក់​កណ្ដាល​ខែ​មិថុនា ខាង​មុខ។

លោក ទេព នីថា អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ឲ្យ​ដឹង​តាម​រយៈ​សេចក្ដី​ប្រកាស​ព័ត៌មាន​ថា រាល់​ការ​បោះឆ្នោត​នៅ​កម្ពុជា ចាប់​តាំង​ពី​ការ​បោះឆ្នោត​ជាតិ កាល​ពី​ឆ្នាំ​១៩៩៨ មក គ.ជ.ប បាន​បញ្ជា​ទិញ និង​ប្រើប្រាស់​តែ​ទឹក​ខ្មៅ​លុប​លាង​មិន​ជ្រះ​នេះ​ពី​ប្រទេស​ឥណ្ឌា តែ​ប៉ុណ្ណោះ។ លោក​បន្ត​ថា ព្រោះ​ទឹក​ថ្នាំ​ប្រភេទ​នេះ​មាន​គុណភាព​លុប​មិន​ជ្រះ​ក្នុង​រយៈពេល ៧ ទៅ ១៥​ថ្ងៃ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។