គណបក្ស​ប្រឆាំង​នឹង​ជ្រើសរើស​អនុប្រធាន​បក្ស​បន្ទាប់​ពី​លោក កឹម សុខា ត្រឡប់​មក​វិញ

0:00 / 0:00

ក្រសួង​មហាផ្ទៃ បាន​ទទួល​ស្គាល់​លក្ខន្តិកៈ​ថ្មី​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​យក​ទៅ​តម្កល់​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មេសា នោះ​ហើយ។ មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ លើក​ឡើង​ថា គណបក្ស​ប្រឆាំង​អាច​ដំណើរការ​រៀបចំ​សមាសភាព​ដឹកនាំ​គណបក្ស​បាន ប៉ុន្តែ​ត្រូវ​តែ​ធ្វើ​ឡើង​ឲ្យ​ស្របតាម​ច្បាប់ និង​លក្ខន្តិកៈ​ដែល​បាន​តម្កល់​នៅ​ក្រសួង​មហាផ្ទៃ។

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ដឹង​ភ្លាមៗ ក្រោយពី​ក្រសួង​មហាផ្ទៃ ទទួល​ស្គាល់​លក្ខន្តិកៈ​ថ្មី នៅ​ថ្ងៃ​ទី​៣ ខែ​ឧសភា ថា គណបក្ស​ប្រឆាំង​នឹង​រៀបចំ​សមាសភាព​ក្បាល​ម៉ាស៊ីន​ដឹកនាំ​គណបក្ស​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ។

មន្ត្រី​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញឫទ្ធិ មាន​ប្រសាសន៍​ថា គណៈកម្មការ​នាយក​គណបក្ស​នឹង​ជ្រើសរើស​អនុ​ប្រធាន​នៅ​ក្រោយ​ថ្ងៃ​ទី​១៥ ខែ​ឧសភា បន្ទាប់​ពី​លោក កឹម សុខា ប្រធាន​គណបក្ស​វិល​ត្រឡប់​ពី​បំពេញ​ទស្សនកិច្ច​នៅ​សហរដ្ឋអាមេរិក​វិញ។ លោក​បញ្ជាក់​ថា គណបក្ស​នឹង​ដាក់​បេក្ខភាព​អនុប្រធាន​បក្ស​នេះ​ជា​បេក្ខភាព​ចាស់​ដដែល៖ «នៅ​ក្នុង​លក្ខន្តិកៈ​ដែល​យើង​ប្រគល់​សិទ្ធិ​ទៅ​អោយ​គណៈកម្មការ​នាយក​ជា​អ្នក​រៀបចំ រហូត​ដល់​បច្ចុប្បន្ន​នៅ ៣​រូប​នៅ​ចង់​ដាក់​បេក្ខភាព​គាត់​ដដែល ហើយ​ដល់​ប្រជុំ​គណៈកម្មការ​នាយក​យើង​មិន​ទាន់​ដឹង​ថា​មាន​បេក្ខភាព​ណា​ខ្លះ»

ក្រសួង​មហាផ្ទៃ បាន​ទទួល​ស្គាល់​លោក កឹម សុខា ជា​ប្រធាន​គណបក្ស កាល​ពី​ថ្ងៃ​ទី​៥ ខែ​មេសា ប៉ុន្តែ​មិន​ទទួល​ស្គាល់​អនុ​ប្រធាន ៣​រូប​ទៀត​ទេ រួម​មាន​លោក អេង ឆៃអ៊ាង លោក ប៉ុល ហំម និង​អ្នកស្រី មូរ សុខហួរ ដោយ​ក្រសួង​បញ្ជាក់​ពី​មូលហេតុ​ថា ការ​រៀបចំ​ក្បាល​ម៉ាស៊ីន​ដឹក​នាំ​ថ្មី​នេះ ធ្វើ​ឡើង​ខុស​លក្ខន្តិកៈ​ដែល​តម្កល់​នៅ​ក្រសួង​មហាផ្ទៃ កាល​ពី​ឆ្នាំ​២០១២។ ការ​ជ្រើសរើស​សមាសភាព​ដឹកនាំ​ថ្មី​នេះ នៅ​ក្រោយ​ពេល​លោក សម រង្ស៊ី ដែល​ជាប់​បណ្ដឹង​រាប់​មិន​អស់​នៅ​តុលាការ​បាន​លាលែង​ពី​ប្រធាន​គណបក្ស។

លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​ផ្ញើ​លិខិត​ជូន​ដំណឹង​ទៅ​គណបក្ស​សង្គ្រោះ​ជាតិ​វិញ នៅ​ថ្ងៃ​ទី​៣ ខែ​ឧសភា ដោយ​បញ្ជាក់​ថា ក្រសួង​មហាផ្ទៃ បាន​ទទួល​សំណើ​សុំ​តម្កល់​លក្ខន្តិកៈ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ធ្វើ​សមាជ​វិសាមញ្ញ​គណបក្ស ធ្វើ​វិសោធនកម្ម​លើ​ប្រការ ៤៧ (ថ្មី) ទៅ​ប្រការ ៤៧ (ថ្មីមួយ) និង​បាន​អនុម័ត​កែតម្រូវ​លេខ​រៀង​ជំពូក​ទី​១០ ទៅ​ជា​ជំពូក​ទី​៩ វិញ។

លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ ចូលរួម​ក្នុង​កិច្ចប្រជុំ​បូក​សរុប​ពី​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ដើម​ឆ្នាំ២០១៦ នា​ក្រសួង​មហាផ្ទៃ កាល​ថ្ងៃទី២១ ខែ​មករា ឆ្នាំ​២០១៦។
លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ ចូលរួម​ក្នុង​កិច្ចប្រជុំ​បូក​សរុប​ពី​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ដើម​ឆ្នាំ២០១៦ នា​ក្រសួង​មហាផ្ទៃ កាល​ថ្ងៃទី២១ ខែ​មករា ឆ្នាំ​២០១៦។ (RFA)

មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ បន្ថែម​ថា ក្រសួង​មហាផ្ទៃ ទទួល​ស្គាល់ និង​តម្កល់​លក្ខន្តិកៈ​ថ្មី​របស់​គណបក្ស​ប្រឆាំង​នៅ​ក្រសួង​ហើយ តែ​លោក​បញ្ជាក់​ថា បញ្ហា​សំខាន់​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​តែ​អនុវត្ត​តាម​លក្ខន្តិកៈ​នេះ៖ «ប្រការ​៤១ និង​ប្រការ​៤៧ថ្មី។ ប្រការ​៤១ ចែង​ថា ប្រធាន និង​អនុ​ប្រធាន​បក្ស​ត្រូវ​ជ្រើសរើស​ដោយ​សមាជ ដល់​ប្រការ​៤៧ថ្មី បាន​ចែង​ថា អត់​មាន​អនុប្រធាន ត្រូវ​ជ្រើសរើស​យ៉ាង​តិច​ម្នាក់​ដោយ​គណៈកម្មការ​នាយក។ ដល់​ពេល​គាត់​អនុវត្ត មិន​ដឹង​គាត់​អនុវត្ត​យ៉ាង​ម៉េច ចាំ​មើល»

ក្រសួង​មហាផ្ទៃ បាន​ទទួល​ស្គាល់​លក្ខន្តិកៈ​ថ្មី​ដែល​មាន ៩​ជំពូក និង ៥៨​ប្រការ របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ក្រោយ​ពេល​គណបក្ស​នេះ បាន​យក​ទៅ​តម្កល់​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មេសា ក្រោយ​ពី​បាន​ធ្វើ​វិសោធនកម្ម​ប្រការ ៤៧ (ថ្មី) ទៅ​ប្រការ ៤៧ (ថ្មីមួយ) ដោយ​សម្រេច​លុប​ចេញ​រយៈ​ពេល​នៃ​ការ​ជ្រើសរើស​អនុ​ប្រធាន​បក្ស​នៅ​ក្នុង​អង្គ​សមាជ​វិសាមញ្ញ​កាល​ពី​ថ្ងៃ​ទី​២៥ ខែ​មេសា។

​ប្រធាន​អង្គការ​និចហ្វិក (NICFEC) លោក សំ គន្ធាមី មាន​ប្រសាសន៍​ថា ជា​រឿង​ល្អ​ដែល​ក្រសួង​មហាផ្ទៃ ទទួល​ស្គាល់​លក្ខន្តិកៈ​ថ្មី​របស់​គណបក្ស​សង្គ្រោះ​ជាតិ។ លោក​បញ្ជាក់​ថា គណបក្ស​ប្រឆាំង​ត្រូវតែ​រួសរាន់​រៀបចំ​ក្បាល​ម៉ាស៊ីន​ដឹក​នាំ​បក្ស​នេះ​ឲ្យ​បាន​ឆាប់ៗ ព្រោះ​ពេល​វេលា​រៀបចំ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់​ជិត​មក​ដល់​ហើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។