ក្រសួងមហាផ្ទៃប្រកាសមិនទទួលស្គាល់ការជ្រើសរើសអនុប្រធានគណបក្សសង្គ្រោះជាតិទាំង៣រូប គឺលោក ប៉ុល ហំម អ្នកស្រី មូរ សុខហួរ និងលោក អេង ឆៃអ៊ាង ឡើយ ដោយទទួលស្គាល់តែប្រធានគណបក្សគឺលោក កឹម សុខា រួមនឹងការដកចេញនូវពាក្យស្លោក "ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ត្រ" របស់បក្សនេះ។
លិខិតរបស់ក្រសួងមហាផ្ទៃចេញនៅថ្ងៃទី៥ មេសា បញ្ជាក់ថា ការមិនទទួលស្គាល់ការជ្រើសតាំងអនុប្រធានទាំងបី ដោយគណៈកម្មាធិការនាយកគណបក្សប្រឆាំងកាលពីថ្ងៃទី២ មេសា នោះ ដោយសារតែការជ្រើសតាំងនោះ មិនស្របតាមប្រការ៤៧ថ្មី នៃលក្ខន្តិកៈរបស់គណបក្សនេះ ដែលហួសរយៈពេល៣០ថ្ងៃ ក្រោយអតីតប្រធានគណបក្សនេះ គឺលោក សម រង្ស៊ី បានលាលែង។
អនុប្រធានគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ឲ្យអាស៊ីសេរីដឹងនៅល្ងាចថ្ងៃទី៥ មេសា ថា ការឆ្លើយតបរបស់ក្រសួងមហាផ្ទៃនៅពេលនេះ គឺមានភាពអវិជ្ជមានមួយ និងវិជ្ជមានមួយដែរ។ លោកស្នើក្រសួងមហាផ្ទៃឲ្យប្រាប់មកគណបក្សប្រឆាំងវិញ ថាតើចំណុចអវិជ្ជមានត្រង់ប្រការ៤៧ថ្មីនេះ ខុសត្រង់ណា ដើម្បីឲ្យគណបក្សលោកធ្វើឲ្យត្រឹមត្រូវតាមគំនិតរបស់ក្រសួង។
ទោះជាយ៉ាងណាក៏ដោយ កាលពីថ្ងៃទី៤ មេសា ទាំងមន្ត្រីគណបក្សប្រឆាំង និងមន្ត្រីក្រសួងមហាផ្ទៃ សុទ្ធតែអះអាងថា ការសម្រេចរក្សាសមាសភាពថ្នាក់ដឹកនាំគណបក្សប្រឆាំងឲ្យនៅដដែល គឺត្រឹមត្រូវតាមលក្ខន្តិកៈបក្ស ត្រង់ប្រការ៤៧ថ្មីនេះ។ ចំណែកគណបក្សប្រឆាំងក៏ព្រមលុបពាក្យស្លោក "ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ត្រ" ចេញពីគោលនយោបាយអាទិភាព៥ចំណុចរបស់ខ្លួនផងដែរ ដើម្បីសម្រួលដល់ការចង់បានរបស់ក្រសួងមហាផ្ទៃ។
សេចក្ដីប្រកាសរបស់ក្រសួងមហាផ្ទៃនេះ ស្របពេលដែលប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ធ្វើដំណើរទៅបំពេញបេសកកម្មនៅប្រទេសណូវែលហ្សេឡង់ដ៍ (New Zealand) និងប្រទេសអូស្ត្រាលី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
