ក្រសួងមហាផ្ទៃ​សម្រេច​ប្ដឹង​រំលាយ​បក្ស​ប្រឆាំង​តាម​សំណើ​គណបក្ស​ចំនួន​២

ដោយ អាស៊ីសេរី
2017.10.06
ស ខេង ២០១៦ ៦២២ នាយក​រដ្ឋមន្ត្រី​ស្តីទី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ថ្លែង​ក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច និង​តែង​តាំង​មុខ​តំណែង​អភិបាល​ថ្មី​ខេត្ត​កំពត នា​សាលា​ខេត្ត​កំពត នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០១៦។
RFA

មេធាវី​ចំនួន ៥នាក់​តំណាង​ឲ្យ​ក្រសួង​មហាផ្ទៃ បាន​ដាក់​បណ្ដឹង​ទៅ​តុលាការ​កំពូល​នៅ​ថ្ងៃ​ទី៦ ខែ តុលា នេះ​ហើយ ដើម្បី​ស្នើ​សុំ​ឲ្យ​តុលាការ​ជាន់​ខ្ពស់​នេះ រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ។ការ​ដាក់​បណ្ដឹង​នេះ នៅ​ក្រោយ​ពេល​គណបក្ស​នយោបាយ​ចំនួន ២ បាន​ស្នើ​ឲ្យ​ក្រសួង​មហាផ្ទៃ កម្ចាត់​បក្ស​ប្រឆាំង​ចេញ​ពី​ឆាក​នយោបាយ។

មក​ដល់​ពេល​នេះ មន្ត្រី​មួយ​ចំនួន​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​រក្សា​ជំហរ​ស្ងប់ស្ងាត់​នៅ​ឡើយ ចំពោះ​គម្រោង​នៃ​ការ​រំលាយ​គណបក្ស​ប្រឆាំង​ដ៏​ធំ​មួយ​នេះ ដែល​ស្នើ​ដោយ​ក្រសួង​មហាផ្ទៃ។

លោក គី តិច មេធាវី​ម្នាក់​ក្នុង​ចំណោម​មេធាវី ៤រូប​ផ្សេង​ទៀត ដែល​តំណាង​ដោយ​អាណត្តិ​របស់​ក្រសួង​មហាផ្ទៃ បាន​ប្រាប់​ក្រុម​អ្នកកាសែត ក្រោយ​ដាក់​បណ្ដឹង​នៅ​តុលាការ​កំពូល កាល​ពី​ព្រឹក​ថ្ងៃ​ទី៦ តុលា ថា ក្រុម​មេធាវី​របស់​លោក មាន​ភស្តុតាង​គ្រប់គ្រាន់​ក្នុង​ការ​ដាក់​បន្ទុក​ប្រឆាំង និង​គណបក្ស​សង្គ្រោះ​ជាតិ។ មេធាវី​ដែល​តែង​ការពារ​ក្ដី​ឲ្យ​លោក ហ៊ុន សែន ហើយ​ជា​មេធាវី​ដែល​ពុំ​ទទួល​ស្គាល់​ពាក្យ​ថា ចាញ់​ក្ដី​ម្ដង​ណា​ឡើយ នៅ​ក្នុង​តុលាការ តទល់​និង​បក្ស​ប្រឆាំង ព្រម​ទាំង​ក្រុម​អ្នក​រិះគន់​នោះ រំពឹង​ថា សំណុំរឿង​ដ៏​សំខាន់​មួយ​នេះ តុលាការ​នឹង​ផ្ដល់​ភាព​ត្រឹមត្រូវ ហើយ​គណបក្ស​ប្រឆាំង​ប្រាកដ​ណាស់ ចៀស​មិន​ផុត​ពី​ការ​រំលាយ​ទេ។

គណបក្ស​ហ៊្វុនស៊ិនប៉ិច ដែល​ដឹកនាំ​ដោយ​សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ និង​គណបក្ស​យុវជន​កម្ពុជា របស់​លោក ពេជ្រ ស្រស់ បាន​ដាក់​បណ្ដឹង​មុន​ក្រោយ​គ្នា​មួយ​ថ្ងៃ កាល​ពី​ថ្ងៃ​ទី​៤ និង ថ្ងៃ​ទី​៥ តុលា ទៅ​ក្រសួង​មហាផ្ទៃ។ គណបក្ស​នយោបាយ​ទាំង​ពីរ​នេះ បើ​ទោះ​ជា​ត្រូវ​រង់​ការ​រិះគន់​ថា ជា​អ្នក​នយោបាយ កូន​អុក​របស់​លោក ហ៊ុន សែន ក្ដី ក៏​រំពឹង​ថា​បណ្ដឹង​របស់​ខ្លួន​នេះ ក្រសួង​មហាផ្ទៃ​នឹង​ជួយ​អន្តរាគមន៍​ទៅ​តុលាការ​កំពូល ដើម្បី​ស្នើ​ឲ្យ​រំលាយ​បក្ស​សង្គ្រោះ​ជាតិ។

មិន​ខុស​ពី​បំណង​របស់​សម្ដេច​របស់​ព្រះ​ក្រុម នរោត្តម រណឫទ្ធិ ដែល​រង​ការ​ពេប​ជ្រាយ​ថា ជា​អ្នក​នយោបាយ​តែង​បរាជ័យ​គ្រប់​ដំណាក់​កាល និង​លោក ពេជ្រ ស្រស់ ដែល​បង្កើត​​បក្ស​នយោបាយ​ដើម្បី​តែ​ដើរ​ប្ដឹង​នោះ នៅ​ថ្ងៃ​ទី ៦ តុលា ក្រសួង​មហាផ្ទៃ​បាន​យោង​លើ​ពាក្យ​បណ្ដឹង​របស់​គណបក្ស​នយោបាយ​ទាំង​ពីរ និង​ភស្តុតាង​ផ្សេង​ទៀត ស្នើ​ឲ្យ​តុលាការ​កំពូល​រំលាយ​បក្ស​ប្រឆាំង​នេះ ចេញ​ពី​ឆាក​នយោបាយ​មែន។

លោក លឺ ឡាយស្រេង អតីត​ជា​អ្នក​នយោបាយ​កូតា​គណបក្ស​ហ៊្វុនស៊ិនប៉ិច តែង​រិះគន់​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​អ្នក​នយោបាយ​ទាំង​ពីរ​នេះ​ជា​បន្តបន្ទាប់។ លោក​បដិសេធ​ក្នុង​ការ​ផ្ដល់​យោបល់ ដោយ​ចាត់​ទុក​ថា ព្រោះ​ប្រទេស​កម្ពុជា​សព្វថ្ងៃ​នេះ លែង​មាន​ច្បាប់​ទម្លាប់​ទៅ​ហើយ។

លិខិត​មួយ​ច្បាប់​ដែល​ចុះ​ហត្ថលេខា​ដោយ​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ចុះ​ថ្ងៃ​ទី៥ តុលា បាន​ប្រគល់​ភារៈ​ឲ្យ​មេធាវី​ចំនួន ៥នាក់ តំណាង​ដោយ​អាណត្តិ ហើយ​រៀបចំ​កិច្ចការ​នេះ រហូត​ដល់​ចប់​ភារកិច្ច។ លិខិត​របស់​លោក ស ខេង ក៏​បាន​បើក​ផ្លូវ​ឲ្យ​មេធាវី​ទាំង៥នាក់​នេះ មាន​សិទ្ធិ​យ៉ាង​ទូលំទូលាយ ក្នុង​ការ​បំពេញ​កិច្ចការ​របស់​ខ្លួន នៅ​តាម​ស្ថាប័ន និង​អង្គភាព​ដទៃ​ទៀត​ដែរ។

ចំណែក នាយក​រង​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ ប្រចាំ​តំបន់​អាស៊ី លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) ហៅ​ការ​ប៉ុនប៉ង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ថា ជា​អំពើខុស​ច្បាប់​ធ្ងន់ធ្ងរ​ដែល​សហគមន៍​អន្តរជាតិ​មិន​ត្រូវ​ឱប​ដៃ​មើល​តទៅ​ទៀត​ទេ។

ថ្លែង​ប្រាប់​អាស៊ីសេរី​នៅ​រសៀលថ្ងែទី៦ តុលានេះ លោក រ៉ូប៊ឺតសុន ថា​ស្ថាប័នរដ្ឋ​ទាំងមូល​នៅ​កម្ពុជា រួម​ទាំង​ប្រព័ន្ធ​តុលាការ ដែល​ជា​ស្ថាប័ន​សម្រាប់​រក​យុត្តិធម៌​ជូន​សង្គម បាន​ក្លាយ​ជា​ឧបករណ៍​នយោបាយ ដ៏​មុត​ស្រួច​របស់​លោក ហ៊ុន សែន។

លោក​បន្ត​ថា ប្រសិន​បើ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​រំលាយ​ដោយ​តុលាការ​កំពូល​ដែល​អាច​កើត​មាន​ឆាប់ៗ​នេះ សហគមន៍​អន្តរជាតិ ម្ចាស់​ជំនួយ​មិន​ត្រូវ​នៅ​ស្ងៀម​ទៀត​ទេ។ ពួក​គេ​ត្រូវតែ​ដាក់ទណ្ឌកម្ម​រដ្ឋាភិបាល​លោក​ហ៊ុន សែន អោយ​បាន​ធ្ងន់។ ទណ្ឌកម្ម​ទាំង​នោះ​រួម​មាន៖ ប្រទេស​ជប៉ុន និង​សហគមន៍​អឺរ៉ុប ត្រូវ​បញ្ឈប់​ជំនួយ​បច្ចេកទេស​លើ​ការ​បោះឆ្នោត ហើយ​ប្រទេស​សំខាន់ៗ មាន​ដូច​សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី ត្រូវ​ឈប់​ផ្ដល់​ទិដ្ឋាការ​ធ្វើដំណើរ​អោយ​មន្ត្រី​សំខាន់​ៗ និង​ក្រុម​គ្រួសារ​របស់​គណបក្សប្រជាជន​កម្ពុជា ដែល​មាន​កូន​ៗ​កំពុង​រៀន សូត្រ​នៅ​ក្នុង​ប្រទេស​ធំៗ​ទាំង​នោះ។

លោក​បណ្ឌិត មាស នី អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម យល់​ឃើញ​ថា ប្រសិន​បើ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​រំលាយ​មែន​នោះ រដ្ឋាភិបាល​ទាំង​មូល​នឹង​អស់​តម្លៃ​ជា​រដ្ឋាភិបាល​ទៀត​ហើយ។ ជាង​នេះ​ទៀត ស្ថាប័ន រៀបចំ​ការ​បោះឆ្នោត​ឆ្នោត​ជាតិ ដែល​កកើត​ពី​គណបក្ស​នយោបាយ​ទាំង​ពីរ​នេះ ក៏​ត្រូវ​រំលាយ​ចោល​ដែរ។ អ្នក​វិភាគ​រូប​នេះ​បន្ត​ថា កុំ​ថា​ឡើយ​ការ​បែង​ចែក​អាសនៈ​របស់​បក្ស​ប្រឆាំង ដែល​មាន​នៅ​ក្នុង​រដ្ឋសភា ឲ្យ​ទៅ​បក្ស​នយោបាយ​ផ្សេង​ទៀត​នោះ សូម្បី​ធម្មនុញ្ញភាព ទាំង​រដ្ឋាភិបាល និង ស្ថាប័ន​គ..ប ក៏​នឹង​ត្រូវ​នឹង​បាត់បង់​ដែរ លើកលែង​តែ​ការ​អនុវត្ត​នោះ​ធ្វើ​ឡើង​ទាំង​បំពាន​ច្បាប់។

អ្នក​វិភាគ​នយោបាយ ចាត់​ទុក​ថា នេះ​ជា​ការ​បរាជ័យ​របស់​លោក ហ៊ុន សែន ក្នុង​ការ​ធានា​ឲ្យ​មាន​របប​ប្រជាធិបតេយ្យ សេរី​ពហុបក្ស​នៅ​កម្ពុជា ដូច​ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ ជា​​ពិសេស​​ថា​តើ​អាច​នឹង​មាន​ដំណើរការ​ប្រកប​ដោយ សេរី និង​យុត្តិធម៌​ក្នុង​ការ​បោះឆ្នោត នាង​​ពេល​ខាង​មុខ​នេះ​ដោយ​របៀប​ណា បើ​សំឡេង​បក្ស​ជំទាស់ ត្រូវ​បាន​រដ្ឋាភិបាល​កម្ចាត់​ចេញ​ពី​ឆាក​នយោបាយ​ទៅ​ហើយ​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
សង្គម​ស៊ីវិល​រំពឹង​ថា​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ថ្មី​នឹង​បន្ត​ចូល​រួម​លើក​ស្ទួយ​ប្រជាធិបតេយ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។