ប៉ូលិស​អន្តរជាតិ​តាម​ចាប់​ខ្លួន​សកម្មជន​គាំទ្រ​បក្ស​ប្រឆាំង​នៅ​អាមេរិក

ដោយ យន់ សាមៀន
2014.10.01
សកម្មជន បូណា ប៊ុនផាត់ ៦២០ គេហទំព័រ អាំងទែប៉ូល (Interpol) ប្រកាស​តាម​ចាប់​ខ្លួន​លោក បូណា ប៊ុនផាត់ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ។
RFA Screenshot

ប៉ូលិស​អន្តរជាតិ អាំងទែប៉ូល (Interpol) កំពុង​តាម​ស្វែង​រក​ចាប់​ខ្លួន​សកម្មជន​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ជា​ខ្មែរ-​អាមេរិកាំង រស់​នៅ​ក្នុង​រដ្ឋ​បី​ផ្សេង​គ្នា​នៅ​សហរដ្ឋអាមេរិក។ សមត្ថកិច្ច​កម្ពុជា ក៏​កំពុង​តាម​ចាប់​មេដឹកនាំ​ចលនា​ប្រឆាំង​រដ្ឋាភិបាល​កម្ពុជា ម្នាក់​ទៀត ដែល​កំពុង​មាន​វត្តមាន​នៅ​ប្រទេស​ថៃ។ នេះ​ជា​លើក​ដំបូង​ហើយ​ដែល​សមត្ថកិច្ច​កម្ពុជា ចាត់​វិធានការ​តាម​ចាប់​ខ្លួន​អ្នក​រិះគន់​រដ្ឋាភិបាល​ដែល​ប្រើប្រាស់​ប្រព័ន្ធ​សង្គម​នៅ​ខាង​ក្រៅ​ប្រទេស។

មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ស្នើ​សុំ​ឲ្យ​រដ្ឋាភិបាល​អាមេរិក សហការ​ស្វែង​រក​ចាប់​ខ្លួន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន​បី​នាក់​ទៅ​ផ្ដន្ទាទោស​នៅ​កម្ពុជា ពី​បទ​គំរាម​សម្លាប់​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​កម្ពុជា។

គេហទំព័រ​ប៉ូលិស អាំងទែប៉ូល ផ្សព្វផ្សាយ​ស្វែង​រក​ចាប់​ខ្លួន​លោក ម៉ៅ ឃឿន នៅ​រដ្ឋ​ផេនស៊ីលវែនីញ៉ា (Pennsylvania) លោក បូណា ប៊ុនផាត់ នៅ​រដ្ឋ​វ៉ាស៊ីនតោន (Washington State) និង​លោក យឿន សំរិទ្ធី នៅ​រដ្ឋ​ចរចា (Georgia)។ អ្នក​ទាំង​បី​សុទ្ធតែ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​គំរាម​សម្លាប់​ដូច​គ្នា។ ដីកា​របស់ អាំងទែប៉ូល បញ្ជាក់​ថា សមត្ថកិច្ច​កម្ពុជា ស្វែង​រក​ចាប់​ខ្លួន​អ្នក​ទាំង​បី​ដើម្បី​កាត់​ទោស និង​ទទួលទោស​ជាប់​ពន្ធនាគារ។ ជនសង្ស័យ​ទាំង​បី​នាក់​នោះ ជា​មនុស្ស​មាន​ប្រជាប្រិយភាព​ក្នុង​ប្រព័ន្ធ​ហេ្វសប៊ុក (Facebook) និង យូធូប (Youtube) ហើយ​ធ្លាប់​រិះគន់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ មិន​ទាន់​អាច​រក​ដំណោះស្រាយ​នយោបាយ​បាន។

លោក ខៀវ សុភ័គ បញ្ជាក់​ទៀត​ថា សមត្ថកិច្ច​កម្ពុជា ស្វែង​រក​ចាប់​ខ្លួន​អ្នក​ទាំង​បី​ដោយសារ​តែ​ពួកគេ​គំរាម​សម្លាប់​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​កម្ពុជា មិន​មែន​ដោយសារ​ការ​រិះគន់​រដ្ឋាភិបាល​ឡើយ៖ «ការ​បញ្ចេញ​មតិ​របៀប​នេះ លែង​ហៅ​ថា សេរីភាព​ហើយ ហួស​ព្រំដែន​នៃ​សេរីភាព​ហើយ។ ឧទាហរណ៍​ខ្ញុំ​គំរាម​សម្លាប់​ប្រធានាធិបតី អូប៉ាម៉ា មើល៍ ហ៊ាន​សាក​មើល៍ បើ​មិន​គុក​ឥឡូវ​ហ្នឹង»

ពាក់ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​នេះ មនុស្ស​ពីរ​នាក់​ក្នុង​ចំណោម ៣​នាក់ ដែល​ត្រូវ​ចោទ​ពី​បទ​គំរាម​សម្លាប់​នោះ បដិសេធ​ថា ពួកគេ​មិនបាន​គំរាម​សម្លាប់​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​ឡើយ។ ពួកគេ​អះអាង​ថា ពួកគេ​គ្រាន់តែ​រិះគន់​រដ្ឋាភិបាល​តែប៉ុណ្ណោះ។

​លោក យឿន សំរិទ្ធី នៅ​រដ្ឋ​ចរចា ដែល​មនុស្ស​ភាគ​ច្រើន​ស្គាល់​តាម​ប្រព័ន្ធ​ហ្វេសប៊ុក ឈ្មោះ​ថា Sunshine Powermoon បញ្ជាក់​ថា លោក​ធ្លាប់​រិះគន់​រដ្ឋាភិបាល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន តាម​ប្រព័ន្ធ​ហ្វេសប៊ុក ដោយសារ​លោក​មិន​ពេញ​ចិត្ត​នឹង​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​កម្ពុជា ប៉ុន្តែ​លោក​មិន​បាន​គំរាម​សម្លាប់​នរណា​ឡើយ៖ «ខ្ញុំ​បន់​ឲ្យ​តែ​គេ​មក​ចាប់​ខ្ញុំ​រឿង​នយោបាយ ប៉ុន្តែ​ខ្ញុំ​មិន​មែន​ជា​អ្នក​នយោបាយ​ទេ ខ្ញុំ​ជា​អ្នក​គាំទ្រ​មេដឹកនាំ​ណា​ត្រឹមត្រូវ»

លោក​បន្ថែម​ទៀត​ថា លោក​មិន​ព្រួយ​បារម្ភ​នឹង​ការ​តាម​ចាប់​ឃាត់​ខ្លួន​របស់​រដ្ឋាភិបាល​កម្ពុជា​ឡើយ ហើយ​លោក​ត្រៀមខ្លួន​ការពារ​ក្តី​របស់​លោក​នៅ​សហរដ្ឋអាមេរិក។

ចំណែក លោក បូណា ប៊ុនផាត់ ជា​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ក៏​ប្រើប្រាស់​ប្រព័ន្ធ​ហ្វេសប៊ុក​ដែរ។ លោក​បាន​ដាក់​រូបភាព​និង​វីដេអូ​ជា​ច្រើន​ពាក់ព័ន្ធ​នឹង​សកម្មភាព​ចូល​រួម​នយោបាយ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ។ លោក​បន្ត​ថា លោក​ធ្លាប់​រិះគន់​មន្ត្រី​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា តាម​ប្រព័ន្ធ​ហេ្វសប៊ុក ប៉ុន្តែ​លោក​មិន​បាន​គំរាម​សម្លាប់​មន្ត្រី​រដ្ឋាភិបាល​ឡើយ។

លោក​ថា ការ​ស្វែង​រក​ចាប់​ខ្លួន​លោក​របស់​សមត្ថកិច្ច​កម្ពុជា​នោះ ជា​ការ​គំរាមកំហែង​ផ្នែក​បញ្ចេញមតិ៖ «គេ​ចង់​ចាប់​ខ្លួន គេ​ចង់​សម្លុត​ធ្វើ​ឲ្យ​ខ្ញុំ​ខ្លាច កុំ​ឲ្យ​ចេញ​មុខ​ចេញ​​មាត់ ណា​មួយ​ប្រហែល​ជា​គេ​ឃើញ​រូបភាព​ខ្ញុំ​ជា​មនុស្ស​មួយ​ក្នុង​សង្គម​ជួយ​សង្គ្រោះ​ជាតិ ម្ល៉ោះ​ហើយ​នៅ​ពេល​ហើយ​ធ្វើ​ល្អ គេ​ចង់​ទប់ស្កាត់​បំបែក​បំបាក់»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​លោក ម៉ៅ ឃឿន ចំពោះ​ការ​ចោទ​ប្រកាន់​នេះ​ទេ។ ប៉ុន្តែ​លោក​បាន​ប្រើប្រាស់​ប្រព័ន្ធ យូធូប ដោយ​ប្រើប្រាស់​ឈ្មោះ KhmerKromneed 911 ដើម្បី​រិះគន់​រដ្ឋាភិបាល​លោក ហ៊ុន សែន។ ក្នុង​វីដេអូ ដែល​លោក​បាន​ដាក់​ក្នុង​ប្រព័ន្ធ​យូធូប​នោះ លោក​បាន​ដកស្រង់​សម្ដី​លោក ហ៊ុន សែន ហើយ​បាន​បកស្រាយ​តប​ទៅ​លោក ហ៊ុន សែន វិញ។

ដោយឡែក លោក សម សេរី ប្រធាន​ចលនា​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ ជា​អ្នកដឹកនាំ​ចលនា​ប្រឆាំង​នឹង​លោក ហ៊ុន សែន នៅ​ឯ​ប្រទេស ដាណឺម៉ាក វិញ ក៏​កំពុង​រត់​គេច​ពី​តាម​ចាប់​ឃាត់​ខ្លួន​របស់​សមត្ថកិច្ច​ទីក្រុង​ភ្នំពេញ។

លោក សម សេរី កាលពី​ថ្ងៃ​ទី​២៩ កញ្ញា បាន​បញ្ជាក់​ថា លោក​កំពុង​ស្នាក់នៅ​ប្រទេស​ថៃ ដើម្បី​ជួប​នឹង​សកម្មជន​របស់​លោក ប៉ុន្តែ​ត្រូវ​បាន​ប៉ូលិស​ថៃ ស្វែង​រក​ចាប់​ខ្លួន។ បច្ចុប្បន្ន លោក​កំពុង​រត់​គេច​ខ្លួន​ទៅ​ប្រទេស​ផ្សេង​ពី​ការ​តាម​ចាប់​នេះ។

តុលាការ​រាជធានី​ភ្នំពេញ កាល​ពី​ពេល​ថ្មីៗ​នេះ បាន​កាត់​ទោស​លោក សម សេរី ឲ្យ​ជាប់​ពន្ធនាការ​រយៈពេល ៩​ឆ្នាំ ពី​បទ​បង្កើត​ចលនា​ប្រឆាំង​រដ្ឋាភិបាល​កម្ពុជា។

​មន្ត្រី​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ចំពោះ​ការ​ស្វែង​រក​ចាប់​ខ្លួន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ឡើយ ដោយ​រង់ចាំ​សិក្សា​លើ​ការ​ចោទ​ប្រកាន់​នេះ​ជា​មុន​សិន។

ក្រុម​ប្រឹក្សា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស លោក អ៊ូ វីរៈ មាន​ប្រសាសន៍​ថា អ្នក​ប្រើប្រាស់​ប្រព័ន្ធ​ហ្វេសប៊ុក ត្រូវ​ពិចារណា​ឲ្យ​ច្បាស់លាស់​ចំពោះ​ការ​គំរាមកំហែង​ណា​មួយ​នៅ​លើ​បណ្ដាញ​សង្គម ពីព្រោះ​សមត្ថកិច្ច​នឹង​ប្រើប្រាស់​ព័ត៌មាន​ទាំង​នោះ​ដើម្បី​ចោទ​ប្រកាន់​អ្នក​គំរាមកំហែង​ទាំង​នោះ​វិញ។

លោក​បន្ត​ថា ការ​គំរាមកំហែង​នៅ​លើ​បណ្ដាញ​សង្គម មិន​មែន​ជា​សិទ្ធិ​សំដែង​មតិ​ឡើយ៖ «សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ក៏​ត្រូវ​មាន​កម្រិត​ដែរ។ ការ​គំរាម​ជា​អំពើ​ខុស​ច្បាប់។ សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ក្នុង​ប្រព័ន្ធ​អ៊ីនធឺណិត ដូចជា​សេរីភាព​នៅ​ប្រព័ន្ធ​ផ្សេង ដូចជា​វិទ្យុ តាម​មុខ​ផ្ទះ ឬ​តាម​កាសែត ទោះ​បី​ជា​យើង​គំរាម​សម្លាប់​គេ​នៅ​មុខ​ផ្ទះ​យើង ក៏​ខុស​ច្បាប់​ដែរ»

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​មន្ត្រី​ក្រសួង​មហាផ្ទៃ ក៏​ធ្លាប់​គំរាម​សម្លាប់​លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែរ។

គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​​ខែ​ធ្នូ ឆ្នាំ​២០១៣ ធ្លាប់​បាន​ស្នើ​ឲ្យ​ក្រសួង​មហាផ្ទៃ ស៊ើប​អង្កេត​ករណី​ម្ចាស់​គណនី​ឈ្មោះ លោក ផែង វណ្ណៈ បាន​សរសេរ​លើ​ទំព័រ​របស់​ខ្លួន​ថា ទុក ៧​គ្រាប់​ឲ្យ​លោក កឹម សុខា ដែល​មួយ​គ្រាប់​ចុង​ក្រោយ​បាញ់​ឲ្យ​ចំ​ក្បាល​លោក កឹម សុខា ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ សមត្ថកិច្ច​កម្ពុជា នៅ​មិន​ទាន់​ចាប់​ខ្លួន​លោក ផែង វណ្ណៈ នៅ​ឡើយ​ទេ។ ចំណែក​ម្ចាស់​គណនី​ម្នាក់​ទៀត​ដែល​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​តាមដាន​ម្ចាស់​គណនី​ហ្វេសប៊ុក​ណា​ដែល​រិះគន់​រដ្ឋាភិបាល​កម្ពុជា និង​លោក ហ៊ុន សែន នោះ ក៏​ធ្លាប់​គំរាម​អាយុ​ជីវិត​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដែរ ប៉ុន្តែ​លោក​នៅ​មាន​សេរីភាព​នៅ​ឡើយ។

បច្ចុប្បន្ន ប៉ូលិស​អាំងទែប៉ូល កំពុង​ស្វែង​រក​ចាប់​ខ្លួន​មនុស្ស ២៧​នាក់ រួម​មាន​បទ​ឆបោក ពុករលួយ ឃាតកម្ម និង​បទឧក្រិដ្ឋ​ផ្សេងៗ​មួយ​ចំនួន​ទៀត។ ទោះ​បីជា​យ៉ាង​ណា​ក៏ដោយ ទណ្ឌិត​មួយ​ចំនួន​ដែល​ស្និទ្ធ​នឹង​គណបក្ស​កាន់​អំណាច ហើយ​ដែល​បាន​រត់​គេច​ខ្លួន​ទៅ​បរទេស​នោះ មិន​ត្រូវ​បាន​សមត្ថកិច្ច​កម្ពុជា ស្នើ​ឲ្យ​ប៉ូលិស អាំងទែប៉ូល ស្វែង​រក​ចាប់​ខ្លួន​នៅ​ឡើយ​ទេ។ មក​ទល់​នឹង​ថ្ងៃ​ទី​៣០ ខែ​កញ្ញា សមត្ថកិច្ច​សហរដ្ឋអាមេរិក មិន​ទាន់​ឃាត់​ខ្លួន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ទាំង​បី​នាក់​នៅ​ឡើយ​ទេ ចំណែក​វាសនា លោក សម សេរី នៅ​មិន​ទាន់​ដឹង​ថា យ៉ាង​ម៉េច​នៅ​ឡើយ​ទេ ដោយសារ​វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​បាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
សង្គម​ស៊ីវិល​រំពឹង​ថា​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ថ្មី​នឹង​បន្ត​ចូល​រួម​លើក​ស្ទួយ​ប្រជាធិបតេយ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។