តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន បញ្ជាក់ប្រាប់វិទ្យុអាស៊ីសេរី កាលពីយប់ទី៧ តុលា ថា លោកទើបបានរកឃើញផែនទីមួយទៀត ដែលជាផែនទីបោន (Bonne) ខ្នាត ១/១០០.០០០ (មួយលើមួយរយពាន់) ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញកម្ពុជា ពីបណ្ណាល័យអង្គការសហប្រជាជាតិ។
សូមស្ដាប់ការបកស្រាយរបស់តំណាងរាស្ត្ររូបនេះ តាមការសាកសួររបស់លោក ជុន ច័ន្ទបុត្រ ដូចតទៅ៖
មន្ត្រីខ្មែរគ្រោងស្នើអ.ស.បពិនិត្យមើលផែនទីលោក អ៊ុំ សំអាន រកឃើញ
ឯកអគ្គរាជទូតរបស់កម្ពុជា ប្រចាំនៅអង្គការសហប្រជាជាតិ លោក ទុយ រី មានប្រសាសន៍ថា លោកកំពុងស្នើតំណាងអង្គការសហប្រជាជាតិ ដើម្បីពិនិត្យមើលផែនទីដែលតំណាងរាស្ត្របក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន បានរកឃើញនៅអង្គការសហប្រជាជាតិ ថាជាផែនទីបោន ខា្នត ១/១០០.០០០ ដូចមានចែងក្នុងមាត្រា ២ នៃរដ្ឋធម្មនុញ្ញរបស់កម្ពុជា៖ «ខ្ញុំបានដឹងហើយ ហើយកំពុងទាក់ទងតំណាងអង្គការសហប្រជាជាតិ ដើម្បីទៅពិនិត្យមើលផែនទីហ្នឹងឡើងវិញ។ ខ្ញុំកំពុងចាត់ការរឿងហ្នឹង ហើយខ្ញុំនឹងប្រាប់ដំណឹងនេះនៅពេលក្រោយ»។
លោក អ៊ុំ សំអាន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលកំពុងមានវត្តមានក្នុងសហរដ្ឋអាមេរិក អះអាងថា ផែនទីខា្នត ១/១០០.០០០ ដែលលោករកឃើញ ត្រូវបានដាក់តម្កល់នៅអង្គការសហប្រជាជាតិ កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ១៩៥៤ គឺរយៈពេលជិត ៣ខែ ក្រោយពីសន្និសីទក្រុងហ្សឺណែវ (Geneva) កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំដដែល ស្តីអំពីឯករាជ្យភាព និងបូរណភាពទឹកដីឥណ្ឌូចិន ដែលមានកម្ពុជា វៀតណាម ឡាវ។
សន្និសីទនោះក៏មានការចូលរួមពីបណ្ដាប្រទេសមហាអំណាចទាំង ៥ រួមមាន សហរដ្ឋអាមេរិក សហភាពសូវៀត ចិន បារាំង និង អង់គ្លេស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
