ក្រសួងមហាផ្ទៃ នៅថ្ងៃទី២ ខែមិថុនា សម្រេចបង្កើតគណៈកម្មការស្រាវជ្រាវថ្មីមួយដែលមានតួនាទីពិនិត្យ និងធ្វើកោសល្យវិច័យលើស្នាមមេដៃពលរដ្ឋនៅលើញត្តិរបស់គណបក្សសង្គ្រោះជាតិ ដែលដាក់ថ្វាយព្រះមហាក្សត្រ។ រដ្ឋាភិបាលកាលពីថ្ងៃទី៣១ ខែឧសភា បានបញ្ជាឲ្យក្រសួងមហាផ្ទៃ ពិនិត្យភាពត្រឹមត្រូវនៃស្នាមមេដៃទាំងនោះ ដោយសង្ស័យពីភាពមិនប្រក្រតីមួយចំនួន។
មន្ត្រីបក្សប្រឆាំង ស្វាគមន៍ចំពោះការបង្កើតគណៈកម្មការថ្មីនេះ។ ចំណែកអ្នកឃ្លាំមើលបញ្ហានយោបាយ ចាត់ទុកករណីនេះថាជាគំរាមកំហែងដល់សិទ្ធិពលរដ្ឋ។
សេចក្ដីសម្រេចរបស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី២ ខែមិថុនា បញ្ជាក់ថា គណៈកម្មការស៊ើបអង្កេតថ្មីនេះមាននាយឧត្ដមសេនីយ៍ លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជាប្រធាន និងសមាជិកជាច្រើនរូប។
ក្នុងចំណោមសមាជិកទាំងនោះ ក៏បានរាប់បញ្ចូលស្នងការនគរបាលនៅរាជធានី និងខេត្តទាំងឡាយ។
គណៈកម្មការនេះ នឹងស្រាវជ្រាវធ្វើកោសល្យវិច័យស្នាមមេដៃនៅលើញត្តិរបស់គណបក្សសង្គ្រោះជាតិ ដោយចុះទៅស្រាវជ្រាវផ្ទាល់ពីប្រជាពលរដ្ឋខ្មែរ ដែលបានផ្ដិតមេដៃ និងចាត់វិធានការជំនាញផ្សេងទៀតតាមនីតិវិធី ដើម្បីផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃស្នាមមេដៃ និងធ្វើរបាយការណ៍ជូនក្រសួងមហាផ្ទៃ ពិនិត្យសម្រេច។
លើសពីនេះ គណៈកម្មការនេះមានសិទ្ធិបង្កើតអនុគណៈកម្មការនៅតាមបណ្ដារាជធានី-ខេត្ត ដើម្បីជាជំនួយការដែលមានអភិបាលរាជធានី-ខេត្ត ជាប្រធាន ស្នងការនគរបាលជាអនុប្រធាន និងមានសមាជិកតាមតម្រូវការ។
កាលពីដើមសប្ដាហ៍នេះ តំណាងរាស្ត្រគណបក្សប្រឆាំង បានហែញត្តិដោយមានស្នាមមេដៃពលរដ្ឋជាង ១៧ម៉ឺននាក់ ដើម្បីស្នើសុំព្រះមហាក្សត្រអន្តរាគមន៍ដោះលែងមន្ត្រីសិទ្ធិមនុស្ស ៤នាក់ មន្ត្រី គ.ជ.ប ម្នាក់ រួមនឹងមន្ត្រី និងសកម្មជនគណបក្សនេះជាច្រើននាក់ទៀត ព្រមទាំងសុំបញ្ឈប់ការតាមចាប់ខ្លួនលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ។
ឆ្លើយតបចំពោះការបង្កើតគណៈកម្មការថ្មីនេះ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក ម៉ៅ មុនីវណ្ណ មានប្រសាសន៍ប្រាប់អ្នកគាំទ្រនៅខាងមុខគណបក្សសង្គ្រោះជាតិ នៅរសៀលថ្ងៃទី២ ខែមិថុនា ថា គណបក្សសង្គ្រោះជាតិ ស្វាគមន៍ចំពោះការអនុវត្តច្បាប់ត្រឹមត្រូវរបស់អាជ្ញាធរ។ គណបក្សនេះនៅតែប្រកាន់ជំហរចូលរួមជាមួយអាជ្ញាធរ។
អ្នកឃ្លាំមើលស្ថានភាពនយោបាយ និងជាអ្នកសិក្សាការអភិវឌ្ឍ លោក កែម ឡី មានប្រសាសន៍ថា ការបង្កើតគណៈកម្មការនេះពុំមានប្រយោជន៍សម្រាប់ដោះស្រាយបញ្ហា ឬរកឲ្យឃើញពីរឿងរ៉ាវពិតប្រាកដឡើយ វាគ្រាន់តែជារូបភាពនៃការគំរាមកំហែង។ ម្យ៉ាងទៀត លោក កែម ឡី យល់ថា គឺជាការរំលោភសិទ្ធិពលរដ្ឋ ដោយធ្វើឲ្យពលរដ្ឋរស់នៅក្នុងភាពភ័យខ្លាច៖ « ការផ្ដិតមេដៃជាប្រភេទនៃការបញ្ចេញមតិមួយ ការបញ្ចេញមតិដោយសម្ដី ដោយសំណេរ ដោយ ការគាំទ្រ ទាំងចំហ និងសម្ងាត់។ ចឹង សិទ្ធិសេរីភាពហ្នឹងវាធំធេង ប៉ុន្តែជួនកាលរដ្ឋាភិបាលគាត់ធ្វើទៅតាមកំហឹងនយោបាយ អត់បានពិចារណាពីផលប៉ះពាល់ទៅដល់សិទ្ធិរបស់ពលរដ្ឋ »។
លោក កែម ឡី លើកឡើងថា រូបភាពនៃការគំរាមកំហែងបែបនេះ មិនមែនជារឿងថ្មីទេសម្រាប់ការអនុវត្តរបស់រដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។ លោកថា មធ្យោបាយល្អ គឺការធ្វើប្រជាមតិ ដែលអាចស្ទង់ដឹងពីទំនោរនៃការគាំទ្ររបស់ពលរដ្ឋ និងអាចចៀសផុតពីការរំលោភបំពានសិទ្ធិពលរដ្ឋ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
