ពលរដ្ឋមួយចំនួនបារម្ភពីសកម្មភាពឃោសនាឲ្យប្រជាជនគូសលើសន្លឹកឆ្នោត
នៅក្នុងពេលយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ នេះ គណបក្សនយោបាយប្រកួតប្រជែងបានប្រើប្រាស់រូបភាពឃោសនាខុសៗគ្នា។ ដោយឡែក គណបក្សកាន់អំណាចមានទ្រង់ទ្រាយឃោសនាធំជាងគេ។
ជាងនេះទៅទៀតនោះ សកម្មជនបក្សប្រជាជន បានដើរនៅតាមភូមិនីមួយៗស្ទើរគ្រប់តំបន់ បានយកក្រដាសមួយសន្លឹកមានលក្ខណៈស្រដៀងនឹងសន្លឹកឆ្នោតដាក់លេខរៀងរបស់ខ្លួន យកទៅឲ្យប្រជាពលរដ្ឋគូសនៅលើក្រដាសនោះ ធ្វើជាបោះឆ្នោតសាកល្បង។ តែបញ្ហានេះ មានប្រជាពលរដ្ឋជាម្ចាស់ឆ្នោតមួយចំនួនមិនសប្បាយនោះឡើយ ហើយបានចោទថាជាការបង្ខំ និងរំខានខ្លាំង។
ក្រុមប្រជាពលរដ្ឋជាម្ចាស់ឆ្នោតមួយចំនួន កំពុងសម្ដែងការព្រួយបារម្ភ និងភ័យខ្លាចចំពោះសកម្មភាពឃោសនារបស់គណបក្សប្រជាជនកម្ពុជា ដែលប្រើរូបភាពឲ្យប្រជាពលរដ្ឋគូសនៅលើក្រដាសមួយសន្លឹកស្រដៀងនឹងសន្លឹកឆ្នោតនោះ។
ប្រជាពលរដ្ឋនៅខេត្តមួយចំនួន បានលើកឡើងថា ការធ្វើដូច្នេះជាការគាបសង្កត់ទៅលើសិទ្ធិសេរីភាពរបស់ពួកគាត់ក្នុងការសម្រេចចិត្តជ្រើសរើសបក្សនយោបាយណាមួយដែលពួកគាត់ពេញចិត្ត ដោយសម្ងាត់ សេរី និងគ្មានការភ័យខ្លាច ស្របទៅតាមគោលការណ៍ច្បាប់បោះឆ្នោត។
ប្រជាពលរដ្ឋម្នាក់សុំមិនបញ្ចេញឈ្មោះ រស់នៅភូមិពាមអំពិល ឃុំរាម ស្រុកពារាំង ខេត្តព្រៃវែង បានឲ្យដឹងនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៣ ថា មេភូមិ និងសកម្មជនគណបក្សប្រជាជន បានយកក្រដាសស្រដៀងនឹងសន្លឹកឆ្នោត ទៅឲ្យប្រជាពលរដ្ឋគូស។ ហើយពួកគាត់កំពុងមានការភ័យខ្លាចទៅលើសកម្មភាពនេះ។
ឆ្លើយតបទៅនឹងបញ្ហានេះ ប្រធានភូមិពាមអំពិល គឺលោក ស៊ុំ ទាប មានប្រសាសន៍ថា នេះជាការណែនាំប្រជាពលរដ្ឋ ដើម្បីឲ្យយល់អំពីរបៀបគូសសន្លឹកឆ្នោត និងជាការងាយស្រួលក្នុងការបោះឆ្នោតប៉ុណ្ណោះ ហើយមិនមែនជាក្រដាសសន្លឹកឆ្នោតពិតឡើយ។
ទាក់ទងនឹងបញ្ហានេះ ប្រធានប្រតិបត្តិគណៈកម្មការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌ នៅកម្ពុជា លោក គល់ បញ្ញា មានប្រសាសន៍ថា បញ្ហានេះអាចជាមធ្យោបាយមួយធ្វើដើម្បីស្ទាបស្ទង់មតិរបស់ប្រជាពលរដ្ឋមុនការបោះឆ្នោត ធៀបទៅនឹងសំឡេងឆ្នោតជាក់ស្ដែង។
លោកបន្ថែមថា ការបង្រៀនគូសក្រដាសស្រដៀងសន្លឹកឆ្នោតនេះ មិនមែនជាសន្លឹកឆ្នោតនោះទេ ប្រជាពលរដ្ឋមិនបាច់បារម្ភឡើយ។ ពោល គឺប្រជាពលរដ្ឋបោះឆ្នោតក្នុងបន្ទប់សម្ងាត់ ដោយគ្មានការបង្ខិតបង្ខំពីជនណាឡើយ និងរៀបចំឡើងដោយគណៈកម្មការជាតិរៀបចំការបោះឆ្នោត។
ច្បាប់បោះឆ្នោតសភាតំណាងរាស្ត្រកម្ពុជា មាត្រាទី១១៨ បានចែងថា មុនពេលប្រើប្រាស់លទ្ធផលការបោះឆ្នោតជាផ្លូវការ គណៈកម្មការជាតិរៀបចំការបោះឆ្នោត ត្រូវធ្វើសេចក្ដីរាយការណ៍ជូនគ្រប់គណបក្សនយោបាយដែលចូលរួមការបោះឆ្នោតនូវសន្លឹកឆ្នោតសរុបដែលបានបោះពុម្ពចំនួនសន្លឹកឆ្នោតដែលបានប្រើប្រាស់ និងចំនួនសន្លឹកឆ្នោតដែលនៅសល់។
ស្មៀនឃុំបក្សប្រជាជនខេត្តកណ្ដាលរងការចោទថាលួងលោមពលរដ្ឋមិនឲ្យទៅបោះឆ្នោត
មន្ត្រីគណបក្សសង្គ្រោះជាតិ និងសមាជិកបក្សសង្គ្រោះជាតិ នៅខេត្តកណ្ដាល បានចោទស្មៀនឃុំកាន់បក្សប្រជាជន ថាបានទៅបញ្ចុះបញ្ចូលអ្នកគាំទ្របក្សសង្គ្រោះជាតិ មិនអោយទៅចូលរួមបោះឆ្នោតនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ជាថ្នូរនឹងការប្រគល់ប្រាក់អោយម្នាក់ចំនួន ២០ដុល្លារ ប្រសិនបើពលរដ្ឋទាំងនោះយល់ព្រមធ្វើតាមការណែនាំ។ ប៉ុន្តែ ប្រជាពលរដ្ឋទាំងនោះមិនបានធ្វើតាមការណែនាំរបស់ស្មៀនឃុំនោះទេ។
ប្រជាពលរដ្ឋពីររូបរស់នៅភូមិជ្រាំងលើ ឃុំតាអែក ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល បានអះអាងនៅថ្ងៃទី២ កក្កដា ថា ពួកគាត់ត្រូវបានស្មៀនឃុំតាអែក មកនិយាយលួងលោមបញ្ចុះបញ្ចូលមិនអោយពួកគាត់ទៅចូលរួមបោះឆ្នោត ដោយស្មៀនឃុំរូបនោះសន្យាថានឹងប្រគល់ប្រាក់អោយទៅគ្រួសាររបស់ពួកគាត់។
អ្នកភូមិម្នាក់ឈ្មោះ សៀង ដែលរស់នៅក្នុងភូមិខាងលើ បាននិយាយអះអាងថា ស្មៀនឃុំបានព្យាយាមបញ្ចុះបញ្ចូលរូបគាត់មួយលើកជាពីរលើក ដើម្បីកុំអោយគាត់ទៅចូលរួមការបោះឆ្នោត។ គាត់បានមានប្រសាសន៍ថា ស្មៀនឃុំរូបនោះបានដឹងយ៉ាងច្បាស់ថា រូបគាត់មិនមែនជាប្រជាជនដែលគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាចនោះទេ ហើយស្មៀនឃុំធ្វើដូច្នោះ គឺមានគោលបំណងធ្វើអោយសំឡឹងឆ្នោតរបស់គណបក្សសង្គ្រោះជាតិ ចុះខ្សោយ។
គាត់និយាយថា តាំងពីដើមមក មេឃុំគណបក្សប្រជាជនកម្ពុជា ពុំដែលបានខ្វាយខ្វល់ពីរូបគាត់ និងក្រុមគ្រួសាររបស់គាត់ទេ ទើបតែពេលនេះ ទើបពួកសកម្មជនបក្សកាន់អំណាចមកចាប់អារម្មណ៍នឹងក្រុមគ្រួសាររបស់គាត់។ គាត់បានប្រសាសន៍យ៉ាងដូច្នោះថា៖ «កាលពីពេលកន្លងមក ខ្ញុំអត់ដែលបានទទួលអំណោយទេ ព្រោះគេកាត់ខ្ញុំជាប្រជាជនដែលមិនមែនជាប្រជាជនខ្មែរនោះទេ បានជាគេមិនរាប់រក មិនអោយអំណោយអោយអ៊ី។ ដល់ពេលអ៊ីចឹង មានសកម្មជនខាងឃុំមកពីគណបក្សប្រជាជននេះ ចូលទៅនិយាយជាមួយខ្ញុំថា កុំអោយខ្ញុំទៅបោះឆ្នោត ហើយពេលនោះយាយខ្ញុំក៏និយាយថា បើមិនអោយខ្ញុំទៅបោះឆ្នោត ខ្ញុំមិនខាតអ្ហា ខ្ញុំជាប្រជាជនម្នាក់នៅក្នុងឃុំហ្នឹងដែរ ហើយក៏ប៉ុណ្ណឹងទៅក៏ចប់ទៅ»។
លោក អ៊ុំ សៀង បាននិយាយបន្តទៀតថា បន្ទាប់ពីស្មៀនឃុំមិនអាចបញ្ចុះបញ្ចូលរូបគាត់នៅលើកទីមួយបានទេនោះ ស្មៀនឃុំក៏នៅតែបន្តព្យាយាមតាមបញ្ចុះបញ្ចូលរូបគាត់ជាបន្តទៀត ហើយមានថ្ងៃមួយនោះ គឺស្មៀនឃុំរូបនោះបានមកលួងលោមដល់ផ្ទះរបស់គាត់តែម្តង។ គាត់បន្តថា នៅពេលមកដល់ផ្ទះរបស់គាត់ ស្មៀនឃុំហាក់បង្ហាញអាការៈខ្លាចអ្នកជិតខាងដឹង ហើយនិយាយជាមួយគាត់ដោយខ្លាចអ្នកដទៃទៀតដឹងពីរឿងនេះដែរ៖ «នៅល្ងាចថ្ងៃទី២ មកនិយាយផ្ទាល់ជាមួយខ្ញុំតែម្តង ហើយពេលនិយាយនោះ មើលមុខ ក្រោយ ឆ្វេង ស្តាំ ហាក់ខ្លាចគេលួចស្តាប់ក៏មិនដឹងដែរ ហើយខ្ញុំជំហរខ្ញុំដែលរកស៊ីសព្វថ្ងៃហ្នឹង គឺរឹងមាំជាប្រជាជនដដែល ហើយគេនិយាយជាមួយខ្ញុំថា កុំអោយខ្ញុំហ្នឹងទៅបោះឆ្នោតប្រាំប្រាំមួយនាក់ហ្នឹង»។
តបទៅនឹងការបញ្ចុះបញ្ចូលរបស់ស្មៀនឃុំរូបនោះ លោក អ៊ុំ សៀង បានប្រកាន់នូវជំហរយ៉ាងរឹងមាំរបស់គាត់។ គាត់ប្ដេជ្ញាចិត្តថា មិនទទួលយកលុយនោះទេ ហើយគាត់ និងក្រុមគ្រួសារទាំងអស់ នឹងទៅបោះឆ្នោតធម្មតា។ គាត់មានប្រសាសន៍ថា មានគ្រួសារផ្សេងដទៃទៀតនៅក្នុងភូមិ ក៏ត្រូវបានសកម្មជនគណបក្សប្រជាជន បញ្ចុះបញ្ចូលដូចគ្នា តែគាត់និយាយថា ប្រជាពលរដ្ឋទាំងនោះមិនបានផ្លាស់ប្ដូរជំហរដ៏រឹងមាំរបស់ពួកគេនោះទេ។ គាត់ថា បើពលរដ្ឋស្រឡាញ់បក្សណា គេនឹងបោះអោយបក្សនោះហើយ៖ «ខ្ញុំអត់ព្រមទេក្មួយអើយ ខ្ញុំមិនព្រមទេ ព្រោះខ្ញុំស្ដាយណាស់ជាតិ បាទ! ខ្ញុំស្ដាយណាស់ជាតិ ខ្ញុំស្ដាយណាស់ ខ្ញុំគិតដល់កូនចៅប្រពន្ធកូនខ្ញុំដល់ថ្ងៃអនាគត»។
រីឯអ្នកភូមិម្នាក់ទៀតឈ្មោះ ឌួង រៀល ក៏បានអះអាងដែរថា រូបគាត់ក៏ត្រូវបានមេភូមិបញ្ចុះបញ្ចូលមិនអោយបោះឆ្នោតដូចគ្នា។ ហើយមេភូមិក៏បានសន្យាថានឹងប្រគល់ប្រាក់អោយគាត់ដូចគ្នាជាថ្នូរនឹងការមិនទៅចូលរួមបោះឆ្នោត។ តែសម្រាប់លោក ឌួង រៀល វិញ គេបង្គាប់ថា នៅថ្ងៃបោះឆ្នោតនោះ គឺអោយគាត់ទៅមណ្ឌលបោះឆ្នោតធម្មតាដូចអ្នកដទៃ តែគាត់មិនចាំបាច់ចូលបោះឆ្នោតនោះទេ គ្រាន់តែដើរចុះឡើងនៅក្បែរបន្ទប់បោះឆ្នោតទៅបានហើយ។
តែមិនខុសពីលោក អ៊ុំ សៀង លោក ឌួង រៀល ក៏មិនបានយល់ព្រមថានឹងទទួលប្រាក់ជាថ្នូរនឹងការមិនបោះឆ្នោតនោះដែរ ហើយគាត់នឹងទៅបោះឆ្នោតធម្មតាដូចពលរដ្ឋដទៃទៀត។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងស្មៀនឃុំតាអុង ភ្លាមៗបានទេ នៅថ្ងៃទី២ កក្កដា ដើម្បីសុំការបកស្រាយចំពោះការចោទប្រកាន់នេះ។
តាមច្បាប់ ស្មៀនឃុំមិនត្រូវស្ថិតនៅក្រោមចំណុះរបស់គណបក្សនយោបាយណាមួយឡើយ ព្រោះថា ស្មៀនឃុំជាមន្ត្រីរាជការស៊ីវិលដែលត្រូវបានតែងតាំងដោយក្រសួងមហាផ្ទៃ មិនមែនដោយគណបក្សដែលឈ្នះឆ្នោតនោះទេ ហើយស្មៀនឃុំមានកាតព្វកិច្ចបម្រើប្រជាពលរដ្ឋទាំងអស់នៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយមិនត្រូវប្រកាន់និន្នាការគណបក្សនយោបាយឡើយ។
លោក អ៊ុំ សៀង បានស្នើអោយសកម្មជនគ្រប់គណបក្សទាំងអស់មេត្តាកុំយករូបគាត់ និងប្រជាជនដទៃទៀតយកមកលាបពណ៌ថាជាប្រជាជនគាំទ្របក្សនេះ ឬបក្សនោះ មុនពេលការបោះឆ្នោតថ្នាក់ជាតិខិតជិតចូលមកដល់។ លោកថា នេះជាសេរីភាពបញ្ចេញមតិ និងសិទ្ធិធ្វើនយោបាយរបស់ប្រជាពលរដ្ឋម្នាក់ក្នុងរបបលទ្ធិប្រជាធិបតេយ្យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
