ជប៉ុន​ផ្ដល់​ជំនួយ​ឥត​សំណង​២​លាន​ដុល្លារ​ដល់​កម្ពុជា

ជប៉ុន​បាន​ផ្ដល់​ជំនួយ​ឥត​សំណង​នូវ​ទឹក​ប្រាក់ ២​លាន​ដុល្លារ​អាមេរិក តាម​រយៈ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​កម្ពុជា ដើម្បី​ជួយ​ប្រទេស​កម្ពុជា ទប់​ស្កាត់​អំពី​ផល​ប៉ះពាល់​នៃ​គ្រោះ​ធម្មជាតិ​ដល់​ដំណាំ​កសិកម្ម។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី នៅ​ថ្ងៃ​ទី​​១៨ មិថុនា​ បាន​គូស​បញ្ជាក់​ថា​ ទឹក​ប្រាក់​នេះ​អាច​ឆ្លើយ​តប​​ចំពោះ​ហានិភ័យ​​ពី​គ្រោះ​មហន្តរាយ​ប្រកប​ប្រសិទ្ធភាព។ ទឹក​ប្រាក់​នេះ​នឹង​ចាប់​ផ្ដើម​អនុវត្ត​​ចាប់​ពី​ខែ​កក្កដា ឆ្នាំ​២០១៤ ហើយ​បញ្ចប់​នៅ​ខែ​មិថុនា ឆ្នាំ​២០១៦។

នាយក​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ប្រចាំ​កម្ពុជា លោក​ អៀរិក ស៊ីដវិច (Eric Sidgwick) មាន​ប្រសាសន៍​ថា ជំនួយ​ឥត​សំណង​នេះ នឹង​ជួយ​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​រៀប​ចំ​យុទ្ធសាស្ត្រ​ប្រតិបត្តិការ និង​ការ​បណ្ដុះ​បណ្ដាល​​ស្ដី​ពី​ការ​គ្រប់គ្រង​ហានិភ័យ​​ គ្រោះ​មហន្តរាយ​ដែល​បាន​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ ហេដ្ឋារចនាសម្ព័ន្ធ និង​សេដ្ឋកិច្ច​រាប់​លាន​ដុល្លារ​អាមេរិក​រៀង​រាល់​ឆ្នាំ។

តាម​ការ​ប៉ាន់​ស្មាន​ដោយ​​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ បាន​បង្ហាញ​ថា ប្រទេស​កម្ពុជា បាន​ខាត​បង់​ទឹក​ប្រាក់​​ជាង ២០០​លាន​ដុល្លារ​អាមេរិក និង​ប៉ះពាល់​ដល់​​ជីវភាព​ប្រជាពលរដ្ឋ​ជិត ២​លាន​នាក់​ ពី​គ្រោះ​ធម្មជាតិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។