ជប៉ុន​ផ្ដល់​ប្រាក់​កម្ចី​សម្បទាន​៩០​លាន​ដុល្លារ​ដល់​កម្ពុជា

ជប៉ុន​ផ្ដល់​ប្រាក់​កម្ចី​សម្បទាន ៩០​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ដល់​ប្រទេស​កម្ពុជា សំរាប់​កែ​លម្អ​ផ្លូវ​ជាតិ​លេខ ៥ ពី​ខេត្ត​បាត់ដំបង ទៅ​ខេត្ត​បន្ទាយមានជ័យ។ មន្ត្រី​គណបក្ស​ប្រឆាំង​ស្នើ​សុំ​ឲ្យ​រដ្ឋាភិបាល​ចំណាយ​ប្រាក់​នេះ​ឲ្យ​ចំ​ខ្ទង់ និង​មាន​ការ​អភិវឌ្ឍ​ផ្លូវ​ពិត​ប្រាកដ។

0:00 / 0:00

រាជ​រដ្ឋាភិបាល​កម្ពុជា ទទួល​បាន​ប្រាក់​កម្ចី​ពី​រាជរដ្ឋាភិបាល​ជប៉ុន ចំនួន ៨.៨៥២.០០០.០០០ (ប្រាំបី​ពាន់​ប្រាំបី​រយ​ហាសិប​ពីរ​លាន​យ៉េន) ឬ​ស្មើ​ប្រមាណ ៩០​លាន​ដុល្លារ​សហរដ្ឋអាមេរិក ដើម្បី​ស្ថាបនា​ផ្លូវ និង​កែ​លម្អ​កំណាត់​ផ្លូវ​ជាតិ​លេខ​៥ ជិត ៥០​គីឡូម៉ែត្រ​ពី​ខេត្ត​បាត់ដំបង ទៅ​ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ។

លោក កុយ គួង មន្ត្រី​នាំ​ពាក្យ​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ មាន​ប្រសាសន៍​ថា ពិធី​ចុះ​ហត្ថលេខា​កម្ចីសម្បទាន​នេះ​ធ្វើ​នៅ​ទីស្ដីការ​ក្រសួង ព្រឹក​ថ្ងៃ​ទី​៣០ ខែ​មេសា រវាង​លោក ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការបរទេស ​ជាមួយ​លោក គូម៉ាម៉ារូ យូជិ (Kumamaru Yuji) ឯកអគ្គរាជទូត​ជប៉ុន ប្រចាំ​​​កម្ពុជា។

លោក កុយ គួង បន្ត​ថា កម្ចីសម្បទាន​ជប៉ុន មាន​គោលដៅ​​​បង្កើន​សមត្ថភាព​ដឹក​ជញ្ជូន​រវាង​ប្រទេស​​កម្ពុជា និង​ប្រទេស​ជិត​ខាង​​ក្នុង​តំបន់ មាន​ថៃ និង​វៀតណាម។ លោក​ឲ្យ​ដឹង​ថា ផ្លូវ​ជាតិ​លេខ​៥ ជា​​ច្រក​របៀង​សេដ្ឋកិច្ច​សម្រាប់​បម្រើ​ឲ្យ​ការ​ដឹក​ជញ្ជូន ទាំង​​ក្នុង និង​ក្រៅ​ស្រុក​របស់​ប្រទេស​កម្ពុជា ទៅ​មហា​អនុ​តំបន់​ទន្លេ​មេគង្គ និង​អាស៊ាន៖ «គោលដៅ​សំខាន់ គឺ​កែ​លម្អ​កំណាត់​ផ្លូវ​ជាតិ​លេខ ៥ ពី​ខេត្ត​បាត់ដំបង ទៅ សិរីសោភ័ណ ដែល​មាន​ចម្ងាយ​ផ្លូវ ៤៧​គីឡូម៉ែត្រ។ ពង្រីក​ឲ្យ​បាន​ទទឹង ៣០​ម៉ែត្រ ធ្វើ​ឲ្យ​មាន​ផ្លូវ​រថយន្ត​ពីរ​ទៅ ពីរ​មក។ ទី​២ គឺ​ស្ថាបនា​ផ្លូវ​វាង​ចំនួន​ពីរ​ខ្សែ ពី​ថ្មគោល កាត់​តាម​បាត់ដំបង ទៅ​ដល់​ស្រុក​សង្កែ ដែល​មាន​ចម្ងាយ ២៣.១​គីឡូម៉ែត្រ​ក្រឡា។ ហើយ​ផ្លូវ​វាង​មួយ​ទៀត ពី​ស្រុក​មង្គលបុរី ទៅ​ស្រុក​សិរីសោភ័ណ គឺ​ផ្លូវ​វាង​ហ្នឹង ទៅ​ដល់​ទី​ហ្នឹង គឺ​មាន​ចម្ងាយ ១៣.៤​គីឡូម៉ែត្រ​ក្រឡា។ ដូច្នេះ​លិខិត​ប្ដូរ​សារ​ដែល​មាន​ទឹក​ប្រាក់ ៩០​លាន​ដុល្លារ​ហ្នឹង គឺ​ពង្រីក​ផ្លូវ​ហើយ​និង​ធ្វើ​ផ្លូវ​វាង​ចំនួន ​២​ខ្សែ​ទៀត»

ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​​កម្ពុជា លោក គូម៉ាម៉ារូ យូជិ មាន​ប្រសាសន៍​ក្នុង​ពិធី​ចុះ​ហត្ថលេខា​ថា ការ​ផ្តល់​ប្រាក់​កម្ចី​ដល់​កម្ពុជា​ពេល​នេះ ធ្វើ​ឡើង​ចំ​ពេល​ខួប​អនុស្សាវរីយ៍​លើក​ទី​ ៦០​ឆ្នាំ នៃ​ចំណង​មិត្តភាព​រវាង​រដ្ឋាភិបាល​ជប៉ុន និង​កម្ពុជា។

លោក គូម៉ាម៉ារូ យូជិ បន្ត​ថា ​​ជប៉ុន​បាន​ផ្ដល់​អាទិភាព​ឲ្យ​មាន​ការ​អភិវឌ្ឍ​ច្រក​របៀង​សេដ្ឋកិច្ច នៅ​ភាគ​ខាង​ត្បូង ​និង​ប៉ែក​កណ្ដាល​នៃ​ប្រទេស​កម្ពុជា។ លោក​រំពឹង​ថា កម្ចី​សម្បទាន​លើ​គម្រោង​ស្ថាបនា​កំណាត់​ផ្លូវ​ជាតិ​លេខ​៥ ​នឹង​រួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​​កម្ពុជា ជាពិសេស​ជំរុញ​ឲ្យ​ទំនាក់ទំនង​មិត្តភាព​រវាង​​​កម្ពុជា-ជប៉ុន កាន់​តែ​រឹងមាំ។

យ៉ាង​ណា​ក៏ដោយ សម្រាប់​គណបក្ស​ប្រឆាំង​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ចាយ​វាយ​ប្រាក់​កម្ចី ៩០​លាន​ដុល្លារ​របស់​ជប៉ុន ឲ្យ​ចំ​គោលដៅ​អភិវឌ្ឍន៍​ផ្លូវ​ពិត​ប្រាកដ។

លោក យឹម សុវណ្ណ មន្ត្រី​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​បារម្ភ​ខ្លាច​រដ្ឋាភិបាល​ចាយ​កម្ចី​ជប៉ុន​ចំនួន ៩០​លាន​ដុល្លារ មិនចំ​គោល​ដៅ និង​មាន​អំពើ​ពុករលួយ៖ «គម្រោង​ដែល​បាន​កសាង​ហើយ​ក៏​ដោយ ក៏​ត្រូវ​តែ​មាន​ការ​ថែទាំ​ឲ្យ​បាន​ដិតដល់ ឲ្យ​បាន​ច្បាស់លាស់ ដើម្បី​ជៀសវាង​ដូច​ករណី​ផ្លូវ​ធ្វើ​ខាង​ក្រោយ​ខូច​ខាង​មុខ វា​គ្មាន​គុណភាព»

​​ទោះ​ជា​បែប​នេះ​ក្ដី សេចក្ដី​ប្រកាស​ព័ត៌មាន​​ស្ថានទូត​ជប៉ុន ប្រចាំ​កម្ពុជា បាន​បង្ហាញ​ថា កម្ចី​សម្បទាន​របស់​ជប៉ុន​ពេល​នេះ​ជា​ការ​ឆ្លើយតប​ទៅ​សំណើ​សុំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​ដើម្បី​ពង្រឹង​ទំនាក់​ទំនង​មិត្តភាព និង​សហប្រតិបត្តិការ​រវាង​ប្រទេស​ជប៉ុន និង​ព្រះរាជាណាចក្រ​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។