សង្គម​ស៊ីវិល៖ ជប៉ុន​ផ្ដល់​កម្ចី​សម្បទាន​គឺ​ចង់​បញ្ចប់​ជម្លោះ​គម្រោង​សង់​ផ្លូវ​ដែក

0:00 / 0:00

លោក​នាយករដ្ឋមន្ត្រី​កម្ពុជា ក្នុង​ពេល​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​ជប៉ុន ​បាន​ស្នើ​ឲ្យ​ ​ប្រទេស​ជប៉ុន ជួយ​គាំទ្រ​លើ​ការ​សាងសង់​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ ប៉ែក​ខាង​ជើង​របស់​​កម្ពុជា ដើម្បី​ឆ្លើយ​តប​ការ​ធ្វើ​សមាហរណកម្ម​អាស៊ាន​នៅ​ចុង​ឆ្នាំ​២០១៥។ ប៉ុន្តែ​​អង្គការ​សង្គម​ស៊ីវិល​យល់​ឃើញ​ថា ទឹក​ប្រាក់​​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​នេះ ​គឺ​​​​រដ្ឋាភិបាល​កម្ពុជា​ ចង់​បញ្ចប់​ជម្លោះ​រ៉ាំរ៉ៃ​រវាង​គម្រោង​សាងសង់​ដែល​ផ្ដល់​សម្បទាន​ដោយ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី និង​ប្រជាពលរដ្ឋ។

លោក​នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ិនហ្សូ អាបេ (Shinzo Abe) បាន​សន្យា​​ថា នឹង​​ផ្ដល់​ជំនួយ​នូវ​ទឹក​ប្រាក់​​ប្រមាណ ១៦០​លាន​ដុល្លារ​អាមេរិក​ តាម​សំណើ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​អំឡុង​ពេល​លោក​បាន​ចូល​រួម​កិច្ច​​ប្រជុំ​អំពី​រឿង​ហានិភ័យ​នៃ​គ្រោះ​មហន្តរាយ​ធម្មជាតិ នៅ​ប្រទេស​ជប៉ុន កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មីនា។ ទឹក​ប្រាក់​កម្ចី​សម្បទាន​នេះ គឺ​ប្រើប្រាស់​សម្រាប់​សាងសង់​នៅ​ក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ ដើម្បី​ផ្សារភ្ជាប់​កម្ពុជា ទៅ​ការ​បើក​ចំហ​សេដ្ឋកិច្ច​អាស៊ាន​ ដែល​ប្រព្រឹត្ត​នៅ​ចុង​ឆ្នាំ​២០១៥។

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន មាន​ប្រសាសន៍​ថា​ ​ទឹក​ប្រាក់​នេះ ​គឺ​​ចាំ​បាច់​បំផុត​សម្រាប់​ការ​តភ្ជាប់​​ ​ផ្លូវ​រវាង​កម្ពុជា និង​ថៃ ​ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​​កម្ពុជា និង​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ាន។ ​ប៉ុន្តែ​អង្គការ​សង្គម​ស៊ីវិល​យល់​ឃើញ​ផ្ទុយ​ពី​នេះ ដោយ​គេ​បាន​លើក​ឡើង​ថា គម្រោង​សាងសង់​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​កម្ពុជា នៅ​ប៉ែក​ខាង​ជើង​​នោះ បាន​បង្ក​ឲ្យ​ផល​ប៉ះពាល់​​ដល់​ប្រជាពលរដ្ឋ​ ជា​ពិសេស​គម្រោង​សាង​សង់​ផ្លូវ​រថភ្លើង​ ដែល​ទទួល​​កម្ចី​សម្បទាន​របស់​ធនាគារ​អភិវឌ្ឍន៍​​អាស៊ី។

ប្រធាន​អង្គការ​សមធម៌​កម្ពុជា លោក អៀង វុទ្ធី មាន​ប្រសាសន៍​ថា​ ទឹក​ប្រាក់​កម្ចី​ដែល​លោក​ នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ខ្ចី​ពី​ប្រទេស​ជប៉ុន​នោះ គឺ​ចង់​យក​មក​បញ្ចប់​ការ​សាងសង់​ទាំង​ឡាយ​ដែល​រដ្ឋាភិបាល​កំពុង​មាន​ជម្លោះ​ជាមួយ​អ្នក​រង​គ្រោះ ដែល​តាម​ការ​ប៉ាន់​ស្មាន អ្នក​រង​គ្រោះ​មាន​ចំនួន ៤​ពាន់​គ្រួសារ៖ «គម្រោង​ដំបូង​ដែល​មាន​ទឹក​ប្រាក់​ជាង​ ១០០​លាន​ដុល្លារ​អាមេរិក គឺ​ចង់​បញ្ចប់​ការ​សាងសង់​ខ្សែ​ខាង​ជើង និង​ខ្សែ​ខាង​ត្បូង តែ​ជាក់​ស្ដែង​បន្ទាប់​ពី​ការ​អនុវត្ត​បាន​តែ​ពាក់​កណ្ដាល​លុយ​ក៏​អស់​ទៅ ហើយ​​អ្នក​រង​គ្រោះ​ក៏​មាន​ច្រើន»

បន្ថែម​លើ​នេះ ​ប្រធាន​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ លោក​ អៀរិក ស៊ីដវិច ធ្លាប់​បាន​អះអាង​កាល​ពី​ដើម​ខែ​មីនា ថា គម្រោង​សាងសង់​​ផ្លូវ​រថភ្លើង​នៅ​ប៉ែក​ខាង​ជើង​មិន​បាន​បញ្ចប់​នោះ ដោយសារ​តែ​រាជរដ្ឋាភិបាល​កម្ពុជា មិន​បាន​ស្នើ​សុំ​ជំនួយ​បន្ថែម​ពី​ធនាគារ​អភិវឌ្ឍន៍​អាស៊ី៖ «ទឹក​ប្រាក់​សរុប​​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី មាន​ចំនួន​ជាង ៨០​លាន​ដុល្លារ​អាមេរិក និង​ទឹក​ប្រាក់​ឯ​ទៀត គឺ​ជា​ការ​រួម​របស់​ម្ចាស់​ជំនួយ​ដទៃ​ទៀត។ គម្រោង​សាងសង់​នេះ​យើង​បាន​​ពិភាក្សា​ជាមួយ​រដ្ឋាភិបាល​រួច​រាល់​ហើយ ប៉ុន្តែ​រហូត​ដល់​ពេល​នេះ ធនាគារ​អភិវឌ្ឍន៍​អាស៊ី មិន​ទាន់​បាន​ទទួល​សំណើ​ពី​រាជរដ្ឋាភិបាល​នៅ​ឡើយ»

​​របាយការណ៍​របស់​​រដ្ឋាភិបាល​កម្ពុជា បាន​បង្ហាញ​ថា ផ្លូវ​ជាតិ និង​ផ្លូវ​​សំខាន់​នៅ​តាម​បណ្ដា​ខេត្ត​នានា ពង្រីក​បាន​ចំនួន​ជាង ៤​ម៉ឺន ៥​ពាន់​គីឡូម៉ែត្រ​ ដោយ​ក្រោម​ជំនួយ​របស់​ដៃគូ​អភិវឌ្ឍន៍​​អន្តរជាតិ​​ចំនួន​បី​ រួម​មាន​ប្រទេស​ចិន ជប៉ុន និង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី។ ក្នុង​ចំណោម​ហិរញ្ញប្បទាន​ទាំង​នោះ មាន​តែ​ប្រទេស​ជប៉ុន មួយ​ទេ ដែល​ផ្ដល់​ជំនួយ​ឥត​សំណង ​និង​កម្ចី​សម្បទាន​ត្រង់​អត្រា​ការ​ប្រាក់​ទាប​បំផុត។

​លោក​នាយក​រដ្ឋមន្ត្រី​ជប៉ុន ស៊ិនហ្សូ អាបេ មាន​​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ធម្មជាតិ​ថា​ ការ​ផ្ដល់​​​កម្ចី​សម្បទាន​របស់​ជប៉ុន គឺ​ចង់​ឃើញ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​កម្ពុជា មាន​គុណភាព និង​ទទួល​បាន​ការ​អភិវឌ្ឍ​ដោយ​ស្មើ​ភាព​គ្នា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។