សមាជិក​ក្រុមប្រឹក្សា​ឃុំ​បក្ស​ប្រជាជន​ប្ដឹង​អ្នក​ភូមិ​នៅ​កំពង់ឆ្នាំង​ពី​បទ​បរិហារកេរ្តិ៍

0:00 / 0:00

សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​ស្រែថ្មី ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្ដឹង​ពលរដ្ឋ​ភូមិ​ទ្រាត្បូង មួយ​គ្រួសារ ពី​បទ​បរិហារកេរ្តិ៍​និង​ចោទ​ថា ប្រព្រឹត្ត​អំពើ​ពុករលួយ និង​ទារ​ប្រាក់​សង​ជំងឺ​ចិត្ត​ចំនួន ៤០​ម៉ឺន​រៀល។ មន្ត្រី​សិទ្ធិ​មនុស្ស​ចាត់​ទុក​ករណី​​នេះ ថា​ជា​រឿង​ជំរិត​ទារ​ប្រាក់ និង​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ។

ករណី​នេះ​កើត​ឡើង បន្ទាប់​ពី​ជំទប់​ទី​២ របស់​គណបក្ស សម រង្ស៊ី ទៅ​សុំ​ប្រជាពលរដ្ឋ​ដាក់​ស្លាក​សញ្ញា​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ខាង​មុខ​ផ្ទះ ប៉ុន្តែ​ត្រូវ​បាន​ពលរដ្ឋ​បដិសេធ​ដោយ​ពោល​ថា "អស់​លោក​ណា​ក៏​ដូច​លោក​ណា​ដែរ គឺ​ពុក​រលួយ​ដូច​គ្នា"។ នៅ​ពេល​ឮ​ដូច្នេះ ជំទប់​ទី​២ គណបក្ស​ប្រឆាំង​បាន​យក​ពាក្យ​សម្ដី​នេះ​ទៅ​រាយការណ៍​ប្រាប់​មេ​ឃុំ និង​សមាជិក​ក្រុមប្រឹក្សា​ឃុំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា។

ប្រជាពលរដ្ឋ​អ្នកស្រី រឹម រឿត មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១ ខែ​មិថុនា ថា ក្រោយ​ពី​អ្នកស្រី​ហាមឃាត់​មិន​ឲ្យ​ជំទប់​ទី​២ គណបក្ស សម រង្ស៊ី ឈ្មោះ ផង់ ផាត ដាក់​ស្លាក​សញ្ញា​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ខាង​មុខ​ផ្ទះ និង​ប្រើ​ពាក្យ​ពុករលួយ​នេះ​នៅ​ថ្ងៃ​ទី​២០ ខែ​ឧសភា ស្រាប់​តែ​លេច​មុខ​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​គណបក្ស​ប្រជាជន​កម្ពុជា ឈ្មោះ ផើង ឆឺយ ដាក់​ពាក្យ​ប្ដឹង​អ្នកស្រី​ទៅ​សាលា​ឃុំ​ពី​បទ​បរិហារកេរ្តិ៍​ទៅ​វិញ៖ «ខ្ញុំ​ក៏​ថា​បង​ឯង​ដោះស្រាយ​ប៉ុណ្ណឹង​អត់​ចេញ​ទេ រឿង​ដី​រឿង​ធ្លី​ប៉ុណ្ណឹង​អត់​បាន​ទេ ខ្ញុំ​អត់​ឲ្យ​ដាក់​ទេ អស់​លោក​ណា​ក៏​ដូច​អស់​លោក​ណា ពុករលួយ​ដូច​តែ​គ្នា អ៊ីចឹង​ខ្ញុំ​អត់​ឲ្យ​ដាក់​ទេ ខ្ញុំ​ថា​ប៉ុណ្ណឹង»

អ្នកស្រី​បញ្ជាក់​ថា អ្នកស្រី​ទទួល​បាន​លិខិត​អញ្ជើញ​របស់​មេ​ឃុំ​ស្រែ​ថ្មី​ចំនួន​២​លើក គឺនៅ​ថ្ងៃ​ទី​២១ និង​២៣ ខែ​ឧសភា ឆ្នាំ​២០១៤ ដើម្បី​ទៅ​សួរនាំ និង​ដោះស្រាយ​បញ្ហា​ជា​មួយ​លោក ផើង ឆឺយ ដែល​ជា​ដើម​បណ្ដឹង។ នៅ​ក្នុង​ដំណើរ​ការ​ដោះស្រាយ​នេះ លោក ផើង ឆឺយ បាន​គំរាម​កំហែង និង​ទាមទារ​ដាច់​ខាត​នូវ​ទឹក​ប្រាក់​ចំនួន ៤០​ម៉ឺន​រៀល​ក្នុង​ការ​បញ្ចប់​បញ្ហា ភ្លាម​នោះ​អ្នកស្រី​ក៏​យល់​ព្រម​ដោយ​សុខ​ចិត្ដ​រត់​ទៅ​រក​ខ្ចី​ប្រាក់​សាច់​ញាតិ​មក​បង់។

ឆ្លើយ​តប​បញ្ហា​នេះ សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​ស្រែ​ថ្មី លោក ផើង ឆឺយ ថ្លែង​បញ្ជាក់​ថា លោក​ពិត​ជា​បាន​ព្រមាន​ប្ដឹង​ករណី​បរិហារកេរ្តិ៍​នេះ​ទៅ​តុលាការ​ពិត​មែន ប្រសិន​បើ​ភាគី​ចុង​ចោទ​មិន​ព្រម​បង់​ប្រាក់ ពី​ព្រោះ​លោក​មិន​បាន​ស៊ី​សំណូក​សូក​ប៉ាន់​ពី​ភាគី​ណា​មួយ​ក្នុង​ការ​ដោះស្រាយ​រឿង​ដីធ្លី​កាល​ពី​មុន​មក​​ ដូច​ការ​បង្កាច់បង្ខូច​នោះ​ទេ។

លោក​បន្ត​ថា ការ​ប្ដឹង​នេះ​បើ​ទោះ​បី​ជា​លោក​មិន​បាន​ឮ​ផ្ទាល់​ត្រចៀក ប៉ុន្តែ​លោក ផង់ ផាត ដែល​ជា​ជំទប់​ទី​២ បាន​ប្រាប់​លោក​ច្បាស់​ថា ឈ្មោះ រឹម រឿត ពិត​ជា​បាន​និយាយ​បរិហារកេរ្តិ៍​ចំ​ឈ្មោះ​លោក​ប្រាកដ​មែន នៅ​អំឡុង​ពេល​ដែល​លោក ផង់ ផាត ចុះ​ទៅ​សុំ​ដាក់​ស្លាក​សញ្ញា​គណបក្ស​របស់​ខ្លួន​នៅ​មុខ​ផ្ទះ​អ្នកស្រី រឹម រឿត នោះ។

លោក ផើង ឆឺយ៖ «ថ្ងៃ​ហ្នឹង​អ្ងែង​ថា​ឲ្យ​តែ​អញ​ទេ​ណា ឥឡូវ​អ្ងែង​ថា​រួម​ទាំង​អស់​ទៀត អ៊ីចឹង​ទៅ​ជួប​គ្នា​កន្លែង​ឃុំ។ យក​លុយ​មក​ឲ្យ​ខ្ញុំ​ត្រង់​ហ្នឹង​ទៀត សូម​បង​បញ្ចប់​ប៉ុណ្ណឹង អញ​ថា​អត់​ចប់​បាន​ទេ។ យក​មក​ឲ្យ​ខ្ញុំ​ត្រង់​ហ្នឹង ១​ម៉ឺន ៥​ពាន់ ប៉ុន្តែ​ខ្ញុំ​ថា ខ្ញុំ​អត់​យក​ទេ បើ​អត់​បាន​ទទួល ១​រៀល​ផង ប្អូន​ឯង​ចោទ​ខ្ញុំ​ថា ពុករលួយ រួច​ទម្រាំ​ប្អូន​ឯង​យក​មក​ឲ្យ​ខ្ញុំ​អ៊ីចឹង​ទៀត ខ្ញុំ​មិន​រឹត​តែ​រលួយ​ទៀត​ហើយ។ ទៅ​បាត់ ស្អែក​ឡើង​មក​ទាំង​ប្ដី​ប្រពន្ធ​ទៀត ខ្ញុំ​អត់​ទទួល​ទៀត ខ្ញុំ​ថា​ទៅ​ធ្វើ​កិច្ច​សន្យា​នៅ​ឃុំ​ឲ្យ​ច្បាស់​លាស់ មាន​សាក្សី ព្រោះ​ជំទប់​ទី​២ ក៏​លឺ​ច្បាស់​ចែស ប្រជាជន​ក៏​លឺ​ដែរ​ដើរ​បរិហារកេរ្តិ៍​ខ្ញុំ​តាម​ផ្លូវ​នោះ»

ទាក់ទង​បញ្ហា​នេះ ជំទប់​ទី​២​ឃុំ​ស្រែថ្មី របស់​គណបក្ស សម រង្ស៊ី លោក ផង់ ផាត មាន​ប្រសាសន៍​ថា ចំពោះ​ពាក្យ​ពុក​រលួយ​ដែល​អ្នកស្រី រឹម រឿត ប្រើ​នេះ​ខាង​លោក​មិន​បាន​ប្ដឹង​ផ្ដល់​អ្វី​ទេ ប៉ុន្តែ​លោក ផើង ឆឺយ សមាជិក​ក្រុមប្រឹក្សា​ឃុំ​គណបក្ស​ប្រជាជន​កម្ពុជា កើត​ទុក្ខ​មិន​សុខ​ចិត្ត​ទើប​ប្ដឹង​ករណី​នេះ​ទៅ​សាលា​ឃុំ បន្ទាប់​ពី​លោក​បង្ហើប​រឿង​នេះ​ដល់​លោក ផើង ឆឺយ។

មន្ត្រី​សម្រប​សម្រួល​អង្គការ​សិទ្ធិមនុស្ស​លីកាដូ (Licadho) ប្រចាំ​ខេត្ត​កំពង់ឆ្នាំង លោក គង់ ច័ន្ទមុនី ថ្លែង​ថា ខាង​លោក​នឹង​ចុះ​អង្កេត​ករណី​នេះ​ផ្ទាល់​នៅ​ថ្ងៃ​ច័ន្ទ ដើម​សប្ដាហ៍​ទី​១ នៃ​ខែ​មិថុនា​ បន្ទាប់​ពី​ទទួល​បាន​ពាក្យ​បណ្ដឹង​របស់​គ្រួសារ​អ្នកស្រី រឹម រឿត៖ «បញ្ហា​នេះ គឺ​ថា​អ្នក​កំហែង​យក​ប្រាក់​គាត់​គួរ​តែ​ឲ្យ​លុយ​គាត់​វិញ ហើយ​គាត់​ជា​ជន​រងគ្រោះ​ត្រូវ​តែ​ដាក់​ប្ដឹង​ទៅ​តុលាការ ដើម្បី​ផ្ដន្ទាទោស ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​មាន​និទ្ទណ្ឌភាព​នៅ​កម្ពុជា»

នៅ​មុន​ការ​ប្ដឹងផ្ដល់​រឿង​បរិហារកេរ្តិ៍​នេះ លោក ផង់ ផាត ដែល​ជា​ជំទប់​ទី​២ ឃុំ​ស្រែថ្មី របស់​គណបក្ស សម រង្ស៊ី និង​លោក ផើង ឆឺយ ជា​សមាជិក​ក្រុមប្រឹក្សា​ឃុំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា គឺ​ជា​អ្នក​ដោះស្រាយ​ទំនាស់​ដីធ្លី​១​ករណី​របស់​អ្នកស្រី រឹម រឿត កាលពី​ដើម​ខែ​ឧសភា ឆ្នាំ​២០១៤។ ដំណើរ​ការ​ នៃ​ការ​ដោះស្រាយ​នោះ​ត្រូវ​បាន​ប្រជា​ពលរដ្ឋ​រិះគន់​ថា មាន​ភាព​លម្អៀង និង​ប្រព្រឹត្ត​អំពើ​ពុករលួយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។